នៅមុនប៉ុន្មានម៉ោងនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីស.រ.អាឈានមកដល់ គឺថ្ងៃអង្គារទី៨ ខែវិច្ឆិកានេះ ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួននៅតាមបណ្តារដ្ឋនានាបានថ្លែងថា ពួកគេនឹងបោះឆ្នោត ឬបានបោះឆ្នោតជូនលោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។
ការសម្រេចចិត្តដូច្នេះគឺយោងថា លោកស្រីនឹងអាចជួយប្រទេសកំណើតច្រើនជាងបេក្ខជនគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ (Donald Trump) ដោយសារតែការពាក់ព័ន្ធរបស់លោកស្រី គ្លីនតុន និងគណបក្សប្រជាធិបតេយ្យហើយនឹងប្រធានាធិបតីបានធ្វើកិច្ចការមួយចំនួនកន្លងមកទាក់ទងនឹងប្រទេសកម្ពុជា។
បើតាមការអះអាងរបស់លោក មាស ជា មកពីទីក្រុង ហ្វ៊ីឡាដែលហ្វីយ៉ា (Philadelphia) រដ្ឋភេស៊ីលវីនៀ (Pennsylvania) ធ្វើការផ្នែកសង្គមកិច្ចប្រចាំរដ្ឋបានបញ្ជាក់ថា លោកគឺជាអ្នកមាននិន្នាការទៅរកគណបក្សប្រជាធិបតេយ្យ។ លោកបានកត់សម្គាល់ឃើញការយកចិត្តទុកដាក់របស់លោកស្រី គ្លីនតុន និងគណបក្សប្រជាធិបតេយ្យជាមួយនឹងប្រទេសកម្ពុជា។
«ខ្ញុំថាលោកស្រី គ្លីនតុន ហាក់ដូចជាមានប្រយោជន៍ច្រើងជាងលោក ដូណាល់ ត្រាំតាមពិសោធន៍ការងារ និងយោងតាមគណបក្សគាត់កំពុងកាន់កាប់ប្រទេស»។
លោកថ្លែងមុនចេញទៅបោះឆ្នោតមួយថ្ងៃដូច្នេះ ដោយទំនងជាយោងថា លោកស្រី គ្លីនតុន ធ្លាប់មានទំនាក់ទំនងជាមួយប្រទេសកម្ពុជាដិតដល់ ស្គាល់បញ្ហាកម្ពុជា ជួយដល់សង្គមស៊ីវិលកម្ពុជានិ ងតំបន់អាស៊ានលើវិស័យបរិដ្ឋាន អប់រំ បន្ថែមពីលើទស្សន កិច្ចរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលបានអញ្ជើញទៅចូលរួមប្រជុំកំពូលអាស៊ានកាលពីឆ្នាំ២០១២ ហើយពេលនោះមន្ត្រីលោកប្រធានាធិបតី បានបញ្ជាក់ជាសំខាន់ឲ្យកម្ពុជាកែទម្រង់បញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងស.រ.អា។
បន្ទរភ្លាមតាមៗដែរ លោក យន់ សារ៉ាយ រស់នៅក្នុងទីក្រុង តាកូម៉ា (Tacoma) រដ្ឋ វ៉ាស៊ីនតោន ស្តេត (Washington State) បានថ្លែងថា លោកបានបោះឆ្នោតមុនកាលកំណត់ជូនលោកស្រី ហ៊ីលឡារី គ្លីនតុន រួចហើយដោយសារលោកស្រីបានជួយដោះស្រាយបញ្ហាកម្ពុជា ហើយលោកសង្ឃឹមថា លោកស្រីនឹងបន្តជួយដោះស្រាយបញ្ហាខ្មែរតទៅទៀត ដូចលោកស្រីបានជួយអន្តរាគមន៍ឲ្យមានការដោះលែងសកម្មជនតស៊ូមតិម្តងកាលពីប៉ុន្មានឆ្នាំមុន ជាពិសេសលោកស្រី ទេព វន្នី សកម្មជនបឹងកក់ ដែលបានទទួលពានរង្វាន់ជាស្រី្តឆ្នើមក្នុងការតស៊ូមតិ។
«បាទបងប្អូនទាំងអស់គ្នាយល់ថា អ្នកស្រី គ្លីនតុន គាត់បានដូចលោកស្រី ទេព វន្នី។ គាត់មិនស្គាល់តែបងប្អូនខ្មែរនៅក្នុងប្រទេសអាមេរិកនោះទេ។ ម្ល៉ោះហើយផ្ទាល់ខ្លួន ខ្ញុំជឿថាគាត់មានបទពិសោធន៍ច្បាស់លាស់ណាស់ក្នុងក្រសួងការបរទេស ហើយក៏ធ្លាប់ធ្វើជាស្ត្រីទី១ គាត់ដើរច្រើនប្រទេស ម្ល៉ោះហើយលទ្ធភាពរដ្ឋាភិបាលគាត់ច្បាស់លាស់ណាស់»។
ទាំងលោក យន់ សារ៉ាយ និងលោក មាស ជា បានបន្ថែមថា លោក ត្រាំ បេក្ខជនមកពីគណបក្សសាធារណរដ្ឋមិនមានបទពិសោធន៍ដូចលោកស្រី គ្លីនតុន ទេ បន្ថែមពីលើការរិះគន់ដល់ចរិក និងពាក្យសម្តីរបស់លោក ត្រាំ ថាមិនសមជាអ្នកដឹកនាំផងនោះ។
ក្នុងចំណោមបេក្ខជនទាំងពីរគឺលោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) មកពីគណបក្សប្រជាធិបតេយ្យជាអតីតរដ្ឋមន្ត្រីការបរទេស និងជាអតីតលោកស្រីទី១ នៅពេលស្វាមីលោកស្រី គឺលោក Bill Clinton កាន់មុខតំណែងជាប្រធានាធិបតីស.រ.អា។ រីឯលោក ដូណាល់ ត្រាំ (Donald Trump) ជាបេក្ខជនប្រធានាធិបតីមកពីខាងគណ បក្សសាធារណរដ្ឋ ដែលលោកជាមហាសេដ្ឋីជំនួញអាមេរិកាំងម្នាក់។
បេក្ខជនទាំងពីរនឹងត្រូវឈ្នះឆ្នោតតាមសំឡេងឆ្នោតជាទូទៅពីពលរដ្ឋអាមេរិកាំងរាប់ លាននាក់ផង និងពីចំនួនអង្គបោះឆ្នោតឬប្រតិភូនៅតាមរដ្ឋនីមួយៗ ដែលសរុបមាន ចំនួន៥៣៨នាក់ផង។ បេក្ខជនត្រូវទទួលបានសម្លេង៥០ភាគរយបូក១ ឬចំនួន២៧០ នាក់ពីចំនួនប្រភូទាំងនោះ ទើបអាចជាប់ឆ្នោតជាប្រធានាធិបតីទី៤៥ ហើយកាន់កាប់ សេតវិមានបាន។
លោក សែម មាស ខ្មែរអាមេរិកាំងមកពីទីក្រុងលីន (Lynn) រដ្ឋម៉ាសាឈូសេត (Massachusetts) ធ្វើជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ បានថ្លែងថា លោកធ្លាប់បោះឆ្នោតជូនគណបក្សសាធារណរដ្ឋ។ តែពេលនេះលោកបានបោះឆ្នោតជូនលោកស្រី គ្លីនតុន មុនកាលកំណត់រួចហើយ ដោយសារមានបញ្ហាជាច្រើន ដែលលោកស្រី គ្លីនតុន មានបទពិសោធន៍ និងគិតគូរបញ្ហាអន្តរជាតិរួមទាំងកម្ពុជា។
«ប៉ុន្តែបើសិនជាលោកស្រី គ្លីនតុន គាត់នឹងបានជាប់ឆ្នោត ខ្ញុំជឿថារឿងរ៉ាវអន្តរជាតិទាំងឡាយ នឹងមានការខ្វល់ខ្វាយពីស.រ.អាជាច្រើន ហើយជាពិសេសទៀតរឿងប្រទេសកម្ពុជាហ្នឹង។ ហើយបើសិនជាបងប្អូនខ្មែរយើងគាត់គាំទ្របញ្ហាយុត្តិធម៌ និង ប្រជាធិបតេយ្យ ខ្ញុំជឿថា បើសិនជាលោកស្រី ហ៊ីឡារី គ្លីនតុន បានជាប់ឆ្នោតគឺប្រទេសខ្មែរយើងបានថ្កើនថ្កាន»។
លោក សែម មាស បានបន្តថា លោក ត្រាំ គាត់មាននយោបាយមិនសូវខ្វល់ពីបញ្ហាអន្តរជាតិ ហើយគាត់សន្យានឹងជួយឲ្យស.រ.អាមានការងារធ្វើច្រើនដែរ។ តែ លោក សែម មាស បានថ្លែងថា លោកខ្វល់ខ្វាយពីនយោបាយបាយអន្តោប្រវេសន៍របស់ លោក ត្រាំ ក្នុងការបញ្ជូនជនអន្តោប្រវេសន៍ចេញពីស.រ.អា ហើយនឹងភាពយុត្តិធម៌ចំពោះក្រុមជនអន្តោប្រវេសន៍ទាំងនោះ ប្រសិនបើលោក ត្រាំ ជាប់ឆ្នោត៕