លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងព្យាយាមសម្រួលក្តីព្រួយបារម្ភលើសេដ្ឋកិច្ច និងសង្គម ដោយសារតែគម្រោងរបស់រដ្ឋាភិបាលកម្ពុជា ទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីគោលជំហរការពារគម្រោងផ្តល់ទីកន្លែងស្នាក់នៅថ្មីដល់ជនភៀសខ្លួន នៅក្នុងលិខិតដែលលោកបានសរសេរទៅកាន់លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង និងជាអនុប្រធានទី១ រដ្ឋសភាជាតិ។
កាលពីថ្ងៃច័ន្ទ កាសែត ភ្នំពេញប៉ុស្តិ៍ នៅកម្ពុជាបានបោះពុម្ពផ្សាយខ្លឹមសារនៃលិខិតនេះ ដោយរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី បានការពារសមត្ថភាពរបស់កម្ពុជាក្នុងការទទួលយកជនភៀសខ្លួន ដោយនិយាយថា អ្នកស្វែងរកទីជំរកប្រមាណ៨៥នាក់ក្នុងគម្រោងកាលពីឆ្នាំ២០០៩ ដែលមកពីប្រទេស ប៉ាគីស្ថាន ស៊ូដង់ មីយ៉ាន់ម៉ា និងវៀតណាម បានទទួលបានទីកន្លែងស្នាក់នៅថ្មីរួចហើយ។
លោកនាយករដ្ឋមន្ត្រី ថា សេវាកម្មសម្រាប់ការមកដល់ថ្មីនៃជនភៀសខ្លួននេះ អាចនឹងឧបត្ថម្ភទាំងស្រុងដោយប្រទេសអូស្ត្រាលី តាមរយៈគម្រោងផ្តល់ទីកន្លែងស្នាក់នៅថ្មីក្នុងតម្លៃទឹកប្រាក់ ៣៥លានដុល្លារ។
កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីខែ កញ្ញា ត្រូវបានរងការរិះគន់ច្រើនដោយក្រុមការពារសិទ្ធិមនុស្ស និងការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ដែលបាននិយាយថា ជនភៀសខ្លួនទៅកម្ពុជា បានប្រឈមនឹងផលលំបាកបញ្ហាថវិកានិងសេវាកម្មនៅក្នុងប្រទេសដ៏ក្រីក្រមួយនេះ។
លោកស្រី Elaine Pearson នាយិកាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសអូស្ត្រាលី និយាយថា កម្ពុជាត្រូវធ្វើកំណែទម្រង់គម្រោងផ្តល់ទីកន្លែងស្នាក់នៅដល់ជនភៀសខ្លួន មុននឹងជនភៀសខ្លួនទាំងនេះបានមកដល់កម្ពុជាតាមកិច្ចព្រមព្រៀងជាមួយប្រទេសអូស្ត្រាលី។
លោកស្រីថា៖ «បទពិសោធន៍ទាក់ទងនឹងជនភៀសខ្លួនមិនសូវល្អទេនៅកម្ពុជា។ ខ្ញុំចង់និយាយថា ពួកគេបានប្រឈមនឹងបញ្ហាជាច្រើន។ គ្មានជនភៀសខ្លួនណាមួយ ទទួលបានលិខិតស្នាក់នៅត្រឹមត្រូវទេ ហើយជាលទ្ធផល អ្នកទាំងនោះត្រូវបង់ប្រាក់សូកប៉ាន់អំពើពុករលួយ និងប្រាក់ពិន័យ ក្នុងការរត់ឯកសារ។ ភាគច្រើន ពួកគេគ្មានការងារធ្វើ ហើយនៅផ្ទះ។ ហើយ ពួកគេមិនចង់ប្រឈមនឹងការបង់ប្រាក់ឲ្យអាជ្ញាធរកម្ពុជាឡើយ»។
ជនភៀសខ្លួន ដែលមានលក្ខខណ្ឌស្របតាមគម្រោងផ្តល់ទីកន្លែងស្នាក់នៅកម្ពុជា កំពុងតែរស់នៅលើកោះ Nauru នៃសមុទ្រប៉ាស៊ីហ្វិក។ ពួកគេត្រូវបានបដិសេធមិនទទួលបានទីកន្លែងស្នាក់នៅ ដោយរដ្ឋាភិបាលនៃរដ្ឋធានី Canberra ក្រោមគោលនយោបាយដ៏តឹងរឹងរបស់ប្រទេសអូស្ត្រាលី មកលើជនភៀសខ្លួនតាមទូក។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសអូស្ត្រាលី បានព្យាយាមធ្វើឲ្យជនភៀសខ្លួន ពិបាកនឹងទទួលបានសិទ្ធិជ្រកកោន ពេលដែលបានមកដល់ដែនដីកោះរបស់ខ្លួន ដោយអះអាងថា អ្នកដែលបានមកដល់តាមទូកនេះ គឺជាជនភៀសខ្លួនដើម្បីសេដ្ឋកិច្ច មិនមែនជាក្រុមមនុស្ស ដែលត្រូវការទីជម្រកនោះទេ។ អាជ្ញាធរ ក៏បានលើកឡើងថា តាមរយៈការចាត់វិធានការទប់ស្កាត់ការមកដល់តាមទូកនេះ ខ្លួនកំពុងតែជួយបំបាត់ការជួញដូរមនុស្សតាមរយៈការធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់។
ប្រទេសអូស្ត្រាលី គ្រោងនឹងផ្តល់ថវិកាសម្រាប់ទីកន្លែងស្នាក់នៅជាបណ្តោះអាសន្ន និង សេវាកម្មផ្លាស់ប្តូរទីលំនៅដល់ជនភៀសខ្លួនទាំងឡាយណា ដែលស្ម័គ្រចិត្តទៅរស់នៅប្រទេសកម្ពុជា យ៉ាងហោចណាស់រយៈពេលមួយឆ្នាំ ហើយនឹងឧបត្ថម្ភថែមទៀតតាមករណីចាំបាច់នីមួយៗ។ ប្រទេសអូស្ត្រាលី ក៏និយាយថា ខ្លួននឹងផ្តល់ការធានារ៉ាប់រងខាងសុខភាពក្នុងរយៈពេល៥ឆ្នាំដែរ។
ប៉ុន្តែ ជនភៀសខ្លួននៅកម្ពុជាមានតែឯកសារ ហៅថា «ប្រកាស» ក្នុងមួយរយៈពេលតែប៉ុណ្ណោះ ដែលបញ្ជាក់ពីសិទ្ធិក្នុងការរស់នៅប្រទេសកម្ពុជា ប៉ុន្តែ ឯកសារនេះមិនគ្រប់គ្រាន់សម្រាប់កិច្ចការផ្លូវការផ្សេងៗឡើយ ដែលក្នុងនោះរួមមានការបើកគណនីយធនាគារជាដើម។
លោកស្រី Sarah Hanson-Young សមាជិកព្រឹទ្ធសភានៃគណបក្ស Green Party នៅព្រឹទ្ធសភាអូស្ត្រាលី បានធ្វើដំណើរវាយតម្លៃរយៈពេលមួយសប្តាហ៍នៅប្រទេសកម្ពុជាក្នុងខែនេះ ហើយនិយាយថា ប្រទេសកម្ពុជា មិនមានសមាសភាពគ្រប់គ្រាន់ ដើម្បីដោះស្រាយតម្រូវការដល់មនុស្សទទួលរងការលំបាកមួយក្រុមទៀតទេ។
លោកស្រីថា៖ «ទោះបីជាជនភៀសខ្លួនមកប្រទេសកម្ពុជាដោយស្របច្បាប់តាមផ្លូវច្បាប់របស់រដ្ឋាភិបាលក៏ដោយ ក៏ពួកគេ នឹងមិនទទួលបានការងារធ្វើទេ ហើយនឹងមិនទទួលបានសេវាកម្មក្នុងតំបន់ ដោយសារតែគ្មានអត្តសញ្ញាណបណ្ណជាផ្លូវការដែលទទួលស្គាល់ដោយអាជ្ញាធរក្នុងតំបន់នោះ។ ពួកគេ នឹងមិនអាចទិញស៊ីមទូរស័ព្ទ ម៉ូតូ ឬបើកគណនីយធនាគារ ដែលគ្រួសារគេអាចផ្ញើប្រាក់ឲ្យគេបានទេ។ ពួកគេ នឹងត្រូវបានដាក់ឲ្យបរាជ័យ»។
Denise Coghlan ដូនជីសាសនាគ្រឹស្តកាតូលិក ដែលបានធ្វើការនៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩០ និយាយថា ជនភៀសខ្លួននឹងត្រូវការសេវាប្រឹក្សាជំងឺបាក់ស្បាត ដោយសារតែឥទ្ធិពលនៃការឃុំឃាំងនៅជំរុំលើកោះ ណូរ៉ូ និងសម្របទៅនឹងបរិបទប្រទេសកម្ពុជា។ ដូនជី Coghlan ខ្លាចថា ប្រទេសអូស្ត្រាលីកំពុងតែបង្កើតគំរូមួយ ដើម្បីដោះស្រាយនឹងជនភៀសខ្លួន។
ដូនជីរូបនេះនិយាយថា៖ «ខ្ញុំពិតជាអាម៉ាស់មុខយ៉ាងខ្លាំង ដែលប្រទេសអូស្ត្រាលីបានទម្លាក់ទំនួលខុសត្រូវរបស់ខ្លួនមកលើប្រទេសផ្សេងទៀត ប៉ុន្តែ ខ្ញុំដឹងថា វាពិបាកក្នុងការស្វែងយល់ពីមូលហេតុ ដែលប្រទេសអូស្ត្រាលីជ្រើសរើសប្រទេសក្រីក្របំផុតមួយឲ្យទទួលបន្ទុកលើប្រជាពលរដ្ឋក្រីក្រដ៏ច្រើននាក់នេះ ហើយធ្វើឲ្យក្រុមមនុស្សនោះរងទុក្ខលំបាក។ ខ្ញុំមានអារម្មណ៍មិនល្អទាល់តែសោះចំពោះបញ្ហានេះ។ ប្រទេសអូស្ត្រាលីកំពុងតែបង្កើតគំរូដ៏គ្រោះថ្នាក់មួយ ប្រសិនបើអូស្ត្រាលីចាប់ផ្តើមបញ្ជូនចេញជនភៀសខ្លួនទាំងនេះ»។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានអំពាវនាវឲ្យរដ្ឋាភិបាល ធ្វើការពិនិត្យឲ្យបានច្បាស់លាស់លើការអនុវត្តគម្រោងនេះ ហើយធានាថា រដ្ឋាភិបាលកម្ពុជាសហការជាមួយនឹងភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ ដើម្បីធានាថា ជនភៀសខ្លួនទាំងនេះទទួលបានសេវាកម្ម និងជំនួយជាផ្លូវការដោយត្រឹមត្រូវ និងយុត្តិធម៌។
ប្រែសម្រួលដោយ ទែន សុខស្រីនិត