ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​ក្រសួង​មហាផ្ទៃ​​ភ្ជាប់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​នឹង​បាតុកម្ម​ខុស​ច្បាប់​របស់​កម្មករ


កម្មករ​រោងចក្រ​ចោល​ដុំ​ថ្ម​ដាក់​ក្រុម​សមត្ថកិច្ច​បង្ក្រាប​កុប្បកម្ម​នៅ​ជិត​រោងចក្រ​មួយ​តាម​ផ្លូវ​វ៉េងស្រេង​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៤។
កម្មករ​រោងចក្រ​ចោល​ដុំ​ថ្ម​ដាក់​ក្រុម​សមត្ថកិច្ច​បង្ក្រាប​កុប្បកម្ម​នៅ​ជិត​រោងចក្រ​មួយ​តាម​ផ្លូវ​វ៉េងស្រេង​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៤។
ក្រសួង​មហាផ្ទៃ​មិន​មាន​គម្រោង​ប្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ទោះ​បី​ជា​ខ្លួន​បាន​ចោទ​ប្រកាន់គណបក្ស​នេះ​ថា​ ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ការ​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់​របស់​ក្រុម​កម្មករ​ក្នុង​គោល​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ក៏​ដោយ។​ នេះ​បើ​តាម​លោក​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ។

«មិន​ទាន់​មាន​ពាក្យ​ប្តឹង​ទេ​ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ ឯកសារ​នេះ​នឹង​អាច​ក្លាយ​ជា​វត្ថុ​តាង​ដើម្បី​ឱ្យ​តុលាការ​ផ្តោត​សម្រាប់​ធ្វើ​ការ​វិនិច្ឆ័យ​ចំពោះ​អំពើ​ទាំង​ឡាយ​ណា ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់​ តាំង​ពី​ក្រោយ​ថ្ងៃ​បោះឆ្នោត»។​

លោក​ខៀវ សុភ័គ​បាន​អះអាង​យ៉ាង​ដូច្នេះ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​របាយ​ការណ៍​មួយកាលពី​ថ្ងៃ​ទី​២៦​ខែមិនា​ ដោយ​បាន​ទម្លាក់​កំហុស​ទាំង​ស្រុង​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មេដឹកនាំ​សហជីព​ជា​សម្ព័ន្ធ​សម្រាប់​ការ​ធ្វើ​បាតុកម្ម​ដោយ​ខុស​ច្បាប់​របស់​ក្រុម​កម្មករ​ចាប់​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៣​រហូតនាំ​ឱ្យ​មាន​ការ​បង្ក្រាបរបស់​ក្រុម​សមត្ថ​កិច្ច។​

ក្រសួង​មហាផ្ទៃ​ប៉ាន់​ប្រមាណ​ថា​ បាតុកម្ម​របស់​កម្មករ​រោងចក្រ​ចាប់​ពី​ខែ​ធ្នូ​បាននាំ​ឱ្យ​មាន​ការ​ខាត​បង់​ទឹកប្រាក់​ជាង​៧២​លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ​ទឹក​ប្រាក់​ប្រមាណ​២៥០.០០០​ដុល្លារ​ជា​ការ​ខាត​បង់​ចំពោះ​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ ​និង​ឯកជន​នៅ​រាជធានី​ភ្នំពេញ។​

គួរ​រំឭក​ថា​ ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​ហ្វូង​បាតុករ​ជា​កម្មករ​រោងចក្រ​ដែល​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​កាល​ពី​ដើម​ខែ​មករា​ បាន​នាំ​ឱ្យ​មនុស្ស​ចន្លោះ​ពី​៤​ទៅ​៥​នាក់​បាន​ស្លាប់ ​របួស​៣៩​នាក់ និង​ឃាត់​ខ្លួន​ចំនួន​២៣​នាក់។​

ការ​បង្ក្រាប​នេះ​នាំ​មាន​ការ​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់​ និង​ភ្លាមៗពី​គណបក្ស​ប្រឆាំង​ សង្គម​ស៊ីវិល ​និង​សហគមន៍​អន្តរជាតិ ​ដោយ​ទាមទារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​មួយ​ចំពោះ​ការ​បាញ់​បង្ក្រាប​ដ៏​ហិង្សា​នេះ។ ​ការ​ដាក់​សម្ពាធ​នេះ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បង្កើត​គណៈ​កម្មការ​ចំនួន​បី​ដោយ​ខ្លួន​ឯង​ដើម្បី​ស៊ើប​អង្កេត​លើ​ឧបទ្ទវហេតុ​នេះ​ ក្នុង​នោះ​រួម​ទាំង​គណៈ​កម្មការ​ដឹកនាំ​ដោយ​ក្រសួង​មហា​ផ្ទៃ​ផង​ដែរ។​

លោកស្រីមូរ សុខហួរ ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ បាន​ច្រាន​ចោល​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ ដោយលើកឡើង​ថា​ លម្អៀង​និង​គ្មាន​តម្លាភាព។​

«ខ្ញុំ​និង​ប្រជា​ពលរដ្ឋ​ទាំង​មូល​សូម​សួរ​ថា​ សមាសភាព​នៃ​គណៈ​កម្មការ​សិក្សា​ស្រាវជ្រាវ​ហ្នឹង​ជា​នរណា? ​ប្រសិន​បើ​សមាសភាព​ចេញ​មក​ពី​ក្រសួង​មហាផ្ទៃ ​ឬ​រដ្ឋាភិបាល​ទាំង​ស្រុង ​អត់​មាន​អ្នក​ឯករាជ្យ ​អ្នក​ឯកទេស​ចូល​ទេ​នោះ ​នោះ​មាន​ន័យ​ថា​ អ្នក​ប្រព្រឹត្ត ​អ្នក​ប្រើ​អំពើ​ហិង្សា​សម្លាប់​ប្រជា​ពលរដ្ឋ ​ស៊ើប​អង្កេត​ដោយ​អ្នក​ដដែល​ហ្នឹង។ អញ្ចឹង​មាន​ន័យ​ថា​ ចោរ​ស៊ើប​អង្កេត​ចោរ»។​

លោកស្រី​មូរ សុខហួរ​អត្ថាធិប្បាយ​បន្ថែម​ថា​ ការ​គម្រាម​ និង​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​មហា​ផ្ទៃ​មិន​អាច​ដាក់​សម្ពាធ​លើ​គណបក្ស​លោកស្រី​ដើម្បី​គណបក្ស​នេះ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​បាន​ទេ។ ​ហើយ​លោកស្រី​នៅ​តែ​ទាមទារ​ឱ្យ​មាន​ការ​ស្រាវជ្រាវ​ដោយ​ស្ថាប័ន​ឯករាជ្យ ​និង​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ៕
XS
SM
MD
LG