ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​​ឡាវចង់​ក្លាយ​ខ្លួន​ជា​​«អាគុយ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍»


កម្មករ​សំណង់​ម្នាក់​កំពុង​ពិនិត្យ​មើល​​ដំណើរការ​ការ​ស្ថាបនា​រោងចក្រ​ថាមពល​នៅ​សំណង់​ទំនប់​វារី​អគ្គិសនី​​ ណាំធឿន២ (Nam Theun 2) នៅ​ភាគ​អាគ្នេយ៍​​នៃ​រដ្ឋធានី​វៀងចន្ទន៍​​របស់​ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ទី​៦​ខែ​សីហា​ឆ្នាំ​២០០៦។
កម្មករ​សំណង់​ម្នាក់​កំពុង​ពិនិត្យ​មើល​​ដំណើរការ​ការ​ស្ថាបនា​រោងចក្រ​ថាមពល​នៅ​សំណង់​ទំនប់​វារី​អគ្គិសនី​​ ណាំធឿន២ (Nam Theun 2) នៅ​ភាគ​អាគ្នេយ៍​​នៃ​រដ្ឋធានី​វៀងចន្ទន៍​​របស់​ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ទី​៦​ខែ​សីហា​ឆ្នាំ​២០០៦។

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដោយ​មជ្ឈមណ្ឌល​ Stimson ហៅ​ថា «Letters from the Mekong» ឬ​ដែល​មាន​ន័យ​ថា «លិខិត​ពី​ទន្លេ​មេគង្គ» បាន​ពិនិត្យ​ទៅ​លើ​តួនាទី​របស់​ប្រទេស​ឡាវ​ក្នុង​ការ​សាងសង់​ទំនប់​វារី​អគ្គីសនី​កាត់​ទន្លេ​មេគង្គ ដែល​ជា​គោល​នយោបាយ​មួយ​ដែល​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​អ្នក​ដែល​រស់​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ​នោះ។

ប្រទេស​ឡាវ​ ដែល​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ពុំ​មាន​សមុទ្រ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នោះ គ្រោង​នឹង​សាងសង់​ទំនប់​វារី​អគ្គីសនី​ចំនួន​ជាង​មួយ​រយ​ នៅ​លើ​ទន្លេ​មេគង្គ​ ក្នុង​គោល​បំណង​ប្រែ​ក្លាយ​ខ្លូន​ជា​ «អាគុយ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍»។

បញ្ហា​ចម្រូង​ចម្រាស​ជុំវិញ​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី​ធំៗ​ពីរ​រួម​មាន​ទំនប់​វារី​អគ្គីសនី​ សាយ៉ា​បូរី (Xayaburi) និងទំនប់​វារី​អគ្គីសនី​ ដង​ សាហុង (Dong Sahong) នៅ​មិន​ទាន់​ដោះ​ស្រាយ​បាន​នៅ​ឡើយ ប៉ុន្តែ​ឡាវ​កំពុង​តែ​រៀប​ចំ​បើក​ការ​សាងសង់​ទំនប់​វារី​អគ្គីសនី​ធំ​មួយ​ទៀត​គឺ​ទំនប់​វារី​អគ្គីសនី ប៉ាក់​បេង (Pak Beng) នៅ​លើ​ទន្លេ​មេគង្គ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​សន្តិសុខ​ស្បៀង​អាហារ​និង​បរិស្ថាន​នៅ​ទូទាំង​តំបន់។ នេះ​បើ​យោង​តាម​អ្នក​នាង Courtney Weatherby អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​ឯ​មជ្ឈមណ្ឌល Stimson។

«ជា​ដំបូង​គឺ​បញ្ហា​គ្រោះ​រាំង​ស្ងួត​កាល​ពី​ចុង​ឆ្នាំ២០១៥ និង​ដើម​ឆ្នាំ២០១៦​ ដែល​បាន​កើត​ឡើង​នៅ​ទូទាំង​តំបន់​ទន្លេ​មេគង្គ​នោះ​ នៅ​មិន​ទាន់​ដោះ​ស្រាយ​នៅ​ឡើយ​ទេ។ វា​គឺ​ជា​គ្រោះ​រាំង​ស្ងួត​ដ៏​ធ្ងន់​ធ្ងរ​បំផុត​នៅ​ក្នុង​រយៈ​ពេល​៩០ឆ្នាំ​ចុង​ក្រោយ​នេះ»។

អ្នក​នាង​ Ana Maria Quintero អ្នក​សិក្សា​គោល​នយោបាយ​នៅ​ឯ​អង្គការ Nature Conservancy (រូប​ខាង​ឆ្វេង) អ្នក​នាង Courtney Weatherby អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​ឯ​មជ្ឈមណ្ឌល Stimson (រូប​កណ្តាល) និង​លោក Brian Eyler នាយក​ផ្នែក​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឯ​មជ្ឈមណ្ឌល​
អ្នក​នាង​ Ana Maria Quintero អ្នក​សិក្សា​គោល​នយោបាយ​នៅ​ឯ​អង្គការ Nature Conservancy (រូប​ខាង​ឆ្វេង) អ្នក​នាង Courtney Weatherby អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​ឯ​មជ្ឈមណ្ឌល Stimson (រូប​កណ្តាល) និង​លោក Brian Eyler នាយក​ផ្នែក​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឯ​មជ្ឈមណ្ឌល​

អ្នក​នាង Weatherby បាន​បន្ថែម​ថា ទំនប់​វារី​អគ្គីសនី​នៅ​ក្នុង​ប្រទេស​ឡាវ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ផ្នែក​ខាង​ក្រោម​ទន្លេ​មេគង្គ ដូច​ជា​ប្រទេស​កម្ពុជា​និង​វៀតណាម​ជា​ដើម។

«វា​មិន​ខុស​ពី​អ្វី​ដែល​យើង​ឃើញ​នៅ​ក្នុង​ប្រទេស​ឡាវ​នោះ​ទេ ដូច្នេះ​ហើយ​អ្វី​ដែល​យើង​ឃើញ​នៅ​ទី​នេះ​គឺ​កង្វះ​ខាត​ទឹក ដែល​បាន​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេល​គ្រោះ​រាំង​ស្ងួត​នោះ​ នឹង​ក្លាយ​ទៅ​ជា​ប្រភព​នៃ​ចំណាប់​អារម្មណ៍​នៅ​តំបន់​នេះ ដែល​យើង​បាន​ឃើញ​ពី​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​ ជា​ពិសេស​ទៅ​លើ​បញ្ហា​នេះ»។

ឡាវ​មិន​មាន​គម្រោងទូលំទូលាយ​ក្នុង​ការ​រក្សា​តុល្យភាព​រវាង​តម្រូវ​ការ​ខាង​ផ្នែក​ថាមពល​ និង​ផល​ប៉ះពាល់​ទៅ​លើ​ប្រទេស​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​ទន្លេ​មេគង្គ​នោះ​ទេ។ នេះ​បើ​យោង​តាម​លោក Brian Eyler នាយក​ផ្នែក​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឯ​មជ្ឈមណ្ឌល​ Stimson។

«យើង​រក​ឃើញ​ថា ដោយ​សារ​តែ​របៀប​ដែល​ប្រព័ន្ធ​នោះ​បាន​បង្កើត​ឡើង​សម្រាប់​ការ​សាងសង់​ទំនប់​វារី​អគ្គីសនី​នៅ​លើ​ទន្លេ​នោះ ទើប​ឡាវ​មិន​មាន​គម្រោង​យុទ្ធសាស្ត្រ​ក្នុង​ការ​សាងសង់​ទំនប់​វារី​អគ្គីសនី​ទាំង​នោះ​ ពិសេស​ក្នុង​ការ​ពិចារណា​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ធនធាន​ថាមពល​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​និង​ការ​គ្រប់​គ្រង​ទៅ​លើ​គម្រោង​និមួយៗ ហើយ​អ្វី​ដែល​សំខាន់​គឺ​លទ្ធភាព​ក្នុង​ការ​រក្សា​តុល្យភាព​រវាង​ថាម​ពល​ដែល​ទាញ​យក​បាន​ពី​ទំនប់​វារី​អគ្គីសនី​ទាំង​នោះ​និង​ផល​ប៉ះពាល់​របស់​វា»។

អ្នក​នាង​ Ana Maria Quintero អ្នក​សិក្សា​គោល​នយោបាយ​នៅ​ឯ​អង្គការ Nature Conservancy បាន​ស្នើ​ថា ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ទាំង​នោះ​ ឡាវ​មិន​គួរ​ផ្តោត​តែ​ទៅ​លើ​ទំនប់​វារី​អគ្គីសនី​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​គួរ​តែ​ពិចារណា​ទៅ​លើ​ការ​ទាញ​យក​ថាមពល​ពី​វិធី​ផ្សេង​ទៀត​ដូច​ជា​ ពី​ខ្យល់​និង​ពន្លឺ​ព្រះ​អាទិត្យ​ជា​ដើម។

«យើង​មាន​ការ​ប៉ាន់​ប្រមាណ​ដំបូង​ទៅ​លើ​ការ​ផ្តួច​ផ្តើម​នៅ​ក្នុង​របាយការណ៍​របស់​យើង។ មិន​ត្រូវ​ផ្តោត​តែ​ទៅ​លើ​ទំនប់​វារី​អគ្គីសនី​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​គួរ​ផ្តោត​ទៅ​លើ​អនុភាព​នៃ​ថាមពល​ដែល​អាច​ផលិត​ឡើង​វិញ​បាន​សម្រាប់​ប្រទេស។ ដូច្នេះ​មិន​គួរ​ផ្តោត​តែ​ទៅ​លើ​ទំនប់​វារី​អគ្គីសនី​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ថា​តើ​ទំនប់​វារី​អគ្គីសនី​សាកសម​នៅ​ក្នុង​ថាមពល​ដែល​អាច​កើត​ឡើង​វិញ​បាន​ដោយ​របៀប​ណា»។

លោក Eyler បាន​ថ្លែង​ថា រដ្ឋាភិបាល​បរទេស​និង​សហគមន៍​អន្តរជាតិ​ក៏​មាន​តួនាទី​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គីសនី​នេះ​ផង​ដែរ។

«វា​មិន​ទាន់​យឺត​ពេល​នោះ​ទេ​ ក្នុង​ការ​ងាក​ទៅ​រក​ប្រភព​ថាមពល​ផ្សេង​ទៀត​ ហើយ​សហគមន៍​ខាង​ក្រៅ​ រដ្ឋាភិបាល​អាមេរិក​និង​ធនាគារ​ផ្តល់​ជំនួយ អាច​ផ្តល់​ជា​ការ​ណែនាំ​និង​ការ​គាំទ្រ ដើម្បី​ជួយ​ដល់​ប្រទេស​ឡាវ​ឲ្យ​ងាក​ទៅ​រក​ទិស​ដៅ​នោះ។ ជំនួយ​រវាង​រដ្ឋាភិបាល​ទៅ​កាន់​រដ្ឋាភិបាល​ប្រហែល​ជា​មិន​គ្រប់​គ្រាន់​នោះ​ទេ។ យើង​ត្រូវ​ការ​អង្គការ​នានា​ដូច​ជា​អង្គការ Nature Conservancy ហើយ​និង​វិធីសាស្ត្រ​ផ្សេងៗ​ទៅ​ក្នុង​ប្រព័ន្ធ​នេះ​ ដើម្បី​ជួយ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទាំង​នោះ​ឲ្យ​បាន​ឆាប់​រហ័ស»។

តំបន់​មេគង្គ​គឺ​ជា​តំបន់​ជន​ផល​ទឹក​សាប​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​និង​ជា​តំបន់​ដែល​មាន​ជីវៈ​ចម្រុះ​ច្រើន​ប្រភេទ​បំផុត​ បន្ទាប់​ពី​តំបន់ Amazon។ ប៉ុន្តែ​ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​កំពុង​តែ​កែប្រែ​ទ្រង់​ទ្រាយ​តំបន់​នោះ៕

XS
SM
MD
LG