ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សង្កេត​ការណ៍៖​ស្ថានភាព​បញ្ចេញ​មតិ​​អហិង្សា​នៅ​កម្ពុជា​កាន់តែ​អាក្រក់​ទៅៗ


​តំណាង​សហគមន៍បឹងកក់​ធ្វើ​​យុទ្ធនាការ​«ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​»​សប្ដាហ៍ទី​១៥​ ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​​លោក​ កែម ឡី​ និង​មន្រ្តី​សិទ្ធិមនុស្ស​នៃ​អង្គការ​អាដហុក​ និងមន្រ្តី.គ.ជ.ប នៅ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)
​តំណាង​សហគមន៍បឹងកក់​ធ្វើ​​យុទ្ធនាការ​«ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​»​សប្ដាហ៍ទី​១៥​ ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​​លោក​ កែម ឡី​ និង​មន្រ្តី​សិទ្ធិមនុស្ស​នៃ​អង្គការ​អាដហុក​ និងមន្រ្តី.គ.ជ.ប នៅ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)

ការ​ឃាត់​ខ្លួន​អ្នក​ធ្វើ​«យុទ្ធ​នាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»​បាន​បន្ត​កើត​ឡើង​ដដែល​ ​ដោយ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​អាជ្ញាធរ​នៅ​ក្នុង​ខណ្ឌ​៧មករា​បាន​ឃាត់​ខ្លួន​ប្រជា​ពលរដ្ឋ​ខ្មែរ​បួន​នាក់​នៅ​ក្នុង​សហគមន៍​បូរីកីឡា​ និង​អ្នកស្រី ទេព វន្នី​។

អ្នក​សង្កេតការណ៍​នៅ​កម្ពុជា​ និយាយ​ថា​ សេរីភាព​សម្តែង​មតិ​ដោយ​អហិង្សា​នៅ​កម្ពុជា​កាន់​តែ​ត្រូវ​បាន​រឹត​បន្តឹង​ទៅៗ​ ខណៈ​ដែល​អាជ្ញាធរ​របស់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ឃាត់​ខ្លួន​អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ ក្នុង​បុព្វហេតុ​ស្វែងរក​យុត្តិធម៌​ដល់​អ្នក​រង​ការ​វាយ​ប្រហារ​ខាង​ផ្លូវ​ច្បាប់​ ដោយសារ​តែ​ពួកគេ​ធ្វើ​សកម្មភាព​ជួយ​សង្គម។​ យុទ្ធនាការ​នេះ​បាន​ឈាន​ចូល​សប្តាហ៍​ទី១៥​ហើយ​ គិត​មក​ដល់​ថ្ងៃ​ទី​១៥​ ខែ​សីហា​ ឆ្នាំ​២០១៦​នេះ។​

ការ​ឃាត់​ខ្លួន​អ្នក​ធ្វើ​«យុទ្ធ​នាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»​បាន​បន្ត​កើត​ឡើង​ដដែល​ ​ដោយ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​អាជ្ញាធរ​នៅ​ក្នុង​ខណ្ឌ​៧មករា​បាន​ឃាត់​ខ្លួន​ប្រជា​ពលរដ្ឋ​ខ្មែរ​បួន​នាក់​នៅ​ក្នុង​សហគមន៍​បូរីកីឡា​ និង​អ្នកស្រី ទេព វន្នី​ ខណៈ​ដែល​ពួក​គេ​និង​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​ត្រៀម​ធ្វើ​យុទ្ធនាការ​ ដែល​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​យល់​ថា​ អាច​ជា​សញ្ញាណ​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌។​

អ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ទាំង​បួន​នាក់​គឺ​ជា​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ជាង​១០គ្រួសារ​ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ផានអ៊ីមិច​ របស់​ អ្នកស្រី ស៊ុយ សុផាន។​ អ្នក​ទាំង​បួន​នាក់​នោះ​ រួមមាន​អ្នកស្រី ស ស៊ន​ អ្នកស្រី​ ភោគ សុភីន លោក​ នូ សាទ​ និង​ស្រ្តី​ម្នាក់​ទៀត​ឈ្មោះ ​ណាក់។

​តំណាង​សហគមន៍​បឹងកក់ធ្វើយុទ្ធនាការ​«ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​»​សប្ដាហ៍ទី​១៥​ ដើម្បី​ទាមទារ​យុត្តិធម៌​ជូនលោក​ កែម ឡី​ និង​មន្រ្តី​សិទ្ធិមនុស្ស​នៃ​អង្គការ​អាដហុក​ និង​មន្រ្តី.គ.ជ.ប នៅ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)
​តំណាង​សហគមន៍​បឹងកក់ធ្វើយុទ្ធនាការ​«ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​»​សប្ដាហ៍ទី​១៥​ ដើម្បី​ទាមទារ​យុត្តិធម៌​ជូនលោក​ កែម ឡី​ និង​មន្រ្តី​សិទ្ធិមនុស្ស​នៃ​អង្គការ​អាដហុក​ និង​មន្រ្តី.គ.ជ.ប នៅ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)

សកម្មជន​សិទ្ធិ​មនុស្ស និង​សិទ្ធិ​លំនៅដ្ឋានបាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការ​ឃាត់​ខ្លួន​សកម្មភាព​សម្តែង​មតិ​អហិង្សា​នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា​ សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ប្រទេស​ដែល​ពុំ​ទាន់​មាន​នីតិរដ្ឋ​ពេញ​លេញ​នេះ​កំពុង​តែ​រួញតូច​ទៅៗ។

ពួកគេ​និយាយ​ថា​ សកម្មភាព​ឃាត់​ខ្លួន​នេះ​ក៏​កំពុង​តែ​ធ្វើ​ឲ្យ​ខូច​មុខមាត់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​អះ​អាង​ថា​ ប្រទេស​កម្ពុជា​ជា​នីតិរដ្ឋ​នោះ។​

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ថ្លែង​ថា​ សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ធ្លាក់​ចុះ​ដុនដាប​ទៅៗ​ នៅពេល​ដែល​អាជ្ញាធរ​មិន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ក្នុង​ការ​ឃាត់​ខ្លួន​ប្រជា​ពលរដ្ឋ​ដែល​គ្រាន់​តែ​ចង់​សម្តែង​មតិ​ដោយ​អហិង្សា​ប្រឆាំង​នឹង​អំពី​អំពើ​អយុត្តិធម៌​នោះ។

«នេះ​មិនមែន​ជា​ដំណោះ​ស្រាយ​ដ៏ល្អ​ទេ ហើយ​វាធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​កាន់​តែ​មាន​កំហឹង​ជាមួយ​នឹង​អាជ្ញាធរ​ ហើយ​យើង​ឃើញ​ថា​ អា​នេះ​ផ្ទុយ​អំពី​គោល​ការណ៍​របស់​រដ្ឋាភិបាល​ ផ្ទុយ​អំពី​សកម្មភាព​ និង​ការងារ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ដែល​ប្រឹងប្រែង​ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​ និង​ទាញ​ប្រជាប្រិយ​ភាព​ពី​ប្រជា​ពលរដ្ឋ​ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​បែរ​ជា​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​មាន​ការ​ខឹង​សម្បារ​ ជាមួយ​អាជ្ញាធរ​ ឬ​ក៏​រដ្ឋាភិបាល​ហ្នឹង​ទៅ​វិញ​ បាទ»។​

នៅ​គ្រា​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​ជា​លើក​ដំបូង​ យុទ្ធនាការ​នេះ​ មាន​គោលដៅ​ធំពីរ គឺ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ចោទ​ចំនួន​ប្រាំរូប​ ដែល​ជា​សកម្មជន​សិទ្ធិ​មនុស្ស​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.)​ និង​ប្រឆាំង​ការ​ឃុំ​ខ្លួនអ្នក​ទាំង​នេះ។​

ប៉ុន្តែ​អ្នក​ធ្វើ​យុទ្ធនាការ​នេះ​ជាប្រចាំ​បាន​ឲ្យ​ដឹង​ថា​ យុទ្ធនាការ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពីរ​ផ្សេង​ទៀត​គឺ​ការ​ទាមទារ​យុត្តិធម៌​ដល់​លោក​ កែម ឡី​ អ្នក​វិភាគ​នយោបាយ​ដ៏​សំខាន់​របស់​កម្ពុជា​ ដែល​ត្រូវ​ខ្មាន់​កំាភ្លើង​បាញ់​ឲ្យ​ស្លាប់​កាល​ពី​ថ្ងៃ​ទី​ ១០​ ខែ​កក្កដា​ និង​ការ​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​ដល់​រាល់​ទំនាស់​ដីធ្លី​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

អ្នកស្រី​ ទេព វន្នី តំណាង​សហគមន៍​បឹងកក់​ថ្លែង​នៅ​ក្នុង​យុទ្ធនាការ​«ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​»​សប្ដាហ៍ទី​១៥​ ដើម្បី​ទាមទារ​យុត្តិធម៌​ជូនលោក​ កែម ឡី​ និង​មន្រ្តី​សិទ្ធិមនុស្ស​នៃ​អង្គការ​អាដហុក​ មន្រ្តី.គ.ជ.ប នៅ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
អ្នកស្រី​ ទេព វន្នី តំណាង​សហគមន៍​បឹងកក់​ថ្លែង​នៅ​ក្នុង​យុទ្ធនាការ​«ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​»​សប្ដាហ៍ទី​១៥​ ដើម្បី​ទាមទារ​យុត្តិធម៌​ជូនលោក​ កែម ឡី​ និង​មន្រ្តី​សិទ្ធិមនុស្ស​នៃ​អង្គការ​អាដហុក​ មន្រ្តី.គ.ជ.ប នៅ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

មុន​ពេល​អ្នកស្រី​ត្រូវបាន​ចាប់ខ្លួន អ្នកស្រី​ ទេព វន្នី ជ័យ​លាភីរង្វាន់​ស្ត្រី​ជា​អ្នក​ដឹកនាំ​របស់​អង្គការ​ Vital Voices​ និង​ជា​សកម្មជន​ដីធ្លី​ក្នុង​តំបន់​បឹងកក់ ​បាន​ហៅ​ការ​បន្ត​ចាប់​ខ្លួន​អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​ បង្ហាញ​ការ​ព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​អំពីការ​រីក​រាលដាល​នៃ​យុទ្ធនាការ​នេះ។​

អ្នក​ស្រី​ពន្យល់​ថា មាន​មន្ត្រី​មួយ​ចំនួន​ក្នុង​រដ្ឋាភិបាល​កម្ពុជា​មិន​សប្បាយ​ចិត្ត​ឃើញ​ការ​រៀបចំ​យុទ្ធនាការ​នេះ​ទេ ដោយ​ហេតុ​តែ​ពួក​គេ​នៅ​មាន​មន្ទិល​សង្ស័យ​ថា​ យុទ្ធនាការ​នេះ​អាច​វិវត្ត​ខ្លួន​ទៅ​ជា​ចលនា​បដិវត្តន៍​ពណ៌ខ្មៅ​ ដែល​ផ្ទុយ​ពី​ការ​ចង់​បាន​របស់​យុទ្ធនាការ​នេះ​ ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​អយុត្តិ​ធម៌​សង្គម។​

«ពួក​ខ្ញុំ​ដែល​ជា​អ្នក​ធ្វើ​យុទ្ធនាការ​អាវ​ខ្មៅ​ ដូចជា​អ្នក​បូរីកីឡា​អី​ដែរ​នេះ​ គឺ​យើង​អត់​ដែល​មាន​គម្រោង​ណាមួយ​ដែល​ថា​ ធ្វើ​យុទ្ធនាការ​អាវ​ខ្មៅដើម្បី​ធ្វើ​ជា​បដិវត្តន៍​ពណ៌​ ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ ឬ​ផ្តួល​រំលំ​រដ្ឋាភិបាល​គឺ​អត់​មាន​ទាល់​តែ​សោះ»។​

លោក​ស្រីបាន​បន្ត​ថា​ ការ​ភ័យ​ខ្លាច​របស់​រដ្ឋាភិបាល​នេះ​គឺ​ផ្តើម​ចេញ​ពី​ការ​ដឹង​ខ្លួន​ជាមុន​របស់​រដ្ឋាភិបាល​ដែល​ដឹង​ពី​កម្សោយ​របស់​ខ្លួន​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស ​ដោយ​បណ្តោយ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ស្ទើរ​គ្រប់​ស្ថាប័ន​រដ្ឋ​ និង​ការ​បង្ក​ឲ្យ​មាន​អំពើ​អយុត្តិធម៌​សង្គម​ជា​ច្រើន ដូច​ជាការ​ធ្វើ​ឲ្យ​បាត់បង់​ដីធ្លី ផ្ទះ​សម្បែង​របស់​ប្រជា​ពលរដ្ឋ ដោយសារ​ការ​អភិវឌ្ឍ​របស់​ក្រុម​ហ៊ុន​ឯកជន។​

VOA​ ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​ខណ្ឌ​៧​មករា ទាក់​ទង​នឹង​ការ​ឃាត់​ខ្លួន​ប្រជា​ពលរដ្ឋ​សហគមន៍​បូរីកីឡា​ចំនួន​បួន​រូប តែ​ពុំមាន​មន្ត្រី​រូបណា​ផ្តល់​ការ​អធិប្បាយ​នោះ​ទេ។ ​មន្ត្រី​ទាំង​នោះ​រួម​មានលោក​ នេត​ ស៊ីធុន​ អធិការ​នគរបាល​ខណ្ឌ​៧មករា​ និង​លោក​ លីម សុភា​ អភិបាល​ខណ្ឌ​៧​មករា។​ លោក​ នេត ស៊ីធុន​បដិសេធ​មិន​ធ្វើ​អធិប្បាយ​ទេ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ។ VOA​ បាន​ទាក់ទង​លោក​លីម សុភា តាម​ទូរស័ព្ទ​ ​តែអ្នក​ទទួល​បាន​ទម្លាក់​ទូរស័ព្ទ​ចុះ​វិញ មិន​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន។​

យ៉ាងណា​ក៏ដោយ​ លោក មាន ចាន់យ៉ាដា​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ អាជ្ញាធរ​បាន​ឃាត់​ខ្លួន​អ្នក​ធ្វើ​យុទ្ធនាការ​ទាំង​បួន​នាក់​មក​ពី​តំបន់​បូរីកីឡា​នោះ​ដើម្បី​ធ្វើការ​សាកសួរ​ ដោយ​សារ​ពួក​គេ​បាន​បំពាន​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ ដែល​បាន​ហាម​មិន​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​យុទ្ធនាការ​នេះ។

«បាទ!​ គឺ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ណែនាំ​យ៉ាង​ច្បាស់​ហើយ​គឺ​ថា​ ណែនាំ​ដល់​អាជ្ញាធរ​រាជធានី​ខេត្ត​ ទូទាំង​២៥​ រាជធានី​ខេត្ត​គឺ​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ ការ​ជួប​ជុំ​នៅ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​អាវ​ខ្មៅ​នោះ​ទេ»។​

លោក​បាន​បន្ត​ថា​ ការ​ដោះលែង​អ្នក​ទាំង​បួន​នេះ​អាច​ធ្វើ​ទៅ​បាន​ ​ឬ​យ៉ាងណា​គឺ​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​ និង​ខណ្ឌ​៧​មករា។​ រហូតមក​ទល់​នឹង​ម៉ោង​៦ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ មនុស្ស​ទាំង​បួន​នាក់​ដែល​ត្រូវ​ឃាត់​ខ្លួន​នោះ​មិន​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នោះ​ទេ។​

អ្នកស្រី ​បូវ សោភា ​តំណាង​សហគមន៍​បឹងកក់​ ត្រូវ​កម្លាំង​សមត្ថកិច្ចចាប់ខ្លួន ​ខណៈពេល​ដែល​ធ្វើ​យុទ្ធនាការ​«ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​»​សប្ដាហ៍ទី​១៥​ ដើម្បី​ទាមទារ​យុត្តិធម៌​ជូនលោក ​កែម ឡី​ និង​មន្រ្តី​សិទ្ធិមនុស្ស​នៃ​អង្គការ​អាដហុក​ និងមន្រ្តី.គ.ជ.ប នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
អ្នកស្រី ​បូវ សោភា ​តំណាង​សហគមន៍​បឹងកក់​ ត្រូវ​កម្លាំង​សមត្ថកិច្ចចាប់ខ្លួន ​ខណៈពេល​ដែល​ធ្វើ​យុទ្ធនាការ​«ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​»​សប្ដាហ៍ទី​១៥​ ដើម្បី​ទាមទារ​យុត្តិធម៌​ជូនលោក ​កែម ឡី​ និង​មន្រ្តី​សិទ្ធិមនុស្ស​នៃ​អង្គការ​អាដហុក​ និងមន្រ្តី.គ.ជ.ប នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

នៅគ្រា​ដែល​មាន​ការ​ឃាត់​ខ្លួន​ប្រជា​ពលរដ្ឋ​សហគមន៍​បូរីកីឡា​នា​ថ្ងៃ​ច័ន្ទ​នេះ​ ក្រុម​មន្ត្រី​នៃ​គណបក្ស​ប្រឆាំង​ ក្នុង​នោះ​មាន​ទាំង​អ្នក​តំណាង​រាស្ត្រ​ផង​ដែរ​ ក៏​បាន​ចូល​រួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​នេះ​ដែរ ទោះ​បី​ជា​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ​អ្នក​នាំពាក្យ​គណ​បក្ស​ប្រឆាំង​គឺ​លោក ​យឹម សុវណ្ណ ​បាន​ប្រកាស​ថា​ គណបក្ស​មិន​មាន​ផែនការ​រៀបចំ​ការ​សម្តែង​មតិ​តាម​រយៈ​ការ​ស្លៀក​ពាក់​ខោ​អាវ​ខ្មៅ​នៅ​តាម​ទីធ្លា​សាធារណៈ​ក៏​ដោយ។​

លោក ​អេង ឆៃអ៊ាង​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្ហោះ​រូប​ចំនួន​បួន​សន្លឹក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដែល​បង្ហាញ​ពី​រូបភាព​ដាច់​ដោយ​ឡែក​ពីគ្នា​ ដោយ​មាន​ទាំង​រូប​លោក​ និង​លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង ​ហើយ​និង​តំណាងរាស្ត្រ​ និង​សមាជិក​គណបក្ស​ផ្សេង​ទៀត​ស្លៀក​ពាក់​ឈុត​ខ្មៅ។​ រូបថត​ទាំងបួន​នោះ​ គឺ​មាន​តែរូប​លោក​ សម​ រង្សី​ តែ​ប៉ុណ្ណោះ​ ដែល​ថត​ម្នាក់​ឯង​ពេល​ឈប់​កង់​នៅ​ទី​សាធារណៈ​មួយស្ថិត​នៅ​ក្រៅ​ប្រទេស។​

ទំព័រ​ហ្វេសប៊ុក​នោះ​បាន​សរសេរ​ថា៖​

«រៀង​រាល់​ថ្ងៃច័ន្ទ​ ពួក​យើង​គាំទ្រ​ និង​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​អ្នក​ទោស​មនសិការ​ ព្រមទាំង​ឲ្យ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​សកម្ម​ជន​គណបក្ស​នយោបាយ​ និង​សកម្មជន​សិទ្ធិ​មនុស្ស»។​

អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​បួន​នាក់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ដែល​កំពុង​ជាប់​ឃុំឃាំង រួម​មាន​លោក នី សុខា​ លោក​ យី សុខសាន្ត​ លោក​ ណៃ វង់ដា​ និង​លោក​ស្រី​ លឹម មុន្នី ដែល​សុទ្ធតែ​ជា​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​នេះ។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​អ្នក​ទាំង​បួន​ពី​បទ​សូក​ប៉ាន់​សាក្សី។ រីឯ​លោក​ នី ចរិយា​ អគ្គ​លេខាធិការ​រង​គ.ជ.ប.​ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​ផ្សំ​គំនិត​សូក​ប៉ាន់​សាក្សី។ ការ​ចោទ​ប្រកាន់​លើ​អ្នក​ទាំង​ប្រាំ​គឺ​ផ្តើម​ចេញ​ពី​សំណុំ​រឿង​ដែល​គួរ​ឲ្យ​សង្ស័យ​អំពី​ស្នេហា​លួច​លាក់​របស់​លោក កឹម​ សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​ អ្នក​ទាំង​ប្រាំ​នាក់​ត្រូវ​បាន​តុលាការ​ឃុំ​ឃាំងបណ្តោះ​អាសន្ន​រង់​ចាំ​ការ​កាត់​ទោស។​

លោក នី ចរិយា ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ចេញ​ពី​សាល​សវនាការ​សាលា​ឧទ្ធរណ៍ នៅព្រឹកថ្ងៃទី០៨ ខែ​សីហា ឆ្នាំ២០១៦។
លោក នី ចរិយា ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ចេញ​ពី​សាល​សវនាការ​សាលា​ឧទ្ធរណ៍ នៅព្រឹកថ្ងៃទី០៨ ខែ​សីហា ឆ្នាំ២០១៦។

ការ​បន្ត​ចាប់ខ្លួន​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​ក្រុម​មន្ត្រី​នៃ​គណបក្ស​ប្រឆាំង​មិន​ពេញចិត្ត​នោះ​ទេ​ តែ​សកម្មភាព​គាប​សង្កត់​សិទ្ធិ​សេរីភាព​នេះ​ក៏​បាន​ទទួល​រង​ការ​រិះគន់​ពីក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។​

ជាក់​ស្តែង​ កាល​ពី​ខែ​ឧសភា​កន្លងទៅ​ អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​នូវ​ការ​យារយី​ទៅ​លើ​សង្គម​ស៊ីវិល​ ក្រោយ​ពី​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​របស់​សមាគម​អាដហុក​បួន​រូប​ ​និង​អគ្គលេខាធិការ​រង​របស់​គ.ជ.ប.។ បន្ទាប់​មក ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​យុទ្ធនាការ​កាត់​បន្ថយ​ការ​ឃ្លាំ​មើល​សិទ្ធិ​ក្នុង​ប្រទេស​កម្ពុជា។​ សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​សង្កត់​ធ្ងន់​ថា​ ការ​យក​មក​កាត់​ទោស​ ដែល​មាន​ការ​ជាប់​ទាក់ទង​នឹង​នយោបាយ​បាន​គំរាម​កំហែង​ដល់​រាល់​កិច្ចការ​សិទ្ធិ​មនុស្ស។​

ដោយ​ឡែក​ ​អាជ្ញាធរ​ខណ្ឌ​ដូនពេញបាន​ឃាត់​ខ្លួន​លោក​ស្រី​ ទេព វន្នី នៅ​ម៉ោង​ប្រមាណ​ជា​៦​និង​៣០​នាទី​យប់​ ថ្ងៃ​ច័ន្ទ​នេះ​ ខណៈដែល​លោក​ស្រី​ដឹកនាំ​សកម្មជន​ដីធ្លី​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​ដែរ។​ នេះ​បើ​យោង​ទៅ​តាម​ការបញ្ជាក់​ពី អ្នក​ចូលរួម​ផ្សេង​ទៀត​នៃ​យុទ្ធនាការ​ដ៏​ចម្រូង​ចម្រាស​នេះ។​ លោក​ស្រី​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ភ្លាមៗ​ បន្ទាប់​ពីការ​ចាប់​ខ្លួន​នោះ៕​

រាយការណ៍បន្ថែមដោយ កញ្ញា ឡេង ឡែន

XS
SM
MD
LG