ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ព្រួយបារម្ភពីការបំភិតបំភ័យគណបក្សប្រឆាំង អ្នកគាំទ្រគណបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកធ្វើបាតុកម្មដោយសន្តិវិធីនៅកម្ពុជា ខណៈមានការការគំរាមកំហែងពួកគេដោយកម្លាំងសមត្ថកិច្ច និងតុលាការកាន់តែច្រើនឡើង។
បើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកស្រី Ravina Shamda Sani អ្នកនាំពាក្យឧត្តមស្នងការអ.ស.ប.ផ្នែកសិទ្ធិមនុស្សបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បង្កបរិយាកាសនយោបាយឲ្យមានភាពល្អប្រសើរសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨ខាងមុខ។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះ លោកស្រីបានអំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យគោរពឲ្យបានម៉ឺងម៉ាត់នូវបទដ្ឋានអន្តរជាតិស្តីពីការជំនុំជម្រះក្តីដោយយុត្តិធម៌ ក្នុងអំឡុងពេលនីតិវិធីរឿងក្តីព្រហ្មទណ្ឌ រាប់ទាំងការធានាឲ្យមានតម្លាភាពនៅក្នុងការគ្រប់គ្រងប្រព័ន្ធយុត្តិធម៌។
លោកស្រីបញ្ជាក់ថា៖
«យើងមានការព្រួយបារម្ភជាខ្លាំងអំពីបរិយាកាសនៃការបំភិតបំភ័យកាន់តែខ្លាំងឡើងៗដល់អ្នកនយោបាយ អ្នកគាំទ្រគណបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកធ្វើបាតុកម្មដោយសន្តិវិធីក្នុងប្រទេសកម្ពុជា»។
អ្នកនាំពាក្យឧត្តមស្នងការសិទ្ធិមនុស្សអ.ស.ប.រូបនោះក៏បានលើកឡើងអំពីការបារម្ភក្រោយមានការចល័តកម្លាំងទ័ពនៅជិតស្នាក់ការគណបក្សសង្គ្រោះជាតិ ការប្តេជ្ញារបស់មន្ត្រីជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធការពារគណបក្សកាន់អំណាច និងការបិទផ្លូវមិនឲ្យគណបក្សសង្គ្រោះជាតិហែញត្តិដាក់នៅតាមស្ថានទូតនានា។ លោកស្រីក៏បានបង្ហាញការព្រួយបារម្ភអំពីការចោទប្រកាន់លោកកឹម សុខា និងសមាជិកគណបក្សប្រឆាំង ព្រមទាំងការចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធីជាបន្តបន្ទាប់ផងដែរ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ថា ការលើកឡើងរបស់អ្នកនាំពាក្យឧត្តមស្នងការសិទ្ធិមនុស្សអ.ស.ប.គឺមិនត្រឹមត្រូវ និងខ្វះភាពសុច្ចរិត។
លោកមានប្រសាសន៍ថា៖
«អ្វីដែលគាត់លើកឡើងគឺខ្វះភាពសុច្ចរិត ត្រង់កន្លែងគាត់អត់បានលើកឡើងអំពីអង្គហេតុ។ ហេតុដូចម្តេចបានអ្នកទាំងអស់ហ្នឹងមានបញ្ហាជាមួយតុលាការ។ គាត់ត្រូវតែមានសេចក្តីក្លាហានក្នុងការផ្តល់សេវាកម្មសម្រាប់ប្រជាពលរដ្ឋកម្ពុជា គឺគាត់មិនមែននៅក្នុងគណបក្សដែលប្រឆាំង ឬគាត់មិនមែនជាក្រុមប្រឆាំងជាមួយរាជរដ្ឋាភិបាលទេ។ គាត់ជាដៃគូជាមួយរដ្ឋាភិបាល»។
ការលើកឡើងរបស់អ្នកនាំពាក្យឧត្តមស្នងការសិទ្ធិមនុស្សអ.ស.ប.នេះកើតឡើងក្រោយពីមានការហោះហើរឧត្ថម្ភាគចក្រជាច្រើនគ្រឿង និងការចល័តទ័ពជើងគោក ជើងទឹក ក្បែរស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើ កាលពីថ្ងទី៣១ ខែសីហាកន្លងទៅ។
ចំណែកនៅថ្ងៃទី៥ ខែកញ្ញា សមត្ថកិច្ចបិទផ្លូវក្បែរគណបក្សសង្គ្រោះជាតិតាំងពីព្រឹកព្រលឹមរហូតដល់ម៉ោងជាង១១ព្រឹក រារាំងគម្រោងហែញត្តិរបស់គណបក្សប្រឆាំង ដើម្បីដាក់នៅតាមស្ថានទូតរបស់ប្រទេសហត្ថលេខីសន្ធិសញ្ញាទីក្រុងប៉ារីស សុំឲ្យជួយការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕