សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាលកម្ពុជា ក្រោមគម្រោងព្រៃឡង់បៃតងដោយហេតុផលថា«បញ្ហាមិនត្រូវបានដោះស្រាយ» បើទោះមានការបង្ហាញក្តីព្រួយបារម្ភជាបន្តបន្ទាប់ពីអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានាថ្ងៃព្រហស្បតិ៍នេះ។
គម្រោង «ព្រៃឡង់បៃតង» (Greening Prey Lang) របស់ទីភ្នាក់ងារអាមេរិក USAID មានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ ដល់២០២៣ គឺមានទឹកប្រាក់ប្រមាណ២១លានដុល្លារអាមេរិក។
សហរដ្ឋអាមេរិក តាមរយៈគម្រោងព្រៃឡង់បៃតងដែលជាជំនួយរបស់ទីភ្នាក់ងារអាមេរិក USAID ត្រូវបានរិះគន់ដោយសហគមន៍ព្រៃឡង់និងអ្នកតាមដានលើបញ្ហាបរិស្ថាននៅកម្ពុជាថាមិនបានធានាមិនឲ្យមានការកាប់បំផ្លាញព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។ សហគមន៍នៅមូលដ្ឋានបានអះអាងថាការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់នៅតែមាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលពួកគេត្រូវបានហាមឃាត់មិនឲ្យចូលការពារនៅតំបន់ស្នូលនៃព្រៃឈើដ៏ប្រសិទ្ធមួយនេះប្រមាណ២ឆ្នាំមកហើយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ស្ថានទូតអាមេរិកបានបញ្ជាក់ថាជំនួយជាថវិកានេះ នឹងត្រូវបង្វែរមកជួយដល់អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងផ្នែកឯកជនវិញ។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងថា៖«វាជាការគួរឲ្យស្តាយដែលស្ថានភាពកំពុងតែកាន់តែអាក្រក់ទៅៗ។ តាំងពីឆ្នាំ២០១៦មក ទោះបីជាមានការគាំទ្ររបស់ទីភ្នាក់ងារ USAID ដើម្បីឲ្យមានការដើរល្បាត ការបណ្តុះបណ្តាលដល់ផ្នែកអនុវត្តច្បាប់ច្រើនថែមទៀត និងការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងតំបន់ការពារថ្នាក់ជាតិក៏ដោយ ក៏តំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ នៅតែបានបាត់បង់ដដែលនូវផ្ទៃដីព្រៃប្រមាណ៣៨.០០០ហិកតា គឺជិត៩%នៃគម្របព្រៃឈើនៅទីនោះ»។
ស្ថានទូតបន្ថែមថាការកាប់ឈើខុសច្បាប់ដែលត្រូវបានបញ្ជាក់ច្បាស់ នៅតែបន្តមាននៅក្នុងនិងជុំវិញដែនជម្រកសត្វព្រៃព្រៃឡង់ ហើយអាជ្ញាធរកម្ពុជាមិនបានកាត់ទោសបានសមល្មមចំពោះបទល្មើសឬបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះឡើយ។ លើសពីនេះទៀត ស្ថានទូតបញ្ជាក់ថាអាជ្ញាធរបានបន្តបំបិទសំឡេងហើយធ្វើទុក្ខសហគមន៍មូលដ្ឋាននិងសង្គមស៊ីវិល ដែលជាដៃគូរបស់គេដែលបង្ហាញកង្វល់ដ៏សមហេតុផលលើការបាត់បង់ធនធានធម្មជាតិ។
ស្ថានទូតអាមេរិកបញ្ជាក់ថា៖ «ដោយសារមានបញ្ហាទាំងនេះដែលមិនត្រូវបានដោះស្រាយ សហរដ្ឋអាមេរិកសូមបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាល នៅក្រោមគម្រោងព្រៃឡង់បៃតងដែលទ្រទ្រង់ដោយទីភ្នាក់ងារ USAID។ ជំនួយរបស់សហរដ្ឋអាមេរិកនឹងត្រូវបង្វែរទៅជួយវិស័យឯកជន សង្គមស៊ីវិលនិងការងាររបស់សហគមន៍មូលដ្ឋាន ដើម្បីកែលម្អមុខរបរប្រកបជីវភាពរស់នៅនិងពង្រីកកសិកម្មដែលមិនប៉ះពាល់បរិស្ថាន»។
បើតាមសេចក្តីប្រកាសព័ត៌មាន អាមេរិកបញ្ជាក់ថាខ្លួនបានចំណាយប្រាក់ជាង១០០លានដុល្លារនៅក្នុងកម្មវិធីនានាសម្រាប់ប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះនៅកម្ពុជា តាមរយៈទីភ្នាក់ងារផ្តល់ជំនួយអាមេរិកUSAID។
ការប្រកាសបញ្ចប់ជំនួយនេះ ធ្វើឡើងតែ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានជំនួបមួយកាលពីថ្ងៃអង្គារ រវាងរដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក Patrick Murphyដែលមានការពិភាក្សាអំពីការព្រួយបារម្ភរបស់អាមេរិកទៅលើការបន្តបាត់បង់ព្រៃឈើនៅតំបន់ព្រៃឡង់។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានមានប្រសាសន៍ថាក្រសួងគោរពចំពោះការសម្រេចចិត្តរបស់ដៃគូអភិវឌ្ឍន៍និងអរគុណចំពោះការចូលរួមចំណែកជាមួយកម្ពុជាក្នុងការផ្តល់ជំនួយបច្ចេកទេសនាពេលកន្លងមកក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនៅតំបន់ព្រៃឡង់។ លោកបន្ថែមថាបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់និងនៅតំបន់ការពារធម្មជាតិផ្សេងទៀតលែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រង់ទ្រាយតូចៗកើតឡើង។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនោះបញ្ជាក់ថាការបញ្ចប់កិច្ចសហការនេះ«បានបង្ហាញថាក្រសួងបរិស្ថានក្នុងនាមសេនាធិការនៃរាជរដ្ឋាភិបាលនិងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវនិងមានភាពរឹងមាំគ្រប់គ្រាន់ក្នុងភាពជាម្ចាស់ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនលើការការពារនិងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។
លោកបន្ថែមថាការបញ្ចប់ជំនួយរបស់អាមេរិកជួយដល់ការការពារព្រៃឡង់នេះ «មិនមានអ្វីធ្វើឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងរវាងក្រសួងបរិស្ថាននិងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ឬក៏ស្ថានទូតអាមេរិកប្រចាំកម្ពុជានោះទេ។ ភាគីទាំងពីរនៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើផ្នែកមួយចំនួនដែលមាន»។
ការប្រកាសបញ្ចប់ជំនួយលើផ្នែកការពារព្រៃឈើកម្ពុជានេះ ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹង។ កាលពីសប្តាហ៍មុន ក្រសួងការពារជាតិកម្ពុជាបានចាត់ទុកប្រតិកម្មរបស់ស្ថានទូតអាមេរិកក្រោយចុះពិនិត្យនៅមូលដ្ឋានទ័ពរាម«ជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិត ដែលនាំឲ្យមានភាពល្អក់កករកាន់តែខ្លាំងឡើងដល់ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ»។ ក្រសួងការពារជាតិក៏បានស្នើសុំដោយទទូចដល់សហរដ្ឋអាមេរិកបញ្ឈប់ការបង្កើតសេណារីយ៉ូថ្មីៗដែលនាំមកនូវភាពអវិជ្ជមាននិងសូមឲ្យគោរពដល់អធិបតេយ្យភាពកម្ពុជា នៅក្នុងការចោទប្រកាន់មួយថាកម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានកងទ័ពរាម សម្រាប់មូលដ្ឋានកងទ័ពចិននៅពេលខាងមុខ។
គួរបញ្ជាក់ថាកន្លងទៅ ក្រសួងបរិស្ថានបានចោទបណ្តាញព្រៃឡង់ថាធ្វើ«សកម្មភាពលួចលាក់និងដោយខុសច្បាប់» ដោយមិនបានចុះឈ្មោះត្រឹមត្រូវ។
លោកហឿន សុភាពអាយុ៤៤ឆ្នាំ ជាអ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ក្នុងខេត្តកំពង់ធំមានប្រសាសន៍ថាព្រៃឡង់បន្តរងការកាប់បំផ្លាញ ខណៈប្រជាសហគមន៍មិនត្រូវបានឲ្យបន្តចូលការពារក្នុងតំបន់ព្រៃឡង់។ លោកបន្តថាជំនួយរបស់អាមេរិកមិនអាចជួយការពារព្រៃឈើរបស់កម្ពុជាឲ្យមានប្រសិទ្ធភាពនិងនិរន្តរភាពនោះទេ។ លោកបញ្ជាក់ថាអ្វីៗអាស្រ័យលើការតាំងចិត្តរបស់រដ្ឋាភិបាលក្នុងការពារព្រៃឈើទាំងនេះ។
លោកហឿន សុភាព ដែលមានកូន៥នាក់និងចូលរួមការពារព្រៃឡង់ជាង២០ឆ្នាំមកហើយ ប្រាប់VOAថា៖ «រឿងនេះវាមិនអាចទៅរួចទេ។ ទោះបីជាមិនមែនអាមេរិកក៏ដោយ ប្រទេសណាក៏ វាមិនអាចទៅរួច។ ព្រោះជាឆន្ទៈពិតប្រាកដខ្លួនឯង កម្ពុជាត្រូវតែគិតគូរខ្លួនឯងថាត្រូវធ្វើយ៉ាងម៉េចឲ្យគម្របព្រៃឈើមាននៅស្ថិរភាពអាចរក្សាបាន»។
លោកបន្ថែមថាមុនការរឹតត្បិតចូលទៅក្នុងតំបន់ព្រៃឡង់ ក្រុមការងាររបស់លោកបានចូលទៅល្បាតយ៉ាងតិច២ដងក្នុងមួយខែ គឺស្មើ២៤ដងក្នុងមួយឆ្នាំ ដើម្បីជួយការពារព្រៃឈើនៅតំបន់ព្រៃឡង់។ លោកយល់ថាការចូលរួមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានសារៈសំខាន់ បន្ថែមលើការការពាររបស់ក្រសួងបរិស្ថាន ដែលលោកថាមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។
លោកបញ្ជាក់ថា៖ «បើសិនជារាជរដ្ឋាភិបាលផ្តល់ឱកាសនៅក្នុងការចូលរួមគ្រប់ស្ថាប័នគ្រប់សារព័ត៌មានគ្រប់ប្រជាពលរដ្ឋឬក៏បណ្តាញសង្គមផ្សេងៗដើម្បីចូលរួមមើលទាំងអស់គ្នា វាអាចមានប្រសិទ្ធភាពជាង»។
ចំណែកលោក ឯក សុវណ្ណា អាយុ៣៤ឆ្នាំ សមាជិកបណ្តាញសហគមន៍ព្រៃឡង់ក្នុងខេត្តក្រចេះ មានប្រសាសន៍ថារូបលោកផ្ទាល់និងសកម្មជនបរិស្ថានផ្សេងទៀត មិនបានចូលរួមសកម្មភាព ក្រោមជំនួយរបស់USAIDទេ។ លោកបន្ថែមថាមិនមានភាពជោគជ័យអ្វីគួរឲ្យកត់សម្គាល់តាមរយៈគម្រោងព្រៃឡង់បៃតងនេះ ដោយសារការកាប់បំផ្លាញនៅតែមានជារៀងរាល់ថ្ងៃ ហើយសហគមន៍ត្រូវបានហាមឃាត់មិនឲ្យចូលល្បាតព្រៃឈើ។
លោកថ្លែងថា៖ «គម្រោងជំនួយហ្នឹងមិនបានជួយទៅលើប្រជាសហគមន៍ដែលគាត់ជាអ្នកការពារព្រៃឈើពិតប្រាកដ។ បណ្តាញព្រៃឡង់ដែលធ្វើរាប់ឆ្នាំមកហើយ អត់បានទទួលគម្រោងថវិកាហ្នឹង»។ លោកបន្ថែមថា៖ «ទោះបីមានលុយកញ្ចប់ប៉ុន្មានលានទម្លាក់មកទៀត បើនៅអភិវឌ្ឍគម្រោងបែបនេះ មិនជោគជ័យទេ ព្រៃឈើនៅតែអស់ហ្នឹង»។
គួរបញ្ជាក់ថាព្រៃឡង់មានផ្ទៃដីប្រមាណ៥០ម៉ឺនហិកតាដោយគ្របដណ្តប់ខេត្តចំនួន៤គឺព្រះវិហារ កំពង់ធំក្រចេះ និងស្ទឹងត្រែង៕