មានប្រតិកម្មពីក្រុមឧកញ៉ាចំនួនបួនរូបដែលត្រូវបានអង្គការ Global Witness ស្នើរដ្ឋាភិបាលសហរដ្ឋអាមេរិក ឲ្យដាក់ទណ្ឌកម្មតាមអ្វីដែលអង្គការ Global Witness ចោទថា ក្រុមឧកញ៉ាទាំងបួននាក់នេះ បានធ្វើសកម្មភាពកេងចំណេញនយោបាយ ក្នុងជំនួញកខ្វក់ជាច្រើន និងមានការជាប់ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់ប្រទេសកម្ពុជា។
កាលពីថ្ងៃសុក្រកន្លងទៅ អង្គការ Global Witness ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស បានអំពាវនាវឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋីកម្ពុជាចំនួន៤រូបនោះ ដែលអង្គការនេះអះអាងថា បានដើរតួនាទីសំខាន់ក្នុងការគៃបន្លំនយោបាយនិងសេដ្ឋកិច្ចកម្ពុជា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននិងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាបន្តក្តោបក្តាប់អំណាចទាំងស្រុង។ សេដ្ឋីទាំងបួននាក់ មានបីនាក់ជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា គឺលោកឧកញ៉ា ម៉ុង ឫទ្ធី លោកឧកញ៉ា លី យ៉ុងផាត់ លោកឧកញ៉ា ទ្រី ភាព និងលោកឧកញ៉ា ឡៅ ម៉េងឃីន។
លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា និងជាសេដ្ឋីដែលគេដឹងថាមានឥទ្ធិពលមួយរូបនៅឯខេត្តកោះកុង បានបដិសេធមិនផ្តល់ការអធិប្បាយ។ VOA ក៏មិនទាន់អាចសុំការអធិប្បាយបានពីលោកឧកញ៉ា ទ្រី ភាព និងលោកឧកញ៉ា ឡៅ ម៉េងឃីន បាននោះទេរហូតដល់ល្ងាចថ្ងៃច័ន្ទ។
ចំណែកលោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប និងជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា បានប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា លោកមិនបានធ្វើសកម្មភាពបំផ្លិចបំផ្លាញធនធានព្រៃឈើ ដូចការចោទប្រកាន់របស់អង្គការ Global Witnessនោះទេ។ លោកមិនខ្វល់ពីការស្នើរបស់អង្គការ Global Witness ដែលសុំឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមកលើរូបលោកផងដែរ។
លោកថ្លែងថា៖
«បើរឿងស្នើ វាសិទ្ធិរបស់គាត់ ឯខ្ញុំ ក៏ខ្ញុំមិនទៅខ្វល់អី អត់ដឹងធ្វើម៉េច បានគេចោទថា សំខាន់ថា ខ្ញុំកាប់បំផ្លាញព្រៃឈើ សួរថាកាប់នៅឯណា ហើយបើ យកស្រួលខ្លាំងណាស់មកទល់មុខគ្នា ឬក៏ទៅទល់កន្លែងណាខ្ញុំទៅ សួរៗ ថាតើកាប់បំផ្លាញព្រៃឈើនៅឯណា?»។
លោកមានប្រសាសន៍ថា លោកមានតែចូលរួមដំាដើមឈើបន្ថែមទៀតសម្រាប់ពលរដ្ឋកម្ពុជា។
«ហើយបើថា ខ្លាំងណាស់ ឆ្លើយមកកាប់នៅឯណា បើប្រជាជនខ្មែរទូទាំងប្រទេសនេះ អ្នកណាក៏ដឹងដែរ។ ខ្ញុំដាំរាល់តែឆ្នាំ មួយឆ្នាំ១ម៉ឺនដើម ជាងមួយឆ្នាំ២ម៉ឺនដើម រាល់តែឆ្នាំដាំ ទុកអាពេលថាកាប់បំផ្លាញព្រៃឈើ ខ្ញុំអត់ដឹង ថាខ្ញុំកាប់នៅឯណា ដូចអត់ដែលកាប់ផង»។
លោកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានថ្លែងបញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោកថា អង្គការ Global Witness តែងតែបានវាយប្រហារមកលើរូបលោក នៅរាល់ពេលកម្ពុជារៀបចំការបោះឆ្នោតជាតិម្តងៗ។
លោកបានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ក្នុងន័យដើមថា៖
«ឲកយជិតដល់ថ្ងៃបោះឆ្នោតដូចជាខ្វះមនុស្សរករឿងណាស់អីចឹង គេតែងតែមករករឿងខ្ញុំជានិច្ចចាប់ផ្តើមតាំងតែពីឆ្នាំ១៩៩៧មក។ កាលពីល្ងាចម្សិលមិញ មានវិទ្យុមួយបានទូរស័ព្ទសួរខ្ញុំថា មានដឹងទេថាអង្គការ Global Witness បានចោទប្រកាន់ខ្ញុំបីករណីហើយគ្រោងស្នើសុំទៅអាមេរិកដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ។ ទីមួយ ចោទថាជួញដូរកញ្ឆាកាលពីឆ្នាំ៩៧ ខ្ញុំឆ្លើយតបវិញបើអីចឹងមែនហេតុអ្វីបានជាសហរដ្ឋអាមេរិក ប៉ាវខ្ញុំអោយដឹកនាំប្រជាពលរដ្ឋក្រីក្រ និងក្របំផុតចំនួន១៦នាក់ រយៈពេលពីរសប្ដាហ៍ទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅសហរដ្ឋអាមេរិក។ ទីពីរគេចោទថា ខ្ញុំកាប់បំផ្លាញព្រៃឈើ។ ខ្ញុំឆ្លើយតបវិញថា ខ្ញុំដាំរាប់ម៉ឺនដើមជារៀងរាល់ឆ្នាំមិននិយាយផង។ តើខ្ញុំបានកាប់បំផ្លាញព្រៃឈើនៅតំបន់ណាដែរ។ គេមិនឆ្លើយតបវិញទេ។ ទីបី ចោទថា ខ្ញុំបូមខ្សាច់ខ្ញុំឆ្លើយតបវិញថា បើមិនបូមធ្វើម៉េចនិងឲ្យកប៉ាល់ចេញចូលកំពង់ផែបាន។ ដល់ពេលយកទៅចាក់ផ្សាយមិនហ៊ានចាក់ផ្សាយទាំងស្រុងទេចិត្តវាមិនសឿងគឺកាត់ត»។
សេចក្តីប្រកាសមួយរបស់អង្គការ Global Witness ដែលចេញផ្សាយកាលពីសប្តាហ៍មុន ត្រូវបានសរសរក្នុងន័យដើមថា៖
«ក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាមួយចំនួន អង្គការ Global Witness សូមអំពាវនាវឱ្យបញ្ចូលបុគ្គលទាំងនេះក្នុងបញ្ជីដាក់ទណ្ឌកម្មផង ដោយសារតែពួកគេមានតួនាទីក្នុងការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យកម្ពុជា និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប្រព្រឹត្តឡើងក្រោមស្លាកក្រុមហ៊ុនរបស់ពួកគេ»។
ទង្វើខុសឆ្គងរបស់សេដ្ឋីទាំងបួនរូប មានការរឹបអូសដីធ្លីពលរដ្ឋរាប់ពាន់គ្រួសារ ការកាប់បំផ្លាញព្រៃឈើ រត់ពន្ធឈើខុសច្បាប់ បូមខ្សាច់ និងអាជីវកម្មកាស៊ីណូជាដើម។ ក្នុងប្រតិបត្តិការទាំងនោះ ពួកគេប្រើប្រាស់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល។នៅក្នុងយុទ្ធនាការថ្មីនេះអង្គការ Global Witness ដែលជាអង្គការឃ្លាំមើលបរិស្ថាន ក៏បានចាត់ទុកថា ការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ គឺជាការឆក់ប្លន់សន្លឹកឆ្នោតរបស់ពលរដ្ឋកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលបានឆក់ប្លន់សំឡេងរបស់ពួកគេក្នុងពេលកន្លងមក និងឆក់ប្លន់ធនធានធម្មជាតិរបស់ប្រទេសជាតិ។
លោកស្រី Emma Burnett អ្នកធ្វើយុទ្ធនាការបានបញ្ជាក់ VOA ថា ទង្វើរបស់សេដ្ឋីទាំងបួនរូបនេះ គឺជាការក្បត់ពលរដ្ឋកម្ពុជា និងប្រទេសទាំងអស់ដែលបានផ្តល់ប្រាក់ជំនួយរាប់ពាន់លានដុល្លារដើម្បីជួយពលរដ្ឋកម្ពុជាកសាងប្រព័ន្ធប្រជាធិបតេយ្យពីការវិនាសដោយរបបខ្មែរក្រហម ដើម្បីបានប្រព័ន្ធមួយដែលគោរពនីតិរដ្ឋនិងសិទ្ធិមនុស្សជាមូលដ្ឋាន។ ដល់ពេលដែលគេត្រូវឱ្យក្រុមវរជនដែលបានឆក់ប្លន់យកស្នាដៃទាំងនេះពីពលរដ្ឋទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេហើយ។
បន្ថែមលើការចេញសេចក្តីប្រកាសកាលពីសប្តាហ៍មុននោះ អង្គការ Global Witness បានចេញផ្សាយគំនូរថ្លុកមួយចំនួន ដែលបង្ហាញថាឧកញ៉ាទាំងបួនមានទំនាក់ទំនងជិតស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារ និងជាប្រភពថវិការរបស់គណបក្សប្រជាជនកម្ពុជា។
ខណៈពេលដែលក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ដែលមានកូនស្រីឈ្មោះលោកស្រី ហ៊ុន ម៉ាណា មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនជីករករ៉ែ ហើយធ្លាប់ជានាយិកាក្រុមហ៊ុន WS Mining ដែលក្រុមហ៊ុននេះប្រើប្រាស់ទាហានរដ្ឋាភិបាលរារាំងមិនឱ្យពលរដ្ឋចូលទៅធ្វើស្រែនៅតំបន់ក្បែរនោះ ហើយបំពុលទឹកធ្វើឱ្យពលរដ្ឋឈឺ និងងាប់សត្វពាហនៈជាដើមនោះ ក្មួយប្រុសលោក ហ៊ុន សែន គឺលោកឧកញ៉ា ហ៊ុន តូ មានជាប់ពាក់ព័ន្ធនឹងការជួញដូរប្រេងឥន្ធនៈដ៏ធំ ក៏ដូចជាត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងបណ្តាញរត់ពន្ធគ្រឿងញៀន និងលាងលុយកខ្វក់ ប៉ុន្តែលោកបានប្រកែក។ រីឯកូនប្រសាររបស់លោកនាយករដ្ឋមន្ត្រីគឺលោក សុខ ពុទ្ធិវុធ គឺជាអគ្គនាយក្រុមហ៊ុន Soma Group ដែលមានជាប់ពាក់ព័ន្ធនឹងការបំផ្លាញ និងបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋាននៅតំបន់ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
អង្គការ Global Witness ថា អ្នកទាំងនេះនឹងបាត់បង់ផលប្រយោជន៍ ប្រសិនបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត ដូច្នេះហើយទើបគណបក្សកាន់អំណាចត្រូវធ្វើកិច្ចការសព្វបែបយ៉ាង។
ទោះបីមានការចោទប្រកាន់ពីអង្គការ Global Witness ថា ការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ គឺជាការឆក់ប្លន់សន្លឹកឆ្នោតរបស់ពលរដ្ឋកម្ពុជាក៏ដោយក្តី ក៏លោកឧកញ៉ា ម៉ុង ឫទ្ធី បានអំពាវនាវតាមទំព័រហ្វេសប៊ុករបស់លោកឲ្យពលរដ្ឋទៅបោះឆ្នោត និងសុំឲ្យអ្នកគាំទ្រលោកតាមដានព័ត៌មានថា តើលោកអាចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្រោយការបោះឆ្នោតបានឬយ៉ាងណានោះ។
លោកបានសរសេរក្នុងន័យដើមថា៖
«ខ្ញុំសុំឲ្យប្រជាជនដែលគ្រប់អាយុបោះឆ្នោត ត្រូវតែពិចារណាឲ្យបានស៊ីជម្រៅ រួចហើយនាំគ្នាទៅបោះឆ្នោតទាំងអស់គ្នា។ សុំរង់ចាំមើលថា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ តើខ្ញុំនឹងគ្រួសារ អាចទៅចូលរួមក្នុងកម្មវិធីទទួលសញ្ញាប័ត្រចៅស្រីរបស់ខ្ញុំនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានដែរឬអត់ទេ»។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មិនឆ្លើយតបទៅនឹងសំណួររបស់ VOA ពាក់ព័ន្ធនឹងជំហររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទៅនឹងសំណើរបស់អង្គការ Global Witness មកទល់នឹងល្ងាចថ្ងៃច័ន្ទនេះ។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជាតិលើកទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដោយមានគណបក្សនយោបាយចំនួន២០ ចូលរួម ក្នុងនោះមានគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺគណបក្សប្រជាជនកម្ពុជា។ ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិនានា និងសហគមន៍ប្រជាធិបតេយ្យបានសំដែងការព្រួយបារម្ភពីការខ្វះភាពស្របច្បាប់សម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ នៅពេលគណបក្សសង្គ្រោះជាតិ ត្រូវបានគេផាត់ចេញតាមតែអំពើចិត្តពីការឈរបោះឆ្នោតនោះ៕