ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​និយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍​រក្សា​ជំហរ​បន្ត​កូដកម្ម ​ខណៈ​វិវាទ​ប្រឈម​ភាព​ជាប់​គាំង​


រូបឯកសារ៖ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មួយ​ចំនួន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​ថា​ពួក​គាត់​នឹង​មិន​បោះបង់​ចោល​ការ​ធ្វើ​កូដ​កម្ម​ទេ​ខណៈ​វិវាទ​ការងារ​បាន​បន្ត​ជាប់​គាំង​អស់​រយៈ​ពេល​ជិត​១០​ខែ​កន្លង​មក​នេះ​ និង​ស្នើ​ឱ្យ​មាន​ការ​សម្រប​សម្រួល​ពី​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​ ដែល​បាន​លើក​ឡើង​ពី​ជម្លោះ​ការងារ​រ៉ាំរ៉ៃ​មួយ​នេះ​កាល​ពី​សប្តាហ៍​មុន។​

អតីត​បុគ្គលិក​មើល​ការ​ខុស​ត្រូវ​ផ្នែក​អាហារ​ និង​ភេសជ្ជៈ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ អ្នកស្រី​ ណុប ទិត្យ​បូរ៉ាវី ​អាយុ​៣៩​ឆ្នាំ ​បាន​ប្រាប់​វីអូអេ​ថា ​ កូដករ​នឹង​មិន​បន្ទន់​ជំហរ​ក្នុង​ការ​តវ៉ា​ទេ​ បើ​គ្មាន​ការ​ដោះលែង​ឱ្យ​តំណាង​សហជីព​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​៨​នាក់​បាន​វិល​ទៅ​រក​តុ​ចរចា​វិញ​នោះ។​ អ្នកស្រី​និយាយ​ថា៖​

«ទាក់ទង​បញ្ហា​ហ្នឹង​ដូច​ខាងសម្តេច​ ស ខេង​ គាត់​មាន​ប្រសាសន៍​ហើយ​ បើ​សិន​ជា​ ខាង​ក្រុមហ៊ុន​នៅ​តែ​រឹង​ទទឹង​ មិនបែរ​មុខ​ដើម្បី​ចរចា​ដោះលែង​តំណាង ​[សហជីព] ​ដើម្បី​ដោះស្រាយ​វិវាទ​ហ្នឹង​រឿង​ហ្នឹង​គឺ​កាន់​តែ​ធ្វើ​ឱ្យ​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង។​ ហើយ​អ្នក​ដែល​ខាត​បង់​គឺ​ ក្រុមហ៊ុន​ណាហ្គាវើលដ៍​ពីព្រោះ​កម្មករ​ខាង​កូដករ​ ពួក​ខ្ញុំ ​ខ្ញុំ​ទាម​ទារ​ ៩​ចំណុច​ហ្នឹង​ គឺ​ជា​ លក្ខខណ្ឌ​សិទ្ធិ​ការងារ​របស់​ពួក​ខ្ញុំ​ ហើយ​នឹង​ទាមទារ​ឱ្យ​មាន​វត្តមាន​សហជីព​ ហើយ​នឹង​ការ​ដោះលែង។​ប៉ុន្តែ​ហេតុអី​បាន​ជា ក្រុមហ៊ុន​មិន​ព្រម​បែរ​មុខ​ចរចា​ ហើយ​ចេតនា​របស់​ក្រុមហ៊ុន​គឺ​ចង់​រំលាយ​សហជីព​ចោល​តែ​ម្តង»។​

អ្នក​ស្រី​បាន​បន្ត​ថា​មន្ត្រី​ក្រសួង​ការងារ​នៅ​តែ​បន្ត​ប្រកាស​តាម​មេក្រូ​ឱ្យ​កូដករ​ចាត់​តាំង​តំណាង​ និង​មេធាវី​អម​ជាមួយ​ ដើម្បី​ទូទាត់​សំណង​ដោះស្រាយ​វិវាទ ​ដែល​ការណ៍​នេះ​មិន​អាច​ទៅ​រួច​នោះ​ទេ​ដោយសារ​តែ​តំណាង​របស់​កូដករ​បន្ត​ជាប់​ពន្ធនាគារ។​

កាល​ពី​សប្តាហ៍​មុន​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ​ស ខេង​ បាន​ជំរុញ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​រក្សា​ភាព​អត់​ធ្មត់​ និង​ត្រូវ​បន្ត​ជជែក​គ្នា​នៅ​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​វិវាទ​នេះ​ប៉ុន្តែ​លោក​មិន​បាន​លើក​ឡើង​ពី​ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​ និង​សកម្មជន​សហជីព​នោះ​ទេ។​

រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូ​ណាហ្គា​វើលដ៍ រាជធានី​ភ្នំពេញ​ ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​ការងារ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូ​ណាហ្គា​វើលដ៍ រាជធានី​ភ្នំពេញ​ ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​ការងារ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/វីអូអេ)

មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា ​សង់ត្រាល់ ​លោក​ ឃុន ថារ៉ូ ​បាន​និយាយ​ថា ​ មិន​ទាន់​មាន​ការ​វិវត្ត​ទៅ​មុខ​ណាមួយ​ជា​ដុំកំភួន​នៅ​ឡើយ​ទេ​ពាក់ព័ន្ធ​នឹង​វិវាទ​ខាង​លើ​នេះ ​ ខណៈ​ក្រុម​បុគ្គលិក​នៅតែ​បន្ត​ធ្វើ​កូដកម្ម​ ដរាប​ណា​មិន​ទាន់​មាន​ការ​ដោះលែង​តំណាង​សហជីព​របស់​ពួកគេ។​លោក​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​យ៉ាង​ដូច្នេះ៖ ​

«បុគ្គលិក​និយោជិត​គាត់​ចាំ​តែ​ត្រៀម​ខ្លួន​រួច​រាល់​ទេ​នៅ​ក្នុង​ការ​ចូលរួម។​ប៉ុន្តែ​សំខាន់​នៅ​ត្រង់​ថា ​ ជំហរ​របស់​គាត់​ហ្នឹង​គឺ កាល​ណា​មាន​ការ​ដោះលែង​តំណាង​របស់​គាត់​មក​ អាហ្នឹង​គឺ​អាច​មាន​ការ​ចរចា​ហើយ ​ ហើយ​ពួកគាត់​ហ្នឹង​ បើ​តាម​អ្វី​ដែល​ខ្ញុំ​អាច​សន្និដ្ឋាន​បាន ​ គាត់​ស្តាប់​តែ​ថ្នាក់​ដឹកនាំ​របស់​គាត់​ ហើយ​នឹង​ការ​សម្រេច​ចិត្ត​ គោរព​នូវ​ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​របស់​គាត់​ហើយ​កន្លង​មក​ហ្នឹង​គឺ​វា​ច្បាស់​ណាស់​ថា​ពួក​គាត់​បាន​ផ្ទេរ​សិទ្ធិ​ផ្តិត​មេដៃ​តំណាង​ដោយ​អាណត្តិ​ដើម្បី​ពួក​គាត់​ជា​ប្រតិភូ​ចរចា»។​

លោក​បាន​បន្ថែម​ថា​ក្រុម​ប្រឹក្សា​សហជីព​អាស៊ី​គ្រោង​ធ្វើ​យុទ្ធនាការ​មួយ​ តាម​រយៈ​ការ​តវ៉ា​ទាមទារ​នៅ​មុខ​ស្ថានទូត​កម្ពុជា ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ ក៏ដូច​ជា​ ការ​ផ្ញើសារ​ជា​អ៊ីម៉ែល ​និង​រូបថត​ជា​ដើម​ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​តំណាង​សហជីព​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទាំង​៨​នាក់។​

លោក​ ឃុន ថារ៉ូ​ បាន​សង្កត់​ធ្ងន់​ថា​ដំណោះ​ស្រាយ​វិវាទ​អាច​សម្រេច​ទៅ​បាន​ លុះ​ត្រា​តែ​អាជ្ញាធរ​ធានា​បាន​នូវ​ការ​ជឿ​ទុក​ចិត្ត​ណា​មួយ ​ក៏​ដូច​ជា​ការ​សម្រប​សម្រួល​ស្រប​តាម​កម្មវត្ថុ​របស់​កូដករ។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ លោក​អំ សំអាត ​បាន​និយាយ​ថា​មាន​សញ្ញាណ​វិជ្ជមាន​ខ្លះ​ដែល​ឈាន​ទៅ​ការ​ដោះស្រាយ​វិវាទ​ការ​ងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ នៅ​ពេល​មាន​ការ​ស្នើ​សុំ​ពី​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​លោក​ ស ខេង​ និង​ថា​ ​ដំណោះ​ស្រាយ​នឹង​មាន​ក្នុង​ពេល​ឆាប់ៗ​នៅ​ពេល​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ។ ​លោក​បន្ថែម​ថា៖​

«សំខាន់​ទី​មួយ​ គឺ​ត្រូវ​ដោះលែង​ អ្នក​ទាំង​ប្រាំបី​នាក់​ហ្នឹង​ហើយ​ងាក​ទៅ​រក​ការ​ចរចា​ឱ្យ​បាន​ឆាប់​ដើម្បី​បញ្ចប់​វិវាទ​ការងារ​ហ្នឹង។ វា​ជា​រឿង​មួយ​ដែល​អាច​ដោះស្រាយ​ទៅ​បាន។​ប៉ុន្តែ​បើ​សិន​ជា​ មិន​ដោះលែង​តំណាង​ទាំង​ប្រាំបី​នាក់​ហ្នឹង​ទេ​ខ្ញុំ​មើល​ទៅ​ឃើញ​ថា ​កូដកម្ម​ហ្នឹង​នឹង​អាច​បន្ត​ទៅ​យូរ​ថែម​ទៀត»។​

រដ្ឋ​លេខាធិការ​ និង​អ្នក​នាំពាក្យ​ក្រសួង​ការងារ​លោក​ហេង សួរ​ បាន​ផ្តល់​ការ​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​ WhatsApp​ នៅ​ថ្ងៃ​អង្គារ​ថា​វិវាទ​រវាង​បុគ្គលិក​កម្មករ​ និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នឹង​ត្រូវ​ដោះស្រាយ​បញ្ចប់​ នៅ​ពេល​ភាគី​ជម្លោះ​យល់​ថា ​នីតិវិធី​បន្ត​ជា​អ្វី។​

លោក​ហេង សួរ​បាន​ពន្យល់​ថា ​អំឡុង​ពេល​ធ្វើ​សកម្មភាព​វិធាន​វិវាទ ​ភាគី​អាច​ស្នើ​សុំ​ក្រសួង​ជួយ​សម្រប​សម្រួល។​ប៉ុន្តែ​ក្រសួង​ការងារ​ទទួល​បាន​ការ​ឆ្លើយតប​បន្ត​តែ​ពី​ភាគី​ក្រុមហ៊ុន​ប៉ុណ្ណោះ ​ ប៉ុន្តែ​ភាគី​អតីត​បុគ្គលិក​មិន​ទាន់​ឆ្លើយ​តប​ចូល​ប្រជុំ​បន្ត ​ឬ​ចង់​ឱ្យ​ក្រសួង​ជួយ​សម្របសម្រួល​នៅ​ឡើយ​ដោយ​យោង​លើ​មូលហេតុ​ផ្សេងៗ។ ​លោក​បាន​បន្ថែម​ថា​ប្រសិន​បើ​ភាគី​ណា​មួយ​មិន​ចូល​សម្រប​សម្រួល​ប្រជុំ​បន្ត ​ ជម្រើស​ដែល​នៅ​សល់​គឺ​ ត្រូវ​ប្តឹង​ទៅ​តុលាការ។​

នាយក​គ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​លោក​ Hein Dames ​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​នៅ​ថ្ងៃ​អង្គារ​នេះ។​

យ៉ាង​ណាក្តី​ ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​សាធារណៈ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ដោយ​លើក​ឡើង​ថា​ដើម្បី​ប្រយោជន៍​របស់​បុគ្គលិក​ដែល​រង​ផល​ប៉ះពាល់​ ក្រុមហ៊ុន​បាន​អនុវត្ត​វិធានការ​បញ្ចប់​កិច្ច​សន្យា​ការងារ​ដោយការ​ព្រមព្រៀង ​(Mutual Separation Plan (MSP)) ​ដែល​វិធានការ​នេះ​ផ្តល់​ជូន​ដល់​បុគ្គលិក​នូវ​ប្រាក់​សំណង​ប្រសើរ​លើស​ពី​សំណង​ ដែល​តម្រូវ​ដោយ​ច្បាប់​ការងារ​កម្ពុជា។​

សេចក្តី​ថ្លែង​ការណ៍​ក៏​បាន​លើក​ឡើង​ថា​សហជីព​បាន​ជូន​ដំណឹង​ដល់​ក្រុមហ៊ុន​ពី​ការ​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ ដែល​ត្រូវ​បាន​ប្រកាស​ថា​ខុស​ច្បាប់​ដោយ​តុលាការ​កម្ពុជា។ ​ សហជីព​បាន​ជំទាស់​នឹង​វិធីសាស្រ្ត​នៃ​ការ​គណនា​ប្រាក់​សំណង​ ដែល​ការ​ជំទាស់​នេះ​ មិន​បាន​ផ្អែក​លើ​វិធាន ​លិខិត​បទដ្ឋាន​ និង​ច្បាប់​ពាក់ព័ន្ធ​ណា​មួយ​ជា​ធរមាន​នៅ​កម្ពុជា​ឡើយ។​

ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​អ្នកស្រី ​Christian Berger ​កាល​ពី​ថ្ងៃ​ទី៣១ ខែ​មករា ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ស្ថានទូត​ស្តីពី​ជម្លោះ​ការងារ​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោយ​លើក​ឡើង​ថា​អ្នកស្រី​យល់​ស្រប​ជាមួយ​ការ​វាយ​តម្លៃ​របស់​លោក​ ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ថា​នេះ​ជា​ជម្លោះ​ការងារ​ ហើយ​ជា​ប្រយោជន៍​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​បន្ត​ចរចា​រហូត​ដល់​ទទួល​បាន​ដំណោះ​ស្រាយ​មួយ។​

អ្នកស្រី​មាន​ជំនឿ​ថា ​ទាំង​រយៈ​ពេល​នៃ​ការ​ដោះស្រាយ ​និង​លទ្ធផល​នៃ​ការ​សម្រប​សម្រួល​អាច​ទទួល​បាន​ផល​វិជ្ជមាន​ ប្រសិន​បើ​មេ​ដឹកនាំ​សហជីព​នានា​អាច​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ដំណើរការ​ចរចា។​

រហូត​មក​ទល់​ពេល​នេះ​គឺ​ មាន​រយៈពេល​ជាង​ ៤០​ថ្ងៃ​ ហើយ​ដែល​អតីត​បុគ្គលិក​និយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ធ្វើ​កូដកម្ម​ស្ទើរ​រៀង​រាល់​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​បញ្ឈប់​ពី​ការងារ ​និង​ទាមទារ​ការ​ទូទាត់​សំណង​សមស្រប​តាម​ច្បាប់​ការងារ។​

អំឡុង​ពេល​កូដកម្ម​កន្លង​ទៅ​នេះ ​ គេ​ក៏​ឃើញ​អាជ្ញាធរ​ចេញ​ប្រតិបត្តិការ​ចាប់ខ្លួន​តំណាង​សហជីព​ចំនួន​៨​នាក់​ ដាក់​ពន្ធនាគារ​ដើម្បី​បន្ត​នីតិវិធី​ផ្លូវ​ច្បាប់​ផង​ដែរ។​

ស្រប​ពេល​ដូច​គ្នា​នេះ​ដែរ​ សហជីព ​និង​បុគ្គលិក​បម្រើការ​តាម​រោងចក្រ​ និង​នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​ចំនួន​ ព្រម​ទាំង​សហជីព​មួយ​ចំនួន​ទៀត​នៅ​ប្រទេស​ម៉ាឡេស៊ី​ បាន​បង្ហាញ​ការ​គាំទ្រ​ផង​ដែរ​ដល់​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ក្នុង​ការ​ធ្វើ​កូដកម្ម​ស្វែង​រក​ដំណោះ​ស្រាយ​លើ​វិវាទ​ការងារ​ ដែល​កំពុង​ប្រឈម​ភាព​ជាប់​គាំង​នេះ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​កម្មករ​និយោជិត​ និង​តំណាង​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ បាន​ចាប់​ផ្តើម​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ នៅ​ពេល​កម្មករ​និយោជិត​ជាង​ ១.៣០០​នាក់​ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​កាលពី​ចុង​ខែ​មេសា​ ឆ្នាំ​២០២១​ ហើយ​បុគ្គលិក​អះអាង​ថា​ ក្រុមហ៊ុន​មិន​ផ្តល់​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ ​ដូច​ជា​ប្រាក់​អតីត​ភាព​ការងារ​ត្រឹមត្រូវ ​និង​សមស្រប​តាម​ច្បាប់​ការងារ​ទេ។​ ក្រុមហ៊ុន​ត្រូវ​មន្រ្តី​សហជីព​ចោទ​ថា​ មាន​ចេតនា​បំបាត់​សំឡេង​តំណាង​បុគ្គលិក​ដោយសារ​ក្រុមហ៊ុន ​មិន​ព្រម​បើក​ផ្លូវ​ឱ្យ​ថ្នាក់​ដឹកនាំ​ និង​មន្រ្តី​សហជីព​នៅ​ក្រុមហ៊ុន​នេះ​បាន​វិល​ត្រឡប់​មក​កន្លែង​ការងារ​វិញ។​

កាល​ពី​ថ្ងៃ​ចន្ទ ក្រុម​បុគ្គលិក​កម្មករ​ណាហ្គាវើលដ៍​ បាន​ចូលរួម​ក្នុង​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ចិន​ ដោយ​បាន​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ខៀវ​ អំឡុង​ពេល​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​នៅ​តាម​វិថី​មុខ​រដ្ឋសភា​ជាតិ ​ ក្បែរ​អគារ​អាជីវកម្ម​កាស៊ីណូ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍៕​

XS
SM
MD
LG