បណ្ដាញព្រះសង្ឃ និស្សិតបញ្ញវន្ត និងពលរដ្ឋរងគ្រោះក្នុងជម្លោះដីធ្លីជាថ្មីម្ដងទៀតបានតវ៉ាប្រឆាំងចំពោះកិច្ចព្រមព្រៀងក្នុងការនាំយកជនភៀសខ្លួនពីអូស្ត្រាលីឲ្យតាំងលំនៅថ្មីនៅកម្ពុជា។ មន្ត្រីរដ្ឋាភិបាលនៅតែប្រកាន់ជំហរថា កិច្ចព្រមព្រៀងធ្វើឡើងក្នុងនាមមនុស្សធម៌ និងដោយស្ម័គ្រចិត្ត។
ប្រជាពលរដ្ឋសិស្សនិស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋដែលរងគ្រោះក្នុងជម្លោះដីធ្លីប្រមាណជិត៣០០នាក់នៅព្រឹកថ្ងៃសុក្រនេះបានដើរដង្ហែក្បួនដាក់ញត្តិនៅតាមស្ថានទូតបរទេស សភាជាតិកម្ពុជានិងតំណាងឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី។
ក្នុងញត្តិនោះ ក្រុមបាតុករបានទាមទារឲ្យរដ្ឋាភិបាលប្រទេសអូស្ត្រាលីបញ្ឈប់ការរំលោភសិទ្ធិមនុស្ស និងការរើសអើងពូជសាសន៍ ការទទូចចង់ឲ្យប្រទេសអូស្ត្រាលីគោរពសិទ្ធិរបស់ជនភៀសខ្លួននិងការប្រឆាំងចំពោះការបញ្ជូនជនភៀសខ្លួនពីអូស្ត្រាលីមករស់នៅក្នុងទឹកដីកម្ពុជា។
ក្រុមអ្នកតវ៉ាសំអាងថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសក្រីក្រមួយក្នុងពិភពលោកនៅឡើយ ហើយកម្ពុជាក៏មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដើម្បីអាចទទួលយកជនភៀសខ្លួនចម្រុះជាតិសាសន៍ទាំងអស់នោះទេ។
នៅម៉ោងប្រមាណជាង៨ព្រឹក ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នានៅលើកំណាត់ផ្លូវទល់មុខស្ថានទូតសហរដ្ឋអាមេរិកក្បែរវត្តភ្នំ។ អ្នកខ្លះបានផ្កាឈូកពណ៌ស និងខ្លះទៀតកាន់បដាបង្ហាញពីសកម្មភាពដែលអាជ្ញាធរបានចុះបណ្ដេញពលរដ្ឋចេញពីលំនៅស្ថាននិងបដាខ្លះទៀតសរសេរថាពលរដ្ឋកម្ពុជាប្រឆាំងដាច់ខាតចំពោះការកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទីក្រុងភ្នំពេញចម្រុះនិងក្រុងកង់បេរ៉ាក្នុងការនាំយកជនភៀសខ្លួនមកកម្ពុជា។
បាតុករស្រែកតវ៉ានៅមុខស្ថានទូតសហរដ្ឋអាមេរិកពេលព្យាយាមដាក់ញត្តិទាមទារឲ្យធ្វើអន្តរាគមន៍។
បន្ទាប់ពីបានដាក់ញត្តិនៅស្ថានទូតសហរដ្ឋអាមេរិក ក្រុមអ្នកតវ៉ាបានដើរដង្ហែក្បួនកាត់តាមផ្លូវដែលទើបធ្វើនៅបឹងកក់ឆ្ពោះទៅទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីដាក់ញត្តិបន្ត។ កងសន្តិសុខជាច្រើននាក់ត្រូវបានដាក់ពង្រាយដើម្បីបិទខ្ទប់ក្បួនដង្ហែរហូតដល់មានការប៉ះទង្គិចគ្នារយៈពេលខ្លីរវាងក្រុមអ្នកតវ៉ានិងកងសន្តិសុខ។
ក្រុមអ្នកតវ៉ាប៉ះទង្គិចគ្នាជាមួយកងសន្តិសុខ និងហើយក្មេងស្រីយំ ស្របពេលមានសំឡេងដំបងឆក់របស់ប៉ូលិស។
ភ្លាមៗនោះដែរ កងកម្លាំងសមត្ថកិច្ចប្រដាប់ដោយខែល និងដំបងបានដាក់ពង្រាយ។ យ៉ាងណាក៏ដោយ បន្ទាប់ពីបានដាក់ញត្តិនៅទីស្ដីការគណៈរដ្ឋមន្ត្រីរួចមក ក្រុមអ្នកតវ៉ាបានដើរដង្ហែក្បួនបន្តឆ្ពោះទីស្ថានទូតសហភាពអឺរ៉ុបដើម្បីដាក់ញត្តិ ក៏ប៉ុន្តែត្រូវបានកងកម្លាំងសមត្ថកិច្ចដាក់រនាំងដែកខ្ទប់មិនឲ្យអ្នកតវ៉ាអាចឡើងទៅដល់មហាវិថីព្រះនរោត្តមដើម្បីដាក់ញត្តិនៅសហភាពអឺរ៉ុបឡើយ។
ពលរដ្ឋស្រែកតវ៉ានៅពេលដែលអាជ្ញាធរដាក់រនាំងដែកឃាំងមិនឲ្យពលរដ្ឋឡើងលើផ្លូវនរោត្តម។
មិនមានការប៉ះទង្គិចគ្នាអ្វីឡើយដោយក្រុមអ្នកតវ៉ាដដែលបានបន្តដំណើរទៅដាក់ញត្តិបន្តនៅឧត្ដមស្នងការអង្គការសហប្រជាជាតិ មន្ទីររដ្ឋសភា និងស្ថានទូតប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា។
ព្រះតេជព្រះគុណណាំ ចាន់ថេន សមាជិកនៃបណ្ដាញព្រះសង្ឃឯករាជ្យ មានសង្ឃដីកាថា រដ្ឋាភិបាលកម្ពុជាគប្បីដោះស្រាយបញ្ហាជូនដល់ពលរដ្ឋរបស់ខ្លួនជាមុនសិន មុននឹងទទួលយកជនភៀសខ្លួនពីប្រទេសដទៃ។ ពលរដ្ឋកម្ពុជាខ្លួនឯងក៏មានបញ្ហាទទួលរងការបណ្តេញចេញពីលំនៅដ្ឋាន និងការរំលោភយកដីធ្លីដែលនៅតែជាចំណុចក្តៅគគុកនៃការតវ៉ារាល់ថ្ងៃ។
អ្នកតវ៉ាស្រែកថា៖
«ប្រឆាំងរដ្ឋាភិបាលអូស្ត្រាលីដែលបញ្ជូនជនភៀសខ្លួនជាង១០០០នាក់ឲ្យមកកាន់កម្ពជា។ ប្រឆាំងដាច់ខាត»។
លោកខឿន វិវ៉ាត់ ជានិស្សិតដែលទើបបញ្ចប់ការសិក្សានៅសកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ បន្ថែមដូច្នេះថា៖
«ប្រជាពលរដ្ឋខ្មែរធ្វើបាតុកម្មដើរដង្ហែយកញត្តិទៅដាក់ហ្នឹងគឺចង់បង្ហាញមតិអន្តរជាតិថា ពលរដ្ឋខ្មែរ ឬអត់សុខចិត្តឲ្យរដ្ឋាភិបាលអូស្ត្រាលីយកជនភៀសខ្លួនមកចាក់ចោលក្នុងកម្ពុជា ដោយទង្វើអមនុស្សធម៌ជាដាច់ខាត»។
លោកទិព្វទាវ នាយកប្រតិបត្តិនៃសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា ថ្លែងថា រដ្ឋាភិបាលកម្ពុជានៅមិនទាន់មានសមត្ថភាពគ្រប់នៅឡើងទេដើម្បីទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី។
«ប្រសិនជាកម្ពុជាមានស្ថានភាពល្អប្រសើរជាងប្រទេសអូស្ត្រាលី ខ្ញុំគាំទ្រចំពោះការឲ្យពួកគាត់មករស់នៅ រៀបចំឲ្យគាត់ជាពលរដ្ឋថ្លៃថ្នូរជាមួយពួកយើង។ ក៏ប៉ុន្តែផ្ទុយវិញ យើងមិនទាន់មានភាពប្រសើរសម្រាប់ខ្លួនឯងផល ម៉េចបានយើងទៅទទួលយកពួកគាត់?»។
នេះគឺជាការតវ៉ាលើកទីពីររបស់ក្រុមនិស្សិត ព្រះសង្ឃ និងក្រុមជនរងគ្រោះក្នុងជម្លោះដីធ្លីប្រឆាំងនឹងកិច្ចព្រមព្រៀងនាំយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកកម្ពុជា។
ទោះបីជាយ៉ាងណាក្តី លោកខៀវ សុភ័គ អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃមានប្រសាសន៍ប្រាប់វីអូអេនៅរសៀលថ្ងៃសុក្រនេះថា កិច្ចព្រមព្រៀងនាំយកជនភៀសខ្លួនពីអូស្ត្រាលីមកកម្ពុជាផ្អែកទាំងស្រុងលើគោលការណ៍មនុស្សធម៌ ហើយធ្វើឡើងដោយស្ម័គ្រចិត្ត។
លោកពន្យល់ដូច្នេះថា៖
«បើគាត់ចង់មក គាត់ត្រូវស៊ីញ៉េជាលាយលក្ខណ៍អក្សរថា គាត់មក។ បើគាត់មិនស្ម័គ្រចិត្តទេ យើងបង្ខំឲ្យគាត់មកយ៉ាងម៉េច? ចំពោះអូស្ត្រាលីក៏គ្មានសិទ្ធិចាប់ឲ្យគេមកទេ។ តាមដឹងដូចជាគ្មានអ្នកណាចង់មកទេ។ ការទទួលជនភៀសខ្លួនមិនមែនជាគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលទេ អញ្ចឹងបងប្អូនកុំចាប់អារម្មណ៍ថា ជារឿងធំអី»។
លោករៀល ខេមរិន្ទ តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ថ្លែងថា គណបក្សសង្គ្រោះរបស់លោកគ្រោងនឹងកោះហៅនាយករដ្ឋមន្ត្រីដើម្បីទៅស្រាយបំភ្លឺអំពីកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួន។
កាលពីចុងខែកញ្ញាកន្លងទៅនេះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ និងលោកស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីអន្តោប្រវេសន៍និងកិច្ចការការពារព្រំដែនអូស្ត្រាលី បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីអំពីការទទួលយកជនភៀសខ្លួនបរទេសពីអូស្ត្រាលីឲ្យស្នាក់នៅកម្ពុជា។ កិច្ចព្រមព្រៀងនេះទទួលរងការរិះគន់ជាច្រើននិងមានការប្រឆាំងតវ៉ាពីសកម្មជន និងជនរងគ្រោះដោយសារជម្លោះដីធ្លីនៅក្នុងទីក្រុងភ្នំពេញ ព្រមទាំងទទួលរងការរិះគន់ពីអង្គការការពារសិទ្ធិមនុស្សធំៗ ដូចជាAmnesty International ដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchជាដើម។
ម្យ៉ាងវិញទៀត ឧត្ដមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនបានលើកឡើងថា ជនភៀសខ្លួនទាំងនេះមិនគួរត្រូវគេបញ្ជូនចេញពីប្រទេសគោលដៅដែលគេមានបំណងស្វែងរកសិទ្ធិជ្រកកោណនោះទេ។
មានជនអន្តោប្រវេសន៍ខុសច្បាប់ដែលមានជនជាតិផ្សេងៗប្រមាណ១.០០០នាក់កំពុងស្ថិតក្នុងជំរំបណ្ដោះអាសន្ននៅ Nauru ដែលជាដីកោះដ៏តូចមួយក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិកដែលស្ថិតនៅក្រៅប្រទេសអូស្ត្រាលី។
អាជ្ញាធរកម្ពុជាអះអាងថា ការទទួលយកជនភៀសខ្លួនទាំងនោះគឺស្ថិតក្នុងគោលការណ៍មនុស្សធម៌ ហើយបើយោងតាមលោកស្កុត ម៉ូរីសុន (Scott Morrison) ឲ្យដឹងថា ជនភៀសខ្លួនចម្រុះជាតិសាសន៍នឹងត្រូវមកដល់កម្ពុជានៅចុងឆ្នាំ២០១៤នេះ៕