វៀតណាមត្រូវបានគេមើលឃើញថាកំពុងបង្កើនការក្រសោបការពារផលប្រយោជន៍របស់ខ្លួនក្នុងដែនឈូងសមុទ្រថៃ និងប៉ុនប៉ងទប់ទល់នឹងកំណើនឥទ្ធិពលនិងសកម្មភាពអភិវឌ្ឍរបស់ចិនតាមបណ្ដោយឆ្នេរក្នុងប្រទេសកម្ពុជាដែលនៅក្បែរខាង តាមរយៈការបង្កើតកងជីវពលសមុទ្រថ្មីមួយនៅខេត្តភាគនិរតីបំផុតរបស់ប្រទេស។ នេះបើតាមអ្នកវិភាគ។
កាសែតកងទ័ពវៀតណាម Quan Doi Nhan Dan បានរាយការណ៍ថា កាលពីថ្ងៃទី៩ ខែមិថុនា ឧត្ដមសេនីយ៍ទោ Truong Minh Khai មេបញ្ជាការរងនិងជានាយសេនាធិការនៃបញ្ជាការដ្ឋានយោធភូមិភាគទី៩របស់វៀតណាមបានប្រគល់តួនាទីដល់អាជ្ញាធរនៅខេត្តក្រមួនសឬ Kien Giang ជាប់ខេត្តកំពតរបស់កម្ពុជានិងបែរត្រង់ទៅឈូងសមុទ្រថៃដើម្បីបង្កើតកងអង្គភាពជីវពលសមុទ្រអចិន្ត្រៃយ៍។
ប្រភពដដែលបន្តថាបើតាមគម្រោងការណ៍របស់ក្រសួងការពារប្រទេសវៀតណាម អង្គភាពថ្មីនេះមានភារកិច្ច«សម្របសម្រួលជាមួយកងកម្លាំងដែលកំពុងបំពេញមុខងារក្នុងការតស៊ូការពារអធិបតេយ្យភាពលើដែនសមុទ្រនិងដែនកោះ ល្បាត ប្រមូល និងបញ្ជូនព័ត៌មានអំពីដែនអាកាសនិងដែនសមុទ្រ ឃោសនាធ្វើចលនាប្រជាជនឱ្យអនុវត្តសេចក្ដីណែនាំនិងគោលជំហររបស់បក្ស[កុម្មុយនិស្ដវៀតណាម] និងគោលនយោបាយនិងច្បាប់រដ្ឋលើបញ្ហាការពារជាតិនិងសន្ដិសុខជាតិ និងក៏ដូចជាការសង្គ្រោះ ដឹកជញ្ជូន និងផ្គត់ផ្គង់នៅដែនសមុទ្រផងដែរ»។
កាសែត Quan Doi Nhan Dan មិនបានបញ្ជាក់លម្អិតនោះទេ អំពីទំហំនិងគ្រឿងសព្វាវុធនៃ«កងជីវពលសមុទ្រអចិន្ត្រៃយ៍» ដែលទើបត្រូវបានបង្កើតថ្មីនេះ។
យ៉ាងណាក៏ដោយកាសែត Nikkei Asia របស់ជប៉ុន បានរាយការណ៍ថា៖ «អង្គភាពនេះនឹងបំពាក់ទៅដោយនាវាចំនួន៩គ្រឿង កងអនុសេនាធំចំនួន៩ ប្រដាប់ដោយអាវុធធុនស្រាលត្រូវបានបំពាក់បំប៉នហ្វឹកហ្វឺនឱ្យអនុវត្តការងារសេនាជនប្រដាប់អាវុធ ពីសំណាក់បណ្ឌិត្យសភានៃទ័ពជើងទឹកវៀតណាមនិងពីមហាវិទ្យាល័យបច្ចេកទេសទ័ពជើងទឹកវៀតណាម»។
ការបង្កើតនិងដាក់ពង្រាយក្រុមសេនាជនសមុទ្រថ្មីនេះ កើតមានឡើង ខណៈវៀតណាមកំពុងបង្កើនសមត្ថភាពទ័ពសមុទ្ររបស់ខ្លួន តបនឹងកំណើនភាពតានតឹងបណ្ដាលពីជម្លោះដណ្ដើមដែនបូរណភាពក្នុងសមុទ្រចិនខាងត្បូងជាមួយចិន ហ្វីលីពីន ព្រុយណេនិងម៉ាឡេស៊ី។
តែអ្នកវិភាគថា ការបង្កើតក្រុមសេនាជនឬជីវពលសមុទ្រថ្មីនេះ មានការពាក់ព័ន្ធនឹងមហិច្ឆតានិងប្រយោជន៍របស់វៀតណាមក្នុងឈូងសមុទ្រថៃច្រើនជាង បើគេគិតទៅលើភូមិសាស្ត្រដែលអង្គភាពនេះត្រូវបានបង្កើតឱ្យឈរជើងក្នុងខេត្តក្រមួនស ឬ Kien Giang តាមសំនៀងវៀតណាម។
ឃ្លាំមើលចិននៅឆ្នេរសមុទ្រកម្ពុជា
បណ្ឌិតផាត់ កុសលសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យក្រុង New York (CUNY) បានលើកឡើងថាការដាក់ពង្រាយកងសេនាជនឬជីវពលសមុទ្រថ្មីនេះវៀតណាមហាក់បង្ហាញការតបទល់នឹងកំណើនឥទ្ធិពលចិននៅបណ្ដោយឆ្នេរប្រទេសកម្ពុជា។
អ្នកជំនាញកិច្ចការនយោបាយវៀតណាមរូបនេះបានប្រាប់វីអូអេតាមសារអ៊ីមែលថា៖ «ការណ៍ដែលវៀតណាមបង្កើតកងជីវពលសមុទ្រ ដែលត្រូវរំពឹងថានឹងរីកលូតលាស់និងធ្វើទំនើបកម្មបន្ថែមក្នុងមួយទសវត្សរ៍ទៅមុខទៀតនេះ គឺជាការឆ្លើយតបដោយផ្ទាល់មួយទៅនឹងឥទ្ធិពលគ្រប់ជ្រុងជ្រោយរបស់ចិនដែលចេះតែកើនឡើងនៅប្រទេសកម្ពុជា»។
បណ្ឌិត ផាត់ កុសល បន្ថែមថា៖ «ជាក់ស្ដែង ផែសមុទ្រនិងអាកាសយានដ្ឋានអន្តរជាតិដែលសង់ដោយហិរញ្ញប្បទានពីចិននៅខេត្តព្រះសីហនុ និងកោះកុង ផ្ដល់ជាតឹកតាងដែលបង្កជាសញ្ញាអាសន្នសម្រាប់ក្រុមអ្នកយុទ្ធសាស្ត្រនយោបាយការបរទេសនៅហាណូយ អំពីលទ្ធភាពដែលថាយោធាចិនអាចនឹងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្តទាំងនេះ ក្នុងជម្លោះប្រដាប់អាវុធចិន-វៀតណាមនៅថ្ងៃមុខក្នុងសមុទ្រចិនខាងត្បូង»។
បន្ទាប់ពីប្រើពេលជិត២ឆ្នាំក្នុងការបដិសេធជាច្រើនលើកថាកម្ពុជានឹងមិនទទួលវត្តមានយោធាចិនលើទឹកដីខ្លួននោះ មន្ត្រីរដ្ឋាភិបាលកម្ពុជាបានបង្ហើបកាលពីពេលថ្មីៗនេះថាចិនជាអ្នកជួយសាងសង់ផែចតនាវា រោងជួសជុលទូក និងបូមខ្សាច់បង្កើនជម្រៅសម្រាប់ទទួលនាវាធំៗ នៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ប៉ុន្តែកម្ពុជាបញ្ជាក់ថាការសង់ទាំងនេះមិនមែនជាការត្រៀមទទួលវត្តមានរបស់យោធាចិននោះទេ។
ក្រៅពីភាពចម្រូងចម្រាសនៅមូលដ្ឋានសមុទ្ររាម ការវិនិយោគរបស់ចិននៅខេត្តព្រះសីហនុ និងក្នុងតំបន់វិនិយោគ«តារាសាគរ» ក្នុងខេត្តកោះកុង ដែលក្រុមហ៊ុន Union Development Group របស់ចិន ត្រូវបានរាយការណ៍ថាទទួលបានការគ្រប់គ្រងប្រមាណ២០%នៃបណ្ដោយឆ្នេរសមុទ្រសរុបរបស់កម្ពុជា ក៏បង្កជាការព្រួយបារម្ភពីសំណាក់សហរដ្ឋអាមេរិកផងដែរ។
បណ្ឌិត ផាត់ កុសល អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យក្រុង New York បានបន្ថែមថា៖ «[មេដឹកនាំវៀតណាម]មិនចង់ឱ្យមានវត្តមានយោធារបស់ចិននៅបណ្ដោយព្រំដែនភាគនិរតីរបស់ខ្លួននោះទេ។ បណ្ដាមេដឹកនាំនយោបាយដែលមានការអប់រំប្រវត្តិសាស្ត្រជ្រាលជ្រៅនៅហាណូយតែងមានក្ដីបារម្ភអំពីសមត្ថភាពរបស់ចិន ក្នុងការខ្ទាស់វៀតណាមចូលក្នុងសង្គ្រាមទ្វេទិស»។
សម្លឹងប្រយោជន៍នៅឈូងសមុទ្រថៃ
បណ្ឌិត Collin Koh អ្នកជំនាញសន្ដិសុខលម្ហសមុទ្រនៅសាកលវិទ្យាល័យបច្ចេកវិទ្យាNanyang(NTU) របស់ប្រទេសសិង្ហបុរី បានយល់ស្របថាកំណើនសកម្មភាពរបស់ចិននៅកម្ពុជា ដាស់ទីក្រុងហាណូយអំពី«ភាពបន្ទាន់កាន់តែខ្លាំងឡើង»ក្នុងការដាក់ពង្រាយក្រុមសេនាជនសមុទ្រថ្មីនេះ តែលោកថាចេតនារបស់វៀតណាមអាចមានធំធេងជាងនេះ។
អ្នកជំនាញរូបនេះបានប្រាប់វីអូអេតាមសារអេឡិចត្រូនិកថា៖ «ខ្ញុំសូមលើកថាក្រុមជីវពលសមុទ្រ«អចិន្ត្រៃយ៍»ដែលទើបបង្កើតថ្មីនេះ មានគោលបំណងដូចខាងក្រោម៖ ដើម្បីធ្វើឱ្យបានប្រសើរឡើងក្នុងការធានាអះអាងអធិបតេយ្យភាពនិងសិទ្ធិរបស់វៀតណាមលើដែនសមុទ្រនិងដែនកោះដែលត្រួតពិនិត្យដោយខេត្តសាមី ដែលជាផ្នែកមួយនៃយុទ្ធវិធីទ្វេបំណង«សេដ្ឋកិច្ច-សន្ដិសុខ»ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចលម្ហសមុទ្រ»។
បណ្ឌិត Collin Koh បន្ថែមថាតាមរយៈការបង្កើតជីវពលសមុទ្រថ្មីនេះ ទីក្រុងហាណូយក៏មានបំណងមួយទៀតផងដែរគឺថា៖ «ដើម្បីការពារឱ្យបានប្រសើរជាងមុននូវអ្នកនេសាទក្នុងខេត្តសាមី ជាពិសេសតទល់នឹងការអនុវត្តច្បាប់របស់បណ្ដាប្រទេសជិតខាង និងក៏ដូចជាធ្វើការជាមួយនឹងអាជ្ញាធរខេត្តដើម្បីគ្រប់គ្រងអនុវត្តវិធានការប្រឆាំងការនេសាទខុសច្បាប់ មិនចុះទិន្នន័យ និងមិននៅក្នុងការធ្វើនិយ័តកម្ម»។
លោកបន្ថែមដែរថាអង្គភាពជីវពលសមុទ្រដែលថ្មីៗនេះត្រូវបានដាក់ពង្រាយដោយវៀតណាមតទល់នឹងចិន នៅសមុទ្រចិនខាងត្បូងផងដែរនោះ ត្រូវបានប្រើប្រាស់ជា«ភ្នែកជាត្រចៀក»«ដ៏មានប្រយោជន៍»ក្នុងកិច្ចការពារសន្ដិសុខលម្ហសមុទ្ររបស់វៀតណាម។
លោកបញ្ជាក់ថា៖ «វៀតណាមយ៉ាងណាក៏ដោយ ប្រកាន់យកនូវយុទ្ធវិធីពហុស្រទាប់ក្នុងការការពារនិងសន្ដិសុខលម្ហសមុទ្រ ជាមួយកងទ័ពជើងទឹកជាកម្លាំងស្នូល ទីភ្នាក់ងារអនុវត្តច្បាប់នៅស្រទាប់បន្ទាប់ និងកងជីវពលសមុទ្រនៃស្រទាប់ខាងក្រៅបង្អស់នៃការការពារ»។
ភាពតានតឹងទ្វេភាគី
ការបង្កើតកងជីវពលសមុទ្រថ្មីនេះក៏ធ្វើឡើងចំពេលមានភាពតានតឹងជាក់ស្ដែងរវាងរដ្ឋាភិបាលភ្នំពេញ និងហាណូយផងដែរ ដែលធ្លាប់បានហៅគ្នាទៅវិញទៅមកថាជា«សម្ព័ន្ធមិត្តជាប្រពៃណី»។ ប៉ុន្តែក្រោយមក កម្ពុជាត្រូវបានមើលឃើញថាកាន់តែងាកទៅចិនដែលផ្តល់ជំនួយយ៉ាងសន្ធឹកសន្ធាប់ ខណៈចិននិងវៀតណាម ក៏មានជម្លោះគ្នាក្នុងដែនទឹកសមុទ្រចិនខាងត្បូង។
ក្នុងបទសម្ភាសន៍មួយនាខែមិថុនានេះជាមួយវីអូអេ ឧត្ដមនាវីទោ ម៉ី ឌីណា នាយសេនាធិការមូលដ្ឋានសមុទ្ររាម បានរិះគន់វៀតណាមថារួមគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការទទួលជំនួយរបស់ចិនដែលផ្តល់ដល់កម្ពុជា ដើម្បីធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម និងបង្កើនសមត្ថភាពទ័ពជើងទឹករបស់ខ្លួន។
តែការបារម្ភរបស់មន្ត្រីទ័ពជើងទឹកកម្ពុជាទាក់ទិននឹងការប្រជែងសមត្ថភាពដេញពីក្រោយប្រទេសជិតខាងមិនមែនជារឿងថ្មីនោះទេ។
កាលពីឆ្នាំ២០១៦ នាយឧត្ដមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា និងជាប្អូនប្រុសរបស់រដ្ឋមន្រ្តីការពារជាតិ លោក ទៀ បាញ់ បានប្រាប់មន្ត្រីទ័ពជើងទឹកចិនមួយរូបដែលមកបំពេញទស្សនកិច្ចថាខ្លួនចង់ទិញនាវាប្រយុទ្ធរបស់ចិន២គ្រឿង បំពាក់ជូនទ័ពជើងទឹកកម្ពុជា ក្នុងអ្វីដែលលោកថាដើម្បី«កុំឱ្យប្រទេសជិតខាងមើលងាយ»។
មិនទាន់មានរបាយការណ៍ថាតើការបញ្ជាទិញនោះបានសម្រេចឬនៅ ឬក៏នាវានោះត្រូវបានដឹកជញ្ជូនមកឱ្យកម្ពុជាហើយឬនៅនោះទេ។
កាលពីឆ្នាំ២០២០ ភាពចម្លែកមួយបានកើតឡើង គឺស្ថាប័នស្រាវជ្រាវមួយរបស់ចិននៅសាកលវិទ្យាល័យប៉េកាំង (Peking University) បានចេញផ្សាយទិន្នន័យដ៏ចម្រូងចម្រាសមួយថាមានទូកនេសាទវៀតណាមយ៉ាងហោច២៥៧គ្រឿងបានចូលនេសាទក្នុងដែនសមុទ្រកម្ពុជាក្នុងចន្លោះខែមិថុនា និងកក្កដា ឆ្នាំមុន ក្នុងទម្រង់នៃការនេសាទខុសច្បាប់ មិនចុះទិន្នន័យ និងមិននៅក្នុងការធ្វើនិយ័តកម្ម(IUU)។
វៀតណាមត្រូវបានវាយប្រហារថាឈ្លានពានលុកលុយចូលប្រទេសកម្ពុជានាឆ្នាំ១៩៧៩ ដើម្បីវាយរំលំរបបខ្មែរក្រហមដែលរណបចិន និងផ្ចុងផ្ដើមជ្រោមជ្រែងមេដឹកនាំគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃឱ្យចាប់ផ្ដើមរបបដឹកនាំរបស់ខ្លួននាគ្រានោះ។ ប៉ុន្តែសម្រាប់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាវិញ នេះជាការជួយរបស់វៀតណាម ដើម្បីផ្តួលរំលំកងកម្លាំងខ្មែរក្រហម ដែលបានសម្លាប់ប្រជាជន បង្អត់អាហារ និងបង្ខំឲ្យធ្វើការហួសកម្លាំង។
តែស្របពេលនឹងឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ចរបស់ចិនចេះតែកើនឡើងនៅកម្ពុជា ជាមួយលំហូរវិនិយោគ ជំនួយយោធា និងថ្មីៗនេះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បាននាំឱ្យអ្នកវិភាគព្យាករថាទំនាក់ទំនងភ្នំពេញនិងហាណូយអាចនឹងរង្គោះរង្គើដោយអន្លើ ដ្បិតហាណូយនិងប៉េកាំងមិនត្រូវរ៉ូវគ្នាផ្នែកយុទ្ធសាស្ត្រនិងនយោបាយ។
លោក ប៉ូ សុវីនដា បេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ Griffith ក្នុងប្រទេសអូស្ត្រាលី លើកឡើងថា ចាប់តាំងពីឆ្នាំ២០១២មក ចំពេលដែលឥទ្ធិពលនិងជំនួយចិនកើនឡើងនៅកម្ពុជា មន្ត្រីកម្ពុជាហ៊ាននិយាយឬធ្វើសកម្មភាពជំទាស់នឹងវៀតណាមជាងមុន លើរឿងដែលខ្លួនមិនយល់ស្រប។
អ្នកសិក្សារូបនេះបានប្រាប់វីអូអេថា៖ «ខ្ញុំគិតថានេះជាទំនុកចិត្តមួយដែលចិនផ្ដល់ឱ្យកម្ពុជា។ យើងគិតមើលជំនួយចិន ទាំងសេដ្ឋកិច្ច ទាំងយោធា គ្រប់សព្វបែបយ៉ាងដែលផ្ដល់ឱ្យកម្ពុជា ហាក់ដូចជាទំនុកចិត្តមួយឱ្យកម្ពុជាយល់បានថា កម្ពុជាមានចិនជាខ្នងបង្អែក ដល់អ៊ីចឹងទៅបានមានការប្រើពាក្យ ព្រលយពាក្យមួយចំនួនទៅវៀតណាម»។
ក្នុងការជម្នះជាក់ស្ដែងនឹងបំណងរបស់វៀតណាម រដ្ឋបាលរាជធានីភ្នំពេញ កាលពីដើមខែមិថុនា បានប្រកាសការបណ្ដេញចេញទ្រង់ទ្រាយធំនៃបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹករាប់ពាន់ ពីដងទន្លេនានាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដែលភាគច្រើនជាកម្មសិទ្ធិរបស់អន្តោប្រវេសន៍វៀតណាម ឬសហគមន៍ដើមកំណើតវៀតណាម។ ការធ្វើអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមដែលបានបញ្ចេញការជំទាស់ដោយចំហទៅនឹងវិធានការនេះ មិនទទួលបានជោគជ័យនោះទេ។
នៅក្នុងជំនួបមួយកាលពីសប្តាហ៍មុន លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍បានស្នើឲ្យវៀតណាមបន្តជំរុញកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនបណ្ដាជនដែលគ្មានឯកសាររស់នៅក្នុងចំណោមអ្នកទាំងនោះទៅប្រទេសវៀតណាមវិញឲ្យបានឆាប់។
ក្នុងសៀវភៅសការពារជាតិរបស់វៀតណាម ដែលចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ទីក្រុងហាណូយព្រមានថាខ្លួន«ប្រឆាំងជំទាស់នឹងរាល់ទង្វើជ្រៀតជ្រែកនិងបំបែកបំបាក់នូវទំនាក់ទំនងទ្វេភាគី»ជាមួយទីក្រុងភ្នំពេញ ក្នុងអ្វីដែលអ្នកវិភាគលើកឡើងនាគ្រានោះថាហាក់សំដៅទៅលើប្រទេសចិន។
បណ្ឌិត ផាត់ កុសល អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យក្រុង New York (CUNY) បានលើកឡើងថាមេដឹកនាំវៀតណាមមានភាពប្រុងប្រយ័ត្ននិងកំពុងប្រើប្រាស់«សម្ពាធដែលមានការវាស់វែង» ជាមួយកម្ពុជាដែលស្និទ្ធនឹងចិនកាន់តែខ្លាំងឡើង។
អ្នកជំនាញរូបនេះសរសេរក្នុងសារអេឡិចត្រូនិកថា៖ «ថ្នាក់ដឹកនាំនៃគណបក្ស[ប្រជាជនកម្ពុជាកំពុង]កាន់អំណាចក្រោមលោកនាយករដ្ឋមន្ត្រីបានធ្វើនូវកិច្ចខិតខំប្រឹងប្រែងស្របៗគ្នាដើម្បីថែរក្សាទំនាក់ទំនងជាប្រពៃណីជាមួយបក្សកុម្មុយនិស្ដវៀតណាមផង ព្រមពេលដែលខ្លួនក្រសោបការរីកត្រដែតឡើងនៃប្រទេសចិនផង។ នារយៈពេលពីរទៅបីឆ្នាំចុងក្រោយនេះ លោក ហ៊ុន សែន បានរកឃើញជាតឹកតាងថាទំនាក់ទំនងនេះកំពុងស្ថិតក្នុងមូលដ្ឋានមួយដែលរង្គោះរង្គើ»។
ឥទ្ធិពលលើការចរចាកំណត់ខណ្ឌសីមាព្រំដែនទឹក
កម្ពុជានិងវៀតណាមបានសម្រេចការកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកបានប្រមាណ៨៤%នៃខ្សែបណ្ដោយព្រំដែនគោករវាងប្រទេសទាំងពីរដែលមានប្រវែងជាង១ពាន់គីឡូម៉ែត្រ។ តែតំបន់ព្រំដែនទឹកក្នុងឈូងសមុទ្រថៃមិនទាន់ដំណើរការចរចានៅឡើយទេ។
កាលពីខែកក្កដាឆ្នាំ២០១៨ ក្រសួងការបរទេសកម្ពុជាបានផ្ញើកំណត់ទូតមួយជំទាស់តវ៉ានឹងការសាងសង់សំណង់សសរបេតុងរបស់យោធាវៀតណាម ក្នុងតំបន់ទឹកក្បែរកោះសេះ ក្នុងតំបន់ព្រំដែនសមុទ្រដែលមិនទាន់កំណត់ខណ្ឌសីមារវាងប្រទេសទាំងពីរ។
សៀវភៅសការពារជាតិរបស់វៀតណាមដែលបានចេញផ្សាយកាលពីខែវិច្ឆិកាឆ្នាំ២០១៩ ឲ្យដឹងទៀតថាទីក្រុងហាណូយនឹង«អង្កេតដោយខ្ជាប់ខ្ជួន»នូវការបន្តអនុវត្តកិច្ចព្រមព្រៀងកម្ពុជា-វៀតណាមឆ្នាំ១៩៨២អំពីតំបន់ទឹកប្រវត្តិសាស្ត្រ នៅចន្លោះខេត្តកំពត កោះត្រល់ ឬ Phu-Quoc កោះក្រចកសេះឬ Tho-Chu និងកោះពូលូវ៉ៃ។
កងទ័ពជើងទឹកវៀតណាមខ្លួនឯងបានតាំងទីបញ្ជាការធំនៃយោធភូមិភាពទ័ពជើងទឹកទី៥របស់ខ្លួន នៅមូលដ្ឋានសមុទ្រ An Thoi នៅចុងខាងត្បូងបំផុតនៃកោះត្រល់ឬ Phu Quoc។
លោក ប៉ូ សុវីនដា បេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ Griffith និយាយថាការពង្រីកកងទ័ពជើងទឹកវៀតណាម និងការដាក់ពង្រាយកងជីវពលសមុទ្របង្ហាញពីការព្យាយាមយកប្រៀបរបស់វៀតណាម ក្នុងការចរចាកំណត់ខណ្ឌសីមាព្រំដែនទឹកដែលមិនទាន់ចាប់ផ្ដើម។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនដឹងថាតើមានអ្វីយកទៅចរចាជាមួយវៀតណាមខ្លះដែរ។ យើងអាចប្រើប្រាស់ច្បាប់អន្តរជាតិច្បាប់សមុទ្រអន្តរជាតិ ឬក៏យើងប្រើអំណាច[និង]កត្តាចិនអ៊ីចឹងទៅ តែនេះខ្ញុំមិនដឹងថាតើយុទ្ធសាស្ត្រអ្វីមួយ មានប្រសិទ្ធភាពក្នុងការចរចាជាមួយវៀតណាមទៅថ្ងៃអនាគត បើសិនជាវៀតណាម Push Forward អាហ្នឹងមកខ្លាំងដែរ រុញវត្តមានយោធារបស់ខ្លួនមកកៀកជាមួយដែនសមុទ្រកម្ពុជាខ្លាំង នោះនាំឱ្យស្ថានភាពរឹតតែតានតឹងក្នុងតំបន់នោះ»។
ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាមិនឆ្លើយតបនឹងសំណួរក្នុងសារអ៊ីមែលរបស់វីអូអេ ដើម្បីសុំការបំភ្លឺនៅឡើយទេ៕