មន្រ្តីជាន់ខ្ពស់កម្ពុជាបានបញ្ជាក់នៅថ្ងៃសុក្រនេះថា ក្រុមអ្នកជំនាញនៃក្រសួងការបរទេសនិងក្រសួងមហាផ្ទៃកម្ពុជា នឹងធ្វើដំណើរទៅកាន់កោះណូរូដើម្បីជួបជាមួយជនភៀសខ្លួន បើទោះបីជាជនទាំងនេះបានធ្វើបាតុកម្មប្រឆាំងកិច្ចព្រមព្រៀងបញ្ជូនពួកគេមកឲ្យតាំងលំនៅនៅប្រទេសកម្ពុជាក៏ដោយ។
លោកឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា ក្រុមមន្ត្រីនៃក្រសួងទាំងពីរ បានរៀបចំធ្វើដំណើរទៅកាន់កោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនេះនៅក្នុងខែតុលានេះដើម្បីជួបជាមួយជនភៀសខ្លួននិងជូនព័ត៌មានដល់ពួកគេអំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែ មន្ត្រីអ្នកនាំពាក្យដដែលមិនបានបញ្ជាក់អំពីកាលបរិច្ឆេទពិតប្រាកដនោះទេ។
«ក្នុងខែនេះយើងទៅ ប៉ុន្តែមិនមែនទៅឃោសនារកទេសចរមកទស្សនាស្រុកខ្មែរទេ»។
ប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលីចុះហត្ថលេខាកាលពីសប្តាហ៍មុនលើអនុស្សរណៈយោគយល់ស្តីពីការបញ្ជូនជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកឲ្យរស់នៅប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងនេះទទួលរងការរិះគន់ពីអង្គការការពារសិទ្ធិមនុស្សជាច្រើន។
យោងតាមកិច្ចព្រមព្រៀងនេះ មន្ត្រីកម្ពុជានឹងត្រូវទៅជួបជនភៀសខ្លួនទាំងនេះដោយផ្ទាល់នៅជំរំដែលពួកគេកំពុងស្នាក់នៅ។ ហើយបង្ហាញដល់ពួកគេអំពីស្ថានភាពរស់នៅនៅកម្ពុជា បូកជាមួយនឹងការធ្វើកិច្ចសម្ភាសន៍ដោយផ្ទាល់នៅទីនោះ មុននឹងផ្តល់សិទ្ធិជាជនភៀសខ្លួនដល់ពួកគេដោយមានកិច្ចសហការជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន។
ជនភៀសខ្លួនជាង១០០០នាក់បានស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្តា្រលី ប៉ុន្តែពួកគេត្រូវយកទៅដាក់ឲ្យស្នាក់នៅកោះណូរូ ដែលស្ថិតនៅចម្ងាយប្រមាណ៤៥០០គីឡូម៉ែត្រពីប្រទេសអូស្ត្រាលី។ ហើយពួកគេនឹងត្រូវបញ្ជូនមកកាន់ប្រទេសកម្ពុជាសម្រាប់ការតាំងលំនៅជាជនភៀសខ្លួនស្របច្បាប់។
ដោយផ្ទុយពីទិសដៅដែលពួកគេប៉ុនប៉ង ជនស្វែងរកទីជម្រកទាំងនេះបានធ្វើបាតុកម្មជាបន្តបន្ទាប់ប្រឆាំងទៅនឹងកិច្ចព្រមព្រៀងក្នុងការបញ្ជូនពួកគេមកកម្ពុជា។ បាតុករខ្លះបានធ្វើទារុណកម្មលើខ្លួនឯង និងបង្អត់អាហារផងដែរ។
លោកឧត្តមសេនីយ៍ខៀវ សុភ័គបញ្ជាក់ថា បើទោះជាក្រុមជនភៀសខ្លួនធ្វើការតវ៉ាក្តី កម្ពុជានៅតែបន្តនីតិវិធីសម្រាប់ទទួលពួកគេ។ ហើយកម្ពុជានៅតែរក្សាគោលការទទួលយកពួកគេដែលចង់មកតាំងលំនៅដោយស្ម័គ្រចិត្ត ដូចបានចែងក្នុងកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសអូស្ត្រាលី។
«វាអាស្រ័យលើការស្ម័គ្រចិត្តជាលាយលក្ខណ៍អក្សរ។ ពួកគេត្រូវចុះហត្ថលេខាយល់ព្រមមកស្នាក់នៅ។ ចំពោះការធ្វើបាតុកម្មរបស់គាត់គឺជាសិទ្ធិរបស់គាត់។ បើគាត់មិនចង់មក យើងមិនអាចបង្ខំគាត់ឲ្យមកបានទេ»។
លោកសួន ប៊ុនសក្តិ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា យល់ថា ប្រទេសកម្ពុជា និងអូស្ត្រាលីគួរតែពិចារណាលើលក្ខខណ្ឌសម្រាប់ជនភៀសខ្លួននេះឡើងវិញ នៅពេលដែលមានការតវ៉ាបែបនេះ។
«បើមានជនភៀសខ្លួនតវ៉ា ផឹកទឹកសាប៊ូ មិនចង់មកកម្ពុជាហើយគឺកម្ពុជាមិនគួរទទួលហើយអូស្ត្រាលីមិនគួរបញ្ជូនជនភៀសខ្លួនចេញទេ។ ហើយបើហ៊ានបញ្ជូនពួកគេចេញ នេះជាការរំលោភយ៉ាងច្បាស់លាស់។ ប្រទេសទាំងពីរត្រូវពិចារណាឡើងវិញ ហើយទុកអនុស្សរណៈនៃការយោគយល់នៅដោយឡែកសិន»។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីលោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
យោងតាមប្រភពមន្ត្រីរដ្ឋាភិបាលកម្ពុជាឲ្យដឹងថា ក្នុងចំណោមជនភៀសខ្លួនដែលនឹងត្រូវបញ្ជូនមកឲ្យរស់នៅកម្ពុជា គេអាចដឹងថា មានជនជាតិមួយចំនួន ដូចជាជនជាតិឥណ្ឌូណេស៊ី ជនជាតិអ៊ីរ៉ាក់និងជនជាតិវៀតណាមផងដែរ៕