ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​ចម្បាំង​ជប៉ុនពីរ​គ្រឿង​បាន​មកដល់​កម្ពុជា​និងត្រៀម​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កំពង់​ផែ​​សមុទ្ររាម


រូបឯកសារ៖ នាវិក​ជប៉ុន​ឈរ​នៅ​ពីមុខ​នាវា​​ចម្បាំង​ជប៉ុន Uraga នៅ​មូលដ្ឋាន​យោធា Yokosuka ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០១។ (AFP PHOTO/Toru YAMANAKA)
រូបឯកសារ៖ នាវិក​ជប៉ុន​ឈរ​នៅ​ពីមុខ​នាវា​​ចម្បាំង​ជប៉ុន Uraga នៅ​មូលដ្ឋាន​យោធា Yokosuka ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០១។ (AFP PHOTO/Toru YAMANAKA)

នាវា​ចម្បាំង​របស់​ជប៉ុន​ពីរគ្រឿងឈ្មោះ​ URAGA និងHIRADO ​បាន​ចូល​មក​ដល់​ដែន​សមុទ្រ​កម្ពុជា​ក្នុង​ខេត្តព្រះសីហនុ​ ហើយ​កង​កម្លាំង​ស្វ័យ​ការពារ​ជើង​ទឹក​ជប៉ុន​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កំពង់ផែសមុទ្រ​រាម​ ដែល​ជា​ទី​តាំង​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​របស់កម្ពុជា​ផងដែរ​។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់ភ្នាក់​ងារ​សារ​ព័ត៌​មាន​កម្ពុជា​ (AKP) ដែល​ជាប​ណ្តាញ​ព័ត៌មាន​រដ្ឋ​ និង​អាជ្ញាធរ​ក្នុង​ខេត្ត​ព្រះ​សីហនុ។

វត្តមាន​របស់​នាវា​ជប៉ុនទាំង​ពីរគ្រឿងនៅកម្ពុជា​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​ចំណង​មិត្តភាព​ប្រទេស​កម្ពុជា​ និង​ជប៉ុន ក្នុងវិស័យ​ការពារ​ជាតិ​ និង​ជាការ​រំឭក​ឡើង​វិញ​នូវបេសកកម្ម​កង​ថែរក្សា​សន្តិភាព​របស់​ជប៉ុន​នៅ​កម្ពុជា​កាល​ពី​៣០​ឆ្នាំមុន​។ ​

ភ្នាក់​ងារ​សារព័ត៌មាន​របស់​ AKPប្រចាំ​ខេត្ត​ព្រះសីហនុ​ បាន​រាយការណ៍​ថា​ នាវា​ស្វ័យ​ការពារ​ជប៉ុន​ចំនួន​ពីរ​គ្រឿង​ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ បាន​មក​ដល់​ខេត្ត​ព្រះ​សីហនុ​កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញ។​

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តព្រះសីហនុលោក​ឃាង ភារម្យ​ ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា កាល​ពី​ព្រឹក​ថ្ងៃទី​១៥​ខែ​មីនា​នេះ​ នាវា​ស្វ័យ​ការ​ពារ​ជប៉ុន​ចំនួនពីរ​គ្រឿង​នោះ​ បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ រហូតដល់​ថ្ងៃ​ទី​១៧ខែ​មីនា​ «ដើម្បី​បំពេញទស្សនកិច្ច​ជា​មិត្ត​ភាព​ និង​អប​អរ​សាទរ​ខួប​លើក​ទី​៣០​នៃ​ការ​បញ្ជូន​កង​កម្លាំង​រក្សាសន្តិភាព​របស់​ប្រទេស​ជប៉ុន​មក​បំពេញ​បេសកកម្មនៅ​កម្ពុជា​ ដែល​ជា​ការ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​របស់​ជប៉ុន​ចេញ​ក្រៅ​ប្រទេស​ជាលើក​ដំបូង»។

ដោយឡែក​ស្ថានទូត​ជប៉ុនប្រចាំ​កម្ពុជាបាន​លើក​ឡើង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ថា ទស្សនកិច្ច​របស់​នាវា​ពីរគ្រឿង​ខាង​លើ​ គឺ​ជា​ទស្សនកិច្ច​លើក​ដំបូង​ក្នុងរយៈ​ពេល​បី​ឆ្នាំ​កន្លង​មកនេះ​ និង​បាន​កត់​សម្គាល់​ខួបលើក​ទី​៣០​ឆ្នាំ​នៃ​ការណ៍​ដែល​ប្រទេស​ជប៉ុន​បាន​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​មក​កាន់​កម្ពុជា​។​

ទំព័រ​ហ្វេស​ប៊ុក​របស់​ស្ថានទូត​ជប៉ុន​បាន​សរសេរ​តាម​ន័យ​ដើម​ថា៖ «យើង​សង្ឃឹម​ថា​ ក្នុង​ឆ្នាំ​ខួប​អនុស្សាវរីយ៍​នេះ​ យើង​នឹង​បន្ត​អភិវឌ្ឍនូវ​ទំនាក់​ទំនង​ក្នុង​វិស័យ​សហប្រតិបត្តិការ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ»។ ​

ដំណើរ​ទស្សនកិច្ច​របស់​នាវាស្វ័យ​ការ​ពារ​ជប៉ុន URAGA និងHIRADO កើត​មាន​ឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​គឺលោក​ហ៊ុន ម៉ាណែត​ ទៅកាន់​ប្រទេស​ជប៉ុន​កាល​ពីពាក់​កណ្តាល​ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ។

នៅប្រទេស​ជប៉ុន​ លោកហ៊ុន ម៉ាណែត​ ជានាយ​ទាហានជាន់​ខ្ពស់​កម្ពុជា​ បាន​ជួបពិភាក្សា​ទេ្វភាគីជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​Fumio Kishida និង​រដ្ឋមន្ត្រី​សំខាន់​ៗទៀត រួមមាន​រដ្ឋមន្ត្រី​ការបរទេស​ និង​ការពារ​ជាតិ នៅ​ទីក្រុង​តូក្យូ​។ ​ឧត្តម​សេនីយ៍​ឯក ​ហ៊ុន ម៉ាណែត​ ដែល​បច្ចុប្បន្ន​ជា​មេបញ្ជា​ការ​កងទ័ព​ជើង​គោក​កម្ពុជា​ ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ជប៉ុន​ផង​ដែរ។

ដោយឡែ​លោក​ហ៊ុន សែន​ បាន​ថ្លែង​កាល​ពីខែ​កុម្ភៈ​ក្នុង​ប្រទេស​កម្ពុជា​ថា លោក​ស្វាគមន៍​ឱ្យ​មានការ​ធ្វើ​សមយុទ្ធ​យោធា​រវាង​កម្ពុជា​ និង​ជប៉ុន​ ប៉ុន្តែ​លោកថា​​សមយុទ្ធ​កងទ័ព​បែប​សង្គ្រោះ​បន្ទាន់​ក្នុង​ពេល​មាន​គ្រោះ​មហន្តរាយ​ និង​ការ​ប្រឆាំង​អំពើ​ភេរវ​កម្ម​គួរតែ​ជា​កិច្ចការ​អាទិភាព​ ក្នុង​ទំនាក់​ទំនង​យោធា​កម្ពុជា​ និង​ជប៉ុន៕

XS
SM
MD
LG