ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​​សកម្មជន​​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​បុគ្គល​ដែល​រង​ទណ្ឌកម្ម​កុំ​ឱ្យ​បន្ត​សកម្មភាព​ទុច្ចរិត


លោកនាយ​​ឧត្តម​សេនីយ៍ គន់ គីម (ឆ្វេង) ទេស​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និងឧកញ៉ា ទ្រី ភាព (ស្តាំ)។ (អូន ឆេងប៉រ/VOA និង Courtesy photo: Globalwitness.org)
លោកនាយ​​ឧត្តម​សេនីយ៍ គន់ គីម (ឆ្វេង) ទេស​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និងឧកញ៉ា ទ្រី ភាព (ស្តាំ)។ (អូន ឆេងប៉រ/VOA និង Courtesy photo: Globalwitness.org)

​ក្រុម​សកម្មជន​បរិស្ថាន បាន​លើកឡើង​ថា ​លោក គន់ គីម និង​លោក ទ្រី​​ ភាព បាន​ប្រមូល​​ទ្រព្យសម្បត្តិ​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត ដោយ​ការ​ទាញ​ប្រយោជន៍​ពី​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ហើយ​ថា​បុគ្គល​ទាំង​នេះ គួរ​តែ​ត្រូវ​បាន​បញ្ឈប់​ពី​ការ​រំលោភ​បំពាន​បន្ថែម​ទៀត។​

ក្រុម​សកម្មជនបរិស្ថាន​ដ៏​លេចធ្លោ​ដែល​ឃ្លាំមើល​ការ​បំផ្លាញ​ព្រៃឈើ​និង​ការ​រំលោភ​អំណាច​ក្នុង​ប្រទេស​កម្ពុជា បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល ឱ្យ​បង្ការបុគ្គល​ដែល​រង​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ កុំ​ឱ្យ​បន្ត​កេង​ប្រវ័ញ្ច​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​តទៅទៀត។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី​៩ ខែ​ធ្នូ ​ឆ្នាំ​២០១៩ ដែល​ជាទិវាប្រឆាំង​អំពើ​ពុករលួយ​អន្តរជាតិ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​លោក​ឧកញ៉ា ទ្រី ភាព​ និង​លោក​នាយ​ឧត្ដម​សេនីយ៍​ គន់ គីម ដោយ​ប្រើ​ច្បាប់ Magnitsky ដ៏​តឹងរ៉ឹង ក្រោម​បទ​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​ថា ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា។

លោក គន់ គីម គឺ​ជា​ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​សមាគម​អតីត​យុទ្ធជន​មួយ។ រី​ឯ​ លោក​ ទ្រី ភាព គឺ​ជា​មេ​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា។

ទណ្ឌកម្ម​ដែល​បាន​សំដៅ​ដល់​បុគ្គល​ទាំង​ពីរ​រូប​នេះ បាន​ហាម​ប្រាម​ការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​និង​ទ្រព្យសម្បត្តិ​គ្រប់​បែប​យ៉ាង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គល​ទាំង​ពីរនៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​ហាម​ពលរដ្ឋ​អាមេរិកាំង​និង​អ្នក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក មិន​ឱ្យធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បុគ្គល​ទាំង​ពីរ​ឡើយ។ ទណ្ឌកម្ម​នេះ​ ក៏​បាន​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ចូល​សហរដ្ឋ​អាមេរិកផង​ដែរ។​

​ក្រុម​សកម្មជន​បរិស្ថាន បាន​លើកឡើង​ថា ​លោក គន់ គីម និង​លោក ទ្រី ភាព បាន​ប្រមូលទ្រព្យសម្បត្តិ​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត ដោយ​ការ​ទាញ​ប្រយោជន៍​ពី​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ហើយ​ថា​បុគ្គល​ទាំង​នេះ គួរ​តែ​ត្រូវ​បាន​បញ្ឈប់​ពី​ការ​រំលោភ​បំពាន​បន្ថែម​ទៀត។​

លោក អ៊ូច ឡេង ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ប្រាប់ VOA ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី១០ ខែ​ធ្នូ​ ឆ្នាំ​២០១៩ថា រដ្ឋាភិបាល​កម្ពុជា កន្លង​មក បាន​ផ្ដោត​តែ​ទៅលើ​មន្ត្រី​ថ្នាក់​ក្រោម​និង​អ្នក​ជំនួញ​តូចតាច​ប៉ុណ្ណោះ ពេល​ដែល​មាន​ការ​បង្ក្រាប​ទៅ​លើ​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ។

លោក​មាន​ប្រសាសន៍​ថា ​បុគ្គល​និង​ក្រុមហ៊ុន​ដែល​មាន​ឥទ្ធិពល​ធំៗ មិន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ចំពោះ​សកម្មភាព​ស្រដៀងគ្នា​នេះ​ទេ ប៉ុន្តែ​លោក​ថា​ពួកគេ នៅ​តែ​អាច​បន្ត​ធ្វើ​ឱ្យ​ខ្លួន​ពួកគេ​និង​ក្រុម​គ្រួសារ​ពួកគេ​ផ្ទាល់ ក្លាយ​ជា​អ្នក​មាន​បាន​ ដោយ​ទាញ​យក​ប្រយោជន៍​សាធារណៈ។​

លោក អ៊ូច ឡេង បញ្ជាក់​ថា៖ «‍អ្វី​ដែល​ឧកញ៉ា​រកស៊ី​ឈើ​ដុះស្លែ​ហ្នឹង មុខ​ដដែលៗ។ ទោះបីជា​ចាប់​ឧកញ៉ា​ពីរ​នាក់គឺ​ឧកញ៉ា សឹង​ សំអុល និង​ឧកញ៉ា គង់ ក្រឹង​ក៏​ដោយ ប៉ុន្តែ​មាន​ឧកញ៉ា​ផ្សេង​ទៀត​ដែល​គាត់​មិន​បាន​ចាប់​ខ្លួន​ហ្នឹង គឺ​គាត់​នៅ​តែ​ធ្វើ​ការ​បន្ត​រកស៊ី​ឈើ​តទៅទៀត»។

លោក អ៊ូច ឡេង ​ប្រធាន​អង្គការ ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ពេល​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែ​មេសា​ ឆ្នាំ២០១៦​។
លោក អ៊ូច ឡេង ​ប្រធាន​អង្គការ ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ពេល​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែ​មេសា​ ឆ្នាំ២០១៦​។

លោក អ៊ូច ឡេង ​ដែលជា​ជ័យលាភី​ពាន​រង្វាន់​ឆ្នើម​ការពារ​បរិស្ថាន The Goldman Environmental Prize កាល​ពី​ឆ្នាំ​២០១៦​នោះ មាន​ប្រសាសន៍​បន្ថែម​ថា៖

«‍យើង​សំណូមពរ​ឱ្យ​ខាង​រាជរដ្ឋាភិបាល​គឺ​ថា​ ចាត់​វិធានការ​ទៅ​លើ​ក្រុមហ៊ុន​ដែល​កំពុង​បន្ត​សកម្មភាព​តទៅ​ទៀត»។

បុគ្គល​ទាំង​ពីរ​រូប​ដែល​រង​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក ត្រូវ​បាន​អង្គការ​សិទ្ធិមនុស្ស​និង​ក្រុម​សកម្មជន​រិះគន់​ជា​យូរយារ​ណាស់​មក​ហើយ​ ចំពោះ​សកម្មភាព​របស់​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ចំណងទាក់ទង​ជាមួយ​បុគ្គល​ទាំង​នេះ ថា​បាន​ប្រឡូក​ក្នុង​ឧក្រិដ្ឋកម្ម​បរិស្ថាន។​

សេចក្ដី​ប្រកាស​របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក បាន​ចង្អុល​បង្ហាញ​ពី​ប្រតិបត្តិការ​«កាប់​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ‍»​របស់​លោក ទ្រី ភាព ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់​មន្ត្រី​ឧទ្យាន​ជាតិ ដើម្បី​រក្សា​ការសម្ងាត់​ចំពោះ​សកម្មភាព​ខុសច្បាប់​របស់​ខ្លួន។​

អង្គការ​ឃ្លាំមើល​ឧក្រិដ្ឋកម្ម​បរិស្ថាន Global Witness ធ្លាប់​បាន​ចងក្រង​ឯកសារ​ស៊ើបអង្កេត​របស់​ខ្លួន​ជាច្រើន​ស្ដីពី​របៀប​ដែល​លោក ទ្រី ភាព ​បាន​គ្រប់គ្រង​ពាណិជ្ជកម្ម​ឈើ​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ ដោយ​បាន​បំផ្លាញ​ព្រៃឈើ​ ដោយ​មាន​ការ​សមគំនិត​ពីមន្ត្រី​រដ្ឋាភិបាល​ ប៉ូលិស​និង​យោធា។

ចំពោះ​លោក​ គន់ គីម​ វិញ អង្គការ Global Witness ក៏​បាន​គូស​បញ្ជាក់​ពី​ទំនាក់ទំនង​របស់​លោក​ជាមួយ​ក្រុមហ៊ុន​កាប់​ឈើ ​GAT International របស់ម៉ាឡេស៊ី ដែល​អាជ្ញាប័ណ្ណ​សម្បទាន​ឈើ​ចំនួន​ពីរ​របស់​ក្រុម​ហ៊ុន​នេះ ត្រូវ​បាន​ដក​ហូត​វិញ ក្រោយ​ពី​មាន​ការ​លាត​ត្រដាង​ពី​សកម្មភាព​កាប់​ឈើ​ខុសច្បាប់។

ក្នុង​របាយការណ៍​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា Dirty Dozen អង្គការ Human Rights Watch បាន​បញ្ជាក់​ថា លោក គន់ គីម បាន​ប្រើ​ឥទ្ធិពល​យោធា​និង​នយោបាយ​ ដើម្បី​រក​លុយ​ពី​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​ក្នុង​តំបន់​យោធភូមិភាគ​២​និង​៤។

ឧត្តមសេនីយ៍ទុច្ចរិតទាំង១២របស់កម្ពុជា។ ជួរលើពីឆ្វេងទៅស្តាំ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជាអគ្គស្នងការរងនៃនគរបាលជាតិ។ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ។ ជួរកណ្តាលពីឆ្វេងទៅស្តាំ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥។ ឧត្តមសេនីយ៍ឯក ចាប ភក្តី នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១។ ជួរក្រោមពីឆ្វេងទៅស្តាំ៖ ឧត្តម​សេនីយ៍​ឯក ជឿន សុវណ្ណថា មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​២។ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)
ឧត្តមសេនីយ៍ទុច្ចរិតទាំង១២របស់កម្ពុជា។ ជួរលើពីឆ្វេងទៅស្តាំ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជាអគ្គស្នងការរងនៃនគរបាលជាតិ។ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ។ ជួរកណ្តាលពីឆ្វេងទៅស្តាំ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥។ ឧត្តមសេនីយ៍ឯក ចាប ភក្តី នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១។ ជួរក្រោមពីឆ្វេងទៅស្តាំ៖ ឧត្តម​សេនីយ៍​ឯក ជឿន សុវណ្ណថា មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​២។ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)

កាល​ពី​ឆ្នាំ​២០១៨ អង្គការ Forest Trends បាន​រាយការណ៍​ថា​ឈើហុប​ដែល​បាន​អារ​រួច​ហើយ​ដែល​មាន​តម្លៃ​១៧៣​លាន​ដុល្លារ ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​២០១៧។ ប្រទេស​វៀតណាម គឺ​ជា​គោលដៅ​ចម្បង​មួយ​សម្រាប់​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា។

រដ្ឋាភិបាល ​បាន​ច្រានចោល​តួលេខ​នាំ​ឈើ​ចេញ​នេះ ទោះបីជា​ទិន្នន័យ​នេះ បាន​មក​ពី​ស្ថិតិ​គយ​វៀតណាម​ក៏​ដោយ។

រូប​ឯកសារ៖ អ្នក​ល្បាត​ព្រៃ​មួយ​រូប​ឈរ​ក្បែរ​ឈើ​ប្រណីតដែល​ត្រូវ​បាន​កាប់​ដោយ​ខុស​ច្បាប់​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំត្នោត នៅ​ខេត្ត​ព្រះវិហារ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៨។ (រូប​ផ្តល់​ឲ្យ​ដោយ Ben Davis)
រូប​ឯកសារ៖ អ្នក​ល្បាត​ព្រៃ​មួយ​រូប​ឈរ​ក្បែរ​ឈើ​ប្រណីតដែល​ត្រូវ​បាន​កាប់​ដោយ​ខុស​ច្បាប់​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំត្នោត នៅ​ខេត្ត​ព្រះវិហារ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៨។ (រូប​ផ្តល់​ឲ្យ​ដោយ Ben Davis)

​លោក សេង សុខហេង អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​សហគមន៍​ព្រៃឡង់ ​ដែល​រារាំង​ការ​កាប់​ឈើ​ខុសច្បាប់​ក្នុង​តំបន់​ព្រៃ​ការពារ បាន​ប្រាប់ VOA ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១៩ថា មាន​ភស្តុតាង​អំពី​អំពើ​ពុករលួយ​និង​ផល​ប្រយោជន៍​ទុច្ចរិត​ខាង​ហិរញ្ញវត្ថុ​ដែល​ទាមទារ​ឱ្យ​មាន​ចំណាត់​ការ​ខាង​ផ្លូវ​ច្បាប់។

លោក សេង សុខហេង ថ្លែង​ថា៖ «‍ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត​ ពី​អំពើ​ពុករលួយ ក្នុង​ច្បាប់​ប្រទេស​កម្ពុជា​គឺ​មាន​ចែង​ច្បាស់​ណាស់ គឺ​ត្រូវ​ដក​ហូត​ទាំងអស់​មក​ជា​សម្បត្តិ​របស់​រដ្ឋ»។

លោក សេង សុខហេង​ បន្ថែម​ទៀត​ថា៖ «‍ហើយ​មិន​ត្រឹមតែ​ដកហូត​ទ្រព្យសម្បត្តិ​ទេ​ គឺ​អ្នក​នោះ​ត្រូវ​តែ​ទទួល​ទោស​ទណ្ឌ ទទួល​ទោស​ព្រហ្ម​ទណ្ឌ​ជាប់​ពន្ធនាគារ​ទៅ​តាម​ច្បាប់​បាន​កំណត់»។

ទណ្ឌកម្ម​របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក ក៏​បាន​តម្រង់​គោល​ដៅ​លើ​សមាជិក​៣​នាក់​នៃ​គ្រួសារ​របស់​លោក​ គន់ គីម និង​ក្រុមហ៊ុន​របស់​ពួកគេ​ចំនួន​៥ ខណៈ​ក្រុម​ហ៊ុន​ចំនួន​១១​ដែល​មាន​ចំណង​ទាក់ទង​នឹង​លោក ទ្រី ភាព ក៏​ត្រូវ​បាន​ដាក់​ទណ្ឌ​កម្ម​ដែរ។

វីអូអេ​បាន​ព្យាយាម​ទាក់ទង​លោក ទ្រី ភាព លោក គន់ គីម និង​ភរិយា​របស់​លោក​គឺ​អ្នកស្រី គីង ចាន់ឌី សម្រាប់​អត្ថាធិប្បាយ​លើ​ទណ្ឌកម្ម​នេះ ប៉ុន្តែ​មិន​បាន​ទទួល​ចម្លើយ​តប​ណាមួយ​ទេ។

ប៉ុន្តែ អ្នក​ស្រី គីង ចាន់ឌី បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ គ្រួសារ​របស់​អ្នក​ស្រី គ្មាន​ទ្រព្យ​សម្បត្តិ​ណាមួយ​នៅ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​នោះ​ទេ។ អ្នក​ស្រី ថែម​ទាំង​បាន​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក រឹបអូស​ទ្រព្យសម្បត្តិ​ទាំងឡាយ​ដែល​គេ​រក​ឃើញ​មាន​នៅ​ក្នុង​ប្រទេស​នេះ​ថែមទៀត​ផង៖

«‍ចង់​គេ​បង្កក​ទ្រព្យ​សម្បត្តិ​ គេ​បង្កក​លុយ​យើង​អី យើង​ថា​យើង​អត់​មាន​លុយ​នៅ​ទី​នោះ​ផង។ បើ​គេ​យក​ក៏​យក​ទៅ បើ​លុយ​យើង​នៅ​លើ​ទឹកដី​គេ​ស្រាប់​ហើយ​ នៅ​រតនាគារ​គេ​ស្រាប់​ហើយ។ បើ​មាន​លុយ​នៅ​អាមេរិក​មែន គេ​យក​ក៏​យក​ទៅ អត់​មាន​ស្ដាយ​ស្រណោះ​អី​ទេ យើង​អត់​មាន​តវ៉ា​អី​ទេ បើ​យើង​អត់​មាន​លុយ​ដាក់​ផង»។​

ទោះបី​ជា​មាន​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ក្នុង​ស្រុក​ក៏​ដោយ ក៏​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ខាង​គណបក្ស​កាន់​អំណាច​គឺ​លោក សុខ ឥសាន្ត​ មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​មិន​អាច​រឹបអូស​ទ្រព្យសម្បត្តិ​បុគ្គល​ ដោយគ្រាន់តែ​ផ្អែក​លើ​អ្វី​មួយ​ដែលលោក​ហៅ​ថា​ជា«‍ទណ្ឌកម្ម​បរទេស​បែប​ហ្នឹង»បាន​ទេ។

«‍វា​មិន​អាច​ទៅ​រួច គ្រាន់​តែ​មាន​ការ​ចោទប្រកាន់​ពី​ជន​បរទេស​ ហើយ​ខាង​ក្នុង​ស្រុក​ហ្នឹងឱ្យ​រឹបអូស​ទ្រព្យសម្បត្តិ​គេ​ដោយគ្មាន​មូលហេតុ​ទេ។ គ្មាន​នរណា មាន​សិទ្ធិ​ធំ​ជាង​រាជរដ្ឋាភិបាល​និង​តុលាការ​កម្ពុជា​ទេ​ក្នុង​ការ​សម្រេច​ចិត្ត​យ៉ាង​ណាៗ ចំពោះជន​ទុច្ចរិត។ ហើយ​ខ្ញុំ​យល់​ថា បើ​ទុច្ចរិត​អញ្ចឹង​មែន អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​គេ​ធ្វើ​ការ​ហើយ»។

លោក សុខ ឥសាន្ត ដែល​ជា​អ្នក​នាំ​ពាក្យម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​នោះ បាន​បន្ថែម​ថា ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ដូចជា​អង្គការ Global Witness និង​អង្គការHuman Rights Watch ​ជាដើម តែង​តែ​មាន​ទស្សនៈ​ «‍ចក្រពត្តិនិយម»​ចំពោះ​កម្ពុជា។

«‍អង្គការ ​Human Rights Watch ក៏​ដូចជា Global Witness ស្អី​ហ្នឹង សុទ្ធ​តែ​មាន​គំនិត​ចក្រពត្តិ​តាំង​ពី​ដើម​មក​រហូត​មក​ដល់​ពេល​នេះ​ហើយ​នៅតែ​មិន​ទាន់​បោះបង់​ចោល​គំនិត​ចក្រពត្តិ​ហ្នឹង​ទេ។ សម្គាល់​មក​កម្ពុជា​ ហាក់​ដូច​ជា​ស្ថិត​នៅ​ក្រោម​អាណានិគម​និយម​របស់​គាត់​អញ្ចឹង»។

រូប​ឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា។
រូប​ឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា។

​VOA មិន​អាច​ទាក់ទង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ស្នើសុំ​អត្ថាធិប្បាយ​ណាមួយ​បាន​ទេ។

ទោះបីជា​មាន​ភាព​អល់អែក​ពី​រដ្ឋាភិបាល​ក៏​ដោយ ក៏​ក្រុម​សកម្មជន​នៅតែ​ទទូច​ឱ្យ​មាន​ចំណាត់​ការ​ប្រឆាំង​នឹង​ឈ្មួញ​ឈើ​ទុច្ចរិត និង​ជន​ទាំងឡាយ​ណា​ដែល​ពួកគេ​និយាយ​ថា​កំពុង​តែ​កេងប្រវ័ញ្ច​ ចម្រាញ់​យក​ធនធាន​របស់​ជាតិ ទៅ​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែរ។

លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា៖ «‍អ្វី​ដែល​ខ្ញុំ​អំពាវនាវ​គឺ​ចង់​ឱ្យ​បិទ​រោងចក្រ​អារ​ឈើ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ ក៏ដូចជា​សិប្បកម្ម​ឈើ​ទាំង​អស់ហើយ​មិន​អនុញ្ញាត​ឱ្យ​ចេញ​អាជ្ញាប័ណ្ណ​នាំ​ឈើ​ចេញ​ទេ ព្រោះ​ថា​ពាក្យ​អាជ្ញាប័ណ្ណ​នាំ​ឈើ​ចេញ​ហើយ​វា​ជា​ឱកាស​នៃ​ការ​ប្រមូល​ឈើ​ពី​តំបន់​ការពារ​ពី​ដែន​ជម្រក​សត្វព្រៃ​ក៏​ដូចជា​ឧទ្យានជាតិ​នានា»។

លោក​បន្ថែម​ថា៖ «‍មួយ​វិញ​ទៀត​គឺ​ឧកញ៉ា​ផ្សេងៗ​ទៀត ដែល​មាន​ដីកា​ចាប់ខ្លួន​ឬ​មាន​ឈ្មោះ​ថា​ជា​ឧកញ៉ា​រកស៊ី​ឈើ​ដុះស្លែ​នោះ អញ្ចឹង​នៅ​ពេល​ដែល​យើង​រក​ឃើញ​ហើយ ត្រូវ​តែ​ធ្វើ​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG