ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​កម្ពុជា​ទៅកោះណូរូ​ដើម្បី​ជួប​ជនភៀសខ្លួន


ផែនទីកោះណូរូ
ផែនទីកោះណូរូ

មន្ត្រីក្រសួង​មហាផ្ទៃ​កម្ពុជា​ចំនួន​ពី​ររូបបាន​ហោះ​ហើរ​ទៅ​កាន់​ប្រទេស​អូស្ត្រា​លី​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ​ដើម្បី​ទៅ​ជួប​ជាមួយ​ជន​ភៀស​ខ្លួន​បរទេស​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ជំរុំ​នៅ​កោះ​ណូរូ​ស្រប​ពេល​ដែលមាន​សេចក្តី​រាយការណ៍​ថា​ជនភៀស​ខ្លួន​មួយ​ក្រុម​ត្រូវ​ពន្យាពេល​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា។

លោកនាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថាមន្ត្រី​កម្ពុជា​ទាំង​ពីររូប​នឹង​ជួប​ជាមួយ​ជន​ភៀស​ខ្លួន​ម្តង​ទៀត​ដើម្បី​សាក​សួរ​ព័ត៌មាន​ពី​ការស្ម័គ្រ​ចិត្ត​មក​តាំង​លំនៅ​នៅក្នុង​ប្រទេស​កម្ពុជា​របស់​ជន​ភៀស​ខ្លួន​ទាំង​នេះ។

«ទៅពីរនាក់​តាម​សំណើ​របស់​ស្ថាន​ទូត​អូស្ត្រាលី។​ទៅជួបមើល​ដើម្បី​ឲ្យដឹង​ថា​តើ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ដែរ​ឬអត់»។

​នេះ​ជា​លើក​ទីពីរ​ហើយ​ដែល​មន្ត្រី​ផ្លូវការ​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ដើម្បី​ជួប​សម្ភាសន៍​ជាមួយ​ជន​ភៀស​ខ្លួន​នៅ​កោះ​ណូរូ​ដើម្បី​ស្វែង​យល់​ពី​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​តាំង​លំនៅ​នៅ​កម្ពុជា។

​ប្រទស​កម្ពុជា​បាន​ព្រម​ព្រៀង​ជា​មួយ​ប្រទេស​អូស្ត្រាលី​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ចំរុះ​ជាតិ​សាសន៍​ចំនួន​ជាង​១.០០០​នាក់​ពីជំរុំ​នៅកោះ​ណូរូ​ ដែល​ជាកោះ​តូច​មួយ​នៅ​ក្នុង​ដែន​មហា​សមុទ្រ​ប៉ាស៊ីភិក។ ​ប៉ុន្តែ​មាន​ការជំទាស់​មួយ​ចំនួន​ពី​អង្គការ​សង្គម​ស៊ីវិល​និង​ក្រុម​សកម្ម​ជន​ដីធ្លី​ដោយពួក​គេ​លើក​ឡើង​ថាប្រទេស​កម្ពុជា​មិន​ទាន់​មាន​លក្ខណៈ​សម្បត្តិ​សម្រាប់​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​ដទៃ​នៅ​ពេល​ដែល​ប្រជាពល​រដ្ឋ​កម្ពុជា​មួយ​ចំនួន​ត្រូវ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ដោយសារទំនាស់​ដីធ្លី។

រដ្ឋ​មន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី​ត្រូវ​ស្រង់​សំដី​ដោយ​វិទ្យុABC ​ថាជន​ភៀស​ខ្លួន​ក្រុម​ដំបូង​នឹង​ត្រូវ​បញ្ជូន​មក​កាន់ទីក្រុង​ភ្នំពេញ ​ប៉ុន្តែ​ត្រូវ​ពន្យា​ពេល​ទៅវិញ​ដោយសារ​បញ្ហា​ភស្តុភារ។

​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ AP ​ឲ្យ​ដឹង​ថា​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោនចំនួន​ប្រាំ​នាក់​បាន​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​ប្រទេស​កម្ពុជា។​ក្នុង​នោះ​មាន​ជនជាតិ​ភូមា ​ជនជាតិ​អ៊ីរ៉ង់​ និង​ស្រីលង្កា។

លោកនាយ​ឧត្តម​សេនីយ៍ខៀវ សុភ័គ ​បញ្ជាក់​ថា​រដ្ឋា​ភិបាល​កម្ពុជា​មិន​ទាន់​បាន​ទទួល​បញ្ជី​ជា​ផ្លូវការ​នៃ​ចំនួន​ជន​ភៀស​ខ្លួន​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​កម្ពុជា​នេះ​នៅ​ឡើយ​ទេ។

ប្រទេស​អូស្ត្រា​លី​បាន​សន្យា​ផ្តល់​ជំនួយ​ជាង​៣០​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ការ​រៀប​ចំ​តាំង​លំនៅ​ជនភៀស​ខ្លួន​ពី​កោះ​ណូរូ៕

XS
SM
MD
LG