ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump នឹង​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​អំពី​ការកែទម្រង់​មួយ​ចំនួន​លើ​ផ្នែក​ប៉ូលិស


រូបឯកសារ៖ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល​ជាមួយ​មន្រ្តី​អនុវត្ត​ច្បាប់​នៅ​ថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២០ នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។(AP)
រូបឯកសារ៖ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល​ជាមួយ​មន្រ្តី​អនុវត្ត​ច្បាប់​នៅ​ថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២០ នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។(AP)

ការ​ធ្វើ​កំណែទម្រង់​ប៉ូលិស​ថ្នាក់​ជាតិ​ទ្រង់ទ្រាយ​ធំ​ កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា​របស់​សភា។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump គ្រោង​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានាធិបតី​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ អំពី​ការ​កែ​ទម្រង់​មួយ​ចំនួន​លើ​ផ្នែក​ប៉ូលិស។ មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​រដ្ឋបាល​របស់​លោក Trump បាន​បញ្ជាក់​ថា គោល​បំណង​នៃ​បទ​បញ្ជា​នេះ​គឺ «ដើម្បី​វិនិយោគ​បន្ថែម និង​ផ្ដល់​ការ​លើក​ទឹកចិត្ត​លើ​ការ​អនុវត្ត​នីតិវិធី​ឲ្យ​បាន​ត្រឹមត្រូវ»។

មន្ត្រី​ជាន់​ខ្ពស់​រូប​នោះ​បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា ផ្នែក​ចម្បង​គឺ​ការ​បង្កើត​អង្គភាព​មួយ​ចំនួន​ដើម្បី​បណ្ដុះបណ្ដាល​មន្ត្រី​ប៉ូលិស​អំពី​យុទ្ធសាស្ត្រ​បញ្ជៀស​មិន​ឲ្យ​មាន​ជម្លោះ និង​ការ​ប្រើប្រាស់​កម្លាំង​តាម​ស្ដង់ដារ​ត្រឹមត្រូវ។

ផ្នែក​មួយ​ទៀត​គឺ​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​សេវាកម្ម​សម្រាប់​អ្នក​សហ​ឆ្លើយតប ដែល​ជា​ប្រព័ន្ធ​មួយ​ដែល​អាជ្ញាធរ​នឹង​ចាប់​ដៃគូ​ជាមួយ​នឹង​អ្នក​ធ្វើ​ការ​ផ្នែក​សង្គម នៅ​ពេល​ឆ្លើយតប​ទៅ​នឹង​ការ​ហៅ​ទូរស័ព្ទ​ពាក់ព័ន្ធ​នឹង​បញ្ហា​អហិង្សា ជា​ពិសេស​បញ្ហា​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត និង​បញ្ហា​ញៀន​ថ្នាំ​ជា​ដើម។

ការ​ធ្វើ​កំណែទម្រង់​ប៉ូលិស​ថ្នាក់​ជាតិ​ទ្រង់ទ្រាយ​ធំ​ កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា​របស់​សភា។

គណៈកម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភា​នឹង​បើក​កិច្ច​ប្រជុំ​លើ​បញ្ហា​នេះ​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​មាន​ការ​ផ្ដល់​សក្ខីកម្ម​ពី​មន្ត្រី​អនុវត្ត​ច្បាប់ និង​មន្ត្រី​សិទ្ធិ​ស៊ីវិល​មួយ​ចំនួន។

សំណើ​ឲ្យ​មាន​កំណែ​ទម្រង់​ប៉ូលិស​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​ការ​តវ៉ា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​អស់ ៣ សប្ដាហ៍​កន្លង​មក ប្រឆាំង​នឹង​ការ​ស្លាប់​របស់​លោក George Floyd ពេល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ប៉ូលិស នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota៕

XS
SM
MD
LG