ក្រសួងការបរទេសមីយ៉ាន់ម៉ានៅថ្ងៃអាទិត្យនេះ រិះគន់ថា ការអំពាវនាវឱ្យប្រេសិតពិសេសរបស់អាស៊ានជួបជាមួយអង្គភាពមួយចំនួនដែលរបបយោធាប្រកាសថា ជាក្រុមភេរវករនោះគឺជាការអំពាវនាវដែលផ្ទុយនឹងគោលការណ៍ធម្មនុញ្ញសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានដែលមានសមាជិក១០ប្រទេសប្រឆាំងអំពើភេរវកម្ម។
អង្គភាពទាំងនោះគឺសំដៅទៅលើតំណាងរដ្ឋាភិបាលរួបរួមជាតិ ដែលជារដ្ឋាភិបាលស្រមោលបង្កើតដោយអ្នកប្រឆាំងនឹងរបបសឹកនៅប្រទេសមីយ៉ាន់ម៉ា និងភាគីពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលស្រមោល។
ការរិះគន់របស់របបយោធាមីយ៉ាន់ម៉ាធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលពេលនោះរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលើកឡើងថា វាមានសារៈសំខាន់ណាស់សម្រាប់បេសកជនក្នុងការជួបភាគីទាំងអស់នៅក្នុងជម្លោះនោះ។ ចំណែករដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីបានអំពាវនាវឱ្យមានការពិភាក្សាជាមួយតំណាងរដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលជារដ្ឋាភិបាលស្រមោលបង្កើតដោយអ្នកប្រឆាំងនឹងរបបសឹកភូមាដែលមិនបានបញ្ជូនតំណាងមិនមែនជាតួអង្គនយោបាយមកចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។
យោងតាមលិខិតរបស់ក្រសួងការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចុះនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងការបរទេសមីយ៉ាន់ម៉ាកត់សម្គាល់ថា ខណៈពេលដែលការពិភាក្សាមួយចំនួនមានលក្ខណៈស្ថាបនាលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចនោះ សមាជិកពីរនាក់បានស្នើបេសកជនពិសេសគឺរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុនជួបជាមួយសមាគមខុសច្បាប់ និងក្រុម«ភេរវករ»។
ក្នុងលិខិតនោះក្រសួងការបរទេសមីយ៉ាន់ម៉ាបញ្ជាក់ក្នុងន័យដើមថា៖ «ការស្នើឱ្យប្រេសិតពិសេសជួបជាមួយក្រុមបែបនេះ មិនត្រឹមតែផ្ទុយនឹងគោលការណ៍នៃធម្មនុញ្ញអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានប្រឆាំងអំពើភេរវកម្មផងដែរ។ក្នុងន័យនេះ ក្រសួងការបរទេសមីយ៉ាន់ម៉ាសូមអំពាវនាវជាថ្មីម្ដងទៀត ដល់សមាជិកទាំងពីររូបនេះ កុំប្រើប្រាស់វេទិកាអាស៊ានដើម្បីបញ្ចេញមតិ និងសូមឱ្យលើកទឹកចិត្តថ្កោលទោសចំពោះអំពើភេរវកម្ម»។
ចាប់តាំងពីរបបយោធាបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មកយ៉ាងហោចណាស់មានពលរដ្ឋមីយ៉ាន់ម៉ាចំនួនជាង១.៥០០នាក់ ក្នុងនោះមានកុមារផងដែរ ត្រូវបានក្រុមយោធាសម្លាប់ និងមនុស្សជិត១២.០០០នាក់ត្រូវបានចាប់ដាក់ពន្ធនាគារ។នេះ បើតាមតួលេខចងក្រងដោយសមាគមជំនួយសម្រាប់អ្នកទោសនយោបាយរបស់មីយ៉ាន់ម៉ា។
VOA មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បានទេនៅថ្ងៃចន្ទនេះ។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ក្រោយបិទបញ្ចប់កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងរាជធានីភ្នំពេញ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ថ្លែងក្នុងសន្និសីទកាសែតថា សំណើជួបឥស្សរជនផ្សេងទៀតក្រៅពីមន្ត្រីរបបសឹកនោះគឺ អាស្រ័យទៅលើរបបក្រុងណៃពិដោ «សម្រួលឱ្យជួប»។
លោក ប្រាក់ សុខុនបន្ថែមថាលោកមានគម្រោងធ្វើដំណើរជាលើកដំបូងក្នុងនាមជាប្រេសិតពិសេសអាស៊ានទៅកាន់រដ្ឋធានីណៃពិដោ និងទីក្រុងរ៉ង់ហ្គូនប្រទេសភូមា នៅសប្ដាហ៍ទីពីរ ខែមីនាខាងមុខ។
សេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ានក្រោយកិច្ចប្រជុំចង្អៀតកាលពីថ្ងៃសុក្រ លើកឡើងថារបបសឹកមីយ៉ាន់ម៉ាត្រូវបានអាស៊ានស្នើឱ្យចាត់វិធានការពេញលេញ ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចដែលខ្លួនបានសន្យាជាមួយអាស៊ាន កាលពីខែមេសាឆ្នាំ២០២១ ដើម្បីស្ថាបនាផ្លូវឈានទៅបញ្ចប់វិបត្តិរ៉ាំរ៉ៃក្រោយរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ការពីខែកុម្ភៈឆ្នាំ២០២១។
កិច្ចព្រមព្រៀងទាំង ៥ចំណុចដែលបានមូលមតិជាឯកច្ឆន្ទដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងនោះរួមមាន ទី១ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយគ្រប់ភាគីត្រូវបង្កើនការអត់ធ្មត់។ ទី២ ចាប់ផ្ដើមការសន្ទនាប្រកបដោយស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ទី៣ ប្រេសិតពិសេសរបស់ប្រធានអាស៊ាននឹងសម្រួលដល់ការសម្រុះសម្រួលដំណើរការរៀបចំកិច្ចសន្ទនាដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌ និងទី៥ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) លោក ឈាង វណ្ណារិទ្ធ លើកឡើងថា បញ្ហាក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងស្ថានភាពកាន់តែពិបាកដោះស្រាយ នៅពេលដែលរបបយោធាមីយ៉ាន់ម៉ាមិនសហការជាមួយអាស៊ានដើម្បីរកច្រកចេញចេញពីវិបត្តិដ៏ធ្ងន់ធ្ងរនេះ។ លោកបន្ថែមថា ដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាអាចធ្វើទៅបានលុះត្រាតែរបបយោធានេះយល់ព្រមឲ្យបេសកជនពិសេសអាស៊ានជួបជាមួយគ្រប់ភាគីទាំងអស់។
លោកបញ្ជាក់ថា៖ «បើរបបសឹកយោធាគាត់អត់សហការជាមួយនឹងអាស៊ាន ជាមួយនឹងកម្ពុជាដែលជាប្រធានអាស៊ានក្នុងការអនុវត្ត five-point consensus [កិច្ចព្រមព្រៀងទាំង៥ចំណុច] ហ្នឹងទេ វាពិបាកនឹងមានផ្លូវចូលដល់អាស៊ាន។ ហើយបើ special envoy [បេសកជនពិសេស] របស់អាស៊ានហ្នឹងមិនអាចជួបរាល់ភាគីពាក់ព័ន្ធទាំងឡាយក្នុងប្រទេសភូមាគឺអត់មានអត្ថន័យអីទេ ពីព្រោះដើម្បីរកដំណោះស្រាយនយោបាយ វាត្រូវការពិភាក្សា មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។
របបយោធាមីយ៉ាន់ម៉ាមិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំអាស៊ានដែលមានកម្ពុជាធ្វើជាប្រធាននោះទេបន្ទាប់ពីមានសមាជិកអាស៊ានមួយចំនួនស្នើមិនឱ្យតំណាងរបបសឹកនេះចូលប្រជុំ ក្រោមហេតុផលថា មិនអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ជាមួយអាស៊ាន ក្នុងការបន្ធូរបន្ថយភាពធ្ងន់ធ្ងរនៃស្ថានការណ៍បែកបាក់ផ្ទៃក្នុងក្នុងប្រទេសភូមា៕