លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថ្លែង នៅថ្ងៃពុធនេះ ថា ទង្វើគាបសង្កត់ មកលើគណបក្សជំទាស់ រួមទាំងការដកសមាជិកភាពរបស់លោកពីរដ្ឋសភាគឺ «ជារដ្ឋប្រហាររដ្ឋធម្មនុញ្ញ» ពីសំណាក់គណបក្សកាន់អំណាច របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សម រង្ស៊ី សរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា ការចាប់ខ្លួនសមាជិកព្រឹទ្ធសភា ការវាយដំលើអ្នកតំណាងរាស្ត្រពីររូបរបស់គណបក្សជំទាស់នាំមុខស្ថាប័នរបស់ខ្លួន ការទម្លាក់ លោក កឹម សុខា ចេញពីតំណែងអនុប្រធានរដ្ឋសភា និងការដកសមាជិកភាពរដ្ឋសភារបស់រូបលោកកាលពីថ្ងៃច័ន្ទគឺជា «ទង្វើយ៉ាងយង់ឃ្នង» របស់គណបក្សប្រជាជនកម្ពុជា មកលើគណបក្សជំទាស់របស់លោក ដែលរំលោភកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសឆ្នាំ១៩៩១ និងរំលោភលើរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។
លោកសម រង្ស៊ី សរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកយ៉ាងដូច្នេះថា៖«ទង្វើទាំងអស់នេះ ពីសំណាក់គណបក្សប្រជាជនកម្ពុជា គឺជារដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដែលនាំមកនូវផលប៉ះពាល់ផ្លូវច្បាប់ និងផ្លូវនយោបាយ ដូចរដ្ឋប្រហារយោធា ដែលពួកគេបានធ្វើនៅថ្ងៃ ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ អញ្ចឹងដែរ។ ផលប៉ះពាល់ចម្បង គឺបំផ្លាញដំណើរការប្រជាធិបតេយ្យ ដែលមានធានាក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចុះហត្ថលេខាដោយ ១៨ ប្រទេសជាមិត្ត ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ ផងដែរ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស តម្រូវឲ្យប្រទេសកម្ពុជាប្រកាន់នូវរបបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស»។
កាលពី១៨ឆ្នាំមុន ភាពចម្រូងចម្រាសរវាង អ្នកគាំទ្រ ព្រះអង្គមា្ចស់នរោត្តមរណឫទ្ធិ អតីតនាយករដ្ឋមន្រ្តីទីមួយ នឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីទីពីរ ក្នុងជួរដ្ឋាភិបាល អាណត្តិទី១ បានឈានដល់ ព្រឹត្តិការណ៍បង្ហូរឈាមគ្នាមួយកណ្តាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៩៧។ ក្នុងនោះកងទ័ពនិងអ្នកដែលស្មោះត្រង់នឹងព្រះអង្គមា្ចស់នរោត្តម រណឫទ្ធិ ត្រូវបានបណ្តេញចេញពីជួររដ្ឋាភិបាល។ ក្រោយពីបានសាកកម្លាំងប្រដាប់អាវុធចំនួនពីរថ្ងៃ យ៉ាងតិចមានកងទ័ពដែលស្មោះត្រង់នឹងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចាប់ពីថ្នាក់ឧត្តមសេនីយ៍រហូតដល់ពលទាហានប្រមាណជាង១០០នាក់បានស្លាប់បាត់បង់ជីវិតនិងបានបាត់ខ្លួន។
លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ក៏បានចោទទង្វើរបស់គណបក្សកាន់អំណាចនាពេលថ្មីៗនេះ គឺ «ឈានទៅដល់ការបញ្ចប់តួនាទីរបស់គណបក្សប្រឆាំងតែមួយគត់ ដែលមានអាសនៈក្នុងរដ្ឋសភា ហើយបង្ហាញថាប្រទេសកម្ពុជា បានវិលត្រឡប់ទៅរកប្រព័ន្ធបក្សតែមួយ ដូចមុនថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១» ពេលដែលគណបក្ស កាន់អំណាចរបស់លោក ហ៊ុន សែនគ្រប់គ្រងប្រទេសក្រោយពេលការដួលរលំរបស់ ពួកខ្មែរក្រហម។
លោក សុខ ឦសាន្ត អ្នកនាំពាក្យរបស់គណបក្សកាន់របស់ របស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលការលើកឡើងនេះ ដោយថាការចាប់សមាជិកព្រឹទ្ធសភារបស់គណបក្សជំទាស់ គឺជារឿងក្លែងបន្លំឯកសារ តាមច្បាប់កម្ពុជា ការប្រើអំពើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិគឺមិនទាក់ទងនឹងរឿងនយោបាយឬការធ្វើបាតុកម្មប្រឆាំងនឹងលោក កឹម សុខា នោះទេ។ ឯការទម្លាក់លោក កឹម សុខាអនុប្រធានគណបក្សជំទាស់គឺស្របតាមច្បាប់ និងការប្រព្រឹត្តិខុសរបស់លោកដែលយកតួនាទីរបស់រដ្ឋសភាទៅញុះញង់ឲ្យមានការផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន។
លោក សុខ ឦសាន្តបន្តថា៖ «រដ្ឋប្រហារហ្នឹងទាល់តែយើងប្រព្រឹត្តខុសពីរដ្ឋធម្មនុញ្ញ ដូចជាបញ្ហាប្រកាសផ្សាយ ពីការបញ្ចប់សិទ្ធិនិងបុព្វសិទ្ធ ក៏ដូចជាសមាជិកភាពរបស់គាត់ពីរដ្ឋសភារបស់គាត់ពីតំណាងរាស្ត្រហ្នឹងគឺថាគណៈកម្មាធិការអចិន្ត្រៃយ៍ដែលជាអង្គការកំពូលរបស់រដ្ឋសភាហ្នឹង លោកបានធ្វើការប្រជុំពិភាក្សាគ្នាត្រឹមត្រូវ ទី១ផ្អែកលើរដ្ឋធម្មនុញ្ញ ទី២ផ្អែកលើបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និងទី៣ផ្អែកទៅលើច្បាប់ស្តីពីលក្ខខណ្ឌនៃតំណាងរាស្ត្រ»។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «អញ្ចឹងហើយ ខ្ញុំយល់ថាហ្អាហ្នឹងជាចរិតធម្មតារបស់ឯកឧត្ដម សម រង្ស៊ីទៅហើយ។ យើងមិនគួរចាប់អារម្មណ៍អីខ្លាំងក្លានោះទេ ចរិតគាត់តែប៉ុណ្ណឹង។ អញ្ចឹងបានសម្តេចតេជោ ហ៊ុន សែន ថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ មិនឆ្ងាយពីគល់ហ្នឹងគឺមិនជ្រុះឆ្ងាយពីលោក សម សារីដែលជាឪពុកគាត់ហ្នឹង»។
លោកបណ្ឌិត Paul Chambers សាស្ត្រាចារ្យផ្នែកនយោបាយនៃប្រទេសអាស៊ីអាគ្នេយ៍ របស់សាកលវិទ្យាល័យឈៀងម៉ៃ ប្រទេសថៃយល់ទង្វើថ្មីៗរបស់រដ្ឋបាលលោក ហ៊ុន សែន មុនពេលបោះឆ្នោត ឃុំ សង្កាត់ នាឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០១៨ខាងមុខ គឺជាដំណើរទៅរកឯកបក្សរបស់ប្រទេសកម្ពុជា ដែលលោក ហ៊ុន សែន និងក្លាយដូចជាលោក Robert Mugabe ប្រធានាធិបតីនៃប្រទេស Zimbabwe ក្នុងទ្វីបអាហ្រ្វិកដែលកាន់អំណាចចាប់តាំងពីឆ្នាំ១៩៨៧មកនោះ។
លោក Paul Chambers បានសរសេរក្នុងសារអេឡិកត្រូឡិកឬអ៊ីមែលមកកាន់ VOA យ៉ាងដូច្នេះថា៖ «ខ្ញុំយល់ស្របដែរថា ប្រសិនបើ គណបក្សប្រជាជនកម្ពុជា ចង់បំបែកគណបក្សសង្គ្រោះជាតិ និង កម្ទេចថ្នាក់ដឹកនាំ ដើម្បីធានាឲ្យបាននូវជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានាការបោះឆ្នោត២០១៨។ វារឹតតែច្បាស់ថា លោក ហ៊ុន សែន ដូចជាលោក Robert Mugabe ក្នុងទ្វីបអាស៊ីអាគ្នេយ៍ យ៉ាងដូច្នេះដែរ»។
នយោបាយក្នុងប្រទេសកម្ពុជាបានប្រឈមនឹងភាពតានតឹងសារថ្មីបន្ទាប់ពីមានការចាប់ឃុំខ្លួននិងកាត់ទោសសកម្មជននិងសមាជិកព្រឹទ្ធសភាមកពីគណបក្សជំទាស់ការវាយប្រហារលើតំណាងរាស្ត្របក្សសង្គ្រោះជាតិ និង ការបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីអនុប្រធានទី១នៃរដ្ឋសភា ការចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនិងដករូបលោក ចេញពីរដ្ឋសភាជាដើម។ ដែលធ្វើឲ្យមានការរិះគន់ខ្លាំងៗនិងក្តីបារម្ភពីអង្គការសង្គមស៊ីវិល ស្ថានទូតនានាក្នុងប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិ អំពីដំណើរការប្រជាធិបតេយ្យក្នុងប្រទេសដ៏ក្រីក្រនេះ៕