នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Dato' Sri Ismail bin Yaakob) អមដោយគណៈប្រតិភូជាន់ខ្ពស់នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣-២៤ ខែកុម្ភៈនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចេញផ្សាយកាលពីថ្ងៃចន្ទទី២១ ខែកុម្ភៈ។
ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិ យល់ថា ដំណើរទស្សនកិច្ចនេះជាឱកាសមួយសម្រាប់មេដឹកនាំកម្ពុជានិងម៉ាឡេស៊ីស្វែងរកគោលជំហរ ឬចំណុចរួមពាក់ព័ន្ធនឹងវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ាដែលក្រុមយោធាប្រើប្រាស់អំពើហិង្សាលើពលរដ្ឋនិងចាប់ចងអ្នកមាននិន្នាការនយោបាយផ្ទុយពីរបបយោធា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយជាសាធារណៈកាលពីថ្ងៃចន្ទ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងជួបពិភាក្សាពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលរួមមាន វិស័យពាណិជ្ជកម្មនិងការវិនិយោគសេដ្ឋកិច្ច-សង្គម ការពារជាតិនិងសន្តិសុខ ក៏ដូចជាការស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គិន ភា ថ្លែងថា ដំណើរទស្សនកិច្ចនេះអាចមានលក្ខណៈល្អនិងស្ថាបនា ប្រសិនបើរដ្ឋាភិបាលប្រទេសជាសមាជិកអាស៊ានទាំងពីរអាចយកបញ្ហាខ្វែងមតិគ្នាមកពិភាក្សា ដើម្បីយល់ឲ្យច្បាស់ពីគោលបំណងរបស់កម្ពុជាក្នុងការសម្របសម្រួលដោះស្រាយបញ្ហាក្នុងតំបន់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។
«វាជារឿងសំខាន់ ដែលប្រទេសទាំងពីរជាពិសេសកម្ពុជា ដែលជាប្រធានអាស៊ានហ្នឹង គឺចាំបាច់ ត្រូវពន្យល់ប្រទេសដែលជាសមាជិកអាស៊ានដទៃទៀតឲ្យយល់ពីគោលបំណង និងសុឆន្ទៈរបស់ខ្លួន ក្នុងការរួមចំណែកស្វែងរកដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ាផងដែរ ពីព្រោះវប្បធម៌ការងាររបស់យើងហ្នឹងគឺ វប្បធម៌កុងសង់ស៊ីស អ៊ីចឹងទេ របៀបវារៈ ឬក៏សេណារីយ៉ូណាមួយដែលមិនមានការយល់គ្នាជាមុនហ្នឹង វាអាចធ្វើឲ្យមានភាពរាំងស្ទះ»។
លោក គិន ភា ក៏បានបញ្ជាក់ថា លោកសង្កេតឃើញថា ម៉ាឡេស៊ី ដែលជាសមាជិកចាស់និងសហស្ថាបនិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ហាក់ដូចជា មានឥទ្ធិពលច្រើនលើសេចក្តីសម្រេចនានាបើបៀបធៀបនឹងបណ្តាប្រទេសដែលជាសមាជិកអាស៊ានចំណូលថ្មីក្រោយមក។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិ្តការអន្តរជាតិកម្ពុជានោះនាយករដ្ឋមន្រ្តីកម្ពុជានិងនាយករដ្ឋមន្រ្តីកម្ពុជាម៉ាឡេស៊ីនឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។
នៅក្នុងការថ្លែងនៅឯពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ក្រុមមន្ត្រីកម្ពុជាជាន់ខ្ពស់ថា នាយករដ្ឋមន្រ្តី ម៉ាឡេស៊ីលោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងមកដល់កម្ពុជា នៅល្ងាច ថ្ងៃពុធ ទី២៣ ខែកុម្ភៈ។
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) លោក ឈាង វណ្ណារិទ្ធប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ក្រៅពីពង្រឹងទំនាក់ទំនងទ្វេភាគីផ្នែកពាណិជ្ជកម្មនិងវិនិយោគ គោលដៅមួយទៀតនៃជំនួបរវាងមេដឹកនាំកម្ពុជានិងម៉ាឡេស៊ីគឺ ដើម្បីពង្រឹងសាមគ្គីភាព និងបង្ហាញជំហររួមចំពោះការដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។
លោកបានថ្លែងថា៖ «ហើយទីពីរទាក់ទងនឹងបញ្ហាអាស៊ានហ្នឹងគឺធ្វើយ៉ាងណាយើងពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ាន ឲ្យបានរឹងមាំ ហើយឲ្យមានជំហររួមទាក់ទងនឹងបញ្ហាភូមា។ ហើយកន្លងទៅ យើងឃើញថា ប្រទេសម៉ាឡេស៊ីក៏បាន គេហៅថា ផ្លាស់ប្តូរនូវការយល់ឃើញ ក៏ដូចជា ជំហររបស់ខ្លួនទាក់ទងនឹងបញ្ហាភូមា ហើយតួនាទីរបស់កម្ពុជាដែលជាប្រធានអាស៊ានហ្នឹងដែរ»។
កាលពីខែមករា រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីបាននិយាយថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរតែពិភាក្សាជាមួយមេដឹកនាំអាស៊ាន មុននឹងសម្រេចចិត្តធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាជួបមេដឹកនាំយោធា ដែលធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំជាប់ឆ្នោត។ នេះបើតាមសារព័ត៌មានបរទេសដែលបានដកស្រង់សម្តីរបស់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី។
បើតាមសារព័ត៌មាន Al Jazeera លោក Saifuddin Abdullah រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី និយាយថា រដ្ឋមន្រ្តីការបរទេសអាស៊ានមួយចំនួន មិនយល់ស្របនឹងដំណើរទស្សនកិច្ចនេះឡើយ ដោយបារម្ភថា វាអាចត្រូវបានមើលឃើញថា ជាការទទួលស្គាល់ថ្នាក់តំបន់ការដឹកនាំយោធាក្នុងប្រទេសមីយ៉ាន់ម៉ា។
នៅពេលក្លាយជាប្រធានអាស៊ានចាប់តាំងពីដើមខែមករាមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញបំណងរបស់លោកចង់ឲ្យមេដឹកនាំយោធាមីយ៉ាន់ម៉ាដែលបានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតមួយឆ្នាំមកហើយនោះមកចូលរួមកិច្ចប្រជុំអាស៊ានឡើងវិញបន្ទាប់ពីត្រូវបានផាត់ចោលដោយមេដឹកនាំអាស៊ានកាលពីកន្លងទៅ។
លោក ហ៊ុន សែន ថែមទាំងបានធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាជួបជាមួយមេដឹកនាំយោធាផងដែរ។ ប៉ុន្តែដំណើរទស្សនកិច្ចនេះត្រូវបានរិះគន់ថា មិនបានពិភាក្សាជាមួយសមាជិកផ្សេងទៀត ហើយវាបង្ហាញការទទួលស្គាល់របបសឹកភូមា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលកន្លងមក បានអះអាងថា លោកនឹងរង់ចាំមើលថា តើប្រធានសមាគមអាស៊ានក្រោយទៀតនឹងអាចដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ាបានឬយ៉ាងណាដោយលោកបានការពារវិធីសាស្រ្ត«ទន់»របស់លោកក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសដែលជាសមាជិកអាស៊ានមួយនេះ៕