ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានសម្រេចនៅថ្ងៃច័ន្ទនេះដាក់ទណ្ឌកម្មសេដ្ឋីកម្ពុជាម្នាក់ និងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាម្នាក់ព្រមទាំងក្រុមគ្រួសារដោយចោទប្រកាន់ថាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងប្រព្រឹត្តអំពើពុករលួយ។
ការដាក់ទណ្ឌកម្មនេះធ្វើឡើងក្រោមច្បាប់ Global Magnitsky ដែលសំដៅលើមន្ត្រីនៃរដ្ឋាភិបាលបរទេសណាដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរហើយហាមឃាត់មិនឱ្យពលរដ្ឋអាមេរិកាំងធ្វើពាណិជ្ជកម្មជាមួយឬចេញចូលសហរដ្ឋអាមេរិកទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ថាសេដ្ឋីនិងមន្ត្រីយោធារូបនោះគឺលោកឧកញ៉ា ទ្រី ភាព និងលោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេសដែលជាមនុស្សស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ អ្នកទាំងពីរបានប្រើប្រាស់ឥទ្ធិពលនិងបណ្តាញរបស់ខ្លួនដើម្បីកេងប្រវ័ញពលរដ្ឋកម្ពុជាហើយផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនចិនដែលមករកស៊ីនៅកម្ពុជា។
បន្ថែមពីនោះគឺក្រុមហ៊ុនចំនួន១៦ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកទាំងពីរនេះក៏ត្រូវរងទណ្ឌកម្មដែរហើយសមាជិកក្រុមគ្រួសារចំនួនបីនាក់ទៀតរបស់លោកគន់ គីម គឺភរិយាឈ្មោះគីង ចាន់ឌី លោកគីម ផារ៉ា និងអ្នកស្រីគីម សុផារីក៏មាននៅក្នុងបញ្ជីដាក់ទណ្ឌកម្មដែរ។
លោក Steven T. Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ថា៖
«អំពើពុករលួយបានដកសិទ្ធិមិនឱ្យពលរដ្ឋប្រើប្រាស់ធនធាននៅក្នុងប្រទេសរបស់ពួកគេ មិនទទួលបានសេវាចាំបាច់ជាមូលដ្ឋាន និងឱកាសសេដ្ឋកិច្ច ក្នុងពេលជាមួយគ្នានោះគឺបានធ្វើឱ្យមនុស្សមួយក្តាប់តូចមានទ្រព្យធន ហើយបានបំផ្លាញបរិស្ថាន បង្កអស្ថិភាពនយោបាយ និងជម្លោះ»។
លោកឧកញ៉ា ទ្រី ភាពត្រូវចោទថាបានទទួលខុសត្រូវចំពោះសកម្មភាពពុករលួយដោយផ្ទាល់និងដោយមិនផ្ទាល់ ដែលក្នុងនោះមានការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋមិនត្រឹមត្រូវ រឹបអូសទ្រព្យសម្បត្តិឯកជនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន អំពើពុករលួយពាក់ព័ន្ធនឹងកិច្ចសន្យារដ្ឋាភិបាលឬធ្វើអាជីវកម្មធនធានធម្មជាតិឬសូកប៉ាន់។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា៖
«[ទ្រី] ភាពបានប្រើប្រាស់បណ្តាញដ៏ធំរបស់គាត់នៅក្នុងប្រទេសកម្ពុជាដើម្បីបង្កើតក្រុមហ៊ុនឈើហ៊ុនខុសច្បាប់ដ៏ធំដោយឃុបឃិតជាមួយនឹងមន្ត្រីកម្ពុជា ក្នុងនោះមានការទិញការការពារពីរដ្ឋាភិបាល ដែលមានក្រុមយោធាជាដើម ដើម្បីការពារសកម្មភាពលក់ដូរផលិតផលខុសច្បាប់»។
ចំណែកលោកគន់ គីម គឺជាមនុស្សសំខាន់ក្នុងគម្រោងអភិវឌ្ឍន៍ខេត្តកោះកុងហើយទទួលបានផលប្រយោជន៍ពីទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនរបស់ចិន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានបន្ថែមថា៖
«លោកគន់ គីម បានប្រើប្រាស់កងកម្លាំងខេមរភូមិន្ទ ទៅគំរាមកំហែង កម្ទេចផ្ទះ និងឈូសឆាយដីតាមការចង់បានរបស់ក្រុមហ៊ុនចិន។ លោកគន់ គីមត្រូវបានដកចេញពីតំណែងអគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទដោយសារតែមិនបានបែងចែកផលប្រយោជន៍ពីរបរខុសច្បាប់ជាមួយនឹងមន្ត្រីជាន់ខ្ពស់ដទៃទៀតក្នុងរដ្ឋាភិបាល»។
កាលពីខែមិថុនា ឆ្នាំ២០១៨ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មលោកនាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនផងដែរក្រោមច្បាប់Global Magnitskyនេះ។
មន្ត្រីរដ្ឋាភិបាលកម្ពុជា និងលោកគន់ គីមក៏ដូចជាលោកឧកញ៉ាទ្រីភាពនៅមិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយទេ។
ខាងក្រោមនេះជាបញ្ជីក្រុមហ៊ុនដែលត្រូវសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម៖
ក្រុមហ៊ុនរបស់លោកឧកញ៉ាទ្រី ភាព មាន៖
១- Try Pheap Group Co., Ltd.;
២- M.D.S. Import Export Co., Ltd.;
៣- Try Pheap Dry Port Co., Ltd.;
៤- Try Pheap Engineering & Construction Co., Ltd.;
៥- Try Pheap Grand Royal Co., Ltd.;
៦- Try Pheap Import Export Co., Ltd.;
៧- Papa Petroleum Co., Ltd.;
៨- Try Pheap Property Co., Ltd.;
៩- Try Pheap Travel & Tours Co., Ltd.;
១០- M D S Thmorda S E Z Co., Ltd.;
១១- Try Pheap Oyadav S E Z Co., Ltd.
ក្រុមហ៊ុនរបស់លោកគន់ គីម មាន៖
១- 7 Makara Phary Co., Ltd. គ្រប់គ្រងដោយអ្នកស្រីគីម សុផារី
២- K D Rubber Plantation Co., Ltd. គ្រប់គ្រងដោយអ្នកស្រីគីង ចាន់ឌី
៣- Cambo Elite Security Force Co., Ltd. គ្រប់គ្រងដោយអ្នកស្រីគីម សុផារី
៤- Romdoul Capital Pawn Co., Ltd.
និង ៥- Romdoul Development Co., Ltd. គ្រប់គ្រងដោយលោកគីម ផារ៉ា