រដ្ឋាភិបាលកម្ពុជាបង្ហាញការ«ខកចិត្ត»ចំពោះការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេរិកទៅលើលោកឧត្តមសេនីយ៍ គន់ គីម ព្រមទាំងក្រុមគ្រួសាររបស់លោក និងឧកញ៉ា ទ្រី ភាព ដែលពួកគេត្រូវបានចោទប្រកាន់ថា រំលោភសិទ្ធិមនុស្សនិងប្រព្រឹត្តអំពើពុករលួយ។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានសម្រេចដាក់ទណ្ឌកម្មចំពោះអ្នកដែលស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោមច្បាប់ Global Magnitsky ដែលសំដៅលើមន្ត្រីនៃរដ្ឋាភិបាលបរទេសណាដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ក្រោមច្បាប់នេះ សហរដ្ឋអាមេរិកហាមឃាត់មិនឲ្យពលរដ្ឋអាមេរិកាំងធ្វើពាណិជ្ជកម្មជាមួយបុគ្គលទាំងនោះទេ ហើយអ្នករងទណ្ឌកម្មត្រូវបានហាមឃាត់មិនឲ្យចេញចូលសហរដ្ឋអាមេរិកឡើយ។
ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗ ដោយសម្តែង«នូវការខកចិត្តយ៉ាងខ្លាំងចំពោះការកំណត់ជ្រើសរើសដោយបំពាននូវជនជាតិកម្ពុជាដែលបម្រើការងារដ្ឋ និងក្នុងផ្នែកឯកជន ក្រោមច្បាប់សាកលម៉ានីតស្គី»។
សេចក្ដីថ្លែងការណ៍នោះបានបន្តថា៖ «នេះជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការគោរពទាល់តែសោះចំពោះឯករាជ្យនៃច្បាប់ និងយុត្តិធម៌របស់ប្រទេសមួយ»។
សេចក្ដីថ្លែងការណ៍ដដែលនោះបានបន្ថែមទៀតថា លោក គន់ គីម «ត្រូវបានទទួលស្គាល់ជាសាធារណៈចំពោះការចូលរួមចំណែកយ៉ាងច្រើនរបស់ឯកឧត្តមក្នុងការការពារ និងថែរក្សាសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់»។
លោកឧត្តមសេនីយ៍ គន់ គីម ជាសមាជិកគណៈអចិន្រ្តៃយ៍របស់គណបក្សប្រជាជនកម្ពុជា និងជាទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស។ លោកត្រូវបានតែងតាំងជាអនុប្រធានទី១នៃគណៈកម្មាធិការទទួលបន្ទុកគ្រោះមហន្តរាយ កាលពីខែមិថុនា ឆ្នាំ២០១៩។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឲ្យដឹងថា លោក គន់ គីម ដើរតួសំខាន់ក្នុងគម្រោងអភិវឌ្ឍន៍ខេត្តកោះកុង ហើយទទួលបានផលប្រយោជន៍ពីទំនាក់ទំនងជាមួយក្រុមហ៊ុនរបស់ចិន។
រដ្ឋាភិបាលអាមេរិកឲ្យបានដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា៖ «លោក គន់ គីម បានប្រើប្រាស់កងកម្លាំងខេមរភូមិន្ទទៅគំរាមកំហែង កម្ទេចផ្ទះ និងឈូសឆាយដីតាមការចង់បានរបស់ក្រុមហ៊ុនចិន។ លោក គន់ គីម ត្រូវបានដកចេញពីតំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដោយសារតែលោកមិនបានបែងចែកផលប្រយោជន៍ពីរបរខុសច្បាប់ជាមួយនឹងមន្ត្រីជាន់ខ្ពស់ដទៃទៀតក្នុងរដ្ឋាភិបាល»។
VOAមិនអាចសុំការឆ្លើយតបពីលោក គន់ គីម បានទេ។
លោក គីម រិទ្ធី កូនប្រុសរបស់លោក គន់ គីម និងជាអភិបាលរងខេត្តកណ្តាល បានចាត់ទុករបាយការណ៍របស់ក្រសួងហិរញ្ញវត្ថុអាមេរិកថា «គ្មានមូលដ្ឋាន ហើយមានចរិតនយោបាយ ដើម្បីបរិហារកេរ្តិ៍មន្ត្រីកម្ពុជា»។
លោកបានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា៖ «ប្អូនៗរបស់ខ្ញុំធ្វើអាជីវកម្មដោយសុចរិតនិងស្របច្បាប់ ដោយគោរពយ៉ាងហ្មត់ចត់តាមច្បាប់របស់កម្ពុជា។ ក្រុមគ្រួសាររបស់យើងខ្ញុំ គោរពយ៉ាងជ្រាលជ្រៅបំផុតចំពោះមាតុភូមិនិងប្រជាជនកម្ពុជា»។
លោក ហ៊ុន វណ្ណៈ ដែលជាសកម្មជនបរិស្ថានម្នាក់នៃចលនាមាតាធម្មជាតិដែលបានតាមដានការអភិវឌ្ឍនៅក្នុងខេត្តកោះកុងបានថ្លែងប្រាប់ VOA ថា លោក គន់ គីម មានជាប់ពាក់ព័ន្ធនឹងការចរចាតំណាងឲ្យក្រុមហ៊ុន UDG នៅក្នុងខេត្តកោះកុងកាលពីកន្លងទៅ។
លោកបានប្រាប់ VOA ថា៖ «បន្ទាប់ពីមានការតវ៉ា ប្រជាពលរដ្ឋខ្លះព្រម ភាគច្រើនអត់ព្រម ហើយចាប់ផ្តើមតវ៉ា។ សារព័ត៌មានចុះផ្សាយ ចាប់ផ្តើមមានគន់ គីម ចុះមកសម្របសម្រួល ហើយបានប្រជាពលរដ្ឋគាត់សន្និដ្ឋានថា អារឿងទាំងអស់ហ្នឹងគឺជាការសហការរវាងក្រុមហ៊ុន និងគន់ គីម ហ្នឹងឯង»។
លោក វណ្ណៈ បានចាត់ទុកការប្រើប្រាស់កម្លាំងយោធាតំណាងឲ្យក្រុមហ៊ុន UDG ដែលទទួលបានដីអភិវឌ្ឍន៍នៅខេត្តកោះកុងជាង៤ម៉ឺនហិកតា ជា«រឿងគួរឲ្យខ្លាចនិងគួរឲ្យបារម្ភ»។
លោកប្រាប់ VOA បន្តថា៖ «ប៉ុន្តែនៅខ្មែរ ទ័ពពាក់ព័ន្ធច្រើនទៅលើរឿងបំផ្លាញធនធានធម្មជាតិ ដូចជាព្រៃឈើ ហើយទ័ពហ្នឹងក៏ពាក់ព័ន្ធនឹងរឿងបំផ្លាញដីធ្លីទៀត»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុនចំនួន១៦ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គ្រួសារលោក គន់ គីម និងលោក ទ្រី ភាព ក៏ត្រូវរងទណ្ឌកម្មផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា សមាជិកក្រុមគ្រួសារចំនួនបីនាក់ទៀតរបស់លោក គន់ គីម គឺលោកស្រី គីង ចាន់ឌី ដែលត្រូវជាភរិយារបស់លោក គន់ គីម លោក គីម ផារ៉ា ត្រូវជាកូនប្រុស និងលោកស្រី គីម សុផារី ត្រូវជាកូនស្រី ក៏មានឈ្មោះនៅក្នុងបញ្ជីដាក់ទណ្ឌកម្មនេះដែរ។
លោក គីម ផារ៉ា គឺជាអ្នកគ្រប់គ្រងក្រុមហ៊ុនRomdoul Development និងក្រុមហ៊ុន Romdoul Capital Pawn។ លោកស្រី គីម សុផារី គឺជាអ្នកគ្រប់គ្រងក្រុមហ៊ុន Cambo Elite Security Force និងក្រុមហ៊ុន7 Makara Phary។ ចំណែកឯលោកស្រី គីង ចាន់ឌី ជាអ្នកគ្រប់គ្រងក្រុមហ៊ុនកៅស៊ូ K D Rubber Plantation។
លោកឧកញ៉ា ទ្រី ភាព ត្រូវបានរដ្ឋាភិបាលអាមេរិកចោទប្រកាន់នៅក្នុងរបាយការណ៍នោះថា បានទទួលខុសត្រូវចំពោះសកម្មភាពពុករលួយដោយផ្ទាល់និងដោយប្រយោល ដែលក្នុងនោះមានការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋមិនត្រឹមត្រូវ រឹបអូសទ្រព្យសម្បត្តិឯកជន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងកិច្ចសន្យារដ្ឋាភិបាលឬធ្វើអាជីវកម្មធនធានធម្មជាតិឬសូកប៉ាន់។
ប៉ុន្តែក្រសួងការបរទេសកម្ពុជាបានលើកឡើងថា លោក ទ្រី ភាព «បានដើរតួនាទីដ៏សកម្មក្នុងការទ្រទ្រង់ការអភិវឌ្ឍសង្គមកម្ពុជា»។
VOA មិនអាចសុំការឆ្លើយតបពីលោក ទ្រី ភាព បានទេ។
កាលពីខែមិថុនា ឆ្នាំ២០១៨ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ផងដែរ ក្រោមច្បាប់ Global Magnitskyនេះ។
លោក Phil Robertson អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានប្រាប់ VOA តាមសារអេឡិចត្រូនិកថា៖ «នេះជាសញ្ញាព្រមានមួយទៅកាន់មន្រ្តីធំៗរបស់គណបក្សប្រជាជនកម្ពុជាផ្សេងទៀតដែលមានបាតដៃប្រឡាក់ឈាមយូរមកហើយ ជួសឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលពួកគេអាចមិនមានកំហុស[ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន] ប៉ុន្តែពួកគេមិនអាចលាក់ខ្លួនពីការទទួលខុសត្រូវជាលក្ខណៈអន្តរជាតិសម្រាប់ឧក្រិដ្ឋកម្មរបស់ពួកគេទេ»។
ទណ្ឌកម្មរបស់អាមេរិកបន្ថែមនាពេលនេះ ធ្វើឡើងស្របពេលដែលទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ស្ថិតក្នុងស្ថានភាពអាក្រក់។ កម្ពុជាបានចោទប្រកាន់សហរដ្ឋអាមេរិកថាជាអ្នកនៅពីក្រោយគណបក្សប្រឆាំង ក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕