ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេសិត​របស់​ប្រធាន​អាស៊ាន​បំពេញ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា ដើម្បី​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ


រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២។
រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២។

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ​លោក ប្រាក់ សុខុន​ ​ដែល​ជា​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ចាក​ចេញពី​ប្រទេស​ទៅបំពេញ​ទស្សន​កិច្ច​ដំបូង​របស់ខ្លួន​នៅមីយ៉ាន់​ម៉ា ដែល​ជា​ដំណើ​រ​ទស្សនកិច្ច​មួយ ​ដើម្បី​ស្វះ​ស្វែង​រក​វិធីសាស្រ្តសម្រប​សម្រួលដោះ​ស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​មួយ​នេះ។

​អ្នក​តាម​ដាន និង​អ្នក​ស្រាវ​ជ្រាវបញ្ហា​សង្គម ​យល់ថា ការ​ទៅ​បំពេញ​ទស្សន​កិច្ច​របស់ប្រេសិត​ពិសេស​ រយៈ​ពេល​៣ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​២១ ខែ​មីនា​នេះ បានបង្ហាញ​ពី​ការ​បំពេញ​តួនាទី ​មុខ​មាត់​របស់​ប្រទេស​កម្ពុជា និង​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​ព្យាយាម​ដោះ​ស្រាយវិបត្តិ​នៅ​ភូមា។ ទោះជា​យ៉ាងណា​ អ្នក​តាម​ដាន​ថា​ ប្រេសិត​ពិសេស​គួរ​តែប្រុង​ប្រយ័ត្នក្នុងការសម្រេច​ចិត្ត​របស់​ខ្លួន កុំ​ឲ្យ​ចាក​ឆ្ងាយ​ពី​គោល​ការ​ណ៍៥​ចំណុចរបស់​អាស៊ាន​ ដែល​មេដឹក​នាំ​របស់សមា​គម​អាស៊ានបាន​សម្រេច​កាល​ពី​ឆ្នាំ​មុន។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​បរទេសកម្ពុជា​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ទី​១៨ ខែ​មីនា​ឲ្យដឹងថា​ ការ​អញ្ជើញ​អម​ដំណើរជាមួយ​ប្រេ​សិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ទៅកាន់​មី​យ៉ាន់ម៉ា​ ​រួមមាន​ លោក ចម​ ប្រសិទ្ធិ រដ្ឋ​មន្ត្រីក្រសួង​ឧស្សាហកម្ម ​វិទ្យា​សាស្រ្ត ​បច្ចេកវិទ្យា​ និង​នវានុវត្តន៍ ​លោក​ លឹម ចុកហ៊ុយ ​អគ្គ​លេខា​ធិការ​អាស៊ាន លោក លី យ៉ាម​មីង​ នាយក​ប្រតិ​បត្តិ​នៃ​មជ្ឈមណ្ឌល​សម្រប​សម្រួល​អាស៊ាន ដើម្បី​ជំនួយ​មនុស្ស​ធម៌ និង​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ​(AHA Centre) និងមន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋា​ភិបាល​មួយ​ចំនួន​ទៀត​។

ក្រសួង​ការបរទេស​បញ្ជាក់​ថា ​គោល​បំណង​ទៅកាន់​ប្រទេស​មីយ៉ាន់​ម៉ា​នេះ គឺ​ដើម្បី​បង្កើត​លក្ខខណ្ឌ​អំណោយ​ផ​ល និងឈាន​ទៅដល់ការ​បញ្ចប់​អំពើហិង្សា ​ការអត់​ធ្មត់​ឲ្យ​បាន​ខ្ពស់បំផុ​ត​ពីគ្រប់​ភាគី​ទាំង​អស់ ​ការ​ចែក​ចាយ​ជំនួយ​មនុស្ស​ធម៌​ និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់ ឬ​កិច្ច​សន្ទនានយោ​បាយ​ក្នុង​ចំណោម​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយទេថា​ តើ​ប្រេសិត​របស់​ប្រធាន​អាស៊ាន ​នឹងអាចមាន​ឱកាសជួបជា​មួយ​មន្រ្តី​ណាម្នាក់​ដែល​ស្និទ្ធ​នឹងអ្នកស្រី Aung San Suu Kyi ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

វីអូអេ​មិន​ទាន់​អាច​សុំការ​បញ្ជាក់ពី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក ជុំ​ សុន្ទរី បាន​ទេ​នៅ​ថ្ងៃចន្ទ​នេះ។

លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ក៏​បាន​ថ្លែង​បញ្ជាក់​គោល​បំណង​មួយ​ចំនួនអំ​ពី​ការ​ធ្វើ​ដំណើរ​របស់​ប្រេសិត​ពិសេស​ដែរ។

​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​កម្ពុជា-ចិន ព្រះកុសុមៈ ឬ​ហៅ​ថា​ពេទ្យលោកសង្ឃ​ លោក ហ៊ុន សែន ថ្លែង​ថា​៖ ​«ថ្ងៃនេះ​ឯក​ឧត្តម ប្រាក់ សុខុន ក្នុង​នាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​នឹង​ធ្វើ​ដំណើរ​ទៅ​មី​យ៉ាន់ម៉ា ​ដើម្បី​ស្វះ​ស្វែងរកវិធី​សម្រប​សម្រួល​សភាព​ការណ៍ រាប់​ទាំង​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​នៅឯមី​យ៉ាន់ម៉ា​ផង​ដែរ​»។ ​

លោក វណ្ណ ប៊ុន​ណា អ្នក​ស្រាវជ្រាវ​នៅ​វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ និង​សន្តិភាព បាន​កត់​សម្គាល់ថា​ ដំណើរ​ទស្សន​កិច្ច​នេះ ​បង្ហាញ​ពីការ​បំពេញ​តួនាទី​របស់​ប្រេសិត​ពិសេស និង​បង្ហាញ​ពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការព្យាយាម​ដោះ​ស្រាយវិបត្តិ​នៅ​ភូមា បើទោះដោះ​ស្រាយ​បាន ​ឬ​មិន​បាន​យ៉ាង​ណាក្តី​។ លោក​បន្ថែម​ថា​ កម្ពុជា​ត្រូវ​តែ​ប្រុង​ប្រយ័ត្នក្នុង​ការ​សម្រេច​ចិត្ត​ណា​មួយ ដើម្បី​កុំ​ឲ្យ​ចាក​ឆ្ងាយ​ពី​ចំណុច​ឯក​ភាព​រួមគ្នា​ទាំង​៥​របស់​អាស៊ាន​ និងមិនត្រូវ​ធ្វើរឿង​ធ្វើ​អ្វីផ្សេងក្រៅពីនេះ ​ដែល​អាច​ធ្វើឲ្យ​របប​យោធា​ចំណេញ​ដោយ​ប្រការ​ណា​មួយ​ទៅ​លើ​កិច្ច​ចរចា​នេះ​។

លោកថ្លែង​ថា៖ ​«​រឿង​សម្រាប់​ដែ​លកម្ពុជា​គួរ​ប្រុង​ប្រយ័ត្ននោះ ​គឺទី១ការ​សម្រេច​ចិត្ត​របស់​ខ្លួន ​គឺ​ត្រូវ​ផ្នែក​លើជំហរ​របស់​អាស៊ាន​ទាំង​ប៉ុន្មាន​ ហើយ​ជាពិសេស​ទាក់ទង​គោលការ​ណ៍៥​ចំណុច​ដែល​បាន​ឯកភាព​គ្នា​ហ្នឹង​។ បើ​សិន​ជា​មាន​ការ​ឯកភាព​ណាមួយ​ ឬក៏ការ​ធ្វើសម្ប​ទាន​នយោបាយ​ណាមួយ​ចាក​ឆ្ងាយ​ពីចំណុច​ឯកភាព​គ្នា​ទាំង​៥ហ្នឹង​ទេ កម្ពុជាគួរ​ប្រុង​ប្រយ័ត្ន​ចំណុចហ្នឹង​ [ព្រោះ​]អាច​នឹង​ទទួល​ការ​រិះគន់ ក៏​ដូច​ជា​សាធារណៈ​មតិ​មើល​មក​កម្ពុជា​ក្នុងន័យ​ដែល​ពិបាក​នឹង​ទទួល​យក​ដែរ​»។ ​

លោក ​វណ្ណ ប៊ុន​ណា បន្តថា ការ​ទៅ​កាន់​ប្រទស​មីយ៉ាន់​ម៉ាលើក​នេះ គ្រាន់​ជា​«ការបើកវាំង​នន​រក​ផ្លូវ​ចរចា»​តាម​ចំណុចឯក​ភាព​ទាំង​៥​ចំណុចរបស់​អាស៊ាន​តែប៉ុណ្ណោះ ខណៈបញ្ហា​នេះ​ អាច​នឹង​បន្ត​រាប់​ឆ្នាំ​ទៀត​។ លោក​បន្ថែមថា​ ប្រេសិត​ពិសេសរបស់​ប្រធាន​អាស៊ាន ​ក៏​អាច​ពិបាក​ជួប​ជា​មួយ​អ្នកស្រី​ Aung San Suu Kyi ដោយ​សារ​របប​យោធា​គិត​ថា​ ជារឿង​គ្រោះ​ថ្នាក់​សម្រាប់ខ្លួន។

កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២១​ មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​៥​ចំណុច។​ ទី១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាពអត់​ធ្មត់​ខ្ពស់​បំផុត។​ ទី​២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ​ដើម្បី​សម្រប​សម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខាធិការ​អាស៊ាន។​ ទី​៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។ ​ ទី​៥​ ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់។​

ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក គិន ភា លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​ទៅ​កាន់ប្រទេស​មីយ៉ាន់ម៉ានេះ គឺ​ពិត​ជាមាន​សារៈ​សំខាន់​ណាស់​ ដោយវាបង្ហាញ​ពីការ​បំពេញ​តួនាទី​ ខណៈលោកសង្ឃឹម​ថា​ វានឹង​អាចរួម​ចំណែក​ក្នុង​ផ្នែក​ណា​មួយ​ ដើម្បី​ឈាន​ទៅរ​ក​ដំណោះ​ស្រា​យ​បញ្ហា​នយោ​បាយ​នៅ​មីយ៉ាន់​ម៉ានេះ​។ លោក​បន្ថែម​ថា​ កម្ពុជា​ត្រូវ​ប្រកាន់​ខ្ជាប់​គោលការណ៍​ធម្ម​នុញ្ញ​អាស៊ាន ឬ​គោលការណ៍​មិន​ជ្រៀត​ជ្រែក​គ្នា​ទៅវិញ​ទៅមក ​និង​គោល​ការណ៍​នៃការ​សម្រេច​ដោយ​ឈរ​លើកុង​សង់ស៊ីស​ ឬ​មូលមតិ​គ្នា។

លោកបន្ត​ថា ប្រេសិត​ពិសេស​ ត្រូវ​តែ​ព្យាយាម​ជួប​ជាមួយ​ភាគី​ពាក់​ព័ន្ធទាំង​អស់ ​ដើម្បី​ងាយស្រួ​លរក​ដំណោះ​ស្រាយ​ ប៉ុន្តែ​លោក​ថា​វា​ពិបាក​សន្និដ្ឋាន​ថា​ លោក ប្រាក់ សុខុន ​អាច​ជួបជា​មួយអ្នកស្រី​ Aung San Suu Kyi ឬមន្រ្តី​របស់អ្នកស្រី​ Aung San Suu Kyi ដោយ​ផ្ទាល់​ ​បានច្រើនកម្រិត​ណា ព្រោះវាត្រូវ​ការ​ការ​សម្រប​សម្រួល​ពី​របបយោធាភូមា។

លោក​ថ្លែង​ថា៖ ​«ចំណុ​ច​បន្ទាប់ទៀត​នោះ គឺឯកឧត្តម​ ប្រាក់ សុខុន ចាំ​បា​ច់​ខិត​ខំ​ព្យាយាម​ជួប​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​នៅ​មីយ៉ាន់​ម៉ា តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើទៅបាន​ ពី​ព្រោះ​យើង​ដឹង​ថា​ដំណោះ​ស្រាយ​នយោ​បាយ​មួយ​មិន​អាច​ដោះ​ស្រាយ​ទៅបាន​ផាត់​ចោល ឬ​ទាត់​ចោល​ភាគី​ណា​មួយ​បាន​នោះទេ បើ​ធ្វើ​ដូច្នេះ​គេ​មិន​អាច​រក​ដំណោះ​ស្រាយ​នយោ​បាយ​ដែល​មាន​លក្ខណៈ​ស្ថិរ​ភាព​យូរ​អង្វែង​បាន​ទេ»។

លោក​យល់​ថា ​បេស​កកម្មរបស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន អាច​នឹង​ទទួលបាន​ជោគ​ជ័យ​ក្នុង​កម្រិត​ណាមួយ​ ប៉ុន្តែមិន​អាច​បាន​ដុំ​កំ​ភួន​ទាំង​៥ចំណុច​ឡើយ​ ដោយ​សារ​ទំនាក់​ទំនង​រវាង​ថ្នាក់​ដឹកនាំ​កម្ពុជា​ និង​មីយ៉ាន់ម៉ា ​មិន​ឃ្លាត​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​នោះ​ទេ គឺអាច​យល់​គ្នា​បាន​។ ​

គួរបញ្ជាក់​ថា​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ដែល​ធ្លាប់​ជួប​មេដឹកនាំ​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​អះអាង​ថា ​វិធី​សាស្រ្ត​រឹង​ពេក​នឹង​មិន​អាច​ដោះ​ស្រាយ​វិបត្តិ​នៅ​ភូមា​បានឡើយ ​បើ​ទោះ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ ទៅ​១០​ឆ្នាំ​ទៀត​ក៏​ដោយ៕

XS
SM
MD
LG