ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមការពារ​ព្រៃឡង់ ស្នើ​ឲ្យ​អាជ្ញាធរ​រឹតបន្តឹង​ច្បាប់​ព្រៃឈើ ខណៈ​បទល្មើស​ព្រៃឈើ​បន្ត​កើនឡើង


ទិដ្ឋភាពព្រៃឡង់ពី​លើ​អាកាស​នៅ​ឆ្នាំ​២០១៦។ (រូបថតដោយ៖ USAID/Michael Gebremedhin)
ទិដ្ឋភាពព្រៃឡង់ពី​លើ​អាកាស​នៅ​ឆ្នាំ​២០១៦។ (រូបថតដោយ៖ USAID/Michael Gebremedhin)

ក្រុម​បណ្តាញ​សហគមន៍​ព្រៃឡង់ ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​មូលដ្ឋាន​អនុវត្តន៍​ច្បាប់​ព្រៃ​ឈើ​ឲ្យ​បាន​ជាប់​លាប់​ គ្រាដែល​សហគមន៍​លើកឡើង​ថា បទល្មើស​ព្រៃឈើ​ក្នុង​តំបន់ព្រៃឡង់​ នៅ​តែ​បន្ត​កើតមាន​ជា​បន្តបន្ទាប់។

តំបន់​ព្រៃឡង់​មាន​ផ្ទៃដី​ប្រមាណ​៥០​ ម៉ឺន​ហិច​តា ​ដោយ​គ្រប់​ដណ្តប់​ខេត្ត​ចំនួន​៤ ​គឺ​ព្រះ​វិហារ ​កំពង់ធំ ​ក្រចេះ ​និង​ស្ទឹងត្រែង។ តំបន់​ព្រៃ​ឡង់​ ​ត្រូវ​បាន​រដ្ឋាភិបាល់​កំណត់​ជា​តំបន់​ការពារ កាល​ពី​ឆ្នាំ​២០១៦។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចុះ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ សមាជិក​បណ្តាញ​សហគមន៍ព្រៃ​ឡង់​ទាំងបួន​ខេត្ត គឺ​ខេត្ត​កំពង់ធំ​ ព្រះវិហារ​ ក្រចេះ​ និង​ស្ទឹងត្រែង បាន​សង្កេត​ឃើញ​បទល្មើស​មាន​ការកើនឡើង​ច្រើន​នៅពេល​ដែល​តំបន់​ព្រៃ​ឡង់​ត្រូវបាន​ដាក់​ឲ្យស្ថិត​នៅក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដែល​ខុស​ពីពេល​ស្ថិតក្រោម​ការ​គ្រប់​គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ។

សេចក្តីថ្លែងការណ៍​បាន​បន្ថែមតាម​ន័យ​ដើម​ថា៖ «អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ តាំង​ពី​ក្រសួង​បរិស្ថាន​បាន​ហាម​ឃាត់​បណ្តាញ​សហគមន៍​ព្រៃឡង់​មិន​ឲ្យ​ចុះល្បាត​ [ជន]ល្មើស មាន​សេរីភាព​ចេញ​ចូល​ព្រៃឡង់​កាប់​ឈើ​ និង​ដឹកជញ្ជូន​បាន​យ៉ាង​រលូន​ ដោយ​គ្រាន់​តែ​បង់​ប្រាក់​ជូន​មន្ត្រី​តាម​ស្នាក់​ការ​ត្រួត​ពិនិត្យ​ ជាថ្នូរ​នឹង​ការ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ក្នុង​ព្រៃឡង់»។

សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ​បានកត់​ត្រាទម្រង់​នៃបទល្មើស​ចម្បងៗ​នៅជុំវិញតំបន់​ព្រៃឡង់​ដែល​ជា​តំបន់​ការពារ​ ក្នុងនោះ​មាន​ការកាប់​បំផ្លាញ​ដើមជ័រ​ច្បោះ​ និង​ដើម​ឈើ​ធំៗ​នៅក្នុង​តំបន់​ព្រៃឡង់​ ដោយ​ជន​អនាធិបតេយ្យ​ និង​ក្រុមហ៊ុន​ Think Biotech Co.,Ltd ស្ថិត​ក្នុង​ខេត្ត​ក្រចេះ​ ក្រុមហ៊ុន​ Thy Nha Co.,Ltd Development and Investment និង​ក្រុមហ៊ុន​ PNT ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ និង​សកម្មភាព​ការដឹក​ជញ្ជូន​ឈើ​ជាច្រើន​គោយន្ត​ក្នុងមួយ​ថ្ងៃ​ៗ​ និង​ឧបករណ៍​សម្រួល​ដល់​ការ​កាប់​ឈើ​ឆ្លង​កាត់​មុខ​ស្នាក់ការ​យាម​ល្បាត​របស់​មន្ត្រី​ឧស្យានុរក្ស​នីមួយ​ៗដោយ​គ្មាន​វិធាន​ការ​ច្បាប់ និង​ការកាប់​រានដៃ​ព្រៃ​ និងការ​តាំង​ទីលំនៅ​អនាធិបតេយ្យ​ដោយ​អ្នកមាន​អំណាច​ និង​ប្រជាពលរដ្ឋ​អ្នកចំណូលថ្មីជាដើម។

រូបថតពីឆ្នាំ ២០១៨ និង ២០១៩ បង្ហាញឈើធំដែលត្រូវបានកាប់ កំពុងត្រូវបានដឹកជញ្ជូនតាមរថយន្តពីតំបន់ព្រៃព្រះរកា និងព្រៃឡង់ ទៅកាន់រោងចក្រអារឈើសុវណ្ណ។ (រូបដកស្រង់ពីរបាយការណ៍ Global Initiative)
រូបថតពីឆ្នាំ ២០១៨ និង ២០១៩ បង្ហាញឈើធំដែលត្រូវបានកាប់ កំពុងត្រូវបានដឹកជញ្ជូនតាមរថយន្តពីតំបន់ព្រៃព្រះរកា និងព្រៃឡង់ ទៅកាន់រោងចក្រអារឈើសុវណ្ណ។ (រូបដកស្រង់ពីរបាយការណ៍ Global Initiative)

សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ និង​ទន្ទ្រាន​ដីព្រៃ​ក្នុង​តំបន់​ព្រៃ​ការពារ​នៃ​ដែន​ជម្រក​សត្វព្រៃ​ ព្រៃ​ឡង់​នេះ​ ត្រូវបាន​អង្កេត​តាំងពីខែ​កុម្ភៈ ឆ្នាំ​២០២០​មក។​ នេះ បើតាម​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់។​

តំណាង​សហគមន៍​ព្រៃឡង់​មួយ​រូប លោក ឯក សុវណ្ណា ​បានប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា មក​ទល់​ពេល​នេះ ការ​កាប់បំផ្លាញនៅ​តំបន់​ព្រៃឡង់​ គឺ​នៅ​មាន​ទំហំ​ធំ ហើយ​មិន​មាន​ចំណាត់ការ​ច្បាប់​ជា​ដុំ​កំភួន​ណា​មួយ ពី​សំណាក់​អាជ្ញាធរ​ទេ​មក​លើ​បទល្មើស​ព្រៃឈើ​ដែល​កំពុង​រីកសាយ​ឡើងវិញ​នោះ។

លោក​បាន​ថ្លែង​ថា៖ «អត់​មាន​មន្រ្តី​ដែល​មាន​ចំណាត់ការ​ច្បាស់លាស់​ដើម្បី​ទប់​ស្កាត់ ដោយ​សារ​ភាព​ធូរ​រលុង​នៅ​តែ​បណ្តោយ​ឲ្យ​មាន​បទល្មើស​ចេញ​បាន ហើយ​ការ​ចូលរួម​របស់​សហគមន៍​ព្រៃឡង់​ ដែល​ឥឡូវ​គេ​ហាមឃាត់​មិន​ឲ្យ​ចូល​ព្រៃ។ ហើយ​គេ​អត់​សូវ​ខ្លាច​មន្រ្តី​ទេ​ ដោយសារ​តែ​មន្រ្តី នៅ​ពេល​ជួប​ ឬ​ចាប់​អ៊ីចឹង​ទៅ​ គេ​អាច​ដោះដូរ​ជា​លុយ​កាក់​អី​បាន»។

លោក ឯក សុវណ្ណា​ សមាជិក​បណ្តាញ​ព្រៃឡង់​ខេត្ត​ក្រចេះ​ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា នា​ពេល​បច្ចុប្បន្ន សហគមន៍​អាច​ត្រឹម​ល្បាត​តាម​ព្រំប្រទល់ និង​ច្រកចេញ​ចូល​តែ​ប៉ុណ្ណោះ ដោយ​មិន​អាច​ចូល​ទៅ​ល្បាត​នៅ​ក្នុង​ព្រៃ​ឡង់​បាន​នោះ​ទេ។

តំណាង​សហគមន៍​ព្រៃឡង់​នៅ​ខេត្ត​ក្រចេះ​មួយ​រូប​ទៀត​ លោក ស្វាយ សុង បាន​និយាយ​ថា បទ​ល្មើស​ព្រៃឈើ​នៅ​តែបន្ត​កើត​មាន ​ដោយសារ​តែ​មាន​សកម្មភាព​ឈ្មួញ​ទិញដូរ​ឈើ​ដើម្បី​យក​ទៅ​លក់​នៅ​តាម​តំបន់​ផ្សេងៗ ក្រោម​រូបភាព​ឃុបឃិត​និង​អំពើ​ពុករលួយ​ជាមួយ​ក្រុម​មន្ត្រី​ការពារ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់។

លោក​បាន​ថ្លែង​ថា៖ «ពួក​ខ្ញុំ​ពិនិត្យ​មើល​ទៅ​ថា បើ​សកម្មភាព​ពី​មុន​មក​ ក៏ដូចជា ឥឡូវ​ហ្នឹង​ រឹត​តែ​ខ្លាំង​ក្លា បន្ត​ទៀត​ក្នុង​ការ​កាប់​បំផ្លាញ។ ខ្ញុំ​គិត​ថា បើ​ធ្វើ​តែ​របៀប​នេះ ព្រៃ​តំបន់​សហគមន៍​យើង​ទាំង​បួន​ខេត្ត​ ទាំង​អស់​ហ្នឹង​មិន​យូរ​ទេ​បាទ។ មូលហេតុ​មិន​យូរ ព្រោះ​ការ​ដឹកជញ្ជូន​នេះ ទាំង​យប់​ទាំងថ្ងៃ​នៅ​ក្នុង​តំបន់​ព្រៃឡង់​ហ្នឹង»។

លោក​បាន​កត់​សម្គាល់​ថា ចាប់​តាំង​ពី​ឆ្នាំ ២០១៩ មក​ ក្រៅពី​លែង​អាច​សហការ​ជាមួយ​ក្រសួង​បរិស្ថាន​បាន​នោះ​ បណ្តាញ​សហគមន៍​ការពារ​ព្រៃឡង់ បាន​ទទួល​រង​ការ​គំរាម​កំហែង​ផ្សេងៗ ដោយសារបណ្តាញ​សហគមន៍​នេះ​ មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ដែល​នាំ​ឲ្យប្រតិបត្តិការ​ល្បាតព្រៃ​របស់​អ្នក​ការពារ​ព្រៃ​ឡង់​ស្ថិតក្រោម​ការ​រឹតត្បិត​របស់​អាជ្ញាធរ​មូលដ្ឋាន​។

រូបឯកសារ៖ សមាជិកនៃបណ្តាញសហគមន៍ព្រៃឡង់ចុះល្បាតនិងបំបួសព្រៃឈើនៅក្នុងតំបន់អភិរក្សព្រៃឡង់។ (រូបថតដោយបណ្តាញសហគមន៍ព្រៃឡង់)
រូបឯកសារ៖ សមាជិកនៃបណ្តាញសហគមន៍ព្រៃឡង់ចុះល្បាតនិងបំបួសព្រៃឈើនៅក្នុងតំបន់អភិរក្សព្រៃឡង់។ (រូបថតដោយបណ្តាញសហគមន៍ព្រៃឡង់)

សកម្មជន​ការពារ​ព្រៃឈើ​ម្នាក់​គឺ​ លោក ហេង ស្រស់​ យល់​ថា ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​នៅ​តែ​មានទោះ​បី​ជា​តំបន់​នេះ ​ត្រូវ​បាន​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ក្រសួង​បរិស្ថាន​ក៏​ដោយ ដោយ​លើក​ហេតុផល​ពី​ការ​កង្វះ​ខាត​នៃ​កិច្ចប្រឹងប្រែងរបស់​រដ្ឋាភិបាល​ក្នុង​ការទប់​ស្កាត់​ប​ទល្មើស​ព្រៃឈើនៅ​ក្នុង​តំបន់​ព្រៃ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ចំពោះ​រដ្ឋាភិបាល​គាត់​ហាក់​បី​ដូច​ជា ព្រងើយ​កន្តើយ​ក្នុង​ការ​គ្រប់គ្រង​នូវ​ធនធាន​ធម្មជាតិ។ គាត់​ហាក់​បី​ដូច​ជា ប្តេជ្ញា​ចិត្ត​នៅ​លើ​តែ​ក្រដាស។ គាត់​សន្យា​បាន​តែ​នៅ​ចំពោះ​មុខ​សាធារណជន។ ប៉ុន្តែ​ការ​អនុវត្ត​ ការ​គ្រប់គ្រង​ទាំងអស់​ហ្នឹង​ ហាក់​បី​ដូច​ជា​នៅ​តែ​បណ្តែតបណ្តោយ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា តំបន់​ព្រៃ​ឡង់​ជា​ដើម​ដដែល»។

ដំណាល​គ្នា​នេះ​ដែរ លោក​ ហេង ស្រស់ ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​និង​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​តាម​សហគមន៍​មូលដ្ឋាន​ចូលរួម​ក្នុង​កិច្ច​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់ ក៏​ដូចជា​បញ្ឈប់​អាជីវកម្ម​ឈើ និង​ដី​សម្បទាន​នៅ​តំបន់​ព្រៃឈើ​ដល់​ក្រុមហ៊ុន​ឯកជន និង​លុប​បំបាត់​អំពើ​ពុករលួយ​ដែល​នាំ​ឲ្យ​មាន​អាជីវកម្ម​ជួញដូរ​ឈើ​ខុសច្បាប់​ផង​ដែរ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល ចុះ​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ស្តីពី​ «សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ និង​ការ​កាប់​រាន​ដី​ព្រៃល្មើស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃឡង់» ​អ្នក​ការពារ​ព្រៃឡង់​ ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដក​តួនាទី​មន្រ្តី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ការ​ចាត់​ចំណាត់ការ​លើ​សកម្មភាព​កាប់​ឈើ​និង​ជួញដូរ​ឈើ​ខុសច្បាប់ ការ​កាប់​រាន​ដី​ព្រៃ​ ការ​ដក​ហូត​ម៉ាស៊ីន​រណា​យន្ត​និង​បិទ​រោង​សិប្បកម្ម​កែច្នៃ​ឈើ និង​ការលើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ពី​សំណាក់​ពលរដ្ឋ​នៅ​តាម​សហគមន៍​មូលដ្ឋាន​ផងដែរ។

អភិបាល​រង​ខេត្ត​ក្រចេះ លោក​ ប៉ែន លីណាត ​បាន​ច្រាន​ចោល​សេចក្តី​ថ្លែងការណ៍​របស់​សហគមន៍​ព្រៃ​ឡង់ ដោយ​លើកឡើង​ពី​ការ​កង្វះ​ការ​ផ្តល់​ដំណឹង​ជូនដល់​អាជ្ញាធរ​មូលដ្ឋាន​ពី​សំណាក់​បណ្តាញ​សហគមន៍​នេះ។

លោក​បាន​ប្រាប់​វីអូអេ​ថា៖ «អាហ្នឹង​គាត់​ធ្វើ​សេចក្តីថ្លែងការណ៍​ខ្លូនគាត់​។ ប៉ុន្តែ​ចំពោះវិធានការ​គឺ​ អាជ្ញាធរ​ក៏​ដូចជា សមត្ថកិច្ច​ពាក់ព័ន្ធ​គឺ​ គេ​ខិតខំ​បង្រ្កាប​ណាស់។ អ៊ីចឹង​គាត់​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ខ្លួន​គាត់​ គាត់​អត់​ដែល​បាន​មក​ពិភាក្សា​ជាមួយ​នឹង​ខាង​អាជ្ញាធរពាក់ព័ន្ធ​អី​ទេ»។

រូបថតពីលំហអាកាសដោយ Planet Labs ថតកាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២១ បង្ហាញសកម្មភាពកាប់ឈើខុសច្បាប់នៅតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា។ (រូបថតដោយ Planet Labs, Inc.)
រូបថតពីលំហអាកាសដោយ Planet Labs ថតកាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២១ បង្ហាញសកម្មភាពកាប់ឈើខុសច្បាប់នៅតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា។ (រូបថតដោយ Planet Labs, Inc.)

ទោះ​យ៉ាងណា​ លោកបាន​ទទួល​ស្គាល់​ថា បើ​ទោះ​បី​ជា​មាន​កិច្ចប្រឹងប្រែង​ពី​អាជ្ញាធរ​ក្នុង​ការ​បង្រ្កាប​បទល្មើស​ព្រៃ​ឈើ​ក៏​ដោយ ក៏​នៅ​មាន​ករណី​ចន្លោះ​ប្រហោង​ខ្លះ​ផង​ដែរ​ ដោយសារ​តែ​បទល្មើស​ព្រៃឈើ​មួយ​ចំនួន​ គឺ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើងនៅពេល​យប់។

វីអូអេ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ នេត្រ ភក្រ្តា​ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​នោះ​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។ វីអូអេ ​ក៏មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន ដែល​មាន​ឈ្មោះ​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​ដែរ។

ក្រសួង​បរិស្ថាន ​ធ្លាប់​បាន​ចោទ​ប្រកាន់​បណ្តាញ​សហគមន៍​ព្រៃឡង់​ថា៖ ​«បាន​ធ្វើ​សកម្មភាព​ដែល​មាន​ភាព​មិន​ស្មោះត្រង់​ក្នុង​កិច្ច​សហការ»​ ក្នុង​នោះ​រួម​មាន ​«ការ​ព្យាយាម​ចិញ្ចឹម​ទំនាស់​លើ​បញ្ហា​ព្រៃឡង់ ​តាម​រយៈ​ការ​លួច​ចូល​ល្បាត​ដោយ​អនាធិបតេយ្យ ​លួច​ប្រើប្រាស់​ Apps ​ដែល​គ្មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​អាជ្ញាធរ​មាន​សមត្ថ​កិច្ច ​បំភ្លៃ​ទិន្នន័យ​នៃ​បទ​ល្មើស​ធនធាន​ធម្មជាតិ»។ ​ក្រសួង​បរិស្ថាន​បន្ថែម​ថា ​សហគមន៍​ព្រៃឡង់ ​មិន​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នោះ​ទេ ​ដូច្នេះ​ក្រសួង​បរិស្ថាន​ ក៏​មិន​អាច​សហការ​ជាមួយ​បាន​ដែរ។

ក្នុង​សំណុំ​រឿង​ការពារ​ធនធាន​ព្រៃ​ក្នុង​តំបន់​ព្រៃឡង់​នេះ​ សហរដ្ឋ​អាមេរិកកាល​ពី​ខែ​មិថុនា​ បាន​ប្រកាស​បញ្ចប់​ជំនួយ​ដល់​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា ក្រោម​គម្រោង​ព្រៃឡង់​បៃតង​ដោយ​ហេតុ​ផល​ថា​ «បញ្ហា​មិន​ត្រូវ​បាន​ដោះ​ស្រាយ» បើ​ទោះ​មាន​ការ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ជា​បន្ត​បន្ទាប់​ចំពោះ​ការ​បាត់​បង់​ធនធាន​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ពី​សហរដ្ឋ​អាមេរិក​យ៉ាងណាក្តី។

របាយ​ការណ៍​របស់​អ្នក​ស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ​ Copenhagen ប្រទេស​ដាណឺម៉ាក ដែល​បាន​ស្រាវជ្រាវ​អំពី​ព្រៃឡង់​នៅ​ប្រទេស​កម្ពុជា​ បានឲ្យ​ដឹង​ថា​ ព្រៃឡង់​នៅ​កម្ពុជា ​បន្ត​បាត់បង់​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ហើយ​ការ​កាប់​បំផ្លាញ​មាន​ការ​កើន​ឡើង​ជាង​៧០​ ភាគរយ ​ក្នុង​ឆ្នាំ​២០១៩​ បើ​ធៀប​នឹង​ឆ្នាំ​មុនៗ។​ របាយ​ការណ៍​នេះ​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០​ ដល់​ឆ្នាំ​២០១៩ ​ព្រៃឡង់​បាត់​បង់​ប្រមាណ​៤៧.៤០០​ ហិកតា៕

XS
SM
MD
LG