ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ ពលករ​កម្ពុជា​នឹង​រងផល​ប៉ះពាល់​ក្រោយ​ឆ្នាំ​២០១៥


កម្មករ​កាត់​ដេរ​កម្ពុជា​រស់​នៅ​ជុំ​គ្នា​ក្នុង​ផ្ទះ​តូចៗ​ដើម្បី​សន្សំ​សំចៃ​​និង​​អាច​ទ្រទ្រង់​ជីវភាព​បាន។
កម្មករ​កាត់​ដេរ​កម្ពុជា​រស់​នៅ​ជុំ​គ្នា​ក្នុង​ផ្ទះ​តូចៗ​ដើម្បី​សន្សំ​សំចៃ​​និង​​អាច​ទ្រទ្រង់​ជីវភាព​បាន។
ពលករ​គ្មាន​ជំនាញ​រាប់​លាន​នាក់​របស់​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់នៅ​ពេល​ដែល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០១៥។ នេះ​ជា​ការ​លើក​ឡើង​របស់​វាគ្មិន​នានា​ក្នុង​វេទិកា​ថ្នាក់​តំបន់​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ដែលរៀបចំ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ វេទិកា​នេះ​ផ្តោត​ការ​ពិភាក្សា​លើ​ឱកាស​និង​ផល​ប៉ះពាល់​នៃ​សមាហរណកម្ម​អាស៊ាន​មក​លើ​ពលករ​កម្ពុជា។

លោក យ៉ា ណាវុឌ ​នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា​និង​ជា​វាគ្មិន​ម្នាក់​ក្នុង​វេទិកា​នេះ​ថ្លែង​ថា​ ផល​ប៉ះពាល់​នេះ​ដោយ​សារ​កម្មករ​កម្ពុជា​ភាគ​ច្រើន​មាន​ការ​អប់រំ​តិច​តួច​និង​គ្មាន​ជំនាញ​ច្បាស់​លាស់។

«បើ​និយាយ​ពី​សមាហរណកម្ម​អាស៊ាន ​គេ​និយាយ​ពី​លំហូរ​នៃ​កម្មករ​មាន​ជំនាញ ​ដូច្នេះ​វា​ងាយ​ស្រួល​ក្នុង​ការ​រក​ប្រាក់​បៀរវត្សរ៍​ខ្ពស់​នៅ​ប្រទេស​ទទួល។ ប៉ុន្តែ​កម្មករ​ដែល​អត់​ជំនាញ​វា​អាច​ប៉ះពាល់។ បើ​អត់​ជំនាញ​ទេ​ គឺ​គាត់​ពិបាក​នឹង​រក​ការងារ​ ហើយ​ប្រសិន​បើ​រក​ការងារ​បាន​ក៏​ជា​ការងារ​ដែល​អត់​ជំនាញ ​ការងារ​ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់ ​និង​ប្រាក់​ខែ​ទាប​សម្រាប់​ពួកគាត់»។

សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ចុង​ឆ្នាំ​២០១៥ ​នឹង​អនុញ្ញាត​ឱ្យ​ពលករ​ជំនាញ​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​រួម​ទាំង​កម្ពុជា​ផង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ផ្សេង​ទៀត​ជា​សមាជិក​ដោយ​ស្រប​ច្បាប់។ ពលករ​ជំនាញ​ទាំង​នោះ​មាន​ដូចជា​ វេជ្ជបណ្ឌិត ​វិស្វករ ​ស្ថាបត្យករ ​និង​គណ​នេយ្យករ​ជា​ដើម។ ​ដោយ​ឡែក​ពលករ​កម្ពុជាជា​ច្រើន​កំពុងបម្រើ​ក្នុង​វិស័យ​កសិកម្ម​ សំណង់ ​និង​វាយនភណ្ឌ​សម្លៀក​បំពាក់​ជា​ដើម​ ដោយសារ​តែពួក​គេ​មិន​មាន​ជំនាញ​គ្រប់​គ្រាន់។

បើ​តាម​របាយការណ៍​រួម​មួយ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែនការ​និង​អង្គការ​ពលកម្ម​អន្តរជាតិ​ឱ្យ​ដឹង​ថា​ត្រឹម​ឆ្នាំ​២០១២ ​កម្ពុជា​មាន​ប្រជាពលរដ្ឋ​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ ​ដែល​ស្ថិត​ក្នុង​វ័យ​ពេញ​កម្លាំងចំនួន​១០,៧​លាន​នាក់ ​ដែល​ក្នុង​នោះ​៦៩​ភាគរយ​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ផ្សេងៗ។ ប៉ុន្តែ​ពួកគេ​ភាគ​ច្រើន​ជាពលករ​គ្មាន​ជំនាញ​ ហើយ​មាន​ការ​អប់រំ​ទាប។ ក្នុង​នោះ​មាន​រហូត​ដល់​៤៥​ភាគរយ​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​បឋម​សិក្សា​ប៉ុណ្ណោះ។

លោក ជួប ណារ៉ាត់ ​អនុ​ប្រធាន​នាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ក៏​យល់​ឃើញ​ថា​ពលករ​គ្មាន​ជំនាញ​កម្ពុជា​នឹង​ប៉ះពាល់​ដោយ​សមាហរណកម្ម​នេះ​ដែរ។ ប៉ុន្តែ​លោក​អះអាង​ថា​រដ្ឋាភិបាល​កំពុង​តែ​មមាញឹក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។ ក្នុង​នោះ​ក្រសួង​ការងារ​បាន​កំណត់​អាទិភាព​ចំនួន​ប្រាំ​ដើម្បី​ប្រែ​ក្លាយ​ពលករ​គ្មាន​ជំនាញ​កម្ពុជា​ទៅ​ជា​ពលករ​មាន​ជំនាញ។

«ទី​មួយ​គឺ​លក្ខខណ្ឌ​ការងារ​និង​ទំនាក់ទំនង​វិជ្ជាជីវៈ។ ទី​ពីរ​លើក​កម្ពស់​ការ​អប់រំ​វិជ្ជាជីវៈ។ ទី​បី​ក្រសួង​ការងារ​បាន​កំណត់​នោះ​គឺ​ការ​អភិវឌ្ឍ​មុខ​របរ​ទាំង​ក្រៅ​ស្រុក ទាំង​ក្នុង​ស្រុក។ អាទិភាព​ទី​បួន​គឺ​ទៅ​លើ​របប​សន្តិសុខ​សង្គម ​មាន​ន័យ​ថា​តើ​គាត់​ធ្វើការ​ក្នុង​វិស័យ​ឯកជន ​គាត់​ទទួល​បាន​នូវ​ការ​ធានា​រ៉ាប់រង​សង្គម​អ្វី​ខ្លះ។ ទី​ប្រាំ​គឺ​អភិបាលកិច្ច​ក្នុង​ការ​ផ្តល់​សេវាកម្ម​ព័ត៌មាន​ពី​ទីផ្សារ​ការងារ​ដល់​ពលករ»។

ប៉ុន្តែលោក មឿន តុលា ​មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ សង្កេត​ឃើញ​ថា​ក្រៅ​ពី​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ ​រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​អនុវត្ត​អ្វី​បាន​ជា​ផ្លែ​ផ្កា​នៅ​ឡើយ​ទេ។

«យើង​ឃើញ​មាន​ការ​ជជែក​គ្នា​ពីផ្លូវ​ច្បាប់​មួយ​ចំនួន ​ដូចជា​ការ​បញ្ជូន​ពលករ ​ការបណ្តុះ​បណ្តាល​មុន​ពេល​ចេញ​ទៅ។ ប៉ុន្តែ​ខ្ញុំ​អត់​បាន​ឃើញ​រដ្ឋាភិបាល​ធ្វើអ្វី​ជា​ដុំ​កំភួន​ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥​ហ្នឹង​ទេ»។

លោក មឿន តុលា ​ផ្តល់​អនុសាសន៍​ថា​ដើម្បី​ទាញ​ប្រយោជន៍​ពី​សមាហរណកម្ម​អាស៊ាន​ជា​ពិសេស​សម្រាប់​ពលករ​គ្មាន​ជំនាញ​កម្ពុជា ​រដ្ឋាភិបាល​គប្បី​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​រួមទាំង​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ ​ផ្តល់​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ពលករ ​និង​ពង្រឹង​គុណភាព​នៃ​ការ​អប់រំ​ក្នុង​ប្រទេស៕
XS
SM
MD
LG