នៅចំពេលដែលមានការរង្គោះរង្គើខ្លាំងពាក់ព័ន្ធនឹងឯកភាពក្នុងចំណោមសមាជិកទាំង១០នៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ ហៅកាត់ថា«អាស៊ាន» ដំណើរការសមាហរណកម្មសេដ្ឋកិច្ចថ្នាក់តំបន់របស់ប្លុកប្រទេសទាំង១០នេះ ក៏ត្រូវបានគេមើលឃើញថាបោះជំហានមិនសូវជាស្វាហាប់ផងដែរ។
ការណ៍នេះនាំឱ្យអ្នកជំនាញផ្នែកកិច្ចការតំបន់ស្នើជាយោបល់ថា អាស៊ានគួរតែពិនិត្យពិច័យឡើងវិញ ទៅលើគោលការណ៍ ពីខាងដើម ពេលបង្កើតសមាគមមួយនេះ ដើម្បីធានាថាគ្រប់ប្រទេសជាសមាជិក អាចរកឃើញឯកភាពរវាងគ្នានិងគ្នាបានប្រសើរជាងនេះ។
បណ្ឌិត Thitinan Pongsudhirak ប្រធានវិទ្យាស្ថានសិក្សាសន្តិសុខនិងកិច្ចការអន្តរជាតិ (Institute of Security and International Studies) នៃសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ បាននិយាយថា ប្លុកអាស៊ាននៅមានកង្វះ «សមត្ថកិច្ចអភិប្រជាជាតិ» ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពទៅនឹងបញ្ហានយោបាយនិងសេដ្ឋកិច្ចនានា។ អភិប្រជាជាតិ សំដៅទៅដល់ការប្រកាន់យកនូវគោលជំហររួមរួបប្រទេសជាច្រើន ឲ្យក្លាយជាកម្លាំងមួយរួមគ្នា ដើម្បីសម្រេចការងារជាសមូហភាពថ្នាក់តំបន់។
«ម៉្យាងគឺថាអាស៊ាននៅមិនទាន់មាន «សមត្ថកិច្ចអភិប្រជាជាតិ»។ ជាមូលដ្ឋាន អាស៊ានធ្វើការជាប្រព័ន្ធដែលមានលក្ខណៈខ្លួនទីពឹងខ្លួន ដែលខណ្ឌចែកដោយដែនអធិបតេយ្យកំណត់ ដែលរដ្ឋជាសមាជិកនីមួយៗ ប្រកាន់យកក្នុងដែនយុត្តាធិការសមត្ថកិច្ច ដើម្បីចាត់ចែងគ្រប់គ្រងសេដ្ឋកិច្ចរបស់គេរៀងៗខ្លួន។ មែនទែនទៅ វាមិនមែនជារឿងងាយស្រួលទេសម្រាប់តំបន់ដែលចង់ធ្វើសមាហរណកម្ម បើសិនវាគ្មាន «អភិប្រជាជាតិភាព» នោះទេ»។
បើតាមលោក Pongsudhirak កង្វះអំណាចអភិប្រជាជាតិនេះហើយ ដែលនាំឱ្យការអនុវត្តជាក់ស្ដែងនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) មានសភាពយឺតយ៉ាវ ឬ «សឹងតែគ្មានអ្វីប្រែប្រួល»។
«នៅមិនទាន់មានឡើយ អំណាចចលករស្នូលសម្រាប់AEC ហើយតថភាពនៃការអនុវត្តជាក់ស្ដែង សឹងតែមិនមានអ្វីប្រែប្រួលទាល់តែសោះ។ នេះហើយជារបៀបដែលសមាគមអាស៊ានធ្វើការកន្លងមក ដោយចូលចិត្តរៀបចំចុះកិច្ចព្រមព្រៀងជាច្រើនសន្ធឹក តែទទួលនូវបញ្ហាប្រឈមលំបាកក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនោះ»។
សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលកាលបរិច្ឆេទត្រូវដាក់ឱ្យអនុវត្តជាផ្លូវការតាំងពីដើមឆ្នាំ២០១៦នេះមក ត្រូវបានគេរំពឹងទុកថា ជាការបោះជំហានបឋមរបស់អាស៊ានដែលចង់ធ្វើសមាហរណកម្មបញ្ចូលគ្នាដែលដំណើរការនេះចាប់ផ្ដើមពីវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម មុននឹងសម្រេចបាន សហគមន៍នយោបាយសន្តិសុខ និងសហគមន៍សង្គមវប្បធម៌។
សហគមន៍សេដ្ឋកិច្ចអាស៊ានមានគោលដៅបួនធំៗ គឺ ទី១៖ ប្រែក្លាយតំបន់អាស៊ានជាទីផ្សាររួម និងមូលដ្ឋាននៃការផលិត, ទី២៖ ជំរុញភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចរបស់តំបន់, ទី៣៖ ធានាឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមភាព និងទី៤៖ សម្រេចឱ្យបានការត្រៀមខ្លួនរបស់សេដ្ឋកិច្ចនៃរដ្ឋជាសមាជិកធ្វើសមាហរណកម្មខ្លួនឯងចូលទៅក្នុងសេដ្ឋកិច្ចសកលលោក។
យ៉ាងណាក៏ដោយ ក្នុងកិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំមុន បណ្ដាមេដឹកនាំអាស៊ាន បានអនុម័តផែនការលម្អិតនៃចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ានត្រឹមឆ្នាំ២០២៥ ដែលទុករយៈពេល១០ឆ្នាំទៅមុខទៀត រាប់ពីពេលនេះទៅ ដើម្បីអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនៃគោលដៅទាំងបួនខាងលើ។
បណ្ដាប្រទេសអាស៊ាន នៅជួបប្រទះនឹងការលំបាកក្នុងការកាត់បន្ថយរបៀបដឹកនាំប្រកាន់តឹងរឿង អធិបតេយ្យភាព និងប្រយោជន៍ជាតិដាច់ខាត ដើម្បីស្រវារកការឯកភាពធ្វើការសម្រេចចិត្តផ្នែកនយោបាយ ដើម្បីប្រយោជន៍រួមនៃតំបន់។ នេះបើតាម បណ្ឌិត ដេត សុខឧត្តម នៃសាកលវិទ្យាល័យហ្សាម៉ាន់។
យ៉ាងណាក្ដី លោក សុខឧត្តម បាននិយាយថា បណ្ដាមេដឹកនាំអាស៊ានទំនងជាបានសិក្សាអំពីបទពិសោធនៃភាពឡើងចុះរបស់សហគមន៍អឺរ៉ុប ម្ល៉ោះហើយទើបរាល់ការបោះជំហានទៅមុខ និងការសម្រេចចិត្តរបស់អង្គការថ្នាក់តំបន់អាស៊ីអគ្នេយ៍មួយនេះ ត្រូវធ្វើឡើងដោយសន្សឹមៗ ជាមួយនឹងការប្រយ័ត្នប្រយែងបំផុត។
«បញ្ហារបស់អាស៊ានរាល់ថ្ងៃ គឺវាសន្សឹមពេក ហើយមិនមានភាព ឬមិនមានអំណាចខ្លាំងអ្វីជាសមាគមមួយដែលអាចឈរ ជាឯកតោភាគីក្នុងការដោះស្រាយ ឬជាធ្លុងមួយ ក្នុងការឈរតតាំងជាមួយនឹងប្រទេសមហាអំណាចអ្វីផ្សេងទេ»។
លោក សុខឧត្តម បានបន្តថាលោកជឿជាក់ថា បើទោះជាប្រឈមមុខនឹងស្ថានភាពសព្វថ្ងៃដែលបណ្ដារដ្ឋជាសមាជិកនៅខ្វះស្មារតីជាសហគមន៍ប្រជាជាតិ លទ្ធភាពដែលថាសហគមន៍អាស៊ានអាចនឹងបែកខ្ញែកគ្នានោះ ទំនងជាមានលក្ខណៈតិចតួច។
«តែខ្ញុំគិតថា វាមិនធ្វើឱ្យមានការបែកបាក់ទេ គ្រាន់តែថា ទាមទារឱ្យថ្នាក់ដឹកនាំអាស៊ានខ្លួនឯង សួរសំណួរនេះទៅកាន់គ្នា ជាពិសេសនៅឆ្នាំក្រោយពេលដែលគម្រប់ខួបអាស៊ាន៥០ឆ្នាំ ថាតើយើងចង់ឱ្យអាស៊ានទៅជាសមាគមមួយដែលមានអំណាចស្មើមុខស្មើមាត់ ជាមួយនឹងមហាអំណាចផ្សេងទៀត ឬក៏យើងពេញចិត្តទៅនឹងអ្វីដែលជាសមិទ្ធផលអាស៊ានសព្វថ្ងៃ ដែលធ្វើការសន្សឹមៗ ហើយទុកឱ្យប្រទេសនីមួយៗដោះស្រាយក្នុងអធិបតេយ្យរបស់ខ្លួន»។
ព្រមពេលជាមួយគ្នានឹងភាពយឺតយ៉ាវនៃសមាហរណកម្មសេដ្ឋកិច្ច បណ្ដារដ្ឋជាសមាជិកអាស៊ាន នៅពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាននឹងកំពុងប្រឈមនឹងភាពរកាំរកូស មើលមុខគ្នាមិនចំ ជុំវិញបញ្ហាទាមទារសិទ្ធិគ្រប់គ្រងដែនដី ដែនកោះនៅក្នុងបរិវេណសមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាស។
កាលពីខែកក្កដា តុលាការអាជ្ញាកណ្ដាលអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហុល្លង់ បានចេញសេចក្ដីសម្រេចមួយ បដិសេធការទាមទារសិទ្ធិគ្រប់គ្រងប្រវត្តិសាស្ត្ររបស់ ប្រទេសចិន នៅក្នុងដែនសមុទ្រមានជម្លោះ ដែលជាច្រកចេញចូលនាវាចរណ៍ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មសកល។
បណ្ដារដ្ឋជាសមាជិកអាស៊ាន ដែលមានប្រទេសបួនជាដៃគូជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង មិនអាចសម្រេចជាឯកច្ឆន្ទ ដើម្បីចេញសេចក្ដីថ្លែងការណ៍រួមណាមួយគាំទ្រសេចក្ដីសម្រេចខាងលើនោះ ដោយសារមានបណ្ដាសមាជិកមួយចំនួនបដិសេធ។
ការណ៍នេះត្រូវបានអ្នកតាមដាននយោបាយថ្នាក់តំបន់ជាច្រើន ចាត់ទុកថា ជាការមិនចុះសម្រុងគ្នារវាងសមាជិកអាស៊ាន ដែលរង្គោះរង្គើដល់ឯកភាពដ៏ផុយស្រួយរបស់សមាគមមួយនេះ។
ការរង្គោះរង្គើនេះ បានបង្កជាការបារម្ភ ខណៈដែលមានការប្រកួតប្រជែង រវាងចិន និងសហរដ្ឋអាមេរិក ក្នុងការប្រើឥទ្ធិពល និងអនុត្តរភាពរបស់ខ្លួននៅក្នុងតំបន់ដែលមានសក្ដានុពលសេដ្ឋកិច្ចមួយនេះ។
សាស្ត្រាចារ្យនៅសាកលវិទ្យាល័យជូឡាឡុងកន លោកបណ្ឌិត Thitinan Pongsudhirak និយាយថាប្រការសំខាន់ក្នុងការបិទភ្ជិតជួសជុលរបួសនៃការបែកបាក់នេះ អាស៊ានក៏ត្រូវពិចារណា បន្ថែមទៅលើទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលលោកថាអាចជា «កាវទាញភ្ជាប់»អាស៊ានឱ្យនៅជុំគ្នា។
«អនាគតនៃអាស៊ាននឹងមិនភ្លឺចែងចាំងនោះទេ បើមេដឹកនាំ និងប្រជាជនអាស៊ាន មិនផ្ដោតលើការប្រមូលផ្ដុំគ្នាឡើងវិញ ការរួបរួមគ្នាឡើងវិញក្នុងចំណោមគ្នានោះទេ ព្រោះវាអាចធានានូវការសម្រេចបុព្វហេតុរួម និងសកម្មភាពរួម»។
ដោយឡែកលោកបណ្ឌិត ដេត សុខឧត្តម វិញបានស្នើថា បើទោះជាមានករណីដែលបណ្ដាប្រទេសអាស៊ានខ្លះមានភាពលម្អៀងទៅរកមហាអំណាចណាមួយ ក៏គួរតែធ្វើឱ្យមានតុល្យភាពប្រយោជន៍ការពារសមាជិកអាស៊ានគ្នាឯង ហើយក៏មិនគួរបង្ហាញនូវភាពលម្អៀងនោះចំហពេកនោះទេ៕