លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានលើកឡើងថា លោកនឹងចាត់វិធានការលើប្រជាពលរដ្ឋនៅតំបន់អង្គរដែលមិនព្រមចាកចេញទៅរស់នៅតំបន់ថ្មី ដែលរដ្ឋាភិបាលបានរៀបចំឱ្យ និងមិនទទួលយកអត្ថប្រយោជន៍ដែលផ្តល់ ឱ្យ។
លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា កាលណាពេលវេលាកំណត់មកដល់ រដ្ឋាភិបាលនឹងតម្រូវឱ្យពួកគេចេញដោយមិនផ្តល់ការតបស្នងអ្វីឡើយ។
លោកបញ្ជាក់ថា៖ «នេះជាពេលវេលាដែលរដ្ឋាភិបាលកំពុងថ្នាក់ថ្នម ធ្វើហេដ្ឋារចនាសម្ព័ន្ធជូន ប៉ុន្តែតែដល់ពេលវេលាមួយហើយ មិនមែនសុខចិត្តឱ្យគេដកអង្គរវត្តចេញពីបេតិកភណ្ឌពិភពលោកទេ។ ច្បាស់ជាដកគ្រួសារនោះចេញហើយ! កុំឃើញនាយករដ្ឋមន្ត្រីទៅនិយាយ ហើយគិតថា ថ្ងៃក្រោយនឹងអាចតថ្លៃបានតម្លៃច្រើនជាងហ្នឹង ដីធំជាហ្នឹង។ អត់ទេ។ ដីអ្នកទាំងអស់គ្នាអត់មានកម្មសិទ្ធិទេ»។
លោកបន្ថែមថា នៅពេលវេលាកំណត់មកដល់ ប្រជាពលរដ្ឋដែលមិនព្រមចាកចេញនឹងមិនទទួលបានសូម្បីតែមួយសេន ហើយពួកគេត្រូវបញ្ជូនចេញពីតំបន់នោះតែម្តង។
លោកនាយករដ្ឋមន្ត្រីក៏បានបដិសេធចំពោះការលើកឡើងថា ការជម្លៀសប្រជាពលរដ្ឋនៅតំបន់អង្គរចេញ គឺដើម្បីលក់ដីនៅតំបន់នោះទៅឱ្យឯកជន។
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍មួយចំនួនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរបន្ថែមពីលើការផ្តល់ដីនៅតំបន់រុនតាឯក ក្នុងស្រុកបន្ទាយស្រី ក្នុងទំហំ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ។ ការផ្តល់តាមគោលនយោបាយរបស់រដ្ឋាភិបាលធានាថាប្រជាពលរដ្ឋចាកចេញពីតំបន់ទាំងនោះ ដោយការពេញចិត្ត និងមិនមានការតវ៉ា។
ប្រជាពលរដ្ឋដែលកំពុងប្រឈមការចាកចេញពីតំបន់អង្គរ លោក សួន សុធា ប្រាប់វីអូអេថា អាជ្ញាធរកំពុងតែស្វែងរកអ្នកស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរទៅរស់នៅកន្លែងថ្មី ខណៈមិនទាន់មានចំណាត់ការអ្វីលើសពីនេះឡើយ។
បុរសដែលមានទីលំនៅក្នុងភូមិស្រះស្រង់ខាងជើងនេះអះអាងថា លោកមិនចង់ចាកចេញពីទីកន្លែងកំណើតឡើយ។ លោកបន្តថា លោកកំពុងរង់ចាំមើលចំណាត់ការបន្ទាប់របស់អាជ្ញាធរ ហើយថា មកទល់ពេលនេះ លោកនៅតែអាចរស់នៅកន្លែងកំណើតរបស់លោក។
លោកលើកឡើងថា សំណងរបស់រដ្ឋាភិបាលមានភាពសមរម្យចំពោះប្រជាពលរដ្ឋដែលមានជីវភាពមិនសូវធូរធារ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពល្អនឹងប៉ះពាល់ដល់ពួកគេ។
លោកបញ្ជាក់ថា៖ «ស្ថានភាពនៅទីនោះអត់ទាន់ប្រសើរ។ វាអត់ទាន់មានដូចជាមន្ទីរពេទ្យ សាលារៀន អីគ្រប់គ្រាន់អ៊ីចឹង។ បើយើងចាកចេញពីភូមិកំណើតទៅនៅកន្លែងនោះ យើងវាពិបាកផ្គត់ផ្គង់កូនរៀនសូត្រអ៊ីចឹងណា៎។ ហើយការរកស៊ីរបស់យើងក៏អត់មានអីរកចំណូលចូលដែរ។ អ៊ីចឹង បើឱ្យពួកយើងស្ម័គ្រចិត្តទៅនៅកន្លែងនោះ វាពិបាក កន្លែងទៅអត់កើត»។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀតដែលផ្ទះត្រូវបានអាជ្ញាធររុះរើ អ្នកស្រី ទន់ សារ៉េន អាយុ៣០ឆ្នាំ ប្រាប់វីអូអេថា អ្នកស្រីនៅតែបន្តរស់នៅកន្លែងកំណើត និងថា អ្នកស្រីមិនចង់ចាកចេញឡើយ។ ស្ត្រីរូបនេះបន្តថា អាជ្ញាធរមិនបានប្រាប់អំពីចំណាត់ការជាក់លាក់ដល់ប្រជាពលរដ្ឋឡើយ ជាពិសេសមិនមានការប្រជុំពិភាក្សាជាមួយពួកគេ មុនដាក់ចេញវិធានការឱ្យរុះរើផ្ទះ។
អ្នកស្រីអះអាងថា ការចាកចេញពីទីកន្លែងចាស់ទៅរស់នៅកន្លែងថ្មីនឹងនាំមកនូវផលវិបាកច្រើន ខណៈជំងឺកូវីដ១៩បានបង្កការលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រួចទៅហើយ។
អ្នកស្រីបញ្ជាក់ថា៖ «គាត់រកអង្ករអត់ទាន់ញ៉ាំបានទេបង ជាពិសេសគាត់មានតូបជារបរ។ ហើយតូបរបស់គាត់គេរើអស់ហើយ។ អ៊ីចឹងគាត់បានចំណូលមកពីណា? កន្លែងគាត់ដែលត្រូវរកស៊ីប្រចាំថ្ងៃហ្នឹង។ ហើយកាលកូវីដ គាត់រស់ដូចស្លាប់ទៅហើយ! ចុះទម្រាំតែឥឡូវហ្នឹង! រួចមិនទាន់មានការងារធ្វើ មិនទាន់មានបានអីត្រឹមត្រូវ។ ហើយប្រទេសជាតិមិនទាន់នឹងធឹង មិនទាន់មានភ្ញៀវមកទស្សនាច្រើនផង»។
មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក លោក ច័ន្ទ ចំរើន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ការដោះស្រាយជម្លោះដោយសន្តិវិធីជារឿងសំខាន់ ខណៈលោកជំរុញឱ្យរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីធានាការរស់នៅប្រកបដោយយូរអង្វែងរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ខ្ញុំគ្រាន់តែថា បើសិនជាចាំបាច់ត្រូវជម្លៀសមែន សូមធ្វើម៉េចដោះស្រាយដោយសន្តិវិធី ហើយត្រូវគិតអំពីនិរន្តរភាពនៃការរស់នៅរបស់គាត់ដើម្បីធ្វើយ៉ាងម៉េចឱ្យគាត់រស់នៅបាន ហើយគាត់អាចមិនធ្លាក់ខ្លួនក្នុងភាពក្រីក្រ»។
គួរបញ្ជាក់ថា បើតាមលោក ហ៊ុន សែន មកទល់ពេលនេះ ប្រជាពលរដ្ឋចំនួនជាង៤ពាន់គ្រួសារហើយដែលព្រមចាកចេញពីតំបន់អង្គរទៅកាន់តំបន់រុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលរដ្ឋាភិបាលសន្យាថា នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ហើយប្រជាពលរដ្ឋនឹងទទួលបានបណ្ណក្រីក្រីកម្រិតមួយសម្រាប់រយៈពេល១០ឆ្នាំ ប្រសិនបើពួកគេព្រមទៅរស់នៅតំបន់នោះ៕