សភាសហភាពអឺរ៉ុបបានអនុម័តសេចក្តីសម្រេចចិត្តមួយកាលពីថ្ងៃព្រហស្បតិ៍សម្តែងការព្រួយបារម្ភពីបរិយាកាសនយោបាយក្នុងប្រទេសកម្ពុជានិងស្នើសុំឱ្យរដ្ឋសភាកម្ពុជាផ្តល់អភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្តដល់ប្រធានគណបក្សប្រឆាំងក៏ដូចជាស្នើឱ្យបញ្ចប់ដីកាចាប់ខ្លួនផងដែរ។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា៖
«សេចក្តីសម្រេចនៃសភាអឺរ៉ុបថ្ងៃនេះគឺគាំទ្រឱ្យតុលាការកម្ពុជាយើងបញ្ចប់នូវការចាប់ខ្លួនហើយនឹងការចោទប្រកាន់ទាំងឡាយជាពិសេសលោកប្រធាន សម រង្ស៊ី និងតំណាងរាស្រ្តឬមួយសកម្មជននៃគណបក្សប្រឆាំង។ ទីពីរសុំឱ្យសភារបស់យើងផ្តល់មកវិញនូវអភ័យឯកសិទ្ធិជាតំណាងរាស្រ្តជូនទៅដល់លោកប្រធាន សម រង្ស៊ី»។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានរដ្ឋសភាដែលមានតែអ្នកតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាសម្រេចលុបចោលអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្រ្តកាលពីថ្ងៃទី១៦ ខែវិច្ឆិកាដើម្បីឱ្យប្រឈមមុខនឹងទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំក្នុងសំណុំរឿងបរិហារកេរ្តិ៍ដែលលោកបានថ្លែងថាលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានឃុបឃិតជាមួយនឹងក្រុមខ្មែរក្រហមពេលដែលលោកនៅជាប់ក្នុងពន្ធនាគារបឹងត្របែក។
សូមចុចស្តាប់លោកស្រី មូរ សុខហួរ ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍៖
លោក GAMBINI Umberto សមាជិកសភាសហគមន៍អឺរ៉ុបដែលមកពីប្រទេសអេស្ប៉ាញបានឡើងថ្លែងក្រោយពីការអនុម័តនោះថា៖
«ជាថ្មីម្តងទៀតគឺសាររបស់យើងច្បាស់លាស់ណាស់គឺរដ្ឋាភិបាលរបស់លោកហ៊ុន សែនត្រូវតែបញ្ចប់ការគាបសង្កត់នយោបាយមកលើគណបក្សប្រឆាំងហើយងាកត្រឡប់មកគោរពនីតិរដ្ឋនិងលទ្ធិប្រជាធិបតេយ្យ។ នេះមិនមែនជាលើកទីមួយទេដែលសភាយើងថ្កោលទោសការប្រព្រឹត្តិដូចនេះ។ យើងក៏អំពាវនាវឱ្យសហគមន៍ អឺរ៉ុបបញ្ឈប់រាល់ការធ្វើការងារដោយធម្មតាជាមួយនឹងប្រទេសកម្ពុជា។ ខ្ញុំសូមរំលឹកលោកថាសហគមន៍ អឺរ៉ុបគឺជាម្ចាស់ជំនួយដ៏ធំជាងគេបំផុតទៅប្រទេសកម្ពុជា។ យើងអំពាវនាវដល់រដ្ឋាភិបាលលោកហ៊ុន សែនឱ្យផ្តល់អភ័យឯកសិទ្ធិសភាដល់លោក សម រង្ស៊ី ជាបន្ទាន់។ អីចឹងហើយបានជាខ្ញុំសប្បាយចិត្តណាស់ដែលយើងអនុម័តសេចក្តី សម្រេចនេះ នៅថ្ងៃនេះ។ សូមអរគុណច្រើនលោក សម រង្ស៊ី។ លោកគឺជាគំរូសម្រាប់យើងទាំងអស់គ្នា។ លទ្ធិប្រជាធិបតេយ្យនិងអហិង្សានឹងឈ្នះ»។
សេចក្តីសម្រេចនោះក៏បានស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតឱ្យបានពេញលេញនិងមិនលម្អៀងចំពោះការវាយដំច្រំធាក់លើអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងចំនួនពីរនាក់ផងដែរហើយការស៊ើបអង្កេតនោះត្រូវមានការចូលរួមដោយអង្គការសហប្រជាជាតិ។ នេះបើតាមសេចក្តីសម្រេចដែលបានដាក់ផ្សាយតាមគេហទំព័ររបស់សភាសហភាពអឺរ៉ុប។
អ្នកតំណាងរាស្រ្តទាំងពីររូបគឺលោកញ៉យ ចំរើននិងលោក គង់ សភា ត្រូវបានក្រុមជនល្មើសវាយដំច្រំធាក់នៅក្នុងបរិវេណរដ្ឋសភាជាតិកាលពីចុងខែតុលាបន្ទាប់ពីមានបាតុកម្មទាមទារឱ្យដកលោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភាជាតិ។
រហូតមកដល់ពេលនេះមានជនដៃដល់តែបីនាក់ទេបានចេញមកសារភាពហើយអាជ្ញាធរអះអាងថាគេនៅបន្តការស៊ើបអង្កេតលើសំណុំរឿងនេះនៅឡើយ។
លោកញ៉យ ចំរើន បានបញ្ជាក់ប្រាប់ VOA ក្នុងបទ សម្ភាសន៍ពិសេសទាមទារឱ្យរកអ្នកដែលនៅ ពីក្រោយខ្នងនៃអំពើហិង្សានេះ។
«ការណ៍ដែលចាប់បីនាក់រហូតមកដល់ពេលនេះមិនទាន់សមទេដោយសារតែ អ្នកដែលធ្វើទុក្ខបុក្ខម្នេញ អ្នកដែលវាយប្រហារឃោរឃៅមកលើខ្ញុំមានចំនួនច្រើនហើយបើមើលមែនទែនគឺបីនាក់នោះ មិនមែនចាប់ទៀតគឺ ចូលមកសារភាពខ្លួនឯងទេ។ អីចឹងគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេចង់ឃើញការដែលអាជ្ញាធរបន្តចាប់ខ្លួនអ្នកដៃដល់ថែមទៀត»។
អ្នកតំណាងរាស្រ្តទាំងពីររូបបានសម្រាកព្យាបាលរបួសក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសថៃអស់រយៈពេលជិតមួយខែហើយមុខរបួសនៅមិនទាន់ជាសះស្បើយនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់លោក ញ៉យ ចំរើន។
ការប្រជុំសម្រេចរបស់សភាសហភាពអឺរ៉ុបកើតមានឡើងបន្ទាប់ពីមានប្រតិកម្មជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិនិងសមាជិកព្រឹទ្ធសភាអូស្រ្តាលីដែលសម្តែងការព្រួយបារម្ភពីស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាហើយស្នើសុំឱ្យមេដឹកនាំគណបក្សទាំងពីរងាកមករកតុចរចាឡើងវិញដើម្បីបន្ធូរបន្ថយស្ថានភាពតឹងតែងនេះ។
នៅក្នុងការផ្តល់សក្ខីកម្មដល់ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុនក្រសួងការបរទេសសហរដ្ឋអាមេរិកចាត់ទុកប្រទេសកម្ពុជាក្នុងចំណោមប្រទេសដែលដើរថយក្រោយខាងលទ្ធិប្រជាធិបតេយ្យហើយយល់ថាការបោះឆ្នោតក្នុងពេលខាងមុខនឹងមិនមានលក្ខណៈសេរីនិងយុត្តិធម៌ទេហើយអាចនឹងឈានដល់អំពើហិង្សាដោយសារតែការធ្វើទុក្ខបុកម្នេញអ្នកនយោបាយគណបក្សប្រឆាំង។
លោក សម រង្ស៊ី ក៏កំពុងត្រូវតុលាការកោះហៅឱ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី៤ ខែធ្នូទាក់ទងនឹងសំណុំរឿងផ្សាយឯកសារព្រំដែនក្លែងក្លាយដែលលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ីបានផ្សាយតាមគេហទំព័រហ្វេសប៊ុករបស់លោក៕