ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Amnesty International ជំរុញរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការជម្លៀសពលរដ្ឋនៅតំបន់អង្គរ


ផ្ទះរបស់ពលរដ្ឋក្នុងតំបន់រុនតាឯក ដែលដាក់លក់ ក្នុងសហគមន៍ថ្មីដែលជាកន្លែងផ្លាស់ប្តូរលំនៅដ្ឋានរបស់ពលរដ្ឋពីតំបន់អង្គរ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)
ផ្ទះរបស់ពលរដ្ឋក្នុងតំបន់រុនតាឯក ដែលដាក់លក់ ក្នុងសហគមន៍ថ្មីដែលជាកន្លែងផ្លាស់ប្តូរលំនៅដ្ឋានរបស់ពលរដ្ឋពីតំបន់អង្គរ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)

អង្គ​ការ​លើក​លែង​ទោសអន្តរ​ជា​តិ Amnesty International លើក​ឡើង​នៅ​ក្នុង​របាយ​ការ​ណ៍​របស់​ខ្លួន​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​ទៅលើ​ច្បាប់​អន្តរជាតិ តាម​រយៈការ​ជម្លៀស​ប្រជាពល​រដ្ឋប្រមាណ ​១ម៉ឺន​គ្រួសារ​ នៅ​ក្នុងតំបន់អង្គរ ដោយ​បង្ខំ។

បើ​តាម​របាយការណ៍​ចេញផ្សាយ​កាល​ពីថ្ងៃអង្គារ​របស់​អង្គការ ​Amnesty International ដោយ​យក​ការ​អភិរក្សតំបន់​បេតិកភណ្ឌពិភព​លោក​ អាជ្ញាធរ​កម្ពុជា​បាន«បង្ខំ​ជម្លៀស»ប្រជាពល​រដ្ឋ​ជាច្រើន​គ្រួសារ​ចេញ​ពី​តំបន់​អង្គរ​តាំ​ង​ពី​ឆ្នាំ​ ២០២២ ដែល​មាន​ប្រមាណ​ជាង ​១​ម៉ឺនគ្រួសារ ត្រូវ​បាន​ឱ្យផ្លាស់ទី។ ប៉ុន្តែ​អង្គការ​ Amnesty International លើកឡើងថា​ អង្គការ​ UNESCO ធ្លាប់​ប្រាប់ខ្លួន​ថា​មិន​មាន​ការ​អំពាវនាវ​ឱ្យ​ជម្លៀស​ប្រ​ជា​ពល​រដ្ឋ​ឡើយ។

របាយការណ៍​ដដែល​បញ្ជាក់ថា​៖ «មនុស្ស​ជា​ច្រើន​ត្រូវ​បាន​យាយី គំ​រាម​កំ​ហែង និង​បង្ខំ​ឱ្យ​ចាក​ចេញ​ដោយ​គ្មាន​ការពិ​គ្រោះ​យោបល់​ពិត​ប្រាកដ​។ ស្ទើរ​តែ​គ្មាន​នរណា​ម្នាក់​ចង់​ទៅ​ឡើយ​(ទៅ​កន្លែង​ថ្មី​នៅរុនតាឯក)»។

​របាយ​ការណ៍​ Amnesty international បាន​ស្រង់សម្តី​ផ្ទាល់​របស់​ប្រជា​ពល​រដ្ឋម្នាក់​ដែល​ខ្លួន​បានសម្ភាសន៍​ ដោយ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​អំពី​ផល​ប៉ះពាល់​ថា​៖ «​គេ​សុំ​ឲ្យ​យើង​ឈរ​ម្ខាង​សម្រាប់​អ្នក​ដែល​យល់​ព្រម[បោះបង់​ដី​ស្រែ] ហើយ​អ្នក​ដែល​មិន​យល់ព្រម​ឈរ​ម្ខាង​ទៀត។ បន្ទាប់​មក​គេ​ថា​អ្នក​ណា​ដែល​តវ៉ា​នឹង​ចូល​គុក​ភ្លាម»។

ការតាំង​ទីលំនៅថ្មីនៅ​ឃុំ​រុន​តាឯក ស្រុក​បន្ទាយ​ស្រី គឺ​នៅ​ឆ្ងាយ ហើយ​កង្វះ​លំ​នៅ​ឋាន​បាន​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព ដោយ​សារ​ការ​រស់​នៅ​ក្រោម​អាកាសធា​តុមិន​ល្អ ខ្វះ​ទឹក​ស្អាត បង្គន់​អនាម័យ​មិន​គ្រប់​គ្រាន់ អគ្គិសនី ផ្លូ​វត្រឹម​ត្រូវ និង​ឱកាស​នៃ​ការរស់​នៅ។ នេះ​បើ​តាម​របាយ​ការណ៍​ដដែល។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ប្រាប់វីអូអេថា រាល់ការចាកចេញរបស់ប្រជាពលរដ្ឋធ្វេីឡេីងដោយស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំឡេីយ។ លោកបន្ថែមថារដ្ឋាភិបាលក៏មានកម្មវីធីគាំទ្រសង្គមក្នុងរយ:ពេល១០ឆ្នាំ ដូចជាថវិកាប្រចាំខែ(ប័ណ្ណសមធម៌) និងការឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះផងដែរ។

លោកបញ្ជាក់ថា៖ «ដូច្នេះ គ្មានចំណុចត្រង់ណាដែលថា ការចាកចេញជាការបង្ខិតបង្ខំ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបានផ្តល់កិច្ចគាំទ្រគ្រប់សព្វបែបយ៉ាងដើម្បីសុខុដុមនីយភាពរបស់ប្រជាជន»។

នៅពេលសួរពាក់ព័ន្ធនឹងការដែលអង្គការ Amnesty International ថា UNESCO មិនបានទទូចឱ្យជម្លៀសប្រជាពលរដ្ឋចេញពីតំបន់អង្គរ អ្នកនាំពាក្យរូបនេះ អះអាងថា អាជ្ញាធរបានពិភាក្សានិងពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីអ្នកជំនាញអាយស៊ីស៊ីអង្គរ និងតំណាងអង្គការយូណេស្កូ មុនធ្វេីការងារនេះ ដែលលោកថាការលេីកឡេីងនោះ«ជាការយល់ច្រឡំខុស»។

កាលពីពេលកន្លងទៅ មន្ត្រី​រដ្ឋាភិបាល​លើកឡើងថា ​រដ្ឋាភិបា​លបាន​កំពុង​រៀបចំ​ដី​នៅ​ឃុំ​រុនតាឯក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ​តំបន់​អង្គរ។ ជា​ដំណោះ​ស្រាយ​នៃ​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​តំបន់​អង្គរ ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ដី​ទំហំ​ ២០​ម៉ែត្រ​គុណ​នឹង ​៣០​ម៉ែត្រ ​នៅ​ក្នុង​ឃុំ​រុនតាឯក និង​អត្ថប្រយោជន៍​មួយ​ចំនួន​ទៀត។

រូបថតកាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៣ បង្ហាញ​ទិដ្ឋភាពនៃ​ភូមិ​រុនតាឯក ក្នុងខេត្តសៀមរាប។ (AFP/AMNESTY INTERNATIONAL)
រូបថតកាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៣ បង្ហាញ​ទិដ្ឋភាពនៃ​ភូមិ​រុនតាឯក ក្នុងខេត្តសៀមរាប។ (AFP/AMNESTY INTERNATIONAL)

នៅ​ក្នុង​លិខិត​របស់​អតីត​អភិបាល​ខេត្ត​សៀមរាប កាល​ពី​កន្លង​ទៅ លោក ទៀ សីហា ក៏​ធ្លាប់ព្រមាន​ថា អាជ្ញាធរ​នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​ប្រជា​ពលរដ្ឋ​ដែល​បន្ត​តវ៉ា និង​ថា​អាជ្ញាធរ​ធ្វើទៅ​តាម​តែ​ច្បាប់​ប៉ុណ្ណោះ។

លោក ឡុង កុសល​ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ធ្លាប់​លើក​ឡើង​ថា​ អាជ្ញាធរ​បាន​ពិគ្រោះ​និងពិភាក្សា​ជាមួយ​ប្រជាពល​រដ្ឋ​ និង​ថា​ ការចាក​ចេញ​របស់​ពួកគេ​គឺធ្វើ​ឡើង​ដោយការ​ស្ម័គ្រ​ចិត្ត។

ពលរដ្ឋ​ម្នាក់​ដែល​រស់​នៅ​តំបន់​អង្គរ​ ប្រាប់​វី​អូ​អេ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​បារម្ភ​អំពី​ផល​ប៉ះពាល់​លើ​អ្នកស្រី​ថា​ បច្ចុប្បន្ន​នេះ អ្នក​ស្រី​មិន​បាន​ផ្លាស់​ទី​លំ​នៅ​ទៅ​រស់​នៅ​តំបន់​រុន​តា​ឯក​ដែល​ជា​តំបន់​ថ្មី​នោះ​ឡើយ។ អ្នក​ស្រី​បញ្ជាក់​ថា ​ក្នុង​រយៈ​ពេល​ជិត​មួយ​ឆ្នាំ ក្រោយ​មាន​ការ​តវ៉ា​ឱ្យ​ផ្លាស់​ទី​លំនៅ​ ហើយមាន​ការ​ដោះ​ស្រាយ​ជា​មួយ​អាជ្ញា​ធរជាតិអប្សរា អាជ្ញា​ធរមិន​បាន​មក​ប្រាប់​ឱ្យ​អ្នកស្រី​ចាក​ចេញ​ទៀត​នោះ​ទេ។ ដូច្នេះ​អ្នកស្រី​ចេះ​តែ​បន្ត​រស់​នៅ​កន្លែង​ដើម។

ទោះជាយ៉ាងណា​ក្តី អ្នក​ស្រី​នៅ​តែ​ព្រួយ​បារម្ហ​នៅ​ពេល​ខាង​មុខ​ ព្រោះ​ការ​ដោះ​ស្រាយ​ជា​មួយ​ខាង​អាជ្ញា​ធរ​កាល​ពី​កន្លង​ទៅ គឺ​មិន​បាន​បំពេញ​ឯក​សារ​ជា​លាយ​លក្ខណ៍​អក្សរ​អ្វី​ឡើយ។

ពលរដ្ឋ​រូប​នោះ​ប្រាប់​វីអូអេ​ក្នុង​ន័យ​ដើម​ថា៖ «បើ​ថា ​នៅ​ថ្ងៃ​អនាគត​ពួក​គាត់​(អាជ្ញា​ធរ​)​មក​ម្ដង​ទៀត​ ក៏​ខ្ញុំ​អត់​ទាន់​ដឹង​ដែរ​អ៊ីចឹង​។ យើង​អត់​ប្រាកដ​ដែរ​ថា ​ព្រោះ​អី​យើង​វា​អត់​មាន​អី​អំណះ​អំណាង​ច្បាស់​លាស់​នឹង​និយាយថា ​យើង​ហ្នឹង​មាន​សុវត្ថិ​ភាព​នៅ​កន្លែង​ហ្នឹង​អ៊ីចឹង​»។

គួរ​បញ្ជាក់​ថា​ កាល​ពី​ចុង​ខែ​សីហា​ ឆ្នាំ​២០២២ អតីត​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន បាន​ថ្លែង​ថា​បើ​ប្រជាពលរដ្ឋ​មិន​ព្រម​ចាក​ចេញ​ នោះ​អង្គរ​វត្ត​នឹង​ត្រូវ​ដក​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​កាល​ពី​ឆ្នាំ​ ១៩៩២៕

XS
SM
MD
LG