សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃពុធម្សិលមិញថា ខ្លួន នឹងធ្វើតាមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ដើម្បីអញ្ជើញតំណាងមិនមែននយោបាយមកពីមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយពួកយោធា ដើម្បីឲ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដែលមាន១០ ប្រទេសនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនៅចុងខែមីនានេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានគម្រោងរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំអាមេរិក និងអាស៊ាន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនាខាងមុខនេះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា «សហរដ្ឋអាមេរិក គាំទ្រសេចក្តីសម្រេចរបស់អាស៊ានក្នុងការអញ្ជើញអ្នកតំណាងមិនមែននយោបាយមកពីភូមាឲ្យចូលរួមក្នុងជំនួបកំពូលអាមេរិក-អាស៊ាន»។
មន្ត្រីអាមេរិករូបនេះ បាននិយាយថា «យើងបានសម្រេចចិត្តស្រដៀងគ្នាក្នុងការអញ្ជើញអ្នកតំណាងមិនមែននយោបាយមកពីប្រទេសភូមាដើម្បីចូលរួមនៅក្នុងជំនួបកំពូលនេះ។ របបនេះ មិនបានធ្វើឲ្យជឿនលឿននូវកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ ៥ ចំណុចរបស់អាស៊ាន ហើយពួកគេត្រូវទទួលខុសត្រូវ»។
មន្ត្រីរូបនេះ មិនបានឆ្លើយតបទៅនឹងសំណួរដែលសួរថា តើអ្នកណា ជាតំណាងមិនមែននយោបាយដែលអាមេរិកមានគម្រោងអញ្ជើញនោះ។
អាស៊ាន មិនបានទទួលស្គាល់រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ាជាផ្លូវការដែលកំពុងរងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងប្រទេសមួយចំនួនទៀត។
ជំនួបកំពូលនៅសេតវិមាននេះ ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងដើម្បីបង្កើនការទាក់ទងជាមួយតំបន់ ដែលរដ្ឋាភិបាលក្រុងវ៉ា់ស៊ីនតោនមើលឃើញថា ជាការសំខាន់ដើម្បីទប់ទល់នឹងអំណាចរបស់ចិនដែលកំពុងកើនឡើង៕