មេដឹកនាំនានាដែលចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងប្រទេសឡាវមានទស្សនៈក្នុងលក្ខណៈទន់ភ្លន់ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ដោយមិនបានលើកឡើងដោយជាក់លាក់ណាមួយពីសកម្មភាពរបស់ប្រទេសចិននៅក្នុងតំបន់ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។
សេចក្ដីថ្លែងការណ៍ ដែលព្រាងឡើងដោយមេដឹកនាំទាំង១០ប្រទេសនៃសមាគមអាស៊ាន នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថា ក្រុមប្រទេសសមាជិកអាស៊ានទាំងអស់ធ្វើការបញ្ជាក់សារជាថ្មីឡើងវិញនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសេរីភាពនៃការធ្វើចរាចរនៅក្នុងសមុទ្រចិនខាងត្បូង។
សេចក្ដីថ្លែងការណ៍នេះលើកឡើងយ៉ាងដូច្នេះថា៖ «មេដឹកនាំជាច្រើននៅតែព្រួយបារម្ភខ្លាំងអំពីការព្រឹត្តិការណ៍ថ្មីនៅក្នុងសមុទ្រចិនខាងត្បូង។ យើងទាំងអស់គ្នាសង្កត់ធ្ងន់លើសារៈសំខាន់សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការដោះស្រាយជម្លោះរបស់ពួកគេដោយសន្តិវិធី ស្របទៅតាមគោលការណ៍ច្បាប់អន្តរជាតិដែលទទួលស្គាល់ជាសាកល»។
កាលពីខែកក្កដាកន្លងទៅនេះ តុលាការអាជ្ញាកណ្ដាលអន្តរជាតិបានបដិសេធនូវការទាមទាររបស់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូង ដោយបញ្ជាក់ថា ប្រទេសចិនគ្មានសិទ្ធិផ្អែកលើប្រវត្តិសាស្ត្រណាមួយក្នុងការទាមទារតំបន់ដែនទឹកភាគច្រើននៅក្នុងសមុទ្រចិនខាងត្បូងនោះទេ។ ប្រទេសចិនបានបដិសេធមិនទទួលស្គាល់នូវការសម្រេចរបស់តុលាការ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចប្រឹងប្រែងនឹងនៅតែបន្តដើម្បីធានាថា ជម្លោះទាំងឡាយត្រូវបានដោះស្រាយដោយសន្តិវិធី។
លោកលើកឡើងយ៉ាងដូច្នេះថា៖ «ការសម្រេចជាប្រវត្តិសាស្ត្ររបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិកាលពីខែកក្កដាកន្លងទៅនេះ គឺតម្រូវឲ្យអនុវត្តតាម។ ការសម្រេចនេះបានជួយបញ្ជាក់អំពីសិទ្ធិកាន់កាប់ដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូង។ ខ្ញុំទទួលស្គាល់ថា សេចក្ដីសម្រេចរបស់តុលាការនេះធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង ប៉ុន្តែខ្ញុំក៏រង់ចាំចូលរួមពិភាក្សារកដំណោះស្រាយដែលទទួលបានផលប្រយោជន៍ទាំងអស់គ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹង និងដើម្បីពង្រឹងផ្នែកការទូត និងស្ថិរភាពក្នុងតំបន់»។
ការជួបជុំជាមួយមេដឹកនាំអាស៊ានលើកនេះជាការជួបជុំលើកទី៨ របស់លោកអូបាម៉ា។ លោកបានមកធ្វើទស្សនកិច្ចបណ្ដាប្រទេសនៅក្នុងទ្វីបអាស៊ីច្រើនជាងប្រធានាធិបតីសហរដ្ឋអាមេរិកណាៗទាំងអស់កន្លងមក។
លោកអូបាម៉ាថា សហរដ្ឋអាមេរិកនឹងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យកាន់តែស៊ីជម្រៅថែមទៀត ជាមួយបណ្ដាប្រទេសនៅក្នុងទ្វីបអាស៊ី ដែលក្នុងនោះរួមមានទាំងការបង្កើននូវការច្នៃប្រឌិតថ្មី និងសហគ្រិនភាពជាដើម។ លោកបានបញ្ជាក់ម្តងទៀតថា លោកនឹងជំរុញឲ្យសភាសហរដ្ឋអាមេរិកអនុម័តនូវកិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP។
សេចក្ដីប្រកាសរបស់សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកអំពីគម្រោងផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិក និងអាស៊ាន បានបង្ហាញពីគំនិតផ្ដួចផ្ដើមក្នុងការពង្រឹងបន្ថែមនូវការរីកចម្រើនផ្អែកលើធនធានថាមពលកាបោនតិចតួច គាំទ្រនូវការនេសាទប្រកបដោយចិរភាព បង្កើននូវការផ្គត់ផ្គង់នូវថាមពលប្រើប្រាស់ឡើងវិញ និងបង្កើនឱកាសសម្រាប់ស្ត្រី ដែលរួមមានដូចជាការការពារសិទ្ធិ ការរៀបចំសិក្ខាសាលាផ្សេងៗសម្រាប់មេដឹកនាំវ័យក្មេង និងការផ្ដល់រង្វាន់លើកទឹកចិត្តដល់ស្ត្រីនៅក្នុងផ្នែកវិទ្យាសាស្ត្រផងដែរ។
លោកអូបាម៉ាបាននិយាយថា៖ «យើងនឹងបន្តសហការជាមួយបណ្ដាប្រទេសផ្សេងៗដើម្បីពង្រឹងសន្តិសុខសុខភាពសាកល និងប្រយុទ្ធប្រឆាំងនឹងរោគរាលដាលផ្សេងៗ។ យើងនឹងបន្តបង្កើននូវទំនាក់ទំនងរវាងមនុស្សនិងមនុស្ស ការផ្លាស់ប្ដូរផ្នែកវិទ្យាសាស្ត្រ និងការធានាឲ្យបានច្បាស់ថា យើងកំពុងបង្កើននូវឱកាសសម្រាប់ក្រុមហ៊ុនអាជីវកម្មនានា សិស្ស និស្សិត អ្នកវិទ្យាសាស្ត្រ និងប្រជាពលរដ្ឋទូទៅឲ្យធ្វើការជាមួយគ្នា»៕