គណៈកម្មការសិទ្ធិមនុស្សអូស្រ្តាលីនិយាយថា ការឃុំខ្លួនរយៈពេលយូរទៅលើកុមារសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអូស្រ្តាលី បានធ្វើឲ្យមានការប៉ះពាល់ដល់កុមារទាំងនោះនិងរំលោភលើច្បាប់អន្តរជាតិ។ គណកម្មការនោះបានទាមទារឲ្យមានការស៊ើបអង្កេតផ្លូវច្បាប់មួយទៅលើការអនុវត្តបែបនេះ។ រដ្ឋាភិបាលអូស្រ្តាលីមកពីគណបក្សអភិរក្ស បានច្រានចោលការរកឃើញរបស់គណៈកម្មការនោះដោយហៅការរកឃើញនោះថា ជាព័ត៌មានតែម្ខាង។
ដោយប្រើរយៈពេលដប់ខែ គណៈកម្មការសិទ្ធិមនុស្សបានស៊ើបអង្កេតលើករណីឃុំខ្លួនកុមារនៅឯមជ្ឈមណ្ឌលអន្តោប្រវេសន៍១១កន្លែងក្នុងចំណោមមជ្ឈមណ្ឌលជាច្រើននៅក្នុងប្រទេសអូស្រ្តាលី។ ការស៊ើបអង្កេតបានរកឃើញថា មួយភាគបីនៃកុមារដែលគេឃុំខ្លួន បានកើតជំងឺផ្លូវចិត្តដែលមានសភាពធ្ងន់ធ្ងរ ហើយចាំបាច់ត្រូវការការព្យាបាលបែបចិត្តសាស្រ្ត។ របាយការណ៍ដែលមានចំណងជើងថា «កុមារដែលត្រូវគេបំភ្លេច» សរសេរថា មានក្មេងដទៃទៀតដែលជាជនរងគ្រោះនៃការបៀតបៀនផ្លូវភេទ ឬដោយការធ្វើបាបខ្លួនឯងផ្ទាល់។
រយៈពេលមធ្យមនៃការឃុំខ្លួនកុមារស្វែងរកសិទ្ធិជ្រកកោនទាំងនោះ គឺមានរយៈពេលលើសពីបួនរយថ្ងៃ។ គណៈកម្មការនោះនិយាយថា គ្មានការពន្យល់សមហេតុផលណាមួយក្នុងការឃុំឃាំងមនុស្សមិនទាន់គ្រប់អាយុក្នុងរយៈពេលយូរបែបនេះទេ ហើយថាគួរតែមានការស៊ើបអង្កេតផ្លូវច្បាប់មួយធ្វើឡើងចំពោះអ្វីដែលពួកគេហៅថា «ការរំលោភយ៉ាងច្បាស់ក្រឡែតទៅលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។
ក៏ប៉ុន្តែ មានសកម្មជនដទៃទៀតបានគាំទ្រចំពោះការរកឃើញរបស់គណៈកម្មការនោះ។
ប្រធាននៃក្រុមយុទ្ធនាការមួយ គឺក្រុមសិទ្ធិកុមារអន្តរជាតិ លោក Alastair Nicholson ដែលជាអតីតប្រធានផ្នែកយុត្តិធម៌នៃតុលាការកម្រិតគ្រួសាររបស់ប្រទេសអូស្រ្តាលីបាននិយាយថា របាយការណ៍រកឃើញនោះគឺគួរឲ្យតក់ស្លុត។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា នេះជាឆុតដ៏គួរឲ្យអាម៉ាស់បំផុតនៅក្នុងប្រវត្តិសាស្រ្តអូស្រ្តាលី អំពីការប្រព្រឹត្តទៅលើកុមារនៅក្នុងការឃុំឃាំង។ ហើយនេះជាភស្តុតាងដែលមិនលម្អៀង និងជាក់ច្បាស់ ដែលគួរតែធ្វើឲ្យយើងទាំងអស់គ្នាមានការអាម៉ាស់ចំពោះអាកប្បកិរិយាបែបនេះ។ បើសិនជារដ្ឋាភិបាលអូស្រ្តាលីអាចបង្ហាញថាខ្លួនបានធ្វើរឿងត្រឹមត្រូវដោយផ្អែកលើមូលដ្ឋានណាមួយនោះ វាជាអ្វីដែលលើសពីការគិតរបស់ខ្ញុំ។»
ចំនួនកុមារដែលត្រូវឃុំខ្លួនដោយអូស្រ្តាលី បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីក្រុមអភិរក្សនិយមបានកាន់អំណាចនៅខែកញ្ញា ឆ្នាំ២០១៣ មក។
លោកនាយករដ្ឋមន្រ្តី Tony Abbott បានច្រានចោលរបាយការណ៍របស់គណកម្មការនោះ ដោយលោកមានប្រសាសន៍ថា «វាគួរតែខ្មាស់ខ្លួនឯង» ដែលរបាយការណ៍នោះមានជំហរប្រកាន់គណបក្ស។
អូស្រ្តាលីធ្វើការឃុំខ្លួនជាស្វ័យប្រវត្តិចំពោះជនស្វែងរកសិទ្ធិជ្រកកោនទាំងអស់នៅខណៈពេលដែលពួកគេត្រូវបានឆែកឆេរផ្នែកសន្តិសុខ ឬដើម្បីរកមើលអត្តសញ្ញាណ និងនៅពេលពិនិត្យសុខភាព។
ជនស្វែងរកសិទ្ធិជ្រកកោនដែលមកដោយខុសច្បាប់តាមផ្លូវសមុទ្រ ត្រូវបានដឹកជញ្ជូនទៅកាន់ជំរុំនៅឆ្នេរសមុទ្រក្នុងប្រទេសប៉ាពួរញ៉ូហ្គីណេ (Papua New Guinea) និងនៅកោះ Nauru ជាផ្នែកមួយនៃគោលនយោបាយផ្លូវការក្នុងការទប់ស្កាត់អ្នកដែលចង់មកប្រទេសអូស្រ្តាលីតាមទូក។ អ្នកដែលមកដល់តាមផ្លូវសមុទ្រ ហើយត្រូវចាត់ទុកថាជាជនភៀសខ្លួនពិតប្រាកដនោះ នឹងមិនទទួលបានការអនុញ្ញាតឲ្យរស់នៅក្នុងប្រទេសអូស្រ្តាលីទេ។
នៅដើមសប្តាហ៍នេះ តុលាការជាន់ខ្ពស់អូស្រ្តាលី បានបញ្ជាឲ្យរដ្ឋមន្រ្តីផ្នែកអន្តោប្រវេសន៍ផ្តល់ទិដ្ឋាការស្នាក់នៅអចិន្រ្តៃយ៍ដល់ជនភៀសខ្លួនប៉ាគីស្ថានម្នាក់ បន្ទាប់ពីជននោះត្រូវបានឃុំខ្លួនអស់រយៈពេលបីឆ្នាំ ហើយត្រូវបានរដ្ឋាភិបាលព្យាយាមបដិសេធផ្តល់ជូនសិទ្ធិជ្រកកោនជាបន្តបន្ទាប់មក។ តុលាការបាននិយាយថា ការខិតខំប្រឹងប្រែងក្នុងការបដិសេធមិនផ្តល់ទីជម្រកសុវត្ថិភាពដល់បុរសនោះក្នុងប្រទេសអូស្រ្តាលី គឺដោយសារតែបុរសនោះបានមកប្រទេសអូស្រ្តាលីដោយទូកដែលជាទង្វើខុសច្បាប់។
រដ្ឋាភិបាលក្រុងកង់បេរ៉ា (Canberra) បានផ្តល់ទិដ្ឋាការមនុស្សធម៌ចំនួនមួយម៉ឺនបួនពាន់ច្បាប់ក្នុងមួយឆ្នាំក្រោមកិច្ចព្រមព្រៀងជនភៀសខ្លួនអន្តរជាតិផ្សេងៗ៕
ប្រែសម្រួលដោយ នៀម ឆេង