ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​បាញ់​ទម្លាក់​ដ្រូន​រុស្ស៊ី​នៅ​ក្នុង​តំបន់​ជា​ច្រើន


ទាហាន​អ៊ុយក្រែន​ត្រៀម​បាញ់​ទៅកាន់ទាហាន​រុស្ស៊ី​នៅ​តំបន់ Donetsk
ទាហាន​អ៊ុយក្រែន​ត្រៀម​បាញ់​ទៅកាន់ទាហាន​រុស្ស៊ី​នៅ​តំបន់ Donetsk

យោធា​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន ១៧ គ្រឿង​ដែល​រុស្ស៊ី​បាន​ប្រើ​ដើម្បី​វាយ​ប្រហារ​កាលពី​យប់​មិញ​លើ​តំបន់​ជា​ច្រើន​នៃ​ប្រទេស​អ៊ុយក្រែន។

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ​រុស្ស៊ី​បាន​ប្រើ​ដ្រូន​សរុប​ចំនួន​២២​គ្រឿង​នៅ​ក្នុង​រលក​នៃ​ការ​វាយ​ប្រហារ​ជា​ច្រើន​សំដៅ​ផ្ទាល់​លើ​តំបន់​Mykolaiv, Zaporizhzhia, Sumy និង​តំបន់ Dnipropetrovsk។

លោក Serhiy Lysak ​អភិបាល​តំបន់ ​Dnipropetrovsk ​បាន​និយាយ​ថា ​បំណែក​បាក់បែក​នៃ​ដ្រូន​មួយ​គ្រឿង​ក្នុង​ចំណោម​ដ្រូន ៣ គ្រឿង​ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ក្នុង​តំបន់​នេះ​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​អគារ​និង​រថយន្ត​នានា​និង​បាន​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ស្មៅ។

លោក Lysak បាន​បញ្ជាក់​ថា ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​ក៏​បាន​ធ្លាក់​ចំ​តំបន់​នេះ​ផង​ដែរ ប៉ុន្តែ​មិន​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​ថា​មាន​អ្នក​ស្លាប់​និង​រង​របួស​នោះ​ទេ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​លើក​ឡើង​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​របស់​អ៊ុយក្រែន​ជា​ច្រើន​គ្រឿង​ដែល​បាញ់​មក​លើ​តំបន់ Bryansk នៅ​ភាគ​ខាង​លិច​ប្រទេស​រុស្ស៊ី​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

រុស្ស៊ី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ខ្លួន​បាន​រុញ​ច្រាន​តទល់​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​លើ​នាវា​ល្បាត​មួយ​គ្រឿង​នៅ​សមុទ្រ​ខ្មៅ ដោយ​កង​កម្លាំង​រុស្ស៊ី​បាន​បំផ្លាញ​នាវា​ដែល​គ្មាន​មនុស្ស​បើក​ចំនួន ៥ គ្រឿង។

រីឯ​នៅតំបន់ Crimea ដែល​ត្រួតត្រា​ដោយ​រុស្ស៊ី ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​តាម Telegram ថា​ខ្លួន​បាន​បំផ្លាញ​ដ្រូន​របស់​អ៊ុយក្រែន​ចំនួន ១១ គ្រឿង។

ករណី​នេះ​បាន​កើតឡើង​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​អ៊ុយក្រែន​បាន​បាញ់​មីស៊ីល​ចំ​កន្លែង​ផលិត​និង​ជួសជុល​នាវា​យុទ្ធសាស្ត្រ​មួយ​កន្លែង​នៅ​ក្នុង​តំបន់ Crimea ដោយ​ធ្វើ​ឱ្យ​មនុស្ស ២៤ នាក់​រង​របួស​និង​នាវា ២ គ្រឿង​ដែល​កំពុង​ជួសជុល​រង​ការ​ខូចខាត៕


ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG