ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy នឹង​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ខណៈ​សភា​ពិភាក្សា​ជំនួយ​បន្ថែម​ដល់​អ៊ុយក្រែន


រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ចុះពីយន្តហោះ ពេលធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស Skrystrup នៅក្រុង Vojens ប្រទេសដាណឺម៉ាក កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ចុះពីយន្តហោះ ពេលធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស Skrystrup នៅក្រុង Vojens ប្រទេសដាណឺម៉ាក កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៣។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy​ ត្រូវ​បាន​គេរំពឹង​ថា​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក នៅ​សប្តាហ៍​ក្រោយ ​ខណៈ​ដែល​សភា​អាមេរិក​បន្ត​ពិភាក្សា​អំពី​ជំនួយ​ចំនួន​ ២១​ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន​ដើម្បី​គាំទ្រ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​មាន​ការខ្វែងគំនិត​គ្នា​កាន់តែ​ខ្លាំង​ឡើង​អំពី​ថា ​តើ​ត្រូវ​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន​បន្ថែម​ឬ​អត់​ ខណៈដែល​ការ​ប្រយុទ្ធ​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅតែ​បន្ត។ លោក​ប្រធានាធិបតី Joe Biden ​កំពុង​ស្វែងរក​ជំនួយ​យោធា​ចំនួន​ ១៣ ​ពាន់​លាន​ដុល្លារ​ និង​ជំនួយ​មនុស្សធម៌​ចំនួន​ ៨ ​ពាន់​លាន​ដុល្លារ។ ប៉ុន្តែ​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​ខ្លះ​ប្រឆាំង​នឹង​ការ​បញ្ជូន​ជំនួយ​បន្ថែម​ទៅ​អ៊ុយក្រែន។

លោក Zelenskyy ​ត្រូវ​បាន​គេរំពឹង​ថា​នឹង​ជួប​ជាមួយ​លោក Biden​ នៅ​សប្តាហ៍​ក្រោយ​ នៅ​ឯ​សេតវិមាន​ បន្ទាប់ពី​កិច្ចប្រជុំ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង New York។

ទោះបីជា​ការ​វាយលុក​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​មាន​ភាព​យឺតយ៉ាវ​ជាង​ការ​រំពឹងទុក​ក៏ដោយ ​លោក Zelenskyy​ កាលពី​ថ្ងៃព្រហស្បតិ៍​ បាន​ប្រារព្ធ​នូវ​អ្វី​ដែល​លោក​បាន​ពិពណ៌នា​ថា​ ជា​ការបំផ្លាញ​របស់​អ៊ុយក្រែន​នូវ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​រុស្ស៊ី​នៅ​ឧបទ្វីប ​Crimea។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​សហរដ្ឋ​អាមេរិកបាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុនធុរកិច្ច​និង​ពួកបុគ្គលិក​ជាង​ ១៥០​ នាក់​ នៅ​ក្នុងប្រទេស​រុស្ស៊ី តួកគី ​ប្រទេស​អាម៉េរ៉ាត​អារ៉ាប់រួម​ និង​ប្រទេស​ហ្សកស៊ី ដើម្បីបង្ក្រាប​លើ​ការ​គេច​ពីការ​រឹតត្បិត​ពាណិជ្ជកម្ម​មាន​គោលដៅ​រារាំងការផ្តល់ប្រាក់ដល់​សង្គ្រាម ​១៩ ​ខែ​ របស់​រុស្ស៊ីប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន។

កញ្ចប់​ទណ្ឌកម្ម​ថ្មី​បំផុត​នេះ​ជា​កញ្ចប់ទណ្ឌកម្មធំមួយ​ក្នុង​បណ្តាទណ្ឌកម្ម​នានាដាក់កំហិត​ដោយ​ក្រសួង​ការបរទេស​និង​ក្រសួង​ហិរញ្ញវត្ថុអាមេរិក។ កញ្ចប់​ទណ្ឌកម្ម​នេះកំណត់​គោលដៅ​លើ​ពួកជន​ដែល​លក់​បច្ចេកវិទ្យា​លោកខាង​លិច​ទៅឱ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​សម្រាប់​ជួយ​ដល់​ការប្រឹងប្រែង​ធ្វើ​សង្គ្រាម​របស់​ខ្លួន ​ជាពិសេស​ធុរកិច្ច​និង​ពួក​ជន​នៅ​ក្នុង​ប្រទេស​តួកគី ​ដែល​ជា​សមាជិក​មួយនៃសន្ធិសញ្ញា​យោធា​បស្ចិម​ប្រទេស​ដែល​ជា​សម្ព័ន្ធភាពនៅ​ក្នុង​ការគាំទ្រ​ប្រទេស​អ៊ុយក្រែន។

ការ​ដាក់​ទណ្ឌកម្ម​ទាំងនេះ ​ដែល​បង្កកធនធាន​របស់​ធុរកិច្ច​និង​បុគ្គល​ទាំង​នេះ ដែល​អាច​មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ក៏​មាន​គោលដៅធ្វើឱ្យរអាក់​រអួល​ដល់​ការ​អភិវឌ្ឍវិស័យ​ថាមពល​នៃ​ប្រទេស​រុស្ស៊ី​ដែល​ផ្តល់​ប្រាក់​កាស​សម្រាប់​ធ្វើ​សង្គ្រាម រួម​មាន​គម្រោងការ​ឧស្ម័ន​ធម្មជាតិ​អាក់ទិក​ ក៏ដូចជា​អាជីវកម្មយក​រ៉ែ​និងរោងចក្រ​ផលិត​និង​ជួសជុល​អាវុធ​រុស្ស៊ី​ផង​ដែរ។

បន្ថែមលើ​នេះ កញ្ចប់​ទណ្ឌកម្ម​អាមេរិក​លើ ​ក្រុមហ៊ុនតួកគី​និង​រុស្ស៊ី​មួយ​ចំនួន​ដែល​ក្រសួង​ការបរទេសនិយាយ​ថា ​ជួយ​រដ្ឋាភិបាលក្រុង​មូស្គូ​ក្នុង​ការទទួលគ្រឿង​បន្លាស់​អេឡិចត្រូនិក​អាមេរិក​និង​អឺរ៉ុប​ ដូចជា​បន្ទះ chips ​និង​ processors កុំព្យូទ័រ​ ដែល​អាចត្រូវប្រើ​ក្នុងគ្រឿង​ឧបករណ៍​ស៊ីវិល​និង​យោធា។

ក្រសួងនេះក៏​បាន​កំណត់​គោលដៅ​លើក្រុមហ៊ុន​តួកគីនានា​ដែល​ជួសជុល​នាវា​ឱ្យ​ក្រុមហ៊ុន​មួយទាក់ទិន​ជាមួយក្រសួង​ការពារជាតិ​រុស្ស៊ី។

លោក James O'Brien នៃការិយាល័យសម្របសម្រួល​ការដាក់ទណ្ឌកម្ម​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​និយាយ​ថា​ នៅ​មុន​សង្គ្រាម​នៅ​អ៊ុយក្រែន​រុស្ស៊ី​បាន​ដឹកជញ្ជូន​ចូល​ក្នុង​ប្រទេស​នូវ​គ្រឿងអេឡិកត្រូនិករហូត​ដល់ ៩០% ពី​ប្រទេស​នានា​ដែល​ជា​សមាជិក​នៃពួក​ប្រទេស​ប្រជាធិបតេយ្យ​មាន​ធនធាន​ច្រើន ​៧ ​ប្រទេស ​តែ​ការ​ដាក់ទណ្ឌកម្ម​បាន​បន្ថយ​តួលេខ​នេះ​មក​ជិត​ដល់​ ៣០%៕

XS
SM
MD
LG