វត្តមាននាវាចម្បាំងពីរគ្រឿងរបស់កងទ័ពជើងទឹកជប៉ុននៅខេត្តជាប់មាត់សមុទ្រព្រះសីហនុនិងការចូលទៅបំពេញទស្សនកិច្ចរបស់កងទ័ពស្វ័យការពារជប៉ុននៅកំពង់ផែសមុទ្ររាមនាំឱ្យអ្នកវិភាគមួយចំនួនយល់ឃើញថាអាចជួយសម្រាលមន្ទិលសង្ស័យរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលថា តំបន់កំពង់ផែសមុទ្ររាមអាចនឹងប្រែក្លាយជាការតាំងទីនៃកងទ័ពចិន។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាវាស្វ័យការពារជប៉ុនឈ្មោះ URAGA និង HIRADO បានចូលមកដល់ដែនសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែមីនា ហើយបើតាមបើតាមប្រព័ន្ធទំនាក់ទំនងសង្គមTwitter របស់ក្រសួងការពារប្រទេសនិងកងកម្លាំងស្វ័យការពារជប៉ុន មេបញ្ជាការកងពលធំបោសសម្អាតមីនទីមួយនៃនាវាស្វ័យការពារជើងទឹកជប៉ុនលោក NOGOCHI Yasushi បានចូលជួបពិភាក្សាជាមួយមេបញ្ជាការមូលដ្ឋានទ័ពជើងទឹករាមកាលពីថ្ងៃពុធម្សិលមិញ។
អ្នកវិភាគនយោបាយលោក សេង សារី យល់ថាទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកជប៉ុនធ្វើឡើងបន្ទាប់ពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីខែកុម្ភៈឱ្យមានការធ្វើសមយុទ្ធយោធាកម្ពុជាជប៉ុនដែលមានភាពចាំបាច់សម្រាប់កិច្ចការសង្គ្រោះបន្ទាន់ក្នុងគ្រាមានគ្រោះមហន្តរាយនិងការប្រឆាំងអំពើភេរវកម្ម។
ក៏ប៉ុន្តលោកថារដ្ឋាភិបាលទីក្រុងភ្នំពេញបានយកឱកាសនេះអនុញ្ញាតឱ្យកងទ័ពស្វ័យការពារជប៉ុនចូលទៅតំបន់កំពង់ផែសមុទ្ររាម ដើម្បីលាងជម្រះមន្ទិលមុនៗថាទីតាំងនោះអាចក្លាយជាមូលដ្ឋានរបស់កងទ័ពចិន។
«អ៊ីចឹងដំណើរទស្សនកិច្ចមួយនេះសម្រាប់រដ្ឋាភិបាលកម្ពុជាហាក់ដូចជាព្យាយាមចង់បង្ហាញទៅពិភពលោកចង់បង្ហាញទៅសហរដ្ឋអាមេរិកថាខ្លួនមានតម្លាភាពគ្រប់គ្រាន់អាចឱ្យកងទ័ពស្វ័យការពារជប៉ុនចូលទៅទស្សនកិច្ចដើម្បីបង្ហាញថាគ្មានកងទ័ពចិននៅប្រទេសកម្ពុជាទេ។ ខ្ញុំមើលរបៀបរបបបែបនេះគឺជាការឆ្លាតវៃមួយរបស់រដ្ឋាភិបាលនៅក្នុងការបញ្ជាក់បន្ថែមនូវភស្តុតាងបន្ថែមទៅទៀតដើម្បីបញ្ជាក់ទៅសហរដ្ឋអាមេរិកថាការចោទប្រកាន់របស់សហរដ្ឋអាមេរិកកន្លងមកនេះគឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន»។
ការមកបំពេញទស្សនកិច្ចនាវា URAGA និង HIRADO ដែលជានាវាបោសសម្អាតមីនប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកគឺជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាន«តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកទូលាយ»។នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារប្រទេសនិងកងកម្លាំងស្វ័យការពារជប៉ុនចុះថ្ងៃទី១៤ខែមីនា ឆ្នាំ២០២២នេះ។
សេចក្តីប្រកាសបានលើកឡើងទៀតថាគោលដៅនៃទស្សនកិច្ចរបស់នាវាទាំងពីរ«គឺជំរុញមិត្តភាពនិងការយោគយល់គ្នាទៅវិញទៅមកជាមួយកងទ័ពជើងទឹកកម្ពុជា។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេកាលពីថ្ងៃទី១៥ខែមីនាថាការមកដល់របស់នាវាកងទ័ពជើងទឹកជប៉ុននៅកម្ពុជាអាចបន្ថយភាពតានតឹងពាក់ព័ន្ធនឹងការចោទប្រកាន់ពីភាគីអាមេរិកដែលថារដ្ឋាភិបាលទីក្រុងភ្នំពេញមានបំណងឱ្យចិនដាក់មូលដ្ឋានទ័ពនៅតំបន់ភូមិសាស្ត្រកំពង់ផែរាម។
លោកនិយាយថា៖ «ដំណើរទស្សនកិច្ចរបស់នាវាចម្បាំងជប៉ុនពីរហ្នឹងគេហៅថាការចងសម្ពន្ធភាពរវាងកម្ពុជានិងជប៉ុនដែរទីមួយ។ ទីពីរក៏វាបានផ្តល់នូវអត្ថប្រយោជន៍ដល់កម្ពុជាដែរនៅពេលដែលនាវាចម្បាំងជប៉ុនមកទស្សនកិច្ចនៅកំពង់ផែរាមហ្នឹងទីមួយអាចកាត់បន្ថយថាតំបន់ហ្នឹងមិនមែនជាតំបន់ស្វយ័តឬក៏តំបន់ដាច់សម្រាប់កងទ័ពចិនឬកងទ័ពបរទេសណាមួយទេដែលកន្លងមកមានការលើកឡើងពីសហរដ្ឋអាមេរិកថាផ្តល់ទីតាំងនោះដល់កងទ័ពចិន»។
លោកបន្ថែមថា៖ «អ៊ីចឹងក៏វាជួយកាត់បន្ថយភាពមិនច្បាស់លាស់ហ្នឹង កាន់តែច្បាស់ដែរព្រោះជប៉ុនក៏ជាសម្តន្ធមិត្តរបស់សហរដ្ឋអាមេរិកហើយជា សម្ពន្ធមិត្ត quad countries [ប្រទេសសមាជិកដៃគូសន្ទនាសន្តិសុខចតុភាគី] ប្រទេសបួន...មានអាមេរិកអូស្ត្រាលី និងឥណ្ឌាថែមទៀតហ្នឹងដែលជាទិដ្ឋាភាពមួយដែលរៀបចំដើម្បីតទល់ជាមួយចិនទៅទៀត»។
ក្នុងពេលទទួលស្វាគមន៍នាវាស្វ័យការពារទឹកជប៉ុនក្នុងក្រុងព្រះសីហនុកាលពីថ្ងៃទី១៥ខែមីនារដ្ឋមន្ត្រីក្រសួងការពារជាតិនាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងថាការចូលចតរបស់នាវា URAGA និង HIRADO បានបញ្ជាក់អំពីសក្ខីភាពបង្ហាញពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទាំងពីរកម្ពុជាជប៉ុនកាន់តែមានភាពជិតស្និទ្ធនិងរីកចម្រើនថែមទៀតហើយក៏ជាផ្នែកមួយនៃការអបអរសាទរខួបលើកទី៣០ឆ្នាំដែលកងស្វ័យការពារជប៉ុនចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជាជាលើកដំបូង។ នេះបើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។
អ្នកជំនាញកិច្ចការអន្តរជាតិលោកឈាង វណ្ណារិទ្ធមើលឃើញពីភាពវិជ្ជមាននៃការចូលមកដល់របស់នាវាកងទ័ពជើងទឹកជប៉ុននៅកម្ពុជាដែលការណ៍នេះបញ្ជាក់ថាកម្ពុជាមិនប្រកាន់ជំហរនយោបាយការបរទេសលម្អៀងទៅរកប្រទេសជាមិត្តណាមួយដូចការចោទប្រកាន់កន្លងមកនោះទេ។
លោកបានថ្លែងថា៖«ចំពោះកម្ពុជានេះគឺជា ការឆ្លុះបញ្ចាំងថ្មីមួយទៀតដែលថា គោលនយោបាយការបរទេស និងគោលនយោបាយការពារហ្នឹងគឺមានលក្ខណៈបើកចំហ និងបិរយាបន្នបានន័យថាបើកចំហទៅបណ្តាមិត្តទាំងអស់របស់កម្ពុជា។ អ៊ីចឹង កំពង់ផែរាម ជាឧទាហរណ៍មិនមែនជាអ្វីមួយដែលផ្តាច់មុខទៅឱ្យប្រទេសណាមួយទេ។ អ៊ីចឹងប្រទេសជប៉ុនក្តី បណ្តាប្រទេសមិត្តរបស់កម្ពុជាក្តី អាចមកធ្វើទស្សនកិច្ច ឬធ្វើលំហាត់រួមនៅក្នុងដែនសមុទ្ររបស់កម្ពុជាហ្នឹងពីព្រោះថា កម្ពុជាត្រូវការពង្រឹងនូវសមត្ថភាពសន្តិសុខលម្ហសមុទ្រ»។
មន្រ្តីទទួលបន្ទុកផ្នែកព័ត៌មាននៃស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញកញ្ញា Stephanie Arzate បដិសេធមិនផ្តល់ការអត្ថាធិប្បាយទាក់ទងនឹងដំណើរទស្សនកិច្ចរបស់នាវាចម្បាំងជប៉ុននៅខេត្តព្រះសីហនុរបស់កម្ពុជានាពេលថ្មីៗនេះប៉ុន្តែបានបញ្ជាក់ជំហររបស់រដ្ឋាភិបាលអាមេរិកលើគម្រោងអភិវឌ្ឍន៍កំពង់ផែរាមជាភាសាអង់គ្លេសនិងត្រូវបានប្រែសម្រួលជាខេមរភាសាថា៖
«រដ្ឋាភិបាលអាមេរិកបានបង្ហាញក្តីកង្វល់ជាយូរមកហើយថារដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញតម្លាភាពពេញលេញពីគោលបំណងចរិតលក្ខណៈនិងទំហំនៃគម្រោងអភិវឌ្ឍន៍តំបន់រាមឬតួនាទីដែលយោធាចិនមានពាក់ព័ន្ធនឹងការអនុវត្តគម្រោងអភិវឌ្ឍន៍នេះនោះទេ ដែលការណ៍នេះបង្កការព្រួយបារម្ភពីការប្រើប្រាស់ជាមូលដ្ឋានយោធាទឹក»។
គួររម្លឹកឡើងវិញផងដែរថាមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ [Center for Strategic and International Studies (CSIS)] របស់សហរដ្ឋអាមេរិកបានបង្ហាញលទ្ធផលនៃការអង្កេតថ្មីមួយទៀត កាលពីអំឡុង ខែមករាឆ្នាំ២០២២អំពីសកម្មភាពនាវាជីកកកាយធំៗចំនួន២ដែលអាចធ្វើឱ្យទឹកមានជម្រៅជ្រៅនៅបម្រើដល់ការចូលសំចតនាវាយោធាធំៗក្នុងតំបន់ភូមិសាស្ត្រនៃមូលដ្ឋានកងទ័ពជើងទឹករាម។
បើតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិប្រតិបត្តិការរបស់នាវាខាងលើទំនងជាផ្នែកមួយនៃការអនុវត្តកិច្ចព្រមព្រៀងយោធារវាងរដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងរដ្ឋាភិបាលទីក្រុងប៉េកាំងរបស់លោកប្រធានាធិបតីស៊ីជីនពីង (Xi Jinping) ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ហើយត្រូវបានរាយការណ៍ដោយកាសែតអាមេរិកាំងល្បីឈ្មោះThe Wall Street Journal កាលពីឆ្នាំ២០១៩ដូចគ្នា។
យ៉ាងណាក៏ដោយរដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជារឿយៗបានច្រានចោលថា ទីតាំងនោះនឹងមិនអាចក្លាយជាការតាំងទីរបស់កងទ័ពចិនទេហើយក៏បានអនុញ្ញាតឱ្យមន្ត្រីអនុព័ន្ធយោធាស្ថានទូតប្រចាំកម្ពុជាមួយចំនួនក្នុងនោះក៏មានមន្ត្រីសហរដ្ឋអាមេរិកចូលទៅទស្សនាផងដែរ៕