ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ស្នើ​សុំ​ដំណោះ​ស្រាយ​ដី​ធ្លី មុន​បញ្ជូន​អ្នក​ភូមិ​អង្គរ​មក​រស់​នៅ​តំបន់​រុន​តាឯក


ប្រជាពលរដ្ឋរស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប តវ៉ាសុំដំណោះស្រាយដីធ្លី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ (រូបផ្តល់ដោយលោក ហ៊ន់ រ៉ាវុធ)
ប្រជាពលរដ្ឋរស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប តវ៉ាសុំដំណោះស្រាយដីធ្លី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ (រូបផ្តល់ដោយលោក ហ៊ន់ រ៉ាវុធ)

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​ភូមិ​តានី ឃុំ​រុនតាឯក​ ដែល​ជា​ទីតាំង​រស់នៅ​ថ្មី​របស់​អ្នក​ដែល​ត្រូវ​បានផ្លាស់​ប្តូរ​ទី​លំនៅ​ពី​តំបន់​អង្គរ បាន​ជំរុញ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួកគេ មុន​នឹង​បញ្ជូន​ប្រជាពលរដ្ឋ​មក​រស់​នៅ​តំបន់​នោះ។

ប្រជាពលរដ្ឋ​អះអាង​ថា​ ពួកគេ​រស់​នៅ​ទីនោះ​យូរ​លង់​មក​ហើយ នៅ​លើ​ដី​ដែល​មាន​ទំហំ​ធំ ប៉ុន្តែ​អាជ្ញាធរ​ផ្តល់​សំណង​ដី​ធ្លី ដែល​មាន​ទំហំ​តូច ដែល​ពួកគេ​យល់​ថា​ជា​ដំណោះស្រាយ​មិន​សមរម្យ ហើយ​អយុត្តិធម៌​សម្រាប់​អ្នក​ភូមិ​ដែល​រស់​នៅ​យូរ​ឆ្នាំ។

លោក ហ៊ន់ រ៉ាវុធ អាយុ​ ៤១​ ឆ្នាំ អះអាង​ថា​ លោក​បាន​គ្រប់​គ្រង​ដី​ ១​ ហិកតា​ ៧ ​ពាន់​ម៉ែត្រ​ការ៉េ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ​ តាំង​ពី​យូរ​លង់​មក​ហើយ ហើយ​វា​ជា​ដីកេរដំណែល​របស់​ឪពុក​ម្តាយ​លោក។ លោក​ថ្លែង​បន្ថែម​ថា​ ជម្លោះ​ដីធ្លី​នេះ បាន​កើតឡើង​តាំង​ពី​ឆ្នាំ​ ២០០៦ នៅ​ពេល​អាជ្ញាធរ​បាន​ចុះ​មកសិក្សា ហើយ​ត្រៀម​រៀបចំ​ដី​សម្រាប់​ប្រជាពលរដ្ឋ​ ដែល​អាជ្ញាធរ​គ្រោង​នឹង​ជម្លៀស​ចេញ​ពី​តំបន់​អង្គរ។

ប្រជាពលរដ្ឋ​រូប​នោះ​មិន​ពេញ​ចិត្ត​នឹង​ដំណោះស្រាយ​បច្ចុ​ប្បន្ន ដែល​ឱ្យ​លោក​ដែល​មាន​ដី​ជិត​ពីរ​ហិកតា ទទួល​ដី​ឡូតិ៍ ដែល​មាន​ទទឹង​ ២០ ​ម៉ែត្រ និង​បណ្តោយ​ ៣០ ​ម៉ែត្រ ឬ​ស្មើ​នឹង​ ៦០០​ ម៉ែត្រ​ការ៉េ ដូច​ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​តំបន់​អង្គរ។

លោក​ប្រាប់​វីអូអេ​ថា៖ «ពួក​យើង​នៅ​នឹង​ភូមិ​នេះ​យូរ​លង់​មក​ហើយ គឺ​យើង​បាន​កាន់​កាប់​ដី​តពី​ដូនតា​មក​ដែល​មាន​ទំហំ​ធំ។ ដល់​ឱ្យ​យើង ​២០ ​[ម៉ែត្រ]​ គុណ​នឹង​ ៣០[ម៉ែត្រ] តើ​ឱ្យ​យើង​ទៅ​ធ្វើ​ស្រែ​យ៉ាង​ម៉េច? បើ​យើង​អាស្រ័យ​ផល​ដោយ​ស្រែ​ចម្ការ​អ៊ីចឹង?»។

លោក​ថ្លែង​បន្ថែម​ថា៖ «បើ​យើង​គិត​តែ​ពី​យក​ដី​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់ យក​ឱ្យ​ប្រជាពលរដ្ឋ​ក្រៅ​តំបន់ តើ​វា​យុត្តិធម៌​ដែរ​ទេ​ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន?»។

បើ​តាម​លោក រ៉ាវុធ បច្ចុប្បន្ន​នេះ ដី​របស់​លោក​មាន​ដើម​ស្វាយចន្ទី ដើម​ត្នោត និងស្រែ ខណៈ​អាជ្ញាធរ​កំពុង​ឈូស​ឆាយ​ដី​នៅ​តំបន់​នោះ ដើម្បី​ធ្វើ​ផ្លូវ និង​ពុះ​ឡូតិ៍​ចែក​ដល់​ប្រជាពលរដ្ឋ​មក​ពី​តំបន់​អង្គរ។

លោក ហ៊ន់ រ៉ាវុធ ឱ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​ ២៣ ​គ្រួសារ នៅ​បន្ត​តវ៉ា​ទាម​ទារ​ដី​ដែល​ពួក​គេ​បាន​គ្រប់​គ្រង ដែល​ដី​សរុប​មាន​ជាង​ ៨២ ​ហិកតា។

ប្រជាពលរដ្ឋ​នៅ​ភូមិតានី​បាន​ដាក់​លិខិត​ទៅ​ក្រសួង​រៀបចំ​ដែន​ដី ស្ថាប័ន និង​អាជ្ញាធរ​ពាក់​ព័ន្ធ ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ ប៉ុន្តែ​មិន​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ។

លោក ហ៊ន់ រ៉ាវុធ ថ្លែង​បន្ថែម​ថា៖ «ការ​កាន់​កាប់​ដី​របស់​ពួក​ខ្ញុំ មិន​មែន​ការ​កាន់​កាប់​ដោយ​ខុស​ច្បាប់​ទេ ព្រោះ​អី​យើង​កាន់​កាប់​ដី​មរតក​ពី​ដូនតា​មក។ បើ​យើង​យោង​តាម​ច្បាប់​ភូមិបាល​ ២០០១​ មក គឺ​វា​អត់​មាន​ខុស​លក្ខខណ្ឌ​នៃ​ច្បាប់​ហ្នឹង​ទេ ព្រោះ​អី​យើង​កាន់​កាប់​យូរ​លង់​មក​ហើយ។ ម្យ៉ាង​ទៀត យើង​អ្នក​ភូមិ​កំណើត​នៅ​នេះ»។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត លោក ហ៊ុប ទូច អាយុ​ ៦៣ ​ឆ្នាំ អះ​អាង​ថា ​លោក​គ្រប់គ្រង​ដី​នៅ​តំបន់​នោះ​ចំនួន​ ៩ ​ហិកតា​កន្លះ ដែល​លោក​ទុក​សម្រាប់​ចែក​កូន​ទាំង ៦ នាក់​របស់​លោក។ លោក​ថ្លែង​បន្ថែម​ថា​ អាជ្ញាធរ​គួរ​ផ្តល់​ដំណោះ​ស្រាយ​សមរម្យ ដោយ​កាត់​ឆ្វៀល​ដី​នៅ​ទីនោះ​ក្នុង​ទំហំ​ណា​មួយ បើ​ទោះ​តិច​ជាង​ដី​ដែល​អ្នក​ភូមិ​គ្រប់​គ្រង​តាំង​ពី​យូរ​លង់​មក​ហើយ។

លោក​ប្រាប់​វីអូអេ​ថា៖ «អាជ្ញាធរ​អត់​ព្រមៗ ចង់​យក​របស់​ពួក​ខ្ញុំ​ Free​ [មិន​ឱ្យ​លុយ]​តែ​ម្តង និយាយ​ឱ្យ​ចំ​ទៅ។ វា​អត់​សម​រម្យ បាន​ជា​ពួក​ខ្ញុំ​ចេះ​តែ​តវ៉ា​ហ្នឹង»។

បើ​តាម​លោក ហ៊ុប ទូច កាល​ពី​មុន អាជ្ញាធរ​បានផ្តល់​ដី​ប្រមាណ​ ៦ ​ហិកតា​ដែល​មាន​ទីតាំង​នៅ​ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយ​ស្រី សម្រាប់​រូប​លោក។ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ទទួល​យក ព្រោះ​ជា​ដី​ព្រៃ មិន​អាច​ធ្វើ​ស្រែ​បាន និង​មិន​មាន​ផ្លូវ។ ប៉ុន្តែ​ដំណោះស្រាយ​បច្ចុប្បន្ន​ដែល​អាជ្ញាធរ​ផ្តល់​ឱ្យ​រូប​លោក និង​អ្នក​ភូមិ​ផ្សេង​ទៀត គឺ​ត្រូវ​ទទួល​ដី​ឡូតិ៍​ទំហំ​ ៦០០ ម៉ែត្រ​ការ៉េ ដូច​អ្នក​ភូមិ​អង្គរ​ដែល​ត្រូវ​ជម្លៀស​មក។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អភិបាល​ខេត្ត​សៀម​រាប លោក ទៀ សីហា អ្នក​នាំពាក្យ​សាលា​ខេត្ត លោក លី សំរិទ្ធ អភិបាល​ស្តីទី​ស្រុក​បន្ទាយ​ស្រី លោក ភន់ សុខុម និង​អភិបាលរង​ខេត្ត​សៀមរាប លោក ឃឹម ហ្វីណង់ ដែល​ជា​អតីត​អភិបាល​ស្រុក​បន្ទាយស្រី​បាន​នៅ​ឡើយ​ទេ។

នៅ​ក្នុង​លិខិត​ជូន​ដំណឹង​មួយ ចុះថ្ងៃ​ទី​ ១៩ ខែ​កក្កដា ឆ្នាំ​ ២០២១ ដែល​វីអូអេ​ទទួល​បាន អភិបាល​ខេត្ត​សៀម​រាប លោក ទៀ សីហា បាន​ប្រាប់​ប្រជា​ពលរដ្ឋ​ជាង​ ២០ ​គ្រួសារ​នៅ​ភូមិ​តានី ឱ្យ​ទទួល​យក​ដំណោះស្រាយ​គោល​នយោបាយ​របស់​រដ្ឋាភិបាល គឺ​ទទួល​បាន​ដី​ដែល​មាន​ទទឹង​ ២០ ​ម៉ែត្រ និង​បណ្តោយ​ ៣០​ ម៉ែត្រ ស្ថិត​ក្នុង​ឃុំ​រុនតាឯក។ អភិបាល​ខេត្ត​ក៏​បាន​ព្រមាន​ថា​ អាជ្ញាធរ​នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​ប្រជាពលរដ្ឋ​ដែល​បន្ត​តវ៉ា។

លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ចូល​រួម​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ឱ្យ​ប្រជាពល​រដ្ឋ​នៅ​តំបន់​រុន​តាឯក លើ​ក​ឡើង​ថា​ ប្រជាពល​រដ្ឋ​មិន​ព្រម​ចូល​ខ្លួន​ទៅ​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​ ខណៈ​លោក​ការ​ពារ​ថា​ អាជ្ញាធរ​ធ្វើ​ទៅ​តាម​ច្បាប់​តែ​ប៉ុណ្ណោះ។

លោក​ប្រាប់​វីអូអេ​ថា៖ «មនុស្ស​យើង​ទាំង​អស់​គ្នា យើង​មាន​សិទ្ធិ​នៅ​ក្នុង​ការ​រស់​នៅ​ស្រប​ច្បាប់​ទាំង​អស់​គ្នា។ អត់​មាន​នរណា​គ្មាន​សិទ្ធិ​ទេ។ ក៏ប៉ុន្តែអ្វី​ដែល​ជាកិច្ច​ការងារ​រដ្ឋ គឺ​ត្រូវ​ការ​ជជែក​គ្នា។ គេហៅ​មក​ជជែក​ គេ​ហៅ​មក​ផ្តល់​ព័ត៌មាន។ គេហៅ​មក​ផ្តល់​នូវ​ជម្រើស»។

គួរ​បញ្ជាក់​ថា ​នា​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​កំពុង​រៀបចំ​ដី​នៅ​ឃុំ​រុនតាឯក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ​តំបន់​អង្គរ។ ជា​ដំណោះស្រាយ​នៃ​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​តំបន់​អង្គរ ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ដី​ទំហំ​ ២០ ​ម៉ែត្រ​គុណ​នឹង​ ៣០ ​ម៉ែត្រ ​នៅ​ក្នុង​ឃុំ​រុនតាឯក និង​អត្ថប្រយោជន៍​មួយ​ចំនួន​ទៀត។

កាល​ពី​ចុង​ខែ​សីហា​ ឆ្នាំ ២០២២ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ​បើ​ប្រជាពលរដ្ឋ​មិន​ព្រម​ចាក​ចេញ​ នោះ​អង្គរ​វត្ត​នឹង​ត្រូវ​ដក​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គ​ការ​យូណេស្កូ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​កាល​ពី​ឆ្នាំ​ ១៩៩២៕

XS
SM
MD
LG