ជាមួយការស្រែកបន្ទរដោយក្រុមបាតុករ អ្នកស្រី Joyce Johnson ក្រឡេកមើលរូបបដិមារបស់លោក Martin Luther King Jr. ដែលជាមេដឹកនាំសិទ្ធិពលរដ្ឋនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
អ្នកស្រីបាននិយាយថា៖ «ប្រសិនបើលោកបណ្ឌិត King នៅទីនេះ គឺប្រសើរណាស់។ លោកប្រាកដជាមានមោទនភាពដោយឃើញពលរដ្ឋមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់ មកពីទូទាំងប្រទេសធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីទាមទារយុត្តធម៌ជាតិសាសន៍ និងសិទ្ធិស្មើគ្នា»។
អ្នកស្រី Johnson ដែលជាអ្នកធ្វើការខាងកិច្ចការសង្គមមកពីទីក្រុង Richmond រដ្ឋ Virginia បានធ្វើដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យទី ៧ ខែមិថុនា ដើម្បីចូលរួមជាមួយក្រុមបាតុករដែលដើរធ្វើបាតុកម្មប្រឆាំងនឹងការស្លាប់របស់លោក George Floyd ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក អាយុ ៤៦ ឆ្នាំ ដែលបានស្លាប់ បន្ទាប់ពីប៉ូលិសស្បែកសម្នាក់ប្រើជង្គង់សង្កត់លើកលោកអស់ជិត ៩ នាទី នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota។
បាតុកម្មជាច្រើនសប្តាហ៍នៅតាមសហគមន៍នានាទូទាំងសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមនៅក្រោយការស្លាប់របស់លោក Floyd គឺជាអ្វីដែលគេមិនដែលឃើញច្រើនជំនាន់មកហើយ។ ការស្លាប់របស់លោក Floyd បង្ហាញឲ្យឃើញនូវស្ថានការណ៍ដ៏សំខាន់មួយនៅក្នុងការតស៊ូរបស់សហរដ្ឋអាមេរិក ដើម្បីសិទ្ធិស្មើគ្នា និងយុត្តធម៌ជាតិសាសន៍។
អ្នកស្រី Johnson បាននិយាយប្រាប់វីអូអេថា៖ «បាតុកម្មអាចបង្កើនការគាំទ្រចំពោះការផ្លាស់ប្តូរដ៏មានន័យ»។
បាតុកម្មនៅពេលបច្ចុប្បន្ននេះបាននាំឱ្យលោក Andrew Young មេដឹកនាំខាងសិទ្ធិពលរដ្ឋ រំឮកអំពីរយៈពេលនៃការតស៊ូខាងជាតិសាសន៍ ដែលបានកើតមានឡើងនៅក្នុងប្រទេសកាលពីទសវត្សរ៍ ១៩៥០ និងទសវត្សរ៍ ១៩៦០។
លោក Andrew Young អាយុ ៨៨ ឆ្នាំ ដែលជាមនុស្សជំនិតរបស់លោក Martin Luther King បាន ប្រាប់វីអូអេថា៖ «ខ្ញុំបានដើរទូទាំងប្រទេសនៅក្នុងអំឡុងពេលការតវ៉ាទាមទារសិទ្ធិពលរដ្ឋ ហើយក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំមិនដែលឃើញប្រទេសជាតិរួបរួមគ្នានៅជុំវិញបញ្ហាមួយដូចដែលយើងឃើញនៅពេលនេះទេ។ ក្រុមបាតុករនៅពេលនេះមានវ័យក្មេង មានជាតិសាសន៍ចម្រុះច្រើនជាងមុន ហើយអាចប្រើបណ្តាញសង្គមតាមអ៊ីនធឺណិតដើម្បីរៀបចំការធ្វើបាតុកម្មបាន។ ខ្ញុំយល់ថា វាជាការប្រសើរណាស់ដែលប៉ូលិសបានបង្ហាញការអត់ធ្មត់ចំពោះក្រុមបាតុករ គឺមិនដូចកាលពី ៥០ ឆ្នាំ ឬ ៦០ ឆ្នាំមុនទេ»។
លោក Andrew Young ប្រៀបធៀបបាតុកម្មនៅក្រោយការស្លាប់របស់លោក Floyd នេះ ទៅនឹងការខឹងសម្បាររបស់សាធារណជននៅក្នុងប្រទេសកាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ១៩៦៥ ដែលនៅពេលនោះ ពួកបាតុករដែលតវ៉ាដោយសន្តិវិធីរាប់រយនាក់ ត្រូវបានវាយដំយ៉ាងឃោរឃៅ ហើយប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកពួកគេនៅលើស្ពាន Edmund Pettus នៅពេលពួកគេព្យាយាមដើរពីទីក្រុង Selma រដ្ឋ Alabama ទៅកាន់ទីក្រុង Montgomery ដែលជារដ្ឋធានីរបស់រដ្ឋ Alabama។
រូបភាពតាមកញ្ចក់ទូរទស្សន៍នៃឧប្បត្តិហេតុនេះដែលគេស្គាល់ថា «ថ្ងៃអាទិត្យបង្ហូរឈាម» បានបង្ហាញឲ្យឃើញពីការរើសអើងជាតិសាសន៍ និងអំពើហិង្សាប្រឆាំងនឹងពលរដ្ឋស្បែកខ្មៅ ដែលនៅដក់ជាប់នឹងមនសិការរួមរបស់ប្រជាពលរដ្ឋ។
ឧប្បត្តិហេតុហិង្សា និងបាតុកម្មនៅពេលបន្ទាប់មក បានបង្កើនការគាំទ្រដល់ការអនុម័តច្បាប់មួយកាលពីឆ្នាំ ១៩៦៥ ស្តីពីសិទ្ធិបោះឆ្នោត ដែលលុបចោលនូវការរើសអើងជាតិសាសន៍នៅក្នុងការបោះឆ្នោត។
លោក Adam Biggs ដែលជាអ្នកបង្រៀនផ្នែកសិក្សាអំពីពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក និងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកនៃសាកលវិទ្យាល័យ South Carolina Lancaster បាននិយាយថា ការប៉ះទង្គិចគ្នានៅពេលនេះរវាងប៉ូលិសមួយចំនួន និងអ្នកតវ៉ា នាំឱ្យនឹកឃើញដល់ហេតុការណ៍ផ្សេងទៀតកាលពីលើកមុនៗ។
លោក Adam Biggs បាននិយាយថា៖ «ខ្ញុំប្រៀបធៀបបាតុកម្មទាំងនេះជាមួយនឹងកុប្បកម្មរឿងជាតិសាសន៍នៅក្នុងសង្កាត់ Harlem នៃទីក្រុង New York កាលពីឆ្នាំ ១៩៣៥ កុប្បកម្ម Watts នៅក្នុងទីក្រុង Los Angeles កាលពីឆ្នាំ ១៩៦៥ និងភាពចលាចលកាលពីឆ្នាំ ១៩៩២។ កុប្បកម្មនិងភាពចលាចលទាំងនោះគឺបណ្តាលមកពីការប្រទាំងប្រទើសជាមួយនឹងប៉ូលិស។
លោក Biggs បានកត់សម្គាល់ថា ក្រៅពីអំពើអយុត្តិធ៌មខាងជាតិសាសន៍ បាតុកម្មមហាជននេះត្រូវបានបញ្ឆេះដោយសារអត្រាអត់ការងារធ្វើខ្ពស់ អត្រាស្លាប់របស់ពលរដ្ឋស្បែកខ្មៅខ្ពស់ និងវិសមភាពខាងជាតិសាសន៍ ស្របពេលដែលប្រទេសជាតិកំពុងឆ្លើយតបទៅនឹងការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
លោក Biggs បញ្ជាក់ដូច្នេះថា៖ «យើងនៅជួរមុខគេនៃស្មារតីយុទ្ធនាការសិទ្ធិពលរដ្ឋ។ ការខឹងសម្បារខ្លាំងទាំងនេះមានឬសគល់ចេញពីកំហឹងត្រឹមត្រូវតាមច្បាប់ និងការតប់ប្រមល់ក្នុងចិត្តចំពោះប្រព័ន្ធមួយ ដែលអស់រយៈពេលជាច្រើនឆ្នាំមកហើយ បានធ្វើឱ្យប្រជាពលរដ្ឋខកចិត្ត។ ទាំងអស់នេះជាហេតុការណ៍ដែលអាចមានរយៈពេលយូរតទៅទៀត។ ខ្ញុំយល់ថា ការណ៍នេះអាចនាំឱ្យមានការផ្លាស់ប្តូរច្រើនជាងមុន ដោយសារតែអ្វីដែលបានបំផុសទឹកចិត្តរបស់ពួកគេ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ