ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាប័ន​ស្រាវជ្រាវ​អាមេរិកាំង​បន្ត​បង្ហាញ​សកម្មភាព​កសាង​នានា​ក្នុង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ


រូបឯកសារ៖ ទាហាន​ជើងទឹក​ឈរ​យាម​ល្បាត​នៅ​ក្បែរ​នាវា​ល្បាត​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។ រូប​ថត​នេះ​ត្រូវ​បាន​ថត​ពី​តាម​កញ្ចក់​បង្អួច។ (REUTERS/Samrang Pring)
រូបឯកសារ៖ ទាហាន​ជើងទឹក​ឈរ​យាម​ល្បាត​នៅ​ក្បែរ​នាវា​ល្បាត​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។ រូប​ថត​នេះ​ត្រូវ​បាន​ថត​ពី​តាម​កញ្ចក់​បង្អួច។ (REUTERS/Samrang Pring)

មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ ​[Center for Strategic and International​ Studies​(CSIS)] ​របស់​សហ​រដ្ឋ​អាមេរិក​បាន​បង្ហាញ​លទ្ធផល​អង្កេត​ថ្មីមួយ​ទៀត​ អំពី​សកម្ម​ភាព​នាវា​ជីក​កកាយ​ធំៗ​ចំនួន​២​ដែល​អាច​ធ្វើ​ឱ្យ​ទឹក​មាន​ជម្រៅ​ជ្រៅ​នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​នៃ​មូលដ្ឋាន​កង​ទ័ព​ជើងទឹក​រាម ​ជា​ចំណុច​ក្តៅ​ ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​របស់​ខ្លួន​ជាញឹក​ញាប់​ថា​ វា​អាច​ក្លាយ​ជា​មូលដ្ឋាន​កងទ័ព​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។​

ប្រតិបត្តិ​ការ​របស់​នាវា​ខាង​លើ​ទំនង​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​យោធា​រវាង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​របស់​លោក​ប្រធានាធិបតី​ស៊ីជីនពីង ​(Xi Jinping) ​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​២០១៩​ ហើយ​ត្រូវ​បាន​រាយ​ការណ៍​ដោយ​កាសែត​អាមេរិកាំង​ល្បី​ឈ្មោះ​The Wall Street Journal ​កាលពី​ឆ្នាំ​២០១៩។​ នេះ​បើ​តាម​លទ្ធផល​អង្កេត​របស់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២១​ ខែ​មករា​ ឆ្នាំ​២០២២។​

មុន​ពេល​មាន​ការ​ចេញ​ផ្សាយ​លទ្ធផល​អង្កេត​ថ្មី​របស់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សហ​រដ្ឋ​អាមេរិក​ លោក​នាយ​ឧត្តម​សេនីយ៍​ទៀ បាញ់​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ខ្មែរ​បាន​ចុះ​មើល​ដំណើរ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ ក្នុង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ ហើយ​គេ​ក៏​បាន​ឃើញ​រូបថត​មួយ​សន្លឹក​បង្ហាញ​វត្តមាន​របស់​នាវា​ជីក​កកាយ​ដែល​អាច​ធ្វើ​ឱ្យ​កម្រិត​ទឹក​ជ្រៅ​នៅ​មូលដ្ឋាន​សមុទ្រ​រាម​នោះ។ ​នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក ​ទៀ បាញ់។​

ការ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ ​ទៅ​លើ​នាវា​ជីក​កកាយ​ចំនួន​២​គ្រឿង​នោះ​ បាន​ផ្អែក​លើ​រូបភាព​ដែល​ទាញ​ពី​ប្រព័ន្ធ​ផ្កាយ​រណប ​និង​រូបថត​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​ទំនង​ជា​សំដៅ​ដល់​រូប​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​ទៀ បាញ់ ​ហើយ​នឹង​រូបថត​មួយ​ផ្សេង​ទៀត​ បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លេខាធិការដ្ឋាន​មូលដ្ឋាន​សមុទ្រ​រាម​កាល​ពី​ថ្ងៃ​ទី​១៨ ​និង​១៩ ​ខែ​មករា​ ឆ្នាំ​២០២២។​

បើ​តាម​រូបភាព​ដែល​ប្រមូល​បាន​នោះ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ ​បាន​វាយ​តម្លៃ​ថា៖​ «ការ​ធ្វើ​ឱ្យ​ទីតាំង​កំពង់​ផែ​កាន់​តែ​មាន​ជម្រៅ​ទឹក​ជ្រៅ​នោះ​ អាច​មាន​សារៈ​សំខាន់​សម្រាប់​ការ​ចូល​សំចត​របស់​នាវា​យោធា​ធំៗ ​ហើយ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ចិន​ និង​កម្ពុជា​ ដែល​មន្ត្រី​អាមេរិក​រាយ​ការណ៍​ថា​ បាន​ឃើញ​កិច្ច​ព្រមព្រៀង​នោះ​កាលពី​ឆ្នាំ​២០១៩»។​

ក្នុង​ការ​វាយ​តម្លៃ​នៃ​លទ្ធផល​អង្កេត​ថ្មី​នេះ ​ មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ​បាន​ប្រើ​ប្រាស់​ទិន្នន័យ​នៃ​ប្រព័ន្ធ​ផ្កាយ​រណប​ Maxar ​កាល​ពី​ថ្ងៃទី​១៦ ​ខែ​មករា ​ដែល​បង្ហាញ​ថា​ នាវា​ជីក​កកាយ​នោះ​ បាន​ស្ថិត​នៅ​អែប​ឆ្នេរ​រាម​ ហើយ​ត្រូវ​បាន​អម ​ដោយ​សាឡង់ ​ដែល​ប្រើ​ប្រាស់ ​ដើម្បី​ប្រមូល​ខ្សាច់​ដែល​បូម​បាន។ ​បន្ថែម​លើ​នេះ​ រូប​ភាព​ដែល​បាន​ពី​Planet Labs ​ក៏​បញ្ជាក់​ដែរ​ថា​ នាវា​ទាំង​ពីរ​ដែល​ជជីក​កកាយ​យក​ខ្សាច់​នោះបាន​ស្ថិត​នៅ​ទីតាំង​ដើម​ គិត​ចាប់​តាំងពី​ការ​មក​ដល់​របស់​នាវា​ទាំង​ពីរ​នោះ​ចន្លោះ​ថ្ងៃ​ទី​១៣ ​និង​១៥ ​ខែ​មករា។​

មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ ​បាន​ផ្តល់​សេចក្តី​ពន្យល់​ថា៖ ​«វិសាល​ភាព​នៃ​ការ​បូម​ខ្សាច់​គឺ​មិន​ច្បាស់​លាស់​ប៉ុន្តែ​វា​អាច​បង្ហាញ​ពី​ការ​កែប្រីថ្មី​មួយ​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​សមត្ថ​ភាព​របស់​មូលដ្ឋាន​នេះ។ ​ កម្រិត​ទឹក​រាក់​នៅ​ជុំវិញ​ឆ្នេរ​រាម​មាន​ន័យ​ថា​បច្ចុប្បន្ប​វា​បាន​ត្រឹម​តែ​អាច​ឱ្យ​នាវា​ល្បាត​តូចៗ​ចូល​មក​បាន។ ​ កំពុង​ផែ​ទឹក​ជ្រៅ​មួយ​ អាច​នឹង​ធ្វើ​ឱ្យ​មូលដ្ឋាន​នោះ​ មាន​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​កង​ទ័ព​ជើង​ទឹក​ចិន​ និង​កម្ពុជា»។​

យោង​ទៅ​តាម​ការ​អង្កេត​ដដែល​របស់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ ​សកម្ម​ភាព​សាង​សង់​បាន​បន្ត​នៅ​លើ​ដែន​គោក​ឆ្នេរ​រាម​ ហើយ​មាន​ទីតាំង​មួយ​ចំនួន​ទៀត​ ដែល​ស្ថិត​ក្នុង​តំបន់​រដ្ឋបាល​ចម្បង​នៃ​ភាគ​ខាង​ត្បូង​ឆៀង​ខាងលិច​របស់​មូលដ្ឋាន​នេះ​មាន​ការ​ឈូសឆាយ​ដី​ចាប់​តាំង​ពី​ពេល​ធ្វើ​បច្ចុប្បន្ន​ភាព​ចុង​ក្រោយ​របស់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ​កាល​ពី​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​២០២១។​

មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ​ផ្តល់​ការ​ពន្យល់​បន្ថែម​ថា៖​«បើ​បូក​រួម​ការ​ប្រែប្រួល​នេះ​រួម​គ្នា​ ទំហំ​នៃ​ការ​វាយ​កម្ទេច​ និង​ការ​សម្អាត​ដី​ថ្មីៗ​នេះ ​ ហើយ​ជាពិសេស​ គឺ​សកម្មភាព​បូម​ខ្សាច់​នោះ​ ផ្តល់​សញ្ញា​ថា​មូលដ្ឋាន​[រាម] ​កំពុង​ត្រូវ​បាន​រៀបចំ​ដើម្បី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​គួរ​ឱ្យ​សម្គាល់​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​នាយ​ឧត្តម​សេនីយ៍​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​នៅ​ឡើយ​ទេ។​

យ៉ាង​ណា​ក៏ដោយ​ ​លោក ​ទៀ បាញ់ ​បាន​ផ្តល់​ការ​អធិប្បាយ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មករា​ ឆ្នាំ​២០២២​ថា៖​ «ខ្ញុំ​ពិតជា​មាន​ការ​សប្បាយ ​រីករាយ ​ដោយ​ពិនិត្យ​ឃើញ​សមិទ្ធផល​ជា​ច្រើន​ ដែល​កងទ័ព​ជើង​ទឹក​សម្រេច​បាន​នៅ​មូលដ្ឋាន​សមុទ្រ​ នៅ​ឆ្នាំ​២០២១​នេះ ​តាម​រយៈ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ច្រើន​ សម្រាប់​បម្រើ​ឲ្យ​ការងារ​បណ្តុះ​បណ្តាល​ ហ្វឹកហ្វឺន​ និង​ការងារ​ជំនាញ​ផ្សេងៗ​ទៀត ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​បូរណ​ភាព​ទឹកដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

សេចក្តី​អត្ថាធិប្បាយ​នេះ​ធ្វើ​ឡើង​អំឡុង​ពេល​លោក​ទៅ​ទស្សនកិច្ច​សកម្ម​ភាព​សាងសង់​ផ្សេងៗ​នៅ​មូលដ្ឋាន​រាម​ ដោយ​មាន​វត្តមាន​នាយ​ទាហាន​កងទ័ព​ជើង​ទឹក​កម្ពុជា​ជាច្រើន​រូប​ទៀត។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ​ផៃ​ ស៊ីផាន​ យល់​ថា​ ភាគី​សហ​រដ្ឋ​អាមេរិក​គួរ​ឈប់​មាន​ការ​សង្ស័យ​លើ​ការ​អភិវឌ្ឍ​នានា​នៅ​ក្នុង​តំបន់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ថា​អាច​ក្លាយ​ជា​ការ​តាំង​ទី​របស់​កងទ័ព​ចិន។ ​ លោក​បាន​ផ្តល់​ការ​ពន្យល់​អំពី​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នៃ​ទីតាំង​កំពង់​ផែ​រាម​ថា៖​

«ហេតុ​ម៉េច​បាន​យើង​ប្រឹង​ធ្វើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ហ្នឹង?​ ដោយ​សារ​កាល​ពី​មុន​ហ្នឹង​ ទាំង​នាវា​យោធា​មក​ពី​ឥណ្ឌា​ ​មក​ពី​រុស្ស៊ី​ មក​ពី​ប្រទេស​ដទៃ​ទៀត​ហ្នឹង​ មក​ចូល​សំចត​នៅ​កំពង់ផែ​ទឹក​ជ្រៅ​ ក្រុង​ព្រះ​សីហនុ​ ដូច្នេះ​ឥឡូវ​ហ្នឹង​កំពង់​ផែ​ហ្នឹង​យើង​កម្លាយ​ឱ្យ​ទៅ​ជា​កំពង់​ផែ​ពាណិជ្ជ​កម្ម»។​

លោក​បន្ថែម​ថា៖​ ««ដូច្នេះ​យើង​ត្រូវ​ធ្វើ​កំពុង​ផែ​ជា​មូលដ្ឋាន​ទឹក​ ​ សឹក​ទឹក​របស់​កម្ពុជា​ហ្នឹង​ ក្លាយ​ទៅ​ជា​កំពង់​ផែ​មួយ​ ដែល​សម្រាប់​ប្រើប្រាស់​នៃ​ផល​ប្រយោជន៍​យោធា ​ក៏​ដូច​សហ​ប្រតិបត្តិការ​ ជាមួយ​ប្រជាជាតិ​ដទៃ​ទៀត​ គឺ​មិនមែន​ធ្វើ​សម្រាប់​ឱ្យ​ប្រទេស​ចិន​មក​តាំង​ទ័ព​ ឬ​ក៏​មក​ចូល​ប្រើប្រាស់​ហើយ​បិទ​សិទ្ធិ​ដល់​រដ្ឋ​ដទៃ​ទៀត​ក្នុង​ការ​ប្រើ​ប្រាស់​កំពុង​ផែ​នេះ​ទេ»។​ ​

រឿង​រ៉ាវ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នេះ​ បាន​នាំ​ឱ្យ​មាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​រឿយៗ​ច្រាន​ចោល​ថា ​ ទីតាំង​នោះ​នឹង​មិន​អាច​ក្លាយ​ជា​ការ​តាំង​ទី​របស់​កងទ័ព​ចិន​ទេ​ ហើយ​ក៏​បាន​អនុញ្ញាត​ឱ្យ​មន្ត្រី​អនុព័ន្ធ​យោធា​ស្ថានទូត​ប្រចាំ​កម្ពុជា​មួយ​ចំនួន​ក្នុង​នោះ​ក៏​មាន​មន្ត្រី​សហ​រដ្ឋ​អាមេរិក​ចូល​ទៅ​ទស្សនា​ផង​ដែរ។​

ក៏​ប៉ុន្តែ​ក្រោយ​មន្ត្រី​អនុព័ន្ធ​យោធា​អាមេរិក​លោក​វរសេនីយ៍​ឯក ​Marcus Ferrara​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ ដែល​ថា​គាត់​មិន​អាច​ចូល​ទៅ​តំបន់​ដែល​គាត់​ចង់​ទៅ​ក្នុង​មូលដ្ឋាន​នោះលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​ឈប់​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​មាន​ដំណើរ​ទស្សន​កិច្ច​របស់​ភ្ញៀវ​បរទេស​ចូល​ទៅ​កាន់​មូលដ្ឋាន​នោះ។​

លោក ​ហ៊ុន សែន​ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មីៗ​ក្នុង​ខេត្ត​ព្រះ​សីហនុ​កាល​ពី​ដើម​ខែ​ធ្នូ​ ឆ្នាំ​២០២១​ថា៖«អ្នក​ឯង​ចង់​ថា​ម៉េច​ ថា​ទៅ! ឱ្យ​ទៅ​មើល​ហើយ​មិន​អស់​ចិត្ត​ ព្រោះ​កន្លែង​ហ្នឹង​មិន​មែន​កន្លែង​ត្រូវ​អ្នក​ឯង​ចង់​ទៅ​ឆែកឆេរ។ ​អ្នក​ឯង​ដើរ​តួ​ជា​ស្អី?​ ខ្ញុំ​ឱ្យ​ទៅ​ទស្សន​កិច្ច។ អ្វី​ទៅ​ដែល​ហៅ​ថា​ទស្សនកិច្ច? ​ វា​ខុស​ពី​ការ​ចុះ​ធ្វើ​អធិការ​កិច្ច​ ឬ​ឆែក​ឆេរ!​ ឱ្យ​វា​ដឹង​ភារ​កិច្ច​ផង!​ ចង់​រក​ត​ទៀត​ទេ​ អត់​ត​ទេ»។​

ដោយ​ឡែក​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​លើក​ទឹកចិត្ត​ឱ្យ​អាជ្ញាធរ​កម្ពុជា​មាន​តម្លាភាព​ពេញ​លេញ​អំពី​គម្រោង​សាងសង់​ ហើយ​នឹង​តួនាទី​របស់​កងទ័ព​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ដែល​បាន​បង្ក​ជា​ការ​បារម្ភ​អំពី​គោល​បំណង​នៃ​ការ​ប្រើប្រាស់​ទីតាំង​កងទ័ព​ជើងទឹក​នេះ។​នេះ​បើ​តាម​មន្ត្រី​នាំពាក្យ​ស្ថានទូត​លោក​Chad Roedemeier​ ដែល​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​នៅ​ថ្ងៃ​ចន្ទ​នេះ។​

លោក​Chad​ បន្ថែម​ថា៖ ​«យើង​បាន​ដឹង​អំពី​របាយ​ការណ៍​ឯករាជ្យ​ដែល​ថា​ សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​គម្រោង​សាងសង់​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​ និង​កំពុង​ដំណើរ​ការ​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម»។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ពេល​កន្លង​មក​ ប្រទេស​ចិន​ក៏​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​អំពី​កិច្ច​ព្រម​ព្រៀង​សម្ងាត់​រវាង​កម្ពុជា ​និង​ចិន​ អំពី​ការ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​នេះ​ដែរ៕

XS
SM
MD
LG