លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បាននិយាយថា គម្រោងដែលជួយដោយប្រទេសចិនក្នុងការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្នុងខេត្តព្រះសីហនុ នឹងពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជាទៅថ្ងៃអនាគត។
រដ្ឋមន្ត្រីរូបនេះ បានទៅដល់មូលដ្ឋានសមុទ្ររាមក្នុងសប្ដាហ៍នេះ និងបានថ្លែងតាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់លោកថា៖
«ខ្ញុំសូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលកងទ័ពជើងទឹក បាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍក្នុងការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្នុងគោលដៅអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបំពាក់យុទ្ធោបកណ៍ទំនើបៗ ដើម្បីពង្រឹងកិច្ចការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត»។
លោក ទៀ បាញ់ បានថ្លែងដំបូងកាលពីពាក់កណ្ដាលឆ្នាំ២០២១ ថា គឺប្រទេសចិនដែលបានផ្ដល់ជំនួយក្នុងការកែលម្អ ធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ទីដែលសហរដ្ឋអាមេរិកប្រតិកម្មនឹងការវាយកម្ទេចអគារជំនួយរបស់ខ្លួន ហើយដាក់ការសង្ស័យថា ចិនមានគម្រោងតាំងទីរក្សាវត្តមានយោធារបស់ខ្លួន និងជាការចោទដែលកម្ពុជាបដិសេធ។
នៅមូលដ្ឋានសមុទ្ររាម កាលពីថ្ងៃអង្គារ លោក ទៀ បាញ់ ត្រូវបានអមដំណើរដោយប្អូនប្រុសបង្កើតរបស់លោក គឺនាយឧត្ដមនាវី ទៀ វិញ មេបញ្ជាការទ័ពជើងទឹក ដែលត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មជាមួយនាយឧត្ដមសេនីយ៍ ចៅ ភិរុណ អគ្គនាយកសម្ភារបច្ចេកទេសក្រសួងការពារជាតិ ពាក់ព័ន្ធនឹងការចោទថា បានឃុបឃិតកឹបកេងប្រាក់ពីការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមនេះ។
ក្រសួងការពារជាតិកម្ពុជា បានបដិសេធការចោទខាងលើ៕