កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍អូស្រ្តាលី បានធ្វើកាសែតវីដេអូដោយនិយាយចំៗដល់ពួកអ្នកស្វះស្វែងសុំសិទ្ធិជ្រកកោនដែលត្រូវបានឃុំខ្លួននៅលើកោះ Nauru ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកឲ្យសុខចិត្តទទួលយកសំណើតាំងទីលំនៅថ្មី ហើយឲ្យពួកគេបំភ្លេចអំពីការធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលី។
ពួកអ្នកសុំសិទ្ធិជ្រកកោនរាប់រយនាក់ដែលចង់ទៅប្រទេសអូស្រ្តាលី ក៏ប៉ុន្តែ បានត្រូវខកខានហើយត្រូវបានបញ្ជូនទៅកាន់ជំរំឃុំឃាំងនៅកោះ Nauru បានត្រូវគេបង្ហាញកាលពីថ្ងៃពុធនូវអ្វីដែលជាសារផ្តាច់ព្រាត់ដ៏សំខាន់នៅក្នុងកាសែតវីដេអូរបស់លោក Peter Dutton រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍អូស្រ្តាលី។
«ខ្ញុំចង់ធ្វើការបញ្ជាក់យ៉ាងច្បាស់ដល់ពួកជនភៀសខ្លួននិងពួកអ្នកផ្លាស់ទីលំនៅនៅកោះ Nauru ថា នៅក្រោមកាលៈទេសៈណាក៏ដោយ អស់លោក អ្នក នឹងមិនអាចតាំងទីលំនៅនៅក្នុងប្រទេសអូស្រ្តាលីទេ។នេះ មិនមែនជាជម្រើសដែលរដ្ឋាភិបាលអូស្រ្តាលី នឹងផ្តល់ឲ្យអស់លោកអ្នកទេ»។
កម្ពុជា បានយល់ព្រមយកជនភៀសខ្លួនជាង១ពាន់នាក់នៅក្នុងការដោះដូរនឹងអ្វីដែលគេពណ៌នាថា ជាកម្មវិធីជំនួយដែលមានទឹកប្រាក់៣០លានដុល្លារពីប្រទេសអូស្រ្តាលី។
កិច្ចព្រមព្រៀងនោះ បានទទួលរងការរិះគន់ដោយបុគ្គលិកអង្គការសិទ្ធិមនុស្សមួយចំនួនដែលអះអាងថា វា បានរំលោភអនុសញ្ញាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។
ក៏ប៉ុន្តែ អូស្រ្តាលីនិងកម្ពុជា មិនបានរុញរាទេ ដូចដែលលោក Dutton បានប្រាប់ជនភៀសខ្លួន។
«រដ្ឋាភិបាលកម្ពុជា បានធ្វើការបញ្ជាក់យ៉ាងច្បាស់ដល់រដ្ឋាភិបាលអូស្រ្តាលីថា ខ្លួន ចង់ឲ្យកិច្ចព្រមព្រៀងនេះបានទទួលជោគជ័យ។ កម្ពុជា មើលឃើញតម្លៃដ៏ធំធេងនៅក្នុងការតាំងទីលំនៅរបស់ជនភៀសខ្លួនហើយស្វាគមន៍បទពិសោធន៍និងថាមពលដែលអស់លោក អ្នក អាចផ្តល់ឲ្យប្រទេសនោះ»។
រដ្ឋមន្រ្តីអន្តោប្រវេសន៍អូស្រ្តាលី បានសរសើរកម្ពុជាដែលបានផ្តល់ឱកាសដ៏មានតម្លៃដល់ជនភៀសខ្លួន ដោយពណ៌នាប្រទេសក្រីក្រនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះថា នឹងរីកចម្រើនដ៏ឆាប់រហ័សហើយនឹងមានជាតិសាសន៍ចម្រុះ។
ជាការពិត ជនជាតិខ្មែរ មាន៩០ភាគរយនៃប្រជាពលរដ្ឋ១៥លាន៥សែននាក់ ខណៈដែលចំនួនពាក់កណ្តាលនៃចំនួនសេសសល់១០ភាគរយទៀត ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាជនជាតិភាគតិចវៀតណាម។
៩៧ភាគរយនៃប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជាអ្នកកាន់ព្រះពុទ្ធសាសនា។
ពួកអ្នកសុំសិទ្ធិជ្រកកោនជាង៧រយនាក់ ដែលបានឃុំខ្លួននៅកោះ Nauru មកពីទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ារនិងអាស៊ីខាងត្បូង។ជិត៥រយនាក់ បានត្រូវគេចាត់ទុកថា ជាជនភៀសខ្លួនពិតប្រាកដ ជាង៨០នាក់ មានការទាមទារជាឋានៈភាពជនភៀសខ្លួន បានត្រូវបដិសេធ ហើយ១៥០នាក់ផ្សេងទៀត មិនទាន់បានត្រូវគេវាយតម្លៃពីឋានៈភាពជនភៀសខ្លួនទេ។
គេសង្ឃឹមថា ជនភៀសខ្លួនលើកទីមួយ ធ្វើដំណើរទៅកាន់ប្រទេសកម្ពុជានៅចុងឆ្នាំទៅ ក៏ប៉ុន្តែ ពួកគេមានការស្ទាក់ស្ទើរ។
កាលពីថ្ងៃច័ន្ទ អ្នកគាំទ្រជនភៀសខ្លួន បាននិយាយថា ពួកអ្នកសុំសិទ្ធិជ្រកកោន៥នាក់ បានត្រូវគេពណ៌នាថា ៣នាក់ជាជនជាតិភាគតិចខ្លាតាមីលមកពីប្រទេសសេរីលង្កា ម្នាក់ជាជនជាតិភាគតិចRohingya កាន់សាសនាអ៊ីស្លាមមកពីប្រទេសភូមា ហើយនឹងម្នាក់ទៀតជាជនជាតិអ៊ីរ៉ង់ បានយល់ព្រមស្ថិតក្នុងចំណោមជនភៀសខ្លួនលើកដំបូងដែលសុខចិត្តទទួលសំណើរបស់កម្ពុជា។
នៅក្នុងការអំពាវនាវតាមកាសែតវីដេអូ លោក Dutton បានកត់សម្គាល់ថា ជនអន្តោប្រវេសន៍ដែលទៅប្រទេសកម្ពុជា ទទួលរងការដាក់សម្ពាធពីក្រុមផ្សេងមិនឲ្យទៅកាន់ទីនោះទេ។
«សូម កុំឲ្យពួកអ្នកនាំការរំជើបរំជួល បំផ្លាញឱកាសរបស់អស់លោក អ្នក»។
អង្គការ The Refugee Action Coalition ដែលជាអង្គការសិទ្ធិមនុស្សមានទីតាំងក្នុងប្រទេសអូស្រ្តាលី និយាយថា ពួកអ្នកសុំសិទ្ធិជ្រកកោន បានត្រូវគេផ្តល់ប្រាក់ពី៧ពាន់៨រយដុល្លាទៅដល់១ម៉ឺន១ពាន់៧រយដុល្លារដើម្បីទៅតាំងទីលំនៅនៅប្រទេសកម្ពុជា។
កាលពីសប្តាហ៍មុន មានសេចក្តីរាយការណ៍ថា ពួកមន្រ្តីអន្តោប្រវេសន៍អូស្រ្តាលី បានវាយតម្លៃហើយនឹងបដិសេធការសុំសិទ្ធិជ្រកកោនរបស់ជនជាតិវៀតណាម៤៦នាក់នៅលើកប៉ាល់អូស្រ្តាលីមួយគ្រឿងមុនពេលពួកគេទាំងអស់ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ។
ប្រែសម្រួលដោយ ជឹង ប៉ូជីន