ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស (APHR) ស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់តួនាទីជាអ្នកតំណាងរាស្រ្តនិងអភ័យឯកសិទ្ធិដល់លោក សម រង្ស៊ី ជាបន្ទាន់និងប្រគល់តំណែងជាថ្នាក់ដឹកនាំសភាដល់លោក កឹម សុខាវិ ញហើយក៏បានស្នើឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើមន្ត្រីមួយចំនួនរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែល VOA ទទួលបាននៅល្ងាចថ្ងៃច័ន្ទនេះ។
ក្រុមអ្នកតំណាងរាស្ត្រដែលមកពីបណ្តាប្រទេសក្នុងតំបន់ក៏ស្នើសុំឱ្យទម្លាក់ចោលការចោទប្រកាន់នានាប្រឆាំងនឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិផងដែរ។
លោក សម រង្ស៊ី ត្រូវបានរដ្ឋសភាដែលមានតែអ្នកតំណាងរាស្រ្តមកពីគណបក្សកាន់អំណាចបណ្តេញចេញពីសភានៅថ្ងៃទី១៦ខែវិច្ឆិកា ដើម្បីឱ្យទទួលទោសពីរឆ្នាំក្នុងបទបរិហារកេរ្តិ៍ជាមួយនឹងលោក ហោ ណាំហុង ដែលលោក សម រង្ស៊ី ចោទថាធ្លាប់បានឃុបឃិតជាមួយនឹងពួកខ្មែរក្រហម។ សភានោះក៏បានបោះឆ្នោតទម្លាក់លោក កឹម សុខា ពីតំណែងអនុប្រធានសភាជាតិដោយមិនមានវត្តមានអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងចូលរួមទេ។
លោក Charles Santiago ប្រធាន APHR និងជាអ្នកតំណាងរាស្រ្តម៉ាឡេស៊ី បានបញ្ជាក់ថា៖
«សហគមន៍អន្តរជាតិក្នុងនោះមានអាស៊ានត្រូវតែធ្វើឱ្យប្រាកដថាសកម្មភាពទាំងនេះមិនអាចទទួលយកបានទេ សម្រាប់ប្រទេសកម្ពុជានិងប្រទេសក្នុងតំបន់។ ប្រសិនបើមិនមានសកម្មភាពរួមគ្នាដើម្បីធ្វើប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាទេ គឺមេដឹកនាំក្នុងតំបន់ដទៃទៀតនឹងចាត់វិធានការប្រទូសរ៉ាយនិងតាមទំនើងចិត្តស្រដៀងគ្នានេះមកលើអ្នករិះគន់»។
ក្រុមអ្នកតំណាងរាស្រ្តអាស៊ានក៏ទទូចឱ្យភាគីអន្តរជាតិដទៃទៀតពិចារណាដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលមានជាប់ពាក់ព័ន្ធនឹងការរំលោភបំពានហើយឱ្យសហគមន៍អន្តរជាតិពិចារណាឡើងវិញពីការរឹតចំណងមិត្តភាពនយោបាយនិងសេដ្ឋកិច្ចជាមួយនឹងរដ្ឋាភិបាលកម្ពុជាថាត្រូវបន្តឬយ៉ាងណា។
ការស្នើសុំឱ្យចាត់វិធានការធ្ងន់ធ្ងរនេះដើម្បីការឆ្លើយតបនឹងការវាយអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងចំនួនពីរនាក់ដោយក្រុមបាតុករដែលគាំទ្ររដ្ឋាភិបាលកម្ពុជានិងការបង្កើនការដាក់ទោសសកម្មជនបក្សប្រឆាំងក្នុងនោះមានលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ីផងដែរ។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា៖
«វាជាការចាំបាច់ដែលអាស៊ាននិងសហគមន៍អន្តរជាតិត្រូវចាត់វិធានការច្បាស់លាស់ប្រឆាំងនឹងការវាយប្រហារនិងការបំភិតបំភ័យទាំងនេះ។ ពួកគេក៏គួរតែគាំទ្រកិច្ចខិតខំ ប្រឹងប្រែងដើម្បីធានាថាការបោះឆ្នោតដោយសេរីនិងយុត្តិធម៌មួយអាចធ្វើបាននៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០១៨»៕