ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី ប្រាប់​អ្នកគាំទ្រ​ឱ្យ​តាមដាន​មើល​ទណ្ឌកម្ម​អន្តរជាតិ​លើ​រដ្ឋាភិបាល​កម្ពុជា


លោក សម រង្ស៊ី ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិ ចាប់រលាក់ដៃជាមួយនឹង​លោក​ Cory Gardner ​ប្រធាន​អនុ​គណៈ​កម្មការ​ទំនាក់​ទំនង​បរទេស​របស់​ព្រឹទ្ធ​សភា​សម្រាប់អាស៊ី​បូព៌ា នៅការិយាល័យរបស់លោក Cory Gardner នៅ​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩។ (ម៉ែន គឹមសេង/VOA)
លោក សម រង្ស៊ី ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិ ចាប់រលាក់ដៃជាមួយនឹង​លោក​ Cory Gardner ​ប្រធាន​អនុ​គណៈ​កម្មការ​ទំនាក់​ទំនង​បរទេស​របស់​ព្រឹទ្ធ​សភា​សម្រាប់អាស៊ី​បូព៌ា នៅការិយាល័យរបស់លោក Cory Gardner នៅ​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩។ (ម៉ែន គឹមសេង/VOA)

លោកសម រង្ស៊ី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ដល់​អ្នកគាំទ្រ​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ឱ្យ​រក្សា​ភាពស្ងៀមស្ងាត់​សិន​និង​គ្រាន់តែ​ធ្វើ​សកម្មភាព​ការទូត​ខ្លះៗ​ប៉ុណ្ណោះដោយ​ត្រូវ​រង់ចាំ​តាមដានមើល​លទ្ធផល​នៃ​វិធានការ​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​ដែល​លោករំពឹងថានឹង​ដាក់​សម្ពាធ​បន្ថែម​មក​លើរដ្ឋាភិបាលកម្ពុជា។

នៅ​ក្នុង​ពិធី​សំណេះសំណាល​មួយ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​ហ្វលឈឺច (Falls Church) ​រដ្ឋ​វីជីនៀ​ លោក​សម រង្ស៊ី​បាន​ថ្លែង​ថា៖

«ក្នុង​រយៈពេល​ហ្នឹង​ដែល​គេ​កំពុងតែ​រៀបចំ​អនុវត្ត​ជា​បណ្តើរៗ​វិធានការ​គាប​សង្កត់​ហ៊ុនសែន​ហ្នឹង​តើ​យើង​ជា​គណបក្ស​សង្គ្រោះ​ជាតិ​យើង​ត្រូវ​ធ្វើ​យ៉ាងម៉េច? តាម​ខ្ញុំយល់យើងកុំ​ធ្វើអីរំខានអន្តរជាតិ។ អន្តរជាតិ​គេ​កំពុងតែ​វាយ​ហ៊ុនសែន។ ហ៊ុនសែនត្រូវ​ឆ្លើយ​តបជាមួយអន្តរជាតិ។ អន្តរជាតិ​គេ​មាន​មធ្យោបាយ​សំពង​ហ៊ុនសែន‍»។

រដ្ឋាភិបាលកម្ពុជា​ទើបតែបានបញ្ជូន​របាយការណ៍បំភ្លឺឱ្យ​ទៅ​សហភាព​អឺរ៉ុប​កាលពីថ្ងៃ​ទី​១២ខែ​ធ្នូ ​ពាក់​ព័ន្ធ​នឹង​ការរកឃើញ​ថា​មាន​ការរំលោភ​សិទ្ធិ​នយោបាយ ​សិទ្ធិពលរដ្ឋ​ និង​សិទ្ធិ​សហជីព​ជាដើម។ សហភាព​អឺរ៉ុប​នឹង​សម្រេច​លើ​ជោគវាសនា​នៃ​ឋានៈអនុគ្រោះពន្ធ ​«គ្រប់មុខ​ទំនិញ​លើកលែងសព្វាវុធ‍​(EBA)» ​នៅថ្ងៃទី​១២ខែកុម្ភៈឆ្នាំ​ក្រោយ។ រីឯ​សហរដ្ឋ​អាមេរិក​ទើបតែ​បាន​ដាក់​ទណ្ឌកម្ម​មហាសេដ្ឋី​ខ្មែរ​មួយ​រូប​គឺ​លោក​ទ្រី ភាព ​និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​មួយរូប​គឺ​លោក​គន់ គីម​ព្រមទាំង​ក្រុមគ្រួសារ​ដោយ​សារតែ​ការរំលោភ​សិទ្ធិ​មនុស្ស​និង​ការប្រព្រឹត្តិ​អំពើ​ពុក​រលួយ។

លោក សម រង្ស៊ី​ បន្ថែម​ថា​អ្វី​ដែល​សហគមន៍​អន្តរជាតិ​ចង់បានគឺ​ដូចគ្នា​នឹង​គោលបំណង​របស់គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​ គឺ​ការស្តារ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ​ដែល​នឹង​បើក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ជាថ្មី​បន្ទាប់ពី​ត្រូវ​បាន​រំលាយ​ដោយ​តុលាការកំពូលកាលពី​ចុងឆ្នាំ២០១៧។

គណបក្ស​ប្រតិភូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោកសម រង្ស៊ី ​បាន​មក​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ជួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក សមាជិក​ព្រឹទ្ធសភា​និង​អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ដើម្បី​បញ្ចុះ​បញ្ចូល​ឱ្យ​នៅ​បន្ត​ទាមទារ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ក្នុងនោះ​មាន​ការជំរុញ​ឱ្យ​ព្រឹទ្ធសភា​អនុម័ត​សេចក្តី​ស្នើច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា។

សេចក្តី​ស្នើច្បាប់​នេះ​ត្រូវ​បាន​សភាតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​អនុម័ត​ជា​ឯកច្ឆ័ន​កាលពី​ពាក់​កណ្តាល​ខែកក្កដា​ហើយត្រូវ​បាន​បញ្ជូន​ដល់​ព្រឹទ្ធសភា​កាលពី​ថ្ងៃទី១៦​ខែកក្កដា​ប៉ុន្តែ​កំពុង​ជាប់​គាំងនៅ​គណៈកម្មការ​ទំនាក់​ទំនង​អន្តរជាតិ។

លោក សម រង្ស៊ី​បាន​បញ្ជាក់​ប្រាប់​វីអូអេ ​ក្នុង​កម្មវិធី​ពិភាក្សា​កាលពី​ថ្ងៃព្រហស្បតិ៍​ថា៖

«អីចឹង​ហើយ​បាន​ខ្ញុំ​បាន​ជួប​និង​កំពុងតែ​ជួប​ហើយ​នឹង​ជួបទៀត​ជាមួយ​សមាជិកព្រឹទ្ធសភា​មួយ​ចំនួន​សុំ​ឱ្យ​គេ​ជំរុញ​ច្បាប់​ហ្នឹង​ឱ្យ​ឆ្លងកាត់​ព្រឹទ្ធសភា​រួច​ផុតទៅ។ ដូច្នេះ​បាន​ទាំង​រដ្ឋសភា​និង​ព្រឹទ្ធសភាហើយ​ចាំតែ​លោក​ប្រធានាធិបតី​ត្រាំ​ចុះហត្ថលេខា​ឱ្យ​ច្បាប់​នេះ​ចូលជាធរមាន​គឺពេល​ហ្នឹង​មកដល់​ហើយ​ទណ្ឌកម្ម​នោះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ដែល​ជាអ្នកដឹកនាំ​ផ្តាច់ការ​ពុករលួយ​ជុំវិញ​ហ៊ុនសែន​សព្វថ្ងៃ‍»។​

លោកសម រង្ស៊ី​ក៏​បាន​ស្នើ​ឱ្យ​អ្នកគាំទ្រ​បន្ត​តាមដាន​សំណុំរឿង​លោក​កឹម សុខា​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​តុលាការ​រាជធានី​ភ្នំពេញ​គ្រោងនឹង​យក​មក​កាត់​ក្តី​នៅ​ថ្ងៃទី​១៥ខែ​មករា​ឆ្នាំ​២០២០​ពី​បទក្បត់​ជាតិ​ដោយ​ឃុបឃិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុនសែន។​ ការណ៍​នេះ​ដោយសារតែ​លោក​យល់​ថា​លោក​កឹម សុខា​គ្មាន​កំហុស​ទេ​ហើយ​វា​ជា​ល្បិច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុនសែន​ក្នុង​ការបំបែកលោកកឹម​សុខា​ពី​លោក​សមរង្ស៊ី ​និង​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ទៀត​ដែល​កំពុង​ត្រូវ​ចោទ​ប្រកាន់​តែប៉ុណ្ណោះ។

លោក​ សម រង្ស៊ី​បាន​បន្ត​ថា៖​

«បើ​ចូល​ក្នុង​ច្រក​ហ្នឹង​អាហ្នឹង​យើង​ត្រូវ​កំណត់​យុទ្ធសាស្រ្ត​យើង​តាម​ហ្នឹង​ដែរ​។ យើង​អត់​ទទួល​យក​បាន​ទេ​។ ហើយ​អន្តរជាតិ​ខ្ញុំ​យល់​ថា​បើ​សិនជា​យើង​ពន្យល់គេ​ឱ្យ​ច្បាស់​ក៏គេ​អត់​ទទួល​យក​បានដែរ​ពីព្រោះ​អានេះ​ឡប់ឡែ​តើស៍។ ឱ្យ​លោក​កឹម សុខា​តែម្នាក់​ឯងរួចខ្លួន​ជាបុគ្គល​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​អត់​ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដទៃ​ទៀត​ក៏អត់​ មានន័យ​ថា​នេះ​ជាដំណោះស្រាយ​ជា​ឡប់ឡែ‍»។​

លោក ខេន គីវ ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ម្នាក់​ដែល​មក​ពី​រដ្ឋ​ម៉ារីឡែន​ដែល​បាន​មក​ស្តាប់​ការថ្លែង​សារ​នយោបាយ​របស់​លោក​សមរង្ស៊ី​យល់​ស្រប​នឹង​ការណែនាំ​នេះ​៖

«ខ្ញុំ​យល់​ថា​ល្អ​ពីព្រោះ​ធ្វើអ្វីៗ​យោងទៅតាម​កាលៈទេសៈ​សូម្បី​តែរឿង​គ្រួសារ​រឿង​ការរកស៊ី​អ្វីៗ​ផ្សេង​ឬ​ក៏ធ្វើ​នយោបាយ​ក្នុង​រឿង​នីមួយគឺ​យោង​ទៅ​តាម​កាលៈទេសៈ‍»។​

ពិធី​សំណេះសំណាល​នេះ​រៀបចំ​ដោយ​សមាគម​ខ្មែរ-អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​និងលទ្ធិ​ប្រជាធិបតេយ្យដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។​

អ្នកស្រី​រ៉ានី លូស្សឹនស្គី ​អនុប្រធាន​សមាគម​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​អ្នកស្រី​ចង់​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ផែនការ​ច្បាស់​លាស់​ក្នុង​ការអនុវត្ត​ការងារ​របស់​ខ្លួនបើទោះ​បីជា​មិន​អាច​លាត​ត្រដាង​អស់​ជា​សាធារណៈ​ក៏ដោយ៖

«បង​ចង់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ផែនការ​យ៉ាងណាម៉េច ​បើ​ទោះបីជា​គាត់​មិន​អាច​និយាយ​បាន​ក៏ដោយ​ក៏​បង​សង្ឃឹម​ថា​ចេញទៅ​ហេតុការណ៍​ពិបាក​យើង​ត្រូវ​ធ្វើ​យ៉ាងម៉េច​ ហើយ​ហេតុការណ៍​ដែល​លំបាក​ខ្លាំង​ទៀត​យើង​ត្រូវធ្វើ​យ៉ាងម៉េច​‍»។​

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​ក្រៅប្រទេស​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃសុក្រ​នេះ​នៅ​ទីក្រុង​ឡូវែលរដ្ឋ​ម៉ាស្សាឈូសិត ​ដើម្បី​ពិនិត្យ​វាយ​តម្លៃ​លើ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក​សមរង្ស៊ី​កាលពី​ថ្ងៃទី​៩​ខែវិច្ឆិកា ​និង​លើក​ផែនការ​បន្ទាប់​សម្រាប់​អនុវត្ត​ក្នុង​ពេល​ខាងមុខ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ប៉ែន សុកផល ​ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋ​ម៉ាស្សាឈូសិត។

លោកសម រង្ស៊ី​ក៏មាន​គម្រោង​ជួបអ្នកគាំទ្រ​នៅ​ទីនោះ​នាថ្ងៃសៅរ៍និងនៅ​រដ្ឋ​កាលីហ្វញ៉ា​នៅ​ថ្ងៃអាទិត្យ​ផង​ដែរ៕

XS
SM
MD
LG