ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​រោង​ចក្រ​ពន្យារ​ការ​ចូល​ធ្វើ​ការ​ក្រោយ​ចូលឆ្នាំ


អ្នក​ភូម​ធ្វើ​ពិធី​សម្អាងភ្នំ​នៅ​វត្ត​មួយ​ឯ​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៤។
អ្នក​ភូម​ធ្វើ​ពិធី​សម្អាងភ្នំ​នៅ​វត្ត​មួយ​ឯ​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៤។
រហូត​មក​ដល់​ថ្ងៃ​សុក្រ​ទី ១៨​ ខែ មេសា​នេះ​ រោង​ចក្រ​កាត់​ដេរ​ភាគ​ច្រើន​នៅ​តាម​តំបន់ឧស្សាហកម្ម​សំខាន់ៗ​ក្នុង​ក្រុង​ភ្នំពេញនៅ​បន្ត​បិទ​ទ្វារ​នៅ​ឡើយ​ខណៈ​ដែល​កម្មករ​រោងចក្រ​ជា​ច្រើន​ទើប​តែ​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​ស្រុក​កំណើត​វិញ​ក្រោយ​ពី​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។

ការ​នៅ​មិន​ទាន់​ចូល​ធ្វើ​ការ​ដូច​ធម្មតា​របស់​កម្មករ​រោង​ចក្រ​កើត​មាន​ឡើង​ស្រប​ពេល​ដែល​ សម្ព័ន្ធ​សហជីពកាត់​ដេរ​ធំៗ​ទាំង​ប្រាំបី​នៅ​កម្ពុជា​បានអំពាវ​នាវ​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ​ ចាប់​ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី ២១ ខែ មេសា។ ការ​ធ្វើ​កូដកម្ម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ទាមទារ​ការ​តំឡើង​ប្រាក់​ឈ្នួល​ឲ្យ​បាន​ទាប​បំផុត​ចំនួន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ។ ការ​ទាមទារ​នេះ​បាន​ខកខាន​ក្រោយ​ពី​មាន​ការ​បង្រ្កាប​យ៉ាង​ហិង្សា​ពី​រដ្ឋា​ភិបាល​កាល​ពី​ដើម​ឆ្នាំ​នេះ។

តំណាង​សហជីពនិង​មន្ត្រី​ក្រសួង​ការងារបាន​ពន្យល់​ហេតុ​ផល​រៀងៗ​ខ្លួន​ពី​ការ​យឺតយ៉ាង​ក្នុង​ការ​ចូល​ធ្វើ​ការ​តាម​រោងចក្រ​របស់​កម្មករ។

លោក ជា​ មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាសង្កេត​ឃើញ​ថា រោង​ចក្រ​មួយ​ចំនួន​បាន​បន្ត​បិទ​ទ្វារដោយសារ​កម្មករ​ធ្វើ​ពហិការ។

«ឃើញ​ថា​មាន​រោង​ចក្រ​បិទ​ទ្វា​ច្រើន​តែ​ម្តង។ ជា​ធម្មតា​គាត់​ត្រូវ​ចូល​ធ្វើ​ការ​តាំង​ពី​ថ្ងៃទី ១៧​ តែ​ឥឡូវ​ថ្ងៃ​១៧​ក៏អត់​ធ្វើ​ ថ្ងៃទី ១៨ ក៏​អត់​ធ្វើ។ គាត់​ធ្វើ​ពហិការ​ដល់​ថ្ងៃ​ទី​២១។ បើ​គាត់​ឥត​ធ្វើ​ពហិការ​ គាត់​មក​ចូល​ធ្វើ​ការ​តាំង​ពី​ថ្ងៃទី​៧​មេសា​បាត់​ទៅ​ហើយ»។

លោក ជា​ មុន្នី អះ​អាង​ថា ការ​ធ្វើ​កូដកម្ម​នេះ​មិន​ត្រឹម​តែ​ដើម្បី​ទាមទារ​ការ​តំឡើង​ប្រាក់​ខែ​នោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះលែង​លោក វន់​ ពៅ​ ប្រធាន​សមាគម​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​និង​កម្មករ​២០​នាក់​ទៀត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​របស់​ក្រុម​កម្មករ​កាល​ពី​ដើម​ខែ​មករា។

លោក អាត់​ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា​បន្ថែម​ថា ជាង​៨០%​នៃ​កម្មករ​រោង​ចក្រ​មិន​បាន​ចូល​ធ្វើ​ការ​ទេ​កាល​ពី​ម្សិលម៉ិញហើយ​សម្រាប់​ថ្ងៃទី​ពី​រនេះ ចំនួន​កម្មករ​ដែល​មិន​ទាន់​បាន​ចូល​ធ្វើ​ការ​មាន​ជាង​៥០%។

«បើ​យើង​មើល​ថ្ងៃ​ទី​១ ចំនួន​វា​ច្រើន​មែន​ទែន។ ចាប់​ផ្តើម​បន្ត​បន្ទាប់​ទៀត យើង​គិត​ថា​ចំនួន​ហ្នឹង​ក៏​នៅ​តែ​ច្រើន​ជាង​៥០%​ដែរ»។

កម្មករ​រោង​ចក្រ​នៅ​កម្ពុជា​មាន​ចំនួន​ប្រមាណ​ជាង​៦០​ម៉ឺន​នាក់។ កម្មករ​មួយ​ចំនួន​បាន​ប្រាប់​វីអូអេ​ថា រោង​ចក្រ​មួយ​ចំនួន​បាន​កំណត់​ថ្ងៃ​ចូល​ធ្វើ​ការ​នៅ​សប្តាហ៍​ក្រោយ។

កំពុង​ជញ្ជូន​ឥវ៉ាន់​ចេញពី​រថយន្ត​ឈ្នួល​ពី​ខេត្ត​កំពង់ស្ពឺ​ អ្នក​ស្រី​ ភា ឡី កម្ម​រោង​ចក្រ​មួយ​នៅ​ម្តុំ​សួន​ឧស្សាហ៍កម្ម​កាណាឌីយ៉ា​ថ្លែង​ថា រោងចក្រ​របស់​គាត់​ចាប់​ដំណើរ​ការ​វិញ​នៅ​ថ្ងៃ​ទី​២១។ គាត់​បាន​ដឹង​ខ្លះ​ដែរ​ពី​ការ​ប្រកាស​ឲ្យ​កម្ម​ករ​ធ្វើ​កូដ្ឋកម្ម។

«រោងចក្រ​របស់​ខ្លុំ​តាម​ពិត​ចូល​ធ្វើ​ការ​នៅ​ថ្ងៃ​ទី​២១។ ខ្ញុំ​មក​ចង់​សម្រាក់​មុន​ពីរ​ថ្ងៃ។ រោងចក្រ​ដ៏ទៃ​ទៀត​ចូល​ធ្វើ​ការ​ថ្ងៃ​ទី​១៨។ អញ្ចឹង​ឈប់​សរុប​ប្រាំបួន​ថ្ងៃ​ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​២១»។

លោក​ ប៉ូ​ វ៉ាន់ ប្រធាន​សហ​ជីព​កម្មករ​តាម​មូលដ្ឋាន​ប្រចាំ​នៅ​តំបន់​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ថ្លែង​ថា រោង​ចក្រ​កាត់​ដេរ​ធំៗ​នៅ​បន្ត​បិទ​ទ្វារ​នៅ​ឡើយ។ លោក​ពន្យល់ថា កម្ម​ករ​នៅ​រោង​ចក្រ​ខ្លះ​បាន​ធ្វើ​ពហិការ។

«ពីព្រោះ​វា​ឥត់​ទាន់​ដល់​ថ្ងៃចូល​របស់​វា។ អ្នក​ខ្លះ​ទៀត​គេ​ធ្វើ​តាម​សហជីព​ធ្វើ​កូដកម្ម។ អត់​ទេ​រោងចក្រ​មួយ​ចំនួន​ឈប់​បាន​បី​ថ្ងៃ​រោងចក្រ​ខ្លះទៀត​គេ​ឈប់​ច្រើន​ថ្ងៃ​រហូត​ដល់​១សប្តាហ៍»។

លោក ប៉ូ វ៉ាន់ បន្ថែម​ទៀត​ថា ច្បាប់​នៅ​កម្ពុជា​ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​ម្ចាស់​រោងចក្រ​នៅ​កម្ពុជា​មិន​អាច​តំឡើង​ប្រាក់​ខែ​ដល់​កម្មករ។​

«ម្ចាស់​រោង​ចក្រ​ខ្លះ​គេ​ថា គេចាំ​តែ​ឲ្យ​ដូច​ម្ចាស់​រោង​ចក្រ​របស់ខ្ញុំ​ហ្នឹង។ គេ​ថា​ឲ្យ​កម្មករ​១២០​ដុល្លារ​ទៅ​ពី​ព្រោះ​កម្មករ​ជា​អ្នក​រក​លុយ​ឲ្យ​គេ​ទេ។ ធ្វើ​ម៉េច​ច្បាប់​នៅ​ស្រុក​ខ្មែរ​យើង។ គេ​មក​រក​ស៊ី​នៅ​ស្រុក​យើង​គេ​ត្រូវ​តែ​ធ្វើ​តាម​ចឹង​ហើយ»។

លោក​ ហេង សួរ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការងារថ្លែង​ថា ការ​យឺត​យ៉ាវ​របស់​កម្មករ​ក្នុង​ការ​ចូល​ធ្វើ​ការតាម​រោង​ចក្រ​ជា​រឿង​ធម្មតា​ ហើយទុក​ការ​អំពាវ​នាវ​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​របស់​សហជីព​គ្រាន់​ជា​ការ​ឆ្លៀត​ឱកាស។

«ចង់​និយាយ​ថា ទោះ​បី​ជា​មិ​ន​មាន​ប្រកាស​របស់​សហជីព ក៏​កម្មករ​រោង​ចក្រ​ជាទូទៅ​តែ​មាន​ទម្លាប់​ឈប់​បែប​នោះ​ដោយ​មាន​ការ​ព្រម​ព្រាង​រវាង​កម្មករ​នយោជិក​ និង​ថៅកែ»។​

វីអូអេ​មិន​អា​ចស្នើរ​សុំ​សេចក្តី​អធិប្បាយ​ពី​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ៕
XS
SM
MD
LG