ក្រុមអ្នកវិភាគជឿជាក់ថាសម្ពាធពីប្រទេសចិនលើរឿងជម្លោះអធិបតេយ្យភាពដែនសមុទ្រដែលកំពុងពុះកញ្ជ្រោលបានជំរុញឲ្យប្រទេសម៉ាឡេស៊ីបន្ថែមសន្ទុះធ្វើទំនើបកម្មទ័ពអាកាសរបស់ខ្លួន រួមមានការទិញយន្តហោះចម្បាំងថ្មីចំនួន៣៦គ្រឿង។
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីបានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃទី២២ ខែមិថុនាថាខ្លួននឹងដេញថ្លៃយន្តហោះចម្បាំងធន់ស្រាលនិងគ្រូបង្ហាត់ទ័ពអាកាស។ ការដេញថ្លៃរយៈពេល៣ខែសម្រាប់យន្តហោះចំនួន ១៨គ្រឿងដំបូងស៊ីគ្នានឹងកិច្ចប្រឹងប្រែងធ្វើទំនើបកម្មកងទ័ពអាកាសម៉ាឡេស៊ីឲ្យកាន់តែទូលំទូលាយ។
គម្រោងដែលមានឈ្មោះថា Capability 55 អំពាវនាវឲ្យទិញយន្តហោះចម្បាំង១៨ គ្រឿងប្រភេទដូចគ្នាបន្ថែមទៀតឲ្យបានត្រឹមឆ្នាំ ២០២៥រួមនឹងយន្តហោះត្រួតពិនិត្យផ្លូវអាកាសគ្មានមនុស្សបើកចំនួន៦គ្រឿងដើម្បីធ្វើឲ្យប្រសើរឡើងនូវការយាមល្បាតអធិបតេយ្យភាពដែនសមុទ្រ។ការស្វែងរកទិញយន្តហោះចម្បាំងបន្ថែមនេះធ្វើឡើងបន្ទាប់ពីការធ្វើទំនើបកម្មកងទ័ពជើងទឹកកាលពីឆ្នាំ២០១៧។ ក្រុមអ្នកវិភាគបាននិយាយថានៅពេលនោះការធ្វើឲ្យប្រសើរនូវកងនាវានឹងជួយតាមដានសកម្មភាពរបស់ចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូងដែលមានជម្លោះ។
ក្រសួងការបរទេសម៉ាឡេស៊ីបានធ្វើការតវ៉ាកាលពីដើមខែនេះប្រឆាំងករណីយន្តហោះចម្បាំងចិនចំនួន១៦ គ្រឿងដែលរ៉ាដាចាប់បានចម្ងាយប្រមាណ១១១ គីឡូម៉ែត្រពីឆ្នេរកោះ Borneo ក្នុងសមុទ្រចិនខាងត្បូង។
ក្រុមអ្នកជំនាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បាននិយាយថា ការហោះឆ្វែលរបស់យន្តហោះចិនបង្កឲ្យប្រទេសម៉ាឡេស៊ីធ្វើទំនើបកម្មយន្ដហោះចម្បាំងជាបន្ទាន់៕