ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ពល​កម្ម​អន្តរជាតិ​ចេញ​របាយ​ការណ៍​អំពី​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​


រោងចក្រ​កាត់ដេរ​​នៅ​កម្ពុជា​​បាក់​កាល​ពីថ្ងៃ​ទី​១៦​​​ឧសភា​​ឆ្នាំ​២០១៣ ​សម្លាប់​កម្មករ​២នាក់​។​​
រោងចក្រ​កាត់ដេរ​​នៅ​កម្ពុជា​​បាក់​កាល​ពីថ្ងៃ​ទី​១៦​​​ឧសភា​​ឆ្នាំ​២០១៣ ​សម្លាប់​កម្មករ​២នាក់​។​​
របាយ​ការណ៍​ចុង​ក្រោយ​របស់​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​នៃ​អង្គការ​ពល​កម្ម​អន្តរជាតិ​(ILO)​បង្ហាញ​ថា ​មាន​តែ​រោង​ចក្រ​កាត់​ដេរ​ចំនួន៣០ក្នុង​ចំណោម​៥១​រោងចក្របាន​គោរពច្បាប់​ជា​មូលដ្ឋានបាន​ត្រឹម​ត្រូវ។

របាយ​ការណ៍​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ (Better​ Factory​ Cambodia) ​ដែលចេញ​ផ្សាយ​នៅ​ថ្ងៃទី១៧​ខែ​មីនា​ បាន​រៀប​រាប់​ថា​ ករណីរំលោភ​បំពាន​លើ​បញ្ហា​ចម្បងៗ​ក្នុង​រោង​ចក្រ​ទាំង​៣០​មានបាន​ធ្លាក់​ចុះ​ពី៥៩​ទៅ៣៤​ ពី​ចន្លោះ​ខែ​ធ្នូ​ឆ្នាំ​២០១៣​ទៅ​ខែ​កុម្ភៈឆ្នាំ​២០១២។​

គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជានេះ​បាន​ធ្វើ​ការ​អង្កេត​លើ​ការ​គោរព​លក្ខខណ្ឌ​ការងារ​ ​តែ​លើ​រោងចក្រ​កាត់ដេរ​ចំនួន​៥១ប៉ុណ្ណោះគិត​មក​ត្រឹម​ខែ​មីនា​ឆ្នាំ​២០១៤​ក្នុង​ចំណោម​រោង​ចក្រសរុប​ចំនួន​៥០០​ដែល​គម្រោងនេះ​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ ​ដែល​ផ្តោត​សំខាន់​លើការ​គោរព​ច្បាប់​ជា​មូលដ្ឋាន​ចំនួន២១ចំណុច ​ក្នុង​នោះ​មាន​ដូច​ជា​ការហ្វឹក​ហាត់​ជម្លៀស​ចេញ​ពី​អគារ​ពេល​មាន​អាសន្ន និង​ការ​បង់​ប្រាក់​អត្ថប្រយោជន៍​ទាន់ទិន​នឹង​ប្រាក់​អតីត​ភាព​ការ​ងារ។​

លោក​ចេសុន​ ច័ដ​ Jason Judd ​អ្នក​ជំនាញ​បច្ចេកទេស​នៃ​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌មានរបស់​គម្រោង​ដដែលថា​ ការ​កែ​លម្អ​មាន​សារៈ​សំខាន់​សម្រាប់​សម្រាប់​ទាំងកម្មករ​ និង​រោង​ចក្រ​ដើម្បី​អាច​ដើរ​ទៅ​រក​ស្តង់ដារ​មូល​ដ្ឋាន។

លោក​គាំ​ ទិវា​ មន្ត្រី​ជំនួយ​ទំនាក់​ទំនងនៃ​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ថ្លែង​ថា​ ទោះ​បី​ជា​ម្ចាស់​រោង​ចក្រ​មួយ​ចំនួន​បាន​យល់​ព្រម​ធ្វើ​ការ​កែ​លម្អ​លក្ខខណ្ឌ​ការ​ងារ​ជា​បណ្តើរៗ​យ៉ាង​ណា​ក្តី​ តែ​បើ​តាម​ការ​ចុះ​អង្កេត​របស់​គម្រោង​របស់​លោក​ បង្ហាញថា មាន​រោង​ចក្រ​ចំនួន​១០​ទៀត​មិន​បាន​ធ្វើ​ការ​កែ​លម្អ​ ឬ​បាន​កែ​លម្អ​តិច​តួច​បំផុត។​

«ពួក​យើង​ចុះ​ទៅ​ត្រួត​ពិនិត្យ​លើស​ពី​៣​ដង​ ឬ​ខ្លះ​ទៀត​លើស​ពី​ ១០​ដង។​ ប៉ុន្តែ​ពួក​គាត់​មិន​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​កែប្រែ​ទេ។ យើង​មើល​ឃើញ​ថា ​ពួក​គាត់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កែ​លម្អទេ»។​ ​

លោកអាត់ ធន់ ​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជាស៊ីខៅឌូ​ ថ្លែង​ថា​ គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ អាច​ចុះ​ត្រួត​ពិនិត្យ​ពី​លក្ខខណ្ឌ​ការងារ​ក្នុង​រោងចក្រ​ត្រឹម​តែ​ជាង​៥០០​ប៉ុណ្ណោះ ខណៈ​ដែល​ចំនួន​រោចក្រ​នៅ​កម្ពុជា​មាន​ជិត​៩០០​រោងចក្រ។​

«៩០០ក្រុម​ហ៊ុន​ជាង ​ដក​តែ​៥០០​ក្រុមហ៊ុន​ ​វា​នៅ​សល់​ជាង​៣០០​ក្រុម​ហ៊ុន។​ តើ​លក្ខខណ្ឌ​ការងារ​វា​យ៉ាង​ម៉េច?​ ក្រុមហ៊ុន​តូចៗ​ ក្រុមហ៊ុន​កុងត្រា​បន្ត ក្រុមហ៊ុន​មិនមាន​ច្បាប់​ការងារ​ឲ្យ​បានត្រឹម​ត្រូវ»។​

សូម​បញ្ជាក់​ថា ​នេះ​គ្រាន់​ជា​ការ​ប្រកាស​លទ្ធផលដំបូង​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​គម្រោងរោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា។​ គម្រោងដដែល​នេះ​នឹង​ចេញ​ផ្សាយ​របាយ​ការណ៍​របស់​ខ្លួន​ជា​បន្ត​ទៀត​ក្នុង​ពេល​រាង​រាល់​៣​ខែ​ម្តង​ រហូត​ដល់​បញ្ចប់​គម្រោង​ក្នុង​ចំណោមរោង​ចក្រ​សរុប​នៅ​កម្ពុជា​ជាង៥០០​រោងចក្រ៕​
XS
SM
MD
LG