នៅពេលដែលការិយាល័យបោះឆ្នោតបិទទ្វារនៅរដ្ឋខ្លះនិងនៅបន្តនៅរដ្ឋខ្លះ ហើយ លទ្ធផល នាំមុខក្នុងរដ្ឋនានាត្រូវគេបញ្ចេញឲ្យដឹងដំបូងៗនោះ ពលរដ្ឋខ្មែរអាមេរិកាំង បានបង្ហាញពីការចង់ឲ្យបេក្ខជនដែលខ្លួនគាំទ្រឈ្នះឆ្នោតជាប់ជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក។
ដំណាលគ្នាដែលពិភពលោកកំពុងតាមដានមើលដំណើរការបោះឆ្នោតនិងលទ្ធផល បឋមៗ ចេញពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកថ្ងៃអង្គារទី៨ ខែវិច្ឆិកា នៅពេលបិទទ្វារការិយាល័យបោះឆ្នោតក្នុងរដ្ឋជាច្រើននោះ ពលរដ្ឋខ្មែរអាមេរិកាំងមួយ ចំនួននៅតាមបណ្តារដ្ឋនានានៅតែប្រាថ្នាចង់ឲ្យបេក្ខជនប្រធានាធិបតីរៀងៗខ្លួនបានទទួលជ័យជម្នះ។
ក្នុងចំណោមបេក្ខជនទាំងពីរគឺលោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) មកពីគណបក្សប្រជាធិបតេយ្យជាអតីតរដ្ឋមន្ត្រីការបរទេស និងជាអតីតលោកស្រីទី១ នៅពេលស្វាមីលោកស្រី គឺលោក Bill Clinton កាន់មុខតំណែងជាប្រធានាធិបតីស.រ.អា។ រីឯលោក ដូណាល់ ត្រាំ (Donald Trump) ជាបេក្ខជនប្រធានាធិបតីមកពីខាងគណបក្សសាធារណរដ្ឋ ដែលលោកជាមហាសេដ្ឋីជំនួញអាមេរិកាំងម្នាក់។ បេក្ខជនទាំងពីរបានទទួលសំឡេងឆ្នោតប្រកិតៗគ្នានៅពាក់កណ្តាលថ្ងៃ ឬ ឈ្នះរដ្ឋខ្លះ ហើយចាញ់ក្នុងរដ្ឋ ខ្លះដូចគ្នា ហើយលោកត្រាំនាំមុខនៅរដ្ឋសំខាន់ៗមួយចំនួននៅមុនពេលដែលការិយាល័យក្នុងរដ្ឋជាង១០ត្រូវបិទទ្វារ ហើយរដ្ឋមួយចំនួនមិនទាន់រាប់សន្លឹកឆ្នោតអស់។ ការណ៍នេះដែលធ្វើឲ្យអ្នកតាមដានការបោះឆ្នោតនេះផ្ចង់ពេលវេលាតាមដានទស្សនា បណ្ដាញផ្សាយព័ត៌មានដល់យប់ក៏មាន។
ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់មកពីក្រុង ឡូវែល រដ្ឋ ម៉ាស្សាឈូសេតស៍ គឺលោក អ៊ុន សុខុម បានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា លោកចង់ឲ្យលោកស្រី ហ៊ីឡារី គ្លីនតុន ឈ្នះការបោះឆ្នោតនេះ។
លោក អ៊ុន សុខុម ថ្លែងថា៖
«ចង់ឲ្យលោកស្រី ហ៊ីឡារី គ្លីនតុន ជាប់ដឹកនាំប្រទេស ខ្ញុំជឿជាក់ថា បញ្ហានយោបាយ ពិភពលោកអាចប្រែប្រួល»។
លោកថា លោកនឹងខកចិត្ត បើសិនជាលោកស្រី ហ៊ីឡារី គ្លីនតុន ចាញ់ក្នុងពេលដែលកំពុងតាមដានការប្រកាសលទ្ធផលបោះឆ្នោតបឋមៗនេះ។
«នៅពេលនេះទាំងខ្ញុំទាំងគេ ហើយជាពិសេសប្រធានាធិបតីដែលបានឈរឈ្មោះខ្លួន ឯងនឹងផង ក៏មានការរំជើបរំជួលដូចតែគ្នាទេ។ គាត់រំជើបរំជួល រំភើបជាងយើងផង តាមដានជាងយើងផង។ ក៏ប៉ុន្តែអ្វីដែលរំភើបបំផុតនោះ គឺនៅពេលណាដែលឃើញ ភាគីដែលយើងកំពុងតែគាំទ្រ នឹងកើនឡើងគឺរំភើបមែនទែននិងសប្បាយចិត្ត»។
លោក អ៊ិន សួន មកពីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា បានអះអាងថា លោកបា្រថ្នាចង់បានលោកស្រីគ្លីនតុនឈ្នះដែរដោយសារបារម្ភពីនយោបាយអន្តោប្រវេសន៍របស់លោកត្រាំដែលមានការតឹងរ៉ឹងខ្លាំងនោះ។
លោក អ៊ិន សួន ថ្លែងថា៖
«ខ្លាចដល់ជាប់ទៅ ជនអន្តោប្រវេសន៍ដូចជាមិនសូវមានសិទ្ធិ ប៉ុន្មាន ចេះតែបិទសិទ្ធិ បន្តិចម្តងៗទៅក្រែងលោវាប៉ះពាល់ដល់ជនអន្តោប្រវេសន៍ខ្លាំងទី១។ ហើយទី២ បើនិយាយពីបញ្ហាសង្គមគឺគាត់ដូចអត់មានមនោសញ្ចេតនាមកលើសង្គមប្រជាពលរដ្ឋ ដែលត្រូវការសង្គមការងារដូចជាមិនសូវមាន»។
លោកស្រី គ្លីនតុន មានបទពិសោធន៍ជាច្រើននិងធ្វើកិច្ចការសង្គម មានមនោសញ្ចេតនា ច្រើនជាងលោក ត្រាំ។
លោក ហ៊ី សុផល ពលរដ្ឋខ្មែរម្នាក់ក្នុងក្រុង Warwick រដ្ឋរ៉ូដអៃឡែន (Rhode Island) បានថ្លែងថា លោកប្រាថ្នាចង់ឲ្យលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតនេះ។
«បើសិនជាគណបក្សសាធារណរដ្ឋឈ្នះ គណបក្សនេះនឹងមានឱកាសធ្វើការងារនៅក្រៅប្រទេស ទាំងការប្រើអំណាចទន់និងអំណាចរឹង»។
តែលោកថា អំណាចការទូតដែលជាអំណាចទន់និងអំណាចយោធាជាអំណាចរឹងរបស់គណបក្សសាធារណរដ្ឋនោះ លោកសង្កេតឃើញថា មានលំនឹងខ្លាំងនិងធ្វើឲ្យប្រទេសនានាមានការគោរព ជាងគណបក្សប្រជាធិបតេយ្យ។
អ្នកបោះឆ្នោតមានការផ្តោតការវាយតម្លៃរបស់ខ្លួនទៅលើបុគ្គលិកលក្ខណៈរបស់បេក្ខជន បទពិសោធន៍ការងារ គោលនយោបាយសេដ្ឋកិច្ច និងអន្តោប្រវេសន៍ជាដើម នៅពេលសម្រេចចិត្តបោះឆ្នោតផ្តល់ឱកាសដល់បេក្ខជនប្រធានាធិបតីណាមួយ ដើម្បីទៅកាន់កាប់សេតវិមាននោះ។
បេក្ខជនទាំងពីរតម្រូវឲ្យឈ្នះឆ្នោតតាមសំឡេងឆ្នោតជាទូទៅពីពលរដ្ឋអាមេរិកាំងរាប់លាននាក់ផងនឹងពីចំនួនអង្គបោះឆ្នោតឬប្រតិភូនៅតាមរដ្ឋនីមួយៗ ដែលសរុបមានចំនួន៥៣៨នាក់។ បេក្ខជនត្រូវទទួលបានសំឡេង៥០ភាគរយបូក១ ឬចំនួន២៧០នាក់ពីចំនួនប្រតិភូទាំងនោះ ទើបអាចជាប់ឆ្នោតជាប្រធានាធិបតីទី៤៥ ហើយកាន់កាប់សេតវិមានបាន៕
លោកអាចទទួលព័ត៌មាន VOA ផ្សាយផ្ទាល់ចុងក្រោយដោយចូលទៅ http://khmer.voanews.com/live។