ភ្នំពេញ —
ការចាប់ផ្តើមធ្វើកូដកម្មថ្ងៃដំបូងរបស់ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់មិនចូលធ្វើការនៅថ្ងៃពុធនេះមានចំនួនតិចតួច បន្ទាប់ក្រុមសហជីពទាំង១៨មានជំហរផ្ទុយគ្នាទាក់ទិននឹងការដឹកនាំធ្វើកូដកម្មទាមទារដំឡើងប្រាក់បៀវត្ស និងទាមទារឲ្យដោះលែងសកម្មជនដីធ្លី និងសមាជិកសហជីពចំនួន២១នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារម៣ ខេត្តកំពង់ចាម។
មេដឹកនាំសហជីពកម្មករចំនួន១៨បានបោះខិតប័ណ្ណជាច្រើនសន្លឹកប្រកាសកៀងគរឲ្យក្រុមកម្មករនៅតាមបណ្តារោងចក្រនានា ធ្វើកូដកម្ម មិនចូលធ្វើការចំនួនបីថ្ងៃគឺចាប់ពីថ្ងៃទី១២ ទី១៣ និងទី១៤នេះតទៅ ដើម្បីជាការដាក់សម្ពាធឲ្យរដ្ឋាភិបាលដោះលែងសកម្មជនសហជីពចំនួន២១នាក់ និងទាមទារដំឡើងប្រាក់បៀវត្សរ៍ឲ្យបាន១៦០ដុល្លារក្នុងមួយខែ។
ការប្រកាសធ្វើកូដកម្មរបស់មេដឹកនាំសហជីពកម្មករទាំង១៨នេះមិនបានជោគជ័យទេ ដោយសារតែការប្រជុំកាលពីថ្ងៃអង្គារមានសហជីពចំនួន១៥មានជំហរផ្ទុយគ្នាថា នឹងលើកពេលធ្វើកូដកម្មនេះទៅក្រោយថ្ងៃចូលឆ្នាំខ្មែរវិញ។ ដោយឡែកមានសហជីពចំនួន៣ប៉ុណ្ណោះ បូករួមទាំងសមាគមគ្រូបង្រៀនឯករាជ្យផង បានបន្តដឹកនាំធ្វើកូដកម្មតាមការកំណត់។
លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍ថា យ៉ាងតិចមានរោងចក្រចំនួន២០បានចូលរួមធ្វើកូដកម្ម មិនចូលធ្វើការនៅថ្ងៃពុធនេះ។ ក៏ប៉ុន្តែការធ្វើកូដកម្មនេះមិនមានការបង្ក្រាបពីកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលទេ។
លោករ៉ុង ឈុនមានប្រសាសន៍ថា លោកសម្រេចធ្វើបាតុកម្មនេះគឺដោយសារតែលោកមិនចង់អូសបន្លាយពេលតទៅទៀត ដើម្បីជំរុញឲ្យរដ្ឋាភិបាលដោះលែងតំណាងសហជីព និងកម្មករចំនួន២១នាក់ ដែលកំពុងជាប់ឃុំនោះ ដើម្បីឲ្យពួកគេមានសេរីភាពវិញ។
លោកនិយាយថា៖«ជុំវិញបញ្ហាដែលយើងមិនអាចពន្យារពេលជាមួយគេហ្នឹង ព្រោះយើងមិនអាចឈរឱបដៃមើលបងប្អូនទាំង២១នាក់ដែលរួមមានលោកវ៉ន់ ពៅ ដែលកំពុងដង្ហោយហៅយើងឲ្យជួយទាមទារឲ្យមានការដោះលែងពួកគាត់។ ហើយក៏យើងមើលឃើញបញ្ហាជីវិភាពកម្មករដែលប្រាក់ឈ្នួលតិចតួច យើងចង់ឲ្យបាន១៦០ដុល្លារ»។
លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C-CAWDU)បានថ្លែងថា មូលហេតុដែលសហជីពផ្សេងទៀតសម្រេចពន្យារពេលធ្វើកូដកម្ម គឺដោយសារតែពេលជិតចូលឆ្នាំខ្មែរ ក្រុមកម្មករខិតខំរកប្រាក់។ ទីពីរយើងបានជជែកគ្នាជាមួយតំណាងសហជីពអន្តរជាតិដែរថា ប្រហែលជាយើងត្រូវការបច្ចេកទេសលម្អិតបន្ថែមទៀត មុននឹងចាប់ផ្តើមធ្វើកូដកម្ម និងទីបីដោយសារតែយើងទុកលទ្ធភាពឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនពិចារណាដោះលែងអ្នកទាំង២១នាក់ ដោយសារពួកគេមិនជាប់ពាក់ព័ន្ធ នឹងរឿងនយោបាយទេ។
លោកអាត់ ធន់បានបញ្ជាក់ថា ការពន្យារពេលនេះមិនបានធ្វើឲ្យសហជីពទាំង១៨ដើរផ្លូវបែកគ្នាទេ។
លោកនិយាយថា៖ «ចំពោះយើងគឺអត់មានបែកបាក់សាមគ្គីអ្វីទេ គ្រាន់តែថា សហជីពខ្លះគេចង់ធ្វើមុន សហជីពខ្លះគេចង់ធ្វើក្រោយប៉ុណ្ណឹង។ ក៏ប៉ុន្តែយើងគាំទ្ររាល់សកម្មភាពអ្វីដែលគាត់ធ្វើហ្នឹង»។
ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់បានចាប់ផ្តើមតវ៉ា ទាមទារដំឡើងប្រាក់ខែគោលឲ្យដល់១៦០ដុល្លារក្នុងមួយខែ ចាប់តាំងពីខែធ្នូឆ្នាំ២០១៣មកម្ល៉េះ។ ការតវ៉ាបានរីករាលដាល ដោយសាររដ្ឋាភិបាល និងថៅកែរោងចក្រមិនយល់ព្រមតាមសំណើរបស់ពួកគេ។ ហើយនៅទីចុងបំផុតរដ្ឋាភិបាលបានសម្រេចចិត្តបាញ់បង្រ្កាបហ្វូងបាតុករ។
មនុស្សចំនួនបួនទៅ៥នាក់យ៉ាងតិចបានស្លាប់នៅក្នុងការបាញ់ប្រហារនោះ។ ចំណែកឯលោកវ៉ន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រុមកម្មករ សកម្មជនដីធ្លីនៅដំបន់បឹងកក់សរុបចំនួន២៣នាក់ ត្រូវចាប់ខ្លួន រួចហើយយកទៅឃុំឃាំងនៅពន្ធនាគារត្រពាំងថ្លុង។
ជនសង្ស័យចំនួន២នាក់ក្នុងចំណោម២៣ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន តែ២១នាក់ផ្សេងទៀតនៅបន្តជាប់ឃុំឃាំងនៅពន្ធនាគារនៅឡើយ៕