លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញដល់គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបន្តកិច្ចសហប្រតិបត្តិការ ពិភាក្សា ហើយនឹងលើកទឹកចិត្តដល់តួអង្គនយោបាយទាំងអស់ឲ្យចៀសវាងនូវអំពើហិង្សា ការគំរាមកំហែង ហើយនិងការយាយី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអគ្គលេខាធិការអ.ស.ប.ដែលចេញផ្សាយកាលពីថ្ងៃអង្គារ។
លោក បាន គីមូនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា ៖ «កិច្ចពិភាក្សាប្រកបដោយបរិយាកាសគ្មានការគំរាមកំហែងគឺជារឿងចាំបាច់សម្រាប់ស្ថិរភាពនយោបាយនិងសង្គមសន្តិភាព»។
អ្នកនាំពាក្យអគ្គលេខាធិការអ.ស.ប.បានថ្លែងថា៖ «លោកអគ្គលេខាធិការអ.ស.ប. បាន គីមូន (Ban Ki-moon) កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះកំណើននៃភាពតានតឹងរវាងគណបក្សគ្រប់គ្រងប្រទេសនិងគណបក្សជំទាស់ក្នុងប្រទេសកម្ពុជា។ ការចេញដីកាចាប់ខ្លួនប្រឆាំងនឹងលោក សម រង្ស៊ី ប្រធានគណបក្សជំទាស់កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ហើយនឹងព្រឹត្តិការណ៍ថ្មីៗប្រឆាំងនឹងក្រុមសមាជិកសភានិងអ្នកដឹកនាំ គឺជាការវិវត្តន៍ប្រកបដោយក្តីបារម្ភ។»
សេចក្តីថ្លែងការណ៍របស់អ.ស.ប.នេះកើតឡើងក្រោយពេលក្រុមជំទាស់រងការវាយប្រហារផ្ទួនៗរាប់ទាំងការដកអភ័យឯកសិទ្ធិសភា លោក សម រង្ស៊ី និងដីកាចាប់ខ្លួន ការវាយអ្នកតំណាងរាស្ត្រ ការដកតួនាទីលោក កឹម សុខា ពីអនុប្រធានសភា ការចាប់ខ្លួនព្រឹទ្ធសភាម្នាក់នៃក្រុមប្រឆាំងគឺ លោក ហុង សុខហួរ ដាក់គុកជាដើម។
លោក សុខ ឦសាន្ត អ្នកនាំពាក្យគណបក្សកាន់អំណាច ស្នើសុំឲ្យលោក បាន គីមូន ពិចារណានិងសិក្សាសំណុំរឿងនេះឡើងវិញ ដោយលើកឡើងថា នេះជារឿងបុគ្គលរវាងលោក សម រង្ស៉ី និងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មិនមែនជាប់ពាក់ព័ន្ធគណបក្សនយោបាយឬ រដ្ឋាភិបាលជាអ្នកបង្កើតទេ។ ហើយលោកបញ្ជាក់ថា នេះមិនមែនជារឿងគំរាមកំហែងនោះទេ តែនេះជារឿងរបស់តុលាការ។
«បាទសុំឲ្យគាត់សិក្សាសំណុំរឿងឡើងវិញ កុំឲ្យគាត់មើលពីខាងក្រៅមករួមៗ ព្រោះ យើងបានកំណត់ហើយថា យើងចង់កសាងវប្បធម៌សន្ទនា។ មានតែវប្បធម៌សន្ទនាទេ ដែលខ្មែរយើងអាចរកការស្រុះស្រួលគ្នាបាន។ ក៏ប៉ុន្តែការដែលយើងអនុវត្តនូវវប្បធម៌សន្ទនានេះ មិនត្រូវយកវប្បធម៌សន្ទនាមកគ្របលើផ្លូវច្បាប់របស់តុលាការទេ បើមិនដូច្នោះទេ យើងអាចនឹងត្រូវគេវាយតម្លៃថា ជ្រៀតជ្រែកចូលក្នុងការងារតុលាការ»។
កាលពីថ្ងៃសុក្រកន្លងទៅ តុលាការក្រុងភ្នំពេញបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ពីបទ«បរិហារកេរិ៍្តជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង» នាខែមេសាឆ្នាំ២០០៨ ពេលដែលលោកលើកឡើងថា លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស មានពាក់ព័ន្ធនឹងពួកខ្មែរក្រហមបឹងត្របែក។ ការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី គឺធ្វើឡើងមិនប៉ុន្មានថ្ងៃផង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាងបីទសវត្សរ៍ គំរាមប្រើប្រាស់ប្រព័ន្ធតុលាការប្រឆាំងនឹងប្រធានគណបក្សជំទាស់រូបនេះ ដែលបានថ្លែងនាប្រទេសជប៉ុនថា រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាមានចេតនាបង្អាក់មិនឲ្យមានការបោះឆ្នោតនាឆ្នាំ២០១៨ខាងមុខ។ រឿងរ៉ាវទាំងនេះបានធ្វើឲ្យមានការរិះគន់ពីអង្គការអន្តរជាតិ រួមទាំងប្រតិកម្មរបស់លោកអគ្គលេខាធិការអសប។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់នៃគណបក្សជំទាស់បានថ្លែងថាប្រតិកម្មរបស់លោក បាន គីមូនជារឿងសមរម្យដូចមតិជាតិនិងអន្តរជាតិដែរ។
«ខ្ញុំបានឃើញហើយនូវអ្វីដែលអគ្គលេខាធិការអសបលោកបាន គីមូនបានចេញហ្នឹង។ ហើយអ្វីដែលជាការព្រួយបារម្ភរបស់អគ្គលេខាធិការអសបក៏ដូចជាការព្រួយបារម្ភរបស់មតិជាតិនិងអន្តរជាតិដែរ។អញ្ចឹងហើយយើងមើលឃើញថាគណបក្សកាន់ អំណាចហ្នឹងគួតែពិនិត្យពិចារណារឿងហ្នឹងទៅព្រោះវាមិនមែនជាផលចំណេញ សម្រាប់អ្នកណាទេគឺ កាលណាយើងនៅតែបណ្តោយឲ្យស្ថានការណ៍ក្តៅតទៅមុខទៀតគឺប្រទេសជាតិនឹងខាត»។
ក្រុមមន្ត្រីគណបក្សជំទាស់បានអះអាងថា ខ្លួនត្រៀមចរចាជាមួយគណបក្សគ្រប់គ្រង ប្រទេសដើម្បីដោះស្រាយស្ថានការណ៍។ ហើយក្រុមមន្ត្រីអង្គការសិទ្ធិមនុស្សដែល តាមឃ្លាំមើលស្ថានការណ៍វិវត្តន៍នៅកម្ពុជាមានការទទូចថាគណបក្សនយោបាយគួរ ជជែកនិងបញ្ឈប់ការវាយប្រហារគ្នា។
លោកស្រី ស្រី សុធាវី ប្រធានក្រុមការងារដើម្បីដោះស្រាយទំនាស់ បានថ្លែងថា មេដឹកនាំគណបក្សទាំងពីរត្រូវដោះស្រាយគ្នាដោយសន្តិវិធីដើម្បីផលប្រយោជន៍ជាតិជាធំ ហើយចៀសវាងការវាយប្រហារគ្នា ដែលឥតប្រយោជន៍។
«បើសិនជានៅតែមានទំនាស់ ការវាយបក ការប្រើនយោបាយវាយប្រហារគ្នាដោយពាក្យសម្តី ដោយកម្លាំងនៃអ្នកគាំទ្រ ដោយការធ្វើបាតុកម្មអីហ្នឹង ប្រហែលជាដូចជាមិនមានប្រយោជន៍អ្វីដល់សង្គមជាតិទេ។ អញ្ចឹង ជាសំណូមពរពីអង្គការសង្គមស៊ីវិលក្តី ចង់ឲ្យប្រមុខរាជរដ្ឋាភិបាលយើងហ្នឹង ចង់ឲ្យប្រមុខរដ្ឋាភិបាលជួបគ្នា រកដំណោះស្រាយរួមមួយ ដោះស្រាយ បញ្ហារួមគ្នា ព្រោះមានបញ្ហាជាតិច្រើនផ្សេងៗទៀត។ អញ្ចឹងសូមឲ្យគិតគូរពីផលប្រយោជន៍រាស្ត្រជាធំ»។
គណបក្សសង្គ្រោះជាតិគឺជាដៃគូប្រកួតប្រជែងនយោបាយដ៏សំខាន់សម្រាប់គណបក្សគ្រប់ គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០១៧ និង ឆ្នាំ ២០១៨ សម្រាប់ការបោះឆ្នោតជាតិខាងមុខ៕
អានសេចក្តីថ្លែងការណ៍របស់អ.ស.ប.៖