លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍មួយចំនួនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ ដែលរដ្ឋាភិបាលអះអាងថា ពួកគេរស់នៅខុសច្បាប់ ហើយការរស់នៅប៉ះពាល់រមណីដ្ឋានប្រាង្គប្រាសាទ។
ការផ្តល់ប្រកាសតាមគោលនយោបាយរបស់រដ្ឋាភិបាលធានាថា ប្រជាពលរដ្ឋចាកចេញពីតំបន់ទាំងនោះដោយការពេញចិត្ត និងមិនមានការតវ៉ា។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅដ្ឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតនោះ លោក ហ៊ុន សែន បានអះអាងថា ប្រជាពលរដ្ឋដែលព្រមចាកចេញពីតំបន់ដែលហាមឃាត់នឹងទទួលបានដីឡូតិ៍ ដែលលោកមិនបានបញ្ជាក់ទំហំឡើយ ទឹកប្រាក់សរុបចំនួន១លាន៤០ម៉ឺនរៀល និងអត្ថប្រយោជន៍មួយចំនួន ដូចជាទទួលបានបណ្ណកាន់កាប់ដីធ្លីដោយស្របច្បាប់ ការដឹកជញ្ជូនរបស់របរមកកាន់កន្លែងថ្មីដោយមិនគិតថ្លៃ ទទួលបានបណ្ណក្រីក្រ និងបណ្ណស្ត្រីមានផ្ទៃពោះផងដែរ។ បើតាមលោក ហ៊ុន សែន ការផ្តល់បណ្ណសមធម៌ ឬបណ្ណក្រីក្រ និងបណ្ណស្ត្រីមានផ្ទៃពោះមានសុពលភាពរយៈពេល១០ឆ្នាំ។
ក្រៅពីនោះ លោក ហ៊ុន សែន ថា អាជ្ញាធរនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការចាំបាច់ផ្សេងទៀតសម្រាប់ប្រជាពលរដ្ឋ ដូចជាផ្លូវ ភ្លើង អណ្តូងទឹក និងសាលារៀនជាដើម។
លោក ហ៊ុន សែន អះអាងថា ចំណាត់ការរបស់រដ្ឋាភិបាលនឹងនាំមកនូវផលប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «អ៊ីចឹងជ្រើសរើសទៅ។ ប្រជាពលរដ្ឋរបស់យើងសូមជ្រើសរើសរវាងការរស់នៅដោយមិនមានភាពច្បាស់លាស់ មិនដឹងថាថ្ងៃណាគេដេញ ហើយពង្រីកគ្រួសារ ពង្រីកផ្ទះក៏មិនកើត។ ចាកចេញពីទីកន្លែង ដែលរស់នៅមិនស្របច្បាប់មកទីតាំងទីលំនៅកន្លែងស្របច្បាប់ ជ្រើសរើសទៅ»។
កន្លងទៅ ប្រជាពលរដ្ឋធ្លាប់បានអះអាងថា ពួកគេនឹងទទួលបានដីឡូតិ៍ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានទទឹងប្រវែង២០ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ ប្រសិនបើពួកគេសម្រេចចាកចេញទៅតំបន់ថ្មី។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារ ក៏បានអំពាវនាវឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុផ្តល់ប្រាក់កម្ចីដោយមានការប្រាក់ទាបដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ថ្មីផងដែរ។
បើតាមលោក ហ៊ុន សែន មកទល់ពេលនេះ ប្រជាពលរដ្ឋចំនួន៥៩៤គ្រួសារហើយព្រមចាកចេញពីតំបន់អង្គរទៅកាន់តំបន់រុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោក ហ៊ុន សែន ក៏បានចំអកទៅក្រុមប្រឆាំងកុំយកបញ្ហានេះទៅធ្វើជារឿងនយោបាយ។ លោកបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវឱ្យបណ្តាគណបក្សនយោបាយ កុំប្រើប្រាស់នូវអ្វីដែល ហ៊ុន សែន កំពុងដោះស្រាយ ដែលជាតម្រូវការរបស់ជាតិ ធ្វើជាអាវុធដើម្បីវាយ ហ៊ុន សែន យកសន្លឹកឆ្នោតនាពេលខាងមុខ។ ខ្ញុំយល់ពួកអ្នកឯង។ ពួកអ្នកឯងតែងតែធ្វើរឿងនេះនៅមុនការបោះឆ្នោតជានិច្ច»។
អ្នកស្រី ទន់ សារ៉េន អាយុ៣០ឆ្នាំ ប្រជាពលរដ្ឋដែលផ្ទះត្រូវបានអាជ្ញាធររុះរើ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា អ្នកស្រីសាទរចំពោះណាត់ការ ក៏ដូចជាគោលនយោបាយរបស់រដ្ឋាភិបាល។ ទោះជាយ៉ាងណា អ្នកស្រីបានសុំអាជ្ញាធរបង្ខិតផ្ទះមកក្រោយដើម្បីកុំឱ្យប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌ។ ប៉ុន្តែអ្នកស្រីថា រហូតមកដល់ពេលនេះមិនទាន់ទទួលបានការបញ្ជាក់ពីអាជ្ញាធរឡើយ។
អ្នកស្រីបន្ថែមថា អ្នកស្រីមិនចង់ចាកចេញពីទីកន្លែងកំណើតឡើយ។ អ្នកស្រីថ្លែងថា៖ «សម្រាប់ខ្ញុំ ខ្ញុំចង់នៅកន្លែងដែលខ្ញុំកើត ហើយខ្ញុំនៅទីនេះយូរណាស់ហើយ មានភាពកក់ក្តៅនៅហ្នឹង»។
លោក សួន សុធា អាយុ៣៨ឆ្នាំ ជាអាជីវករលក់ដូរនៅម្តុំស្រះស្រង់ ប្រាសាទបន្ទាយក្តី ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា លោកពេញចិត្តចំពោះគោលនយោបាយរបស់រដ្ឋាភិបាល និងសង្ឃឹមថា រដ្ឋាភិបាលធ្វើទៅតាមអ្វីដែលបានសន្យា។
បុរសវ័យ៣៨ឆ្នាំរូបនេះជំរុញឱ្យរដ្ឋាភិបាលរកទីកន្លែងដែលអាចឱ្យប្រជាពលរដ្ឋលក់ដូរបានឡើងវិញ ព្រោះជីវភាពរស់នៅរាល់ថ្ងៃពឹងផ្អែកលើការលក់ដូរ។
លោកថ្លែងថា៖ «សំណូមពរឱ្យមានដំណោះស្រាយឱ្យឆាប់ ព្រោះថា រាល់ថ្ងៃអត់មានបានរកស៊ីអីទេ នៅតែផ្ទះ។ កាលមុន យើងរកស៊ីពឹងការលក់ដូរតាមប្រាសាទ ព្រោះយើងអ្នកនៅតាមអង្គរ។ យើងអត់ចេះធ្វើអីទេ ចេះតែលក់ដូរប៉ុណ្ណឹងឯង»។
កាលពីចុងខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងថា បើប្រជាពលរដ្ឋមិនចាកចេញទេ អង្គរវត្តនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលត្រូវបានចុះបញ្ជីកាលពីឆ្នាំ ១៩៩២។
លោក នីរ៉ាន នូ (Niran Nou) មន្ត្រីកម្មវិធីទទួលបន្ទុកផ្នែកវប្បធម៌នៃអង្គការយូណេស្កូ ប្រាប់វីអូអេតាមសារអ៊ីមែលកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ថា ការការពារថែរក្សា និងការគ្រប់គ្រង់នៅតំបន់បេតិកភណ្ឌអង្គរវត្តជាការទទួលខុសត្រូវរបស់រដ្ឋភាគី ដែលបានផ្តល់សច្ចាប័នទៅលើកតិកាសញ្ញាស្តីពីបេតិកភណ្ឌពិភពលោក។ លោកថ្លែងបន្តថា វាក៏ជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ដើម្បីធានានូវគុណតម្លៃ ដែលត្រូវបានកំណត់ថា ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
លោកបញ្ជាក់ថា៖ «រដ្ឋជាភាគីត្រូវតែធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ដើម្បីដោះស្រាយបញ្ហានៃការទន្ទ្រាន និងការសាងសង់ថ្មីៗ ក្នុងតំបន់ ១ និងតំបន់ ២ ស្របតាមគោលការណ៍នៃការចិញ្ចឹមជីវិតរបស់ពួកគេ ការចូលរួមពីគ្រប់ភាគី និងការអភិវឌ្ឍប្រកបដោយចីរភាព»៕