ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជាបានស្នើឲ្យអាជ្ញាធរកម្ពុជាគោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងការទទួលបានសិទ្ធិជំនុំជម្រះឲ្យបានឆាប់រហ័ស និងដោយភាពយុត្តិធម៌ បន្ទាប់ពីកម្លាំងនគរបាល បានចាប់ខ្លួនក្រុមកូដករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាបន្តបន្ទាប់យ៉ាងហោចណាស់១១នាក់ គិតចាប់តាំងពីការផ្ទុះកូដកម្មនៅមុខកាស៊ីណូណាហ្គាវើលដ៍កាលពីធ្នូ ឆ្នាំ២០២១។
កាលពីចុងសប្តាហ៍មុន តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា បានជួបជាមួយក្រុមគ្រួសាររបស់កូដករក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវសមត្ថកិច្ចចាប់ និងឃុំខ្លួនក្នុងពន្ធនាគារ បានពិភាក្សាអំពីក្តីកង្វល់នានា រួមមានការពិបាកទៅសួរសុខទុក្ខសមាជិកគ្រួសារដែលកំពុងស្ថិតក្នុងពន្ធនាគារ និងបញ្ហាហិរញ្ញវត្ថុដែលបណ្តាលមកពីការជាប់ពន្ធនាគារជាដើម។ នេះបើតាមការអត្ថាធិប្បាយរបស់លោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា ដែលបង្ហោះនៅលើប្រព័ន្ធTwitterរបស់លោក កាលពីថ្ងៃទី១១ ខែកុម្ភៈ។
បើតាមលោក Pradeep Wagle ក្រុមគ្រួសាររបស់កូដករបានស្នើសុំ នៅចំពោះមុខមន្ត្រីការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ឱ្យជួយពិនិត្យតាមដានដំណើរការផ្លូវច្បាប់នានា ដែលពាក់ព័ន្ធនឹងការចាប់ខ្លួនកន្លងមកនោះ។
លោក Pradeep Wagle បានថ្លែងតាមប្រព័ន្ធទំនាក់ទំនងសង្គម Twitterក្នុងន័យដើមថា៖«យើងបន្តធ្វើការអំពាវនាវដល់អាជ្ញាធរការពារសិទ្ធិមនុស្ស ជាមូលដ្ឋាន និងលើកកម្ពស់លទ្ធភាពនៃការទទួលបាននូវ យុត្តិធម៌ និងការគាំទ្រផ្នែកមនុស្សធម៌ ការការពារសិទ្ធិដើម្បីទទួលបានការជំនុំជម្រះក្តីមួយឆាប់រហ័ស និងមានយុត្តិធម៌សម្រាប់ក្រុមកូដករដែលបានជាប់ពន្ធនាគារទាំងអស់នោះ»។
ដោយឡែកលោក សុន ផលរិទ្ធ អាយុ៣២ឆ្នាំ ជាបងប្រុសបង្កើតរបស់កូដករស្ត្រីម្នាក់គឺអ្នកស្រី សុន ស្រីពេជ្រ ដែលកំពុងស្ថិតក្នុងពន្ធនាគារបានប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាក្រុមគ្រួសារលោកបារម្ភអំពីសុខទុក្ខរបស់ប្អូនស្រី និងបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធផ្តល់កិច្ចអន្តរាគមន៍ដោះលែងប្អូនស្រីលោកចេញពីពន្ធនាគារមកវិញ។
លោកថ្លែងថា៖ «ម៉ែខ្ញុំនៅតែបារម្ភ ហើយថ្ងៃ[ចន្ទ]នេះ គាត់ទៅសួរសុខទុក្ខ[កូន]នៅ[ពន្ធនាគារ]ម២។[ក្រុមគ្រួសារ] នៅតែបារម្ភ ហើយចង់ឲ្យតែខាងគេ[អាជ្ញាធរ]ដោះស្រាយចេញ[ពីពន្ធនាគារ]មកវិញ»។
លោកបន្តថាបច្ចុប្បន្នការចូលសួរសុខទុក្ខសាច់ញាត្តិក្នុងពន្ធនាគារត្រូវបានរឹតត្បិតជាងមុន ដោយខាងមន្ត្រីពន្ធនាគារអនុញ្ញាតឲ្យចូលបានតែម្នាក់តែប៉ុណ្ណោះ ខុសពីពេលមុន ដែលមន្ត្រីអនុញ្ញាតឲ្យអ្នកចូលសួរសុខទុក្ខពី២ ទៅ៣នាក់។ ប៉ុន្តែលោកថាការរឹតត្បិតនេះ ប្រហែលជាមានការពាក់ព័ន្ធនឹងការបារម្ភអំពីស្ថានភាពនៃការឆ្លងរីករាលនៃជំងឺកូវីដ១៩ ប្រភេទអូមីក្រុង។
ចំណែកលោក ង៉ែត ចន្ថា អាយុ៣៧ឆ្នាំ ដែលប្រពន្ធរបស់លោក គឺអ្នកស្រី ឃ្លាំង សុបិន្ត កំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារការតវ៉ារឿងវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នោះ បានប្រាប់វីអូអេថា ការចាប់ខ្លួនប្រពន្ធរបស់លោក គឺមិនសមហេតុផលនោះទេ ព្រោះថាទំនាស់ដែលផ្ទុះឡើងនៅក្រុមហ៊ុនណាហ្គាវើលដ៍នោះ គឺជាវិវាទការងាររវាងក្រុមហ៊ុនជាមួយបុគ្គលិកតែប៉ុណ្ណោះ។ដូច្នេះលោកថាអាជ្ញាធរគួររក្សាភាពនៅកណ្តាលក្នុងការសម្របសម្រួលបញ្ចប់វិវាទការងារមួយនេះ ជាជាងការចាប់ខ្លួនកូដករជាបន្តបន្ទាប់ ដែលបានធ្វើឲ្យវិវាទការងារនេះរឹតតែអូសបន្លាយពេលយូរបន្ថែមទៀត។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទថា៖ «និយាយរួមទៅ អាហ្នឹងត្រូវរាជរដ្ឋាភិបាលខាងអាជ្ញាធរ ត្រូវឲ្យក្រុមហ៊ុន និងបុគ្គលិកហ្នឹង ចូលតុចរចា អាហ្នឹងបានវាមានដំណោះស្រាយ។ បើសិនជាខាងអាជ្ញាធរ នៅតែលូកដៃ អត់ឲ្យខាងក្រុមហ៊ុន មកដោះស្រាយហើយគាត់ចេះតែចាប់មនុស្សថែមៗ អ៊ីចឹង គឺការងារហ្នឹងអត់មានថ្ងៃចប់ទេ»។
វីអូអេបានផ្ញើសំណួរតាមសារអ៊ីមែលទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបទេរហូតដល់ពេលវីអូអេសរសេរសេក្តីរាយការណ៍នេះចប់នៅល្ងាចថ្ងៃចន្ទនេះ។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោកឃុន ថារ៉ូយល់ថាការចោទប្រកាន់របស់តុលាការលើក្រុមកូដករ មេដឹកនាំនិងសកម្មជនសហជីពរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ គឺធ្វើឡើងដោយមិនមានមូលដ្ឋានច្បាប់រឹងមាំក្នុងការដាក់បន្ទុកនោះទេខណៈវិវាទដែលបានកើតឡើងនៅក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាវិវាទការងារសុទ្ធសាធ។
លោកប្រាប់វីអូអេថា៖ «អ៊ីចឹងការចោទប្រកាន់នេះ គឺជាការចោទប្រកាន់ដោយអយុត្តិធម៌ គ្មានភស្តុតាងត្រឹមត្រូវនៅក្នុងការ[ដែល] ចោទប្រកាន់ពួកគាត់ថា ញុះញង់ឲ្យធ្វើបាតុកម្មដោយខុសច្បាប់។អ៊ីចឹងមានន័យថា ទាំងតុលាការ ទាំងអាជ្ញាធរមិនបានទៅមើលច្បាប់ស្តីពីការងារ មិនបានទៅមើលលក្ខន្តិកៈផ្ទៃក្នុងរបស់សហជីពដែលមានការចុះបញ្ជីការនៅក្រសួងការងារអំពីនីតិវិធីក្នុងការធ្វើកូដកម្ម។អ៊ីចឹងវាអត់មានអីចម្លែកសម្រាប់ខ្ញុំ ដែលថា ការប្រើប្រាស់ប្រព័ន្ធតុលាការមកយាយី មកទប់ស្កាត់ មករារាំងសកម្មភាពស្របច្បាប់របស់សហជីពមិនមែនជារឿងថ្មីទេ»។
លោកបញ្ជាក់បន្ថែមថា មន្ត្រីរដ្ឋាភិបាលកំពុងធ្វើឲ្យមានភាពស្មុគស្មាញ ជុំវិញករណីវិវាទការងារនេះ ដែលអាជ្ញាធរត្រូវលុបបំបាត់ និងទប់ស្កាត់រាល់ការគំរាមកំហែង ឬការដាក់គំនាបណាមួយលើក្រុមកូដករ ដោយងាកមកប្រើប្រាស់វិធានច្បាប់ស្តីពីការងារជានីតិវិធីដោះស្រាយជំនួសវិញ។ លោកជំរុញឲ្យអាជ្ញាធរយុត្តិធម៌ពិចារណាដោះលែងជាបណ្តោះអាសន្នដល់ថ្នាក់ដឹកនាំ និងសកម្មជនសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ដែលកំពុងជាប់ឃុំ ដើម្បីបើកផ្លូវឲ្យមានចរចាដោយស្មើភាព ហើយឈានទៅដល់ការបញ្ចប់នីតិវិធីតុលាការ។
យ៉ាងណាក៏ដោយ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិន ម៉ាលីន បានប្រាប់វីអូអេថា មិនមានស្ថាប័នណាមួយ ឬអង្គការអន្តរជាតិណាមួយ អាចលូកលាន់ ឬបង្គាប់បញ្ជាឲ្យស្ថាប័នតុលាការធ្វើទៅតាមការចង់បានរបស់ខ្លួននោះទេ។
លោកថ្លែងថា៖«សំខាន់ចំពោះចំណាត់ការច្បាប់ លើក្រុមបាតុករ [ឬ]កូដករខុសច្បាប់ គឺសមត្ថកិច្ចមានមូលដ្ឋានផ្លូវច្បាប់ រឹងមាំច្បាស់លាស់។អ៊ីចឹង ភាគីណាដែលចង់ការពារ គឺត្រូវចូលរួមដំណើរការនីតិវិធីតុលាការហើយ មានមូលដ្ឋាន ភស្តុតាង សក្ខីកម្មឲ្យបានរឹងមាំក្នុងការដោះបន្ទុក។ សូម្បីការិយាល័យ ឧត្តមស្នងការដែលគាត់យល់ច្បាស់រឿងច្បាប់ និងសិទ្ធិមនុស្ស គាត់មិនហ៊ានលូកដៃដែរ។ គាត់គ្រាន់តែលើកជាគោលការណ៍ជាទូទៅអ៊ីចឹង»។
គួរបញ្ជាក់ថាកាលពីដើមខែកុម្ភៈ សមត្ថកិច្ចបានចាប់ខ្លួនអ្នកសហជីព៣នាក់ចុងក្រោយដែលនាំឱ្យចំនួនថ្នាក់ដឹកនាំ និងសកម្មជនសហជីពណាហ្គាវើលដ៍ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារកើនឡើងដល់១១នាក់។ សមាជិកសហជីពចំនួន៤នាក់ទៀត ក៏ត្រូវបានតុលាការចេញដីកាឲ្យចូលខ្លួនទាក់ទងនឹងសំណុំរឿងបំពានវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ដែរ។អង្គការសង្គមស៊ីវិលមួយចំនួនកំពុងធ្វើយុទ្ធនាការតាមបណ្តាញទំនាក់ទំនងសង្គមជំរុញឲ្យមានការដោះលែងអ្នកសហជីពទាំងនោះជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ៕