ខណៈប្រជាពលរដ្ឋនៅឃុំព្រះដាក់នៃខេត្តសៀមរាបកំពុងនាំគ្នាតវ៉ាប្រឆាំងនឹងការបណ្តេញចេញពីតំបន់អង្គរ ប្រជាពលរដ្ឋនៅក្នុងសង្កាត់គោកចកនៃតំបន់អង្គរដូចគ្នា នៅថ្ងៃសុក្រនេះ បានប្រមូលផ្តុំគ្នានៅសាលាសង្កាត់ ដោយសារតែព្រួយបារម្ភពីការបណ្តេញចេញទៅកន្លែងថ្មី។
ប្រជាពលរដ្ឋជាង ៥០០នាក់បានប្រមូលផ្តុំគ្នានៅមុខសាលាសង្កាត់គោកចក ក្រុងសៀមរាប ដើម្បីសុំការស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធនឹងការតម្រូវឱ្យពួកគេរុះរើផ្ទះ។ ការតវ៉ារបស់ពួកគេកើតឡើង ក្រោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ បានអះអាងថាពលរដ្ឋនៅក្នុងឃុំព្រះដាក់អាចបន្តរស់នៅកន្លែងចាស់បាន បើទោះរដ្ឋាភិបាលកំពុងរៀបចំកន្លែងថ្មីសម្រាប់ប្រជាពលរដ្ឋដែលត្រូវបណ្តេញចេញពីតំបន់អង្គរ។
លោក ធី សុគន្ធា អាយុ៥៣ឆ្នាំ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា អាជ្ញាធរអប្សរាបានសួរនាំ ក៏ដូចជាប្រាប់ប្រជាពលរដ្ឋពីការតម្រូវឱ្យចាកចេញទៅរស់នៅកន្លែងថ្មី នៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលរដ្ឋាភិបាលបានផ្តល់ដី ដែលមានទទឹង២០ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ និងអត្ថប្រយោជន៍មួយចំនួន រួមមានទាំងបណ្ណក្រីក្រផងដែរ។
លោកបន្ថែមថា ក្រោយការជូនដំណឹងរបស់អាជ្ញាធរ ប្រជាពលរដ្ឋមានការព្រួយបារម្ភ និងភ័យខ្លាចពីការតម្រូវឱ្យទៅរស់នៅកន្លែងថ្មី ហេតុនេះបានជាពួកគេសម្រេចនាំគ្នាទៅសាលាសង្កាត់ ដើម្បីឱ្យអាជ្ញាធរបកស្រាយឱ្យបានច្បាស់លាស់។
មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប លោក ធី សុគន្ធា បានអះអាងថាលោក និងប្រជាពលរដ្ឋផ្សេងទៀតមិនចង់ចាកចេញពីកន្លែងបច្ចុប្បន្នឡើយ ខណៈថាកន្លែងដែលលោកកំពុងតែរស់នៅសព្វថ្ងៃមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ។
លោកថ្លែងថា៖ «គេចុះជំរឿនសួរថាតើយើងស្ម័គ្រចិត្តចេញឬក៏អត់។ អ្នកខ្លះត្រូវបង្ខំថាបើមិនចាកចេញទេ គេអាចនឹងដកយកដីដោយគ្មានសំណង។ ដូច្នេះហើយធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ»។
ទោះជាយ៉ាងណា បុរសវ័យ ៥៣ឆ្នាំរូបនេះបន្ថែមថា បន្ទាប់ពីប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នាហើយ អាជ្ញាធរម្នាក់ដែលអះអាងថាខ្លួនតំណាងឱ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានបកស្រាយពីការមិនតម្រូវឱ្យពួកគេចាកចេញឡើយ។ ប៉ុន្តែមន្រ្តីរូបនោះអះអាងថា មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់សំណង់ថ្មីៗនៅម្តុំតំបន់អង្គរវត្តឡើយ។
ពលរដ្ឋម្នាក់ទៀត លោក ចាប ប៊ុនថន អាយុ ៣៧ឆ្នាំ ប្រាប់វីអូអេថា អាជ្ញាធរបានមកសួរប្រជាពលរដ្ឋពីការស្ម័គ្រចិត្តរុះរើផ្ទះទៅរស់នៅកន្លែងថ្មី ដោយសន្យាផ្តល់នូវសំណងផ្សេងៗ ដែលជាគោលនយោបាយរបស់រដ្ឋាភិបាលដាក់ចេញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីកន្លងទៅ។ ការណ៍នេះនាំឱ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង ហើយបានផ្តុំគ្នានៅមុខសាលាសង្កាត់ ដើម្បីសុំការស្រាយបំភ្លឺ។
លោកថ្លែងថា៖«គ្រាន់ជាការពញ្ញាក់ស្មារតី ឱ្យយើងគិតមើលថាបើមិនទៅទេ អាចមានការរុះរើ ដោយគ្មានសំណងឬក៏អាចមានអាជ្ញាធរគេមកដកហូតអីចឹង»។
លោក ចាប ប៊ុនថន បានលើកឡើងថា កន្លែងដែលលោកកំពុងរស់នៅបច្ចុប្បន្នមិនមែនជាដីរបស់អាជ្ញាធរអប្សរាឡើយ ប៉ុន្តែស្ថិតក្នុងតំបន់និងការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា។ បុរសរូបនេះបន្តថា ទៅថ្ងៃខាងមុខ បើអាជ្ញាធរមានបំណងឱ្យប្រជាពលរដ្ឋចាកចេញ ត្រូវតែមានការតបស្នងដោយសមប្រកបគ្នា។
លោកបញ្ជាក់ថា៖ «ហើយបើសិនជាអនាគតទៅ រដ្ឋតម្រូវឱ្យយើងរុះរើ អាហ្នឹងយើងមានគោលការណ៍ដែរថាតើ យើងគិតមើលទៅតើសំណងដែលសងមកលើប្រជាពលរដ្ឋដែលគាត់មិនព្រមស្ម័គ្រ ហើយរុះរើ តើវាសមនឹងអ្វីដែលគាត់ចំណាយឬអត់?»។
កាលពីថ្ងៃពុធ ប្រជាពលរដ្ឋនៅឃុំព្រះដាក់រាប់ពាន់នាក់បានចេញមុខតវ៉ានៅសាលាឃុំ ក្រោយអាជ្ញាធរចុះប្រាប់ពួកគេឱ្យចាកចេញពីតំបន់អង្គរ។ ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ បានអះអាងថាប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងឃុំព្រះដាក់ មិនតម្រូវឱ្យចាកចេញឡើយ ខណៈលោកបានបញ្ជូនលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ទៅបកស្រាយបំភ្លឺនៅចំពោះមុខប្រជាពលរដ្ឋ នាថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២ នេះ។
អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ អះអាងថាការដែលអាជ្ញាធរដើរសួរនាំប្រជាពលរដ្ឋឱ្យស្ម័គ្រចិត្តចាកចេញទៅកាន់តំបន់ថ្មី ជាគោលនយោបាយរបស់រដ្ឋាភិបាល ខណៈបារម្ភអំពីការកើនឡើងនូវសំណង់ថ្មីៗ ដែលលោកថាវាធ្វើឱ្យប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌពិភពលោកដែលត្រូវបានចុះបញ្ជីជាមួយអង្គការយូណេស្កូ កាលពីឆ្នាំ១៩៩២។
លោកថ្លែងថា៖ «ឥឡូវនេះយើងធ្វើតាមគោលនយោបាយរបស់រដ្ឋាភិបាល។ ត្រូវធ្វើតាមលិខិតបទដ្ឋានគតិយុត្តិជាច្រើន ដែលមានតាំងពីទសវត្សរ៍ ២០០០ និងទសវត្សរ៍ ៩០ កន្លងមកហ្នឹង។ ហើយតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត គឺថាទៅមុន»។
មុនការតវ៉ារបស់ប្រជាពលរដ្ឋនៅឃុំព្រះដាក់ និងសង្កាត់គោកចក លោក ហ៊ុន សែន កាលពីថ្ងៃចន្ទ បានលើកឡើងថា រដ្ឋាភិបាលនឹងចាត់វិធានផ្លូវច្បាប់ ប្រសិនបើប្រជាពលរដ្ឋនៅតំបន់អង្គរមិនព្រមចាកចេញទៅរស់នៅតំបន់ថ្មី ដែលរដ្ឋាភិបាលបានរៀបចំឱ្យ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា កាលណាពេលវេលាកំណត់មកដល់ រដ្ឋាភិបាលនឹងតម្រូវឱ្យពួកគេចេញ ដោយមិនផ្តល់ការតបស្នងអ្វីឡើយ៕